backup og meta

ជំងឺប្រមេះទឹកថ្លាបើមិនព្យាបាលត្រឹមត្រូវ ស្រីៗអាចប្រឈមអត់កូន ប្រុសៗមានបញ្ហាពងស្វាស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 06, 2020

    ជំងឺប្រមេះទឹកថ្លាបើមិនព្យាបាលត្រឹមត្រូវ ស្រីៗអាចប្រឈមអត់កូន ប្រុសៗមានបញ្ហាពងស្វាស

    អ្វី​ជា​ជំងឺ​ប្រមេះ​ទឹក​ថ្លា

    ជំងឺ​ប្រមេះ​ទឹក​ថ្លា​ (Chlamydia) គឺ​ជា​ការ​ឆ្លង​បាក់តេរី​តាម​ការ​រួម​ភេទ​។ យើង​អាច​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា​បាន​ប្រសិន​បើ​យើង​រួមភេទ​ដោយ​មិន​បាន​ការពារ​ (ទាំង​តាម​​ទ្វារមាស រន្ធគូទ ឬ​ការ​រួម​ភេទ​តាម​មាត់​) ជាមួយ​អ្នក​ដែល​មាន​មេរោគ​។

    ២-តើ​ត្រូវធ្វើម៉េច​​ពេលដឹងថាមានជំងឺប្រមេះទឹកថ្លា

    សម្រាប់​អ្នក​មានជំងឺប្រមេះទឹកថ្លានៅដំណាក់កាលដំបូង​ ជាញឹកញាប់​មិន​មានរោគសញ្ញា​អ្វី​គួរឲ្យ​កត់សម្គាល់​ទេ។ រោគសញ្ញា (ប្រសិនបើមាន) នឹង​លេច​ឡើង​បន្ទាប់​ពីបាន​ប៉ះពាល់​ជាមួយ​អ្នកមានជំងឺបានមួយ ឬពីរសប្តាហ៍។ រោគសញ្ញាទូទៅនៃជំងឺប្រមេះទឹកថ្លាមាន៖​

    – ឈឺចាប់ពេលនោម

    – ឈឺចាប់នៅផ្នែកខាងក្រោមពោះ

    – ធ្លាក់រំអិលនៅប្រដាប់ភេទ

    – ឈឺចាប់ពេលរួមភេទ (ចំពោះស្ត្រី)

    – ការមករដូវមិនទៀងទាត់

    – ឈឺចាប់នៅពងស្វាស

    – ឈឺចាប់ និងហូរឈាមនៅរន្ធគូទ

    ប្រសិន​បើយើង​កត់សម្គាល់ថាមានរោគសញ្ញាណាមួយខាងលើ គួរ​ទៅជួបគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើយើង​រកឃើញថា​ដៃគូរបស់យើង​មានជំងឺប្រមេះទឹកថ្លាយើង​ខ្លួន​ឯង​ក៏​គួរតែរកជំនួយខាងផ្នែកវេជ្ជសាស្រ្តទោះបីជា​មិនទាន់​មានចេញ​រោគសញ្ញាអ្វីក៏ដោយ។

    អត្ថបទពាក់ព័ន្ធ៖

    ៣- រោគវិនិច្ឆ័យនៃជំងឺប្រមេះទឹកថ្លា

    ជំងឺប្រមេះទឹកថ្លាអាចធ្វើរោគវិនិច្ឆ័យឃើញដោយធ្វើគំរូទឹកនោម ឬការយកសំណាក់ពីទ្វារមាស។

    ៤- ការព្យាបាលជំងឺប្រមេះទឹកថ្លា

    ការព្យាបាលត្រឹមត្រូវអាចព្យាបាលជំងឺប្រមេះទឹកថ្លាបាន។ វារឿង​ជាសំខាន់ណាស់ដែលយើង​ត្រូវធ្វើតាមការណែនាំរបសគ្រូពេទ្យក្នុងការប្រើថ្នាំ ទោះបីជាយើង​លែងមានរោគ​សញ្ញា​ក៏​ដោយ។ ទោះជាយ៉ាងណាយើង​អាចកើតជំងឺប្រមេះទឹកថ្លាច្រើនដង ដូច្នេះគួរតែទៅពិនិត្យជំងឺនេះ​រៀងរាល់ ៣ ខែម្តងបន្ទាប់ពី​បាន​ជាសះស្បើយ​ហើយ​។

    ៥- តើអ្វីនឹង​កើតឡើងប្រសិនបើមិនបានព្យាបាល

    ជំងឺប្រមេះទឹកថ្លាដែលមិនបានព្យាបាលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពបាន។ ចំពោះស្ត្រី​ អាចបណ្តាលឲ្យរលាក​ដល់​សរីរាង្គក្នុង​អាង​ត្រគាក និងធ្វើឲ្យ​ខូច​ប្រព័ន្ធបន្តពូជ​ដែល​បណ្តាលឲ្យមានកូនក្រៅស្បូន និងគ្មានកូន។ ចំណែក​បុរស​វិញ​អាច​នឹង​ទទួលរងនូវផលវិបាកតិចតួច។ ការឆ្លង​ជំងឺនេះ​អាច​រាល​ដាល​ដល់ពង​ស្វាស និងបង្ក​ឲ្យ​មានការឈឺចាប់ ឯការគ្មានកូនវិញអាចគឺកម្រមានណាស់សំរាប់បុរស។ ម៉្យាងវិញទៀតជំងឺប្រមេះទឹកថ្លា​ត្រូវបានគេជឿថានឹងបង្កើនហានិភ័យមួយក្នុងការឆ្លង​មេរោគ​អេដស៍​ដែរ​។

    ៦- ផលប៉ះពាល់នៃជំងឺប្រមេះទឹកថ្លាលើស្រ្តីមានផ្ទៃពោះ

    ក្នុង​អំឡុងពេលសម្រាលកូន ម្តាយអាចចម្លង​ជំងឺប្រមេះទឹកថ្លាទៅកូនបាន។ ទារកមានហានិភ័យខ្ពស់នៃ​ការ​ឆ្លង​នៅ​ត្រង់​ភ្នែក និងជំងឺរលាកសួត។ ជំងឺ​ប្រមេះ​ទឹក​ថ្លា​ក៏បង្កើន​នូវហានិភ័យ​មួយ​ដែល​ធ្វើ​ឲ្យកូនកើត​មិន​គ្រប់​ខែ​ផង​ដែរ​។ ប្រសិនបើជាយើង​កំពុង​ពពោះ យើង​នឹង​ត្រូវ​ណែនាំឲ្យធ្វើតេស្តរក​មើល​ពីមេរោគ​នៃ​ជំងឺប្រមេះ​ទឹក​ថ្លា​ឲ្យបាន​ឆាប់​តាមដែលអាចធ្វើទៅបាន។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាជួយការពារផលវិបាកនៃជំងឺបាន​។

    ៧- ការការពារ

    ក្រៅពីការជៀសវាងពីការរួមភេទ ក៏នៅមានវិធានការជាច្រើនដែលអាចការពារយើង​ពីជំងឺប្រមេះទឹកថ្លាបានមានដូចជា៖

    – ប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវរាល់ពេល​រួមភេទ តែក៏​យើង​ក៏ត្រូវចាំដែរ​ថាហានិភ័យគឺនៅតែមានជានិច្ច។

    – ត្រូវមានដៃគូររួមភេទមួយ​នឹង​មួយ​។ ការមានដៃគូរួមភេទច្រើនអាចបង្កើនហានិភ័យនៃការឆ្លង​ជំងឺកាម​រោគ​ជា​ច្រើន​ដោយ​មិន​ត្រឹម​តែ​ជំងឺប្រមេះ​ទឹក​ថ្លា​ប៉ុណ្ណោះ​ទេ​។

    – ត្រូវធ្វើតេស្តរកជំងឺប្រមេះទឹកថ្លា និង​ជំងឺកាមរោគ​ផ្សេងៗ​ទៀត​ឲ្យបាន​ទៀងទាត់។ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ដើម្បីដឹងថាចំនួនតេស្តដែលយើង​ត្រូ​វ​ធ្វើ​។

    – ស្រីៗ​យើង​មិនត្រូវធ្វើការត្រដុសនៅនៅ​ត្រង់ទ្វារមាស​ឡើយ។ ការដុស​ខាត់ធ្វើឲ្យ​រំខានដល់​តុល្យភាព​រវាងបាក់តេរីល្អ និងបាក់តេរីអាក្រក់​នៅក្នុង​ទ្វារ​មាស​ដែល​អាចបង្កើនហានិភ័យនៃការឆ្លងជំងឺ​នេះ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម