backup og meta

ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ (វីដេអូ)

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ May 05, 2022

    ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ (វីដេអូ)

    ស្រីៗ​យើង​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បាត់​រដូវ។ នេះ​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពី​​ដល់​វ័យ​អស់​រដូវ​ ប៉ុន្តែ​ប្រសិនជា​បាត់​រដូវ​នៅ​ក្នុង​ករណី​ផ្សេង​ពី​នេះ វា​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព។

    ការ​បាត់​រដូវ​មាន​ ២ ​ប្រភេទ។ ប្រភេទ​ទី​១​គឺ​សម្រាប់​ស្រីៗ​ដែល​មាន​អាយុ​ ១៦ ​ឆ្នាំ​ និង​មិន​ទាន់​មាន​រដូវ​ដំបូង។ នេះ​អាច​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដែល​បង្ក​មិន​ឲ្យ​មាន​រដូវ​ដែល​គេ​ហៅ​ថា​ការ​បាត់​រដូវ​ដំបូង (Primary Amenorrhea)។ ប្រភេទ​ទី២​គឺ​នៅ​ពេល​ដែល​បាត់​រដូវ​ប្រចាំខែ​រយៈពេល​បី​ខែ​ជាប់​គ្នា​ក្រោយ​ពី​មាន​រដូវ​ធម្មតា​ ៩ ​ខែ​មុន​ដែល​គេ​ហៅ​ថា​Secondary Amenorrhea។ ប្រភេទ​ទី​២​គឺ​កើត​មាន​ទូទៅ​ជាង​ប្រភេទ​ទី ១។

    មូលហេតុ​បង្កឲ្យមាន​ការ​បាត់​រដូវ

    ការ​បាត់​រដូវ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ ការ​បាត់​រដូវ​ដំបូង​​អាច​មក​ពី​បញ្ហា​សរីរាង្គ​ភេទ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​លូតលាស់​មិន​ល្អ ឬ​ភាពមិន​ប្រក្រតី​របស់​អូវែ។ រីឯ​ការ​បាត់​រដូវ​ប្រភេទ​ទី​២​វិញ​អាច​មក​ពី​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​ក្រពេញ pituitary ​។ នៅ​ពេល​ដំណើរការ​ប្រក្រតី ក្រពេញ​ទាំង​ពីរ​​ផលិត​អ័រម៉ូន​សម្រាប់​ការ​មក​រដូវ។

    ក្រៅពី​បញ្ហា​ខាងលើ ការ​បាត់​រដូវ​ប្រភេទ​ទី ​២ ​គឺ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​មាន​ដូចជា៖

    • ជំងឺ​ធាត់
    • កង្វះ​អាហារូបត្ថម្ភ
    • ជំងឺ​អត់ឃ្លានអាហារ (anorexia nervosa)
    • ស្រក​ទម្ងន់​ខ្លាំង
    • ហាត់ប្រាណ​ខ្លាំង​ពេក
    • ជំងឺ Polycystic Ovary Syndrome (កើតឡើង​ដោយសារ​តែ​នៅក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូនភេទ)
    • មហារីក​ក្រពេញ​អូវែ
    • ជំងឺ​ដុំ​គីស​ដៃ​ស្បូន (noncancerous ovarian cysts)
    • ស្លាកស្នាម​នៅ​ស្បូន​ដោយ​ការ​បូម ឬ​កោស​សម្អាត​ស្បូន
    • ការ​កាត់​ស្បូន​ចេញ
    • បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត
    • អតុល្យភាព​អ័រម៉ូន
    • ស្ត្រេស ឬ មាន​ជំងឺ​បាក់​ទឹក​ចិត្ត
    • ការ​ប្រើប្រាស់​ថ្នាំ។

    ដោយឡែក ការ​បាត់​រដូវ​ប្រភេទ​ទី២​ក៏​អាច​បង្ក​ដោយ​កត្តា​ធម្មជាតិ​រួមមាន​ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ពេល​អស់​រដូវ។ ការ​ចាប់ផ្តើម បញ្ឈប់ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដែរ។

    សម្រាប់​ការ​ព្យាបាល​ការ​បាត់​រដូវ​នេះ​ដែរ​គឺ​អាស្រ័យ​លើ​មូលហេតុ​បង្ក។ ឧទាហរណ៍ ប្រសិនជា​ការ​បាត់​រដូវ​បង្ក​ដោយ​ជំងឺ​ធាត់​ នោះ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​យើងធ្វើ​ការ​សម្រក​ទម្ងន់។

    វិធី​បង្ការ​ការ​បាត់​រដូវ

    ស្រីៗ​យើង​អាច​បង្ការ​បាន​ដោយ៖

  • រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ
  • ញ៉ាំ​របប​អាហារ​ដែល​ល្អ
  • ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់
  • រៀន​គ្រប់គ្រង​ស្ត្រេស។
  • គ្នាយើង​យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនជា​មាន​កង្វល់​ទាក់ទង​នឹង​វដ្ដ​រដូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ ចាន់ វុត្ថា · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម