ក្រៅពីបានសម្ភាសន៍វាគ្មិនជាអ្នកជំនាញ គ្រូពេទ្យឯកទេសនានានៅតាមស្ថាប័ន(ពេទ្យ) ធំៗជាច្រើន លោកបានលើកសរសើរពីកម្រិតនៃការឆ្លើយតប និងជាឃ្លាំងផ្ដល់ដំណឹងសុខភាព គន្លឹះចំណេះដឹងសុខភាពដល់ស្ត្រីជាច្រើន មុនឈានដល់ការរត់ទៅរកគ្រូពេទ្យដោយផ្ទាល់។ Hello គ្រូពេទ្យ បានរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងទូទៅក្នុងកម្រិតស្រាល មិនចាំបាច់រត់ទៅពេទ្យ ព្រោះករណីខ្លះជាម៉ាក់ ជាមនុស្សស្រីអាចដោះស្រាយបញ្ហាសុខភាពមិនបង្កគ្រោះថ្នាក់ធ្ងន់ដោយខ្លួនឯងនៅផ្ទះបាន កាត់បន្ថយចំណាយ ក្នុងការធ្វើដំណើរ ឬថ្លៃថ្នាំ ថ្លៃព្យាបាលជាដើម។ ចំណុចសំខាន់មួយទៀតគឺ ទទួលបានចំណេះដឹង និងមិនភ័យតក់ស្លុតពេកប្រសិនបើខ្លួនស្ថិតក្នុងស្ថានភាពព្រួយបារម្ភ(ដោយអារម្មណ៍) ឬក៏ចំណេះដឹងពីការពពោះ បញ្ហារោគស្ត្រី បញ្ហាឈាមរដូវ ការចិញ្ចឹមកូន និងការបង្ការគ្រោះថ្នាក់ផ្សេងៗទៀត។
ត្រូវហើយយើងនិយាយដល់រាប់ពាន់រាប់ម៉ឺនសំណួរពីអ្នកអានរាល់ៗខែ ប៉ុន្តែឲ្យខ្ញុំសុំទោស ខ្ញុំមិនអាចបង្ហាញអត្តសញ្ញាណអ្នកអានយើងណាម្នាក់ជាឧទាហរណ៍នៅទីនេះបានទេ ឬបើមិនដូច្នេះទេ គ្នាយើងខ្លះមានអារម្មណ៍ថាដូចឆ្ងាយពេក។ ប៉ុន្មានឆ្នាំមកនេះ ពេលដឹងឮថាខ្ញុំ ឈរជើងនៅស្ថាប័នសុខភាពនេះ មានមិត្តភ័ក្ដិ មានបងប្អូនយើងជាស្រីខ្លះ ប្រុសខ្លះ ច្រើនណាស់ដែលពិភាក្សាគ្នា ចង់បានប្រឹក្សា សួរនាំជាដើម ទោះដឹងថាខ្ញុំមិនមែនជាពេទ្យ មិនមែនជាវេជ្ជបណ្ឌិត ប៉ុន្តែពួកគេដឹងថា យើងមានវេជ្ជបណ្ឌិតឲ្យដោះស្រាយបញ្ហាកម្រិតស្រាលៗទាំងនោះបាន។
ខ្ញុំសុំលើកឧទាហរណ៍មួយចំនួន ជាមួយអ្នកដែលខ្ញុំស្គាល់ជាក់ស្ដែង និងបែងចែកស្ថានភាពសុខភាពជា ៣គឺ៖
អ្នកមានបញ្ហាផ្លូវចិត្ត មានច្រើនទម្រង់ ឬធ្ងន់ស្រាលទៅតាមសាច់រឿងរបស់ម្នាក់ៗឆ្លងកាត់។ បើគិតដល់វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ឬយើងហៅថាជំងឺថប់បារម្ភ WHO បញ្ជាក់ថា ប្រជាជនសរុបលើពិភពលោកមានបញ្ហាផ្លូវចិត្តប្រមាណ ៥%នៃប្រជាជនជាង ៧ពាន់លាន(៧ប៊ីលាន)នាក់ ដែលវាជាដើមចមឈានទៅរកការធ្វើអត្តឃាត ហើយក្នុងនោះ ស្ត្រីជាអ្នកងាយរងគ្រោះជាងមនុស្សប្រុស។ អ្នកខ្លះរកស៊ីខាតបង់អស់ពីខ្លួន ជួបបញ្ហាអគ្គីភ័យ ជួបរឿងចាញ់បោកគេ ជួបវិបត្តិក្នុងគ្រួសារ លែងលះ បែកបាក់ស្នេហា បាត់បង់មនុស្សជាទីស្រលាញ់ទាំងព្រាត់ប្រាសស្លាប់និងរស់ បញ្ហាការងារ បញ្ហាសុខភាពផ្ទាល់ខ្លួន មិនអាចមានកូនបាន។ល។ សុទ្ធតែជាអ្នកស្ថិតក្នុងបរិបទវិបត្តិផ្លូវចិត្តធ្ងន់ ហើយអ្នកខ្លះក៏មានអ្នកជម្នះឆ្លងកាត់បាន កសាងអ្វីៗល្អប្រសើរជាងពីមុនទៅទៀត។ ខ្ញុំនិយាយជារួមដូច្នេះ ក្នុងនោះក៏មានមនុស្សជុំវិញខ្លួនខ្ញុំមិនតិចទេ ដែលស្ថិតក្នុងស្ថានភាពគិតថាខ្លួនដុនដាបធ្លាក់ដល់ចំណុចសូន្យ អស់ទីពឹងដូចខាងលើ ហើយខ្ញុំជឿថា គ្នាយើង បងៗមួយចំនួនក៏អាចកំពុងមានបញ្ហាណាមួយក្នុងចំណោមខាងលើដែរ។
អ្នកមានកូនមានជំងឺអូទីស្សឹម – នេះជាអំណោយអាក្រក់បំផុតប្រសិនបើយើងជាប៉ា ជាម៉ាក់ក្មេង។ ខ្ញុំជួបបងស្រីម្នាក់ គាត់រៀបរាប់ពន្យែរពន្យល់ទាំងអួលដើមកពីអារម្មណ៍ដែលពិបាកទទួលយកបំផុត ចំពោះកូន ចំពោះអ្នកដែលគាត់ហ៊ានលះបង់សូម្បីជីវិត ដើម្បីផ្លាស់ប្ដូរសេចក្ដីសុខឲ្យកូន។ គាត់ពន្យល់ពីភាពមមាញឹករបស់យើងជាឪពុកម្ដាយ ចេញពីព្រលឹមចូលផ្ទះវិញព្រលប់ទាំងប្ដីទាំងប្រពន្ធ ក្រៅពីការងារទាំង២នាក់ នៅមានអាជីវកម្មមួយមហាសែនរវល់ទៀត។ សរុបទៅយប់ដល់ផ្ទះ មានពេលជាមួយកូនតិចតួចបំផុត បន្ទាប់ពីឆ្ងាយពីកូនបំពេញការងារមិនតិចជាង ១០ម៉ោងសឹងរាល់ថ្ងៃ។ ដូច្នេះមានតែបង្ខំចិត្តទុកកូនចោលជាមួយអ្នកផ្ទះ ហើយបណ្ដោយឲ្យគេមើលទូរស័ព្ទម៉ាងៃៗ។ ទម្លាប់បែបនេះ តាំងពីកូនជិត ១ខួប ដល់គេធំ ជាង ២ខួប បានគាត់ចាប់អារម្មណ៍។
លុះដឹងខ្លួន ដឹងថាកូនកំពុងមានបញ្ហាអូទីស្សឹម មិនខ្វល់នឹងមនុស្សជុំវិញខ្លួន មិនខ្វល់នឹងអ្នកណាទាំងអស់ មិនចង់នៅលេងជាមួយក្មេងដទៃ ចូលចិត្តនៅតែឯង គឺកូនដល់ដំណាក់កាលរាងធ្ងន់បន្តិចទៅហើយ។ អ្វីដែលគាត់បន្ទោសខ្លួនឯងបំផុតគឺទុកកូនចោលពេក ដើម្បីជីវភាព ព្រោះត្រូវរ៉ាប់រងច្រើនមួយខែៗ។ ត្រូវហើយយើងមើលទៅអ្នកខ្លះកាត់សេចក្ដីថាអាចជាកំហុសគាត់ ប៉ុន្តែយើងអត់បានស្ថិតក្នុងស្ថានភាពជីវិតដូចគាត់ជាក់ស្ដែងទេ។ ក្រោយស្វែងយល់ពីជំងឺនេះ ក្ដីសង្ឃឹមចុងក្រោយរបស់គាត់គឺ ព្យាបាលកូនឲ្យជាដូចដើម។ ស្វែងយល់ពីជំងឺ ស្វែងរកប្រឹក្សាពីមិត្តភ័ក្ដិអ្នកធ្លាប់ជួបរឿងដូច្នេះ ស្វែងរកគ្រូបង្រៀនកូន រត់ទៅរកពេទ្យ និងការរៀបចំពេលវេលាផ្ទាល់ខ្លួនឡើងវិញ នៅជាមួយកូនរាប់ឆ្នាំ ដើម្បីបង្រៀនកូន បង្ហាត់កូនឲ្យនិយាយ ឲ្យលេងជាមួយប៉ាម៉ាក់ ជាមួយបងប្អូន ឬក្មេងៗដទៃ ឲ្យថាតាម លើកសរសើរ បន្ថយការឲ្យកូនលេងជាមួយឧបករណ៍អេឡិចត្រូនិក។ បច្ចុប្បន្នកូនប្រុសច្បង ក្នុងចំណោមកូន ៣នាក់របស់គាត់ ប្រសើរឡើងខ្លាំង នឹងត្រឡប់ទៅដូចដើមដូចគ្នាធម្មតាស្ទើរតែទាំងស្រុងទៅហើយ។ ការព្យាយាមរៀបរាប់នេះ ក៏ជាការចែករំលែករបស់គាត់ ឲ្យម៉ាក់ប៉ាគ្រប់គ្នា កុំឲ្យទទួលបទពិសោធន៍ជូរចត់បំផុតសឹងមិនអាចទទួលយកបានដូចគាត់បែបនេះ។
បញ្ហាអូទីស្សឹម កើនឡើងសព្វថ្ងៃគឺស្រដៀងគ្នាភាគច្រើនដូចបញ្ហាបងស្រីខាងលើ ដូចសារតែភាពមមាញឹកខ្លាំងពេក សម័យកាលឧបករណ៍អេឡិចត្រូនិកច្រើនពេក។ មាន ២ករណីផ្សេងទៀតដែលសុទ្ធតែមានកូនប្រុស ជួបបញ្ហាកូនមានជំងឺអូទីស្សឹម ប៉ុន្តែដោយសារតាមដាន អង្កេតដឹងថា កូនទើបស្ថិតក្នុងដំណាក់កាលដំបូង ម៉ាក់ប៉ារបស់គេ បានប្រឹក្សាជាមួយគ្រូបង្រៀន ឬពេទ្យរួចជាស្រេចដើម្បីដោះស្រាយឲ្យទាន់ពេល។
ស្វែងយល់បន្ថែមពីបញ្ហាអូទីស្សឹម៖