backup og meta

ដឹង​អត់?​ ​ជំងឺ​ ១៤ មុខនេះ​ហើយ ដែល​ចាស់ៗឧស្សាហ៍​កើត​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Nov 27, 2019

    ដឹង​អត់?​ ​ជំងឺ​ ១៤ មុខនេះ​ហើយ ដែល​ចាស់ៗឧស្សាហ៍​កើត​

    វ័យ​ចាស់ មិន​ស្រួល​ទេ ពិបាក​ទាំង​គេង ពិបាក​ទាំង​ញ៉ាំ ហើយ​អាច​មាន​ជំងឺ​ប្រចាំ​កាយ​ធ្វើ​ទុក្ខ​មិន​លុះ។ សុខភាព​ប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធ​ប្រឆាំង​ជំងឺ ចូល​រាងកាយ) កាន់​តែ​ខ្សោយ ធ្វើ​ឲ្យ​ជំងឺ​មួយ​ចំនួន អាច​លុកលុយ ឬ​កើត​បាន។ បើ​សិន​ជា​ចាស់ៗ កំពុង​អាន គួរ​បង្កើន​ការ​ប្រុងប្រយ័ត្ន ឬ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែនទែន។ តែ​ក្នុង​ករណី​គ្នា​យើង​អាន យើង​ចង់​បញ្ចៀស​បញ្ហា​មួយ​ចំនួន ដែល​អាច​កើត​ចំពោះ​ចាស់ៗ ក្នុង​ផ្ទះ ក៏​ដូចគ្នា គួរ​ស្វែងយល់ ហើយ​ព្យាយាម បំពេញ​ចន្លោះ​ប្រហោង​របស់​ចាស់ៗ ជា​ពិសេស​រៀបចំ ឬ​ជំរុញ​ការញ៉ាំ និង​ហាត់ប្រាណ ឬ​ប្រើ​ប្រាស់​ថ្នាំ​ជា​ប្រចាំ​ជាដើម។ ថ្ងៃ​នេះ “Hello គ្រូពេទ្យ” លើក​យក​ជំងឺ មួយ​ចំនួន ដែល​តែងតែ កើត​ចំពោះ​ចាស់ៗ ឬ​វ័យ​កាន់​តែ​ជ្រេ(លើស៦០)

    – #រលាកសន្លាក់

    ជំងឺ​រលាក​សន្លាក់ បើ​និយាយ​ម្យ៉ាង​ទៀត សន្លាក់​ដែល​រង​ការ​រលាកបណ្ដាល​ឲ្យ​មាន​ការ​ចុកចាប់​ ឬ​ឈឺ​តាម​គន្លាក់​ដៃ​គន្លាក់​ជើង មិន​អាច​គ្រប់គ្រង​បាន ភាព​រឹង​គាំង និង​ការ​ហើម​នៅ​លើ​រាងកាយ​មនុស្ស​ចាស់។ មនុស្ស​ចាស់​ជា​ទូទៅ​តម្រូវ​អោយ​មាន​សកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​ដែន​កំណត់​មួយ​ដូច​ជា៖ ការ​ដើរ ការ​អោន​ចំកោង ការ​ឡើង​ជណ្ដើរ។

    – #បេះដូង

    គួរ​តាមដាន​ឲ្យ​មែន​ទែន ចំពោះ​បញ្ហា​បេះដូង។ គួរ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​កម្រិត​ខ្ពស់​នៃ​ជាតិ​គ្លុយកូស ឬ​ជាតិ​កូឡេស្តេរ៉ូល ដែល​អាច​បង្ក​ជា ជំងឺ​ស្ទះ/ដាច់​សរសៃ​ឈាម​ខួរក្បាល (stroke) ឬ​កើត​មាន​បញ្ហា​បេះដូង នៃ​ចំណែក​ណាមួយ​ឬ​អត់។ យោង​តាម CDC (មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ) អាមេរិក​បញ្ជាក់​ថា ជំងឺ​បេះដូង​គឺ​ជា​ឃាតក​ចម្បង​មួយ​លើ​មនុស្ស​អាយុ​លើស​ពី ៦៥ ឆ្នាំ។ វា​ទទួល​ខុស​ចំពោះ​ការ​ស្លាប់​ជិត ៥០ម៉ឺន ករណី​នៅ​ក្នុង​ឆ្នាំ ២០១៤។

    – #មហារីក

    មហារីក​គឺ​ជា​មូលហេតុ​ធំ​ទី​ពីរ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​អាយុ​លើស​ពី ៦៥​ឆ្នាំ​ស្លាប់។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​បាន​លឿន​ពី​ដើម​ទី​តាម​រយៈ​ការ​ពិនិត្យ​រាវ​រក ដូច​ជា​ការ​ថត​កាំរស្មីអ៊ិច​សុដន់ ការ​ឆ្លុះ​ពោះវៀន​ធំ និង​ការ​ឆែក​ពិនិត្យ​មើល​ស្បែក ប្រភេទ​ជា​ច្រើន​នៃ​មហារីក​គឺ​អាច​ព្យាបាល​បាន។

    – #ផ្លូវដង្ហើម

    ជំងឺ​ផ្លូវ​ដង្ហើម​មាន​ច្រើន​ប្រភេទ ប្រភេទ​ខ្លះ​អាច​មិន​មាន​គ្រោះថ្នាក់ ហើយ​អាច​ជា​ដោយ​ខ្លួន​ឯង​វិញ​ ដូច​ជា​គ្រុន​ផ្ដាសាយ​ជា​ដើម ប៉ុន្តែ​ខ្លះ​ទៀត​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ​ដូចជា៖ រលាក​សួត កក​ឈាម​ក្នុង​សរសៃ​ឈាម​សួត(Pulmonary embolism) រោគ​ហឺត​ស្រួច​ស្រាវ និង​មហារីក​សួត។ មនុស្ស​វ័យ​ចំណាស់ គួរ​តែ​ធ្វើ​តេស្ត​លើ​មុខងារ​សួត​ឲ្យ​បាន​ញឹកញាប់ និង​ទៅ​ជួប​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ណែនាំ​ផ្សេងៗ។

    – #ជំងឺបាត់ការចងចាំមនុស្សចាស់(Alzheimer’s disease)

    ជំងឺ​បាត់​បង់​ការ​ចងចាំ​លើ​មនុស្ស​ចាស់ ​ឬ​យើង​តែង​ជួប​ប្រទះ​ហើយ​ហៅ​ជំងឺ​នេះ​ថា វង្វេងមិន​ត្រឹម​តែ​ជា​ជំងឺ​ធ្ងន់ និង​លំបាក​ធ្វើ​រោគ​វិនិច្ឆ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មនុស្ស​ចាស់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ តាមរយៈ​ការ​វង្វេងវង្វាន់ ឬ​អត់​ចាំ​អី​ទាំង​អស់ ដូច​ជា​ មិន​ស្គាល់​សមាជិក​គ្រួសារ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន មិន​ស្គាល់​កន្លែង​កំពុង​នៅ ឬ​របស់​របរ​ផ្សេងៗ ក៏​មិន​អាច​ចំណាំ ឬ​ស្គាល់។

    – #បញ្ហាមើលឬស្ដាប់

    មនុស្សចាស់​ភាគ​ច្រើន​មាន​បញ្ហា​ក្នុង​ការ​មើល​និង​ស្ដាប់ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​បញ្ហា​ទាំងអស់​នេះ​មិន​សូវ​ប៉ះពាល់​ខ្លាំង​លើ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ទៀត​ឡើយ ព្រោះ​តែ​មាន​ជំនួយ​ពី​វ៉ែនតា​និង​ឧបករណ៍​ជំនួយ​ការ​ស្ដាប់ ដែល​ងាយ​នឹង​រក​ទិញ​បាន។

    – #បញ្ហាមាត់ធ្មេញ

    សុខភាព​មាត់​ធ្មេញ​គឺ​ជា​ចំណែក​ដ៏​សំខាន់​នៃ​សុខភាព​របស់​មនុស្ស​វ័យ​ចំណាស់ ប៉ុន្តែ​តែង​តែ​ត្រូវ​បាន​គេ​មើល​រំលង​ជានិច្ច។ ដោយសារ​វា​អាច​នឹង​បង្ក​នូវ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប ការ​ពិបាក​នឹង​គោរព​ធ្វើ​តាម​របប​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ និង​ផល​វិបាក​ដទៃ​ផ្សេងទៀត។ ដើម្បី​ចៀសវាង​ប្រហោង ឬ​ការ​ពុក​ធ្មេញ មនុស្ស​ចាស់​គួរ​ធ្វើការ​ពិនិត្យ​សុខភាព​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ។

    – #បញ្ហាអាហារូបត្ថម្ភ

    កង្វះ​អាហារូបត្ថម្ភ ជា​រឿយៗ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​មិន​អស់​គ្រប់​គ្រាន់ បើ​ទោះបី​ជា​វា​អាច​នាំ​ទៅ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ងាយ​រង​គ្រោះ និង​សន្លាក់ ឬ​សាច់ដុំ​ខ្សោយ​ក៏​ដោយ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង អាច​បណ្ដាល​មក​ពី​ជំងឺ​ភ្លេច​ភ្លាំង។ ប្រការ​នេះ​បាន​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​វ័យ​ចំណាស់​ភ្លេច​បរិភោគ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​រហូត​ដល់​ការ​ថយ​ចុះ​នូវ​ការ​ទាក់ទង​ក្នុង​សង្គម និង​មាន​ច្រើន​បែប​នេះ​ទៀត​ជា​ដើម។ បើ​មិន​ចង់​ឲ្យ​ចាស់ៗ ក្នុង​ផ្ទះ កើត​បញ្ហា​នេះ យើង​ជា​សមាជិក​គ្រួសារ គួរ​គិតគូរ ហើយ​រៀបចំ ឲ្យ​បាន​ទៀងទាត់ លើ​កត្តា​ហូបចុក​ប្រចាំ​ថ្ងៃ។

    – #ស្រាបារី

    ការ​ប្រើ​សារធាតុ​ញៀន​ដូចជា សុរា ថ្នាំជក់ ឬ​កញ្ឆា ក្នុង​រយៈពេល​យូរ​ អាច​នឹង​នាំទៅ​ដល់​ការ​ពុល និង​​ទ្រុឌ​ទ្រោម​សុខភាព​ទាំង​មូល ​ហើយ​និង​ត្រូវ​ប្រើឱសថ​ដែល​ត្រូវ​ការ​វេជ្ជបញ្ជា។ សារធាតុ​ញៀន​ទាំង​នេះ អាច​បង្ក​ជា​ជំងឺ ជា​ច្រើន​ផ្សេង​ទៀត បើ​ប្រើ ឬ​ញ៉ាំ​ច្រើន។

    ១០– #ធាត់ស្អៀច

    ភាព​ធាត់​ស្អៀច​គឺ​ជា​កត្តា​ហានិភ័យ​សុខភាព​របស់​មនុស្ស​វ័យ​ចំណាស់​សម្រាប់​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម មហារីក និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ទាំងអស់​ដែល​ប៉ះ​ទង្គិច​ដល់​ជីវិត​បាន។ មនុស្ស​ចាស់​ដែល​មិន​មាន​សកម្មភាព​ដូច​មុន ក៏​អាច​ជា​សញ្ញា​មួយ​ទៀត​ដែរ។

    ១១– #ធ្លាក់ទឹកចិត្ត

    ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​គ្រោះថ្នាក់​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ភាព​ស៊ាំ​ធ្លាក់​ថយ​ចុះ ហើយ​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​បង្ក​រោគ។ លើស​ពីនេះ វា​រំខាន​របប​អាហារ និង​បែប​ផែន​ជីវិត​រស់នៅ ដោយ​បង្ក​នូវ​អាហារូបត្ថម្ភ​មិន​ប្រក្រតី និង​ហានិភ័យ​សុខភាព​ដទៃ​ទៀត។

    ១២– #ជំងឺពុកឆ្អឹង

    ជំងឺ​ពុក​ឆ្អឹង​បណ្ដាល​ឲ្យ​ម៉ាស​ឆ្អឹង​មាន​កម្រិត​ទាប វា​ធ្វើ​អោយ​​មនុស្សចាស់ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាក់​ឬ​ប្រេះ​ឆ្អឹងដែល​អាច​នាំ​ឲ្យ​សុខភាព​មិន​ល្អ និង​បន្ថយ​គុណភាព​នៃ​ជីវិត។

    ១៣– #ទល់លាមក

    មិន​អាច​បន្ទោរ​បង់ និង​ទល់​លាមក ជា​ធម្មតា​ច្រើន​កើត​ទៅលើ​មនុស្ស​ចាស់។ មនុស្សចាស់​គួរ​តែ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ​និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ និង​កុំ​ខ្មាសអៀន​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ទាំងនេះ​ទៅ​សមាជិក​គ្រួសារ​និង​គ្រូពេទ្យ។

    ១៤– #ជំងឺឆ្លង

    សមត្ថភាព​ផ្លូវ​ភេទ​អាច​នឹង​ប្រែប្រួល​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន ប៉ុន្តែ​ចំណង់​(ផ្លូវ​ភេទ) ​នៅ​តែ​មាន។ មនុស្ស​ចាស់​មិន​ប្រើ​ស្រោម​អនាម័យ រាល់​ការ​រួមភេទ​ជាមួយ​ដៃគូ​ខាងក្រៅ ខណៈ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ផង អាច​ឆ្លង​ជំងឺ ទាំង​កាមរោគ ​ជំងឺ​អេដស៍ និង ប្រភេទ​ជំងឺ​ឆ្លង​ជា​ច្រើន​ទៀត​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម