backup og meta

​​រោគ​ស្ត្រី​ទូទៅ​ទាំង​៥​ ​ស្រីៗ​​យើង​កំពុង​តែ​ជួប​ប្រទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 27, 2021

    ​​រោគ​ស្ត្រី​ទូទៅ​ទាំង​៥​ ​ស្រីៗ​​យើង​កំពុង​តែ​ជួប​ប្រទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​រោគ​ស្ត្រី​ប៉ះពាល់​ដល់​សរីរាង្គ​បន្ត​ពូជ​ ដូចជា​ស្បូន​ អូវែ​ ដៃស្បូន  ​ប្រដាប់​​បន្ត​ពូជ​ខាង​ក្រៅ​ ​និង​សុដន់​ ដូច្នេះ​វា​អាច​ជះ​ឥទ្ធិពល​​ដល់​មុខងារ​ផ្លូវ​ភេទ​របស់​​ស្រីៗ​ផង​ដែរ​។​ ពិត​ណាស់​ ការ​យល់​ដឹង​អំពី​រោគ​សញ្ញា​ និង​ចាត់វិធានការ​ភ្លាមៗ​ ដើម្បី​ជៀសវាង​ផលវិបាក​ផ្សេងៗ​ គឺ​ជា​រឿង​សំខាន់​ណាស់​។​ យ៉ាង​ណា​មិញ​ ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ហា​រោគ​ស្ត្រី​ទូទៅ​បំផុត​មួយ​ចំនួន ដែល​​យើង​គួរ​ដឹង​​។

    ១. ​​ជំងឺ​គីស​ទឹក​លើ​ក្រពេញ​អូវែ​

    ​​ជា​ទូទៅ​ ស្រី​ៗ​ដែល​មាន​ជំងឺ​នេះ​ អាច​មាន​វដ្ដ​រដូវ​យូរ​ ឬ​មិន​ប្រក្រតី ព្រម​ទាំង​មាន​ការ​កើន​ឡើង​បរិមាណ​អ័រម៉ូនអង់ដ្រូសែន ​​ ដែល​ជា​អ័រម៉ូន​បុរស​នៅ​ក្នុង​រាងកាយ​។​ ក្នុង​លក្ខខណ្ឌ​នេះ​ ​ពងញី ជា​ច្រើន អាច​លេច​ឡើង​នៅ​លើ​អូវែ ដែល​អាច​រាំង​ស្ទះ​ដល់​ការ​បញ្ចេញ​ពង​។ ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​នេះ​ គឺ​ដោយ​សារ​តែ​កម្រិត​អ័រម៉ូនអង់ដ្រូសែន ក្នុង​រាងកាយ​លើស​កម្រិត​ ហ្សែន​ ឬ​ដោយ​សារ​តែ​អាំងស៊ុយលីន​ច្រើន​ជ្រុល​។​ ភាគ​ច្រើន​ ស្រីៗ​ដែល​ជួប​ប្រទះ​ជំងឺ​មួយ​នេះ​ អាច​ប្រឈម​នឹង​ការ​ដុះ​ក្បាល​ពោះ​ កើត​មុន​ ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មក​រដូវ​មិន​ប្រក្រតី​ ឬ​អាច​​​​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​។

    ២. រលាក​ទ្វារ​មាស

    ​​ស្រី​ៗ​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​ពូជ អាច​ជួប​ប្រទះ​​ការ​រលាក​នៅ​ក្នុង​ទ្វារ​មាស​។​ ​ការ​រលាក​នេះ​ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​រួម​ភេទ​ ការ​​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ​ការ​ប្រើ​ក្រែមលាបសំលាប់មេជីវិតឈ្មោល ឬ​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​។ ​ប្រសិនបើ​គ្នា​យើង​មាន​អាការៈ​រលាក​នេះ​ យើង​អាច​នឹង​ឈឺ​ចុកចាប់​​នៅ​ពេល​នោម​ រមាស់​ទ្វារ​មាស​ ឬ​រលាក​ស្បែក​​ ការ​បញ្ចេញ​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ក្លិន​មិន​ល្អ​ ព្រម​ទាំង​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​។​

    ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    ​ជាក់​ស្ដែង​ ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជាជំងឺ​រោគ​ស្ត្រី​ទូទៅ​បំផុត​មួយ​ ដែល​​ស្រី​ៗ​គ្រប់​វ័យ​តែងតែ​ជួប​ប្រទះ​។​ ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​មាន​វត្តមាន​នៅ​ក្នុង​ទ្វារ​មាស​ ឬ​រន្ធ​គូទ​​ផ្លាស់ទី​ទៅ​​បង្ហួរ​នោម​ និង​ប្លោក​នោម​ ឬ​អាច​ទៅ​កាន់​​តម្រង​នោម​។ ​ស្រីៗ​គ្នា​យើង​អាច​ងាយ​ឆ្លង​ជំងឺ​នេះ​ ប្រសិនបើ​យើង​មាន​បញ្ហា​​សរសៃ​ប្រសាទ​ ឬ​សាច់​ដុំ​អាង​ត្រគាក​ ឬ​​បំពង់​បង្ហួរ​នោម​តូច​ ឬ​មាន​ការ​ស្ទះ​ក្នុង​បង្ហួរ​នោម​ ប្លោក​នោម​ ឬ​តម្រង​នោម​។​ ក្នុង​ករណី​ដែល​យើង​មាន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ យើង​អាច​​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ ទឹក​នោម​ល្អក់​ ​មាន​ក្លិន​មិន​ល្អ​ ឬ​មាន​ដាន​ឈាម​នៅ​ក្នុង​ទឹក​នោម​។​ ប្រសិនបើ​ការ​បង្ក​រោគ​ប៉ះពាល់​ដល់​តម្រង​នោម​ យើង​អាច​នឹង​ក្ដៅ​ខ្លួន​ គ្រុន​រងា​ ឈឺ​​ខ្នង ក្អួត​ ឬ​ចង្អោរ​។

    រោគស្រ្តី២

    ៤. ការ​ឈឺចាប់​នៅ​ពេល​មក​រដូវ​

    ​​​​​​​​​​​បញ្ហា​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​នេះ​ត្រូវ​បាន​បែងចែក​ជា​២​ប្រភេទ​ ​គឺ​ការ​ឈឺ​ចាប់​ដោយការមករដូវ និង​ការ​ឈឺចាប់ដោយសារសរីរាង្គបន្តពូជ។​ យ៉ាង​ណា​មិញឈឺ​ចាប់​ដោយ​ការមករដូវ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​អាង​ត្រគាក​ឡើយ​ ហើយ​វា​បណ្ដាល​មក​ពី​សារធាតុ prostaglandins ជា​សារធាតុ​គីមី​ធម្មជាតិ​នៅ​ក្នុង​រាងកាយ​។​ ចំណែក​ឯ​​ការ​ឈឺចាប់ដោយសារសរីរាង្គបន្តពូជវា​អាច​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជំងឺ​ឆ្អឹង​អាង​ត្រគាក​ ក៏​ដូចជា​កើត​ឡើង​ដោយ​សារ​តែ​​ដុំ​ស្បូន​ ​ឬ​សាច់​ដុះចាក់ចូលជញ្ជាំងស្បូន។ ​ស្រី​ៗ​ដែល​មាន​អាការៈ​នេះ​ អាច​មាន​អារម្មណ៍​ឈឺ​​ និង​ចុក​រមួល​​នៅ​បរិវេណ​ពោះ​ខ្លាំង​។

    ៥. គីស​ក្រពេញ​អូវែ

    ​ជំងឺ​គីស​ក្រពេញ​អូវែ កើត​មាន​ឡើង​ជា​ទូទៅ​ និង​អាច​ប៉ះពាល់​ដល់​ស្ត្រី​គ្រប់​វ័យ​។​ ​ជំងឺ​នេះ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​អាង​ត្រគាក​ធ្ងន់ធ្ងរ​​ សាច់​សាច់​ដុះចាក់ចូលជញ្ជាំងស្បូន ឬ​បញ្ហា​អ័រម៉ូន​។ ស្រីៗ​ដែល​​ប្រឈម​នឹង​គីស​ក្រពេញ​អូវែ​ អាច​មាន​អាការៈ​ហើម​ ឬ​ឈឺចាប់​នៅ​​ត្រង់​បរិវេណ​ពោះ​ និង​អាច​ក្អួត ឬ​ចង្អោរ​ថែម​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម