backup og meta

មហារីកក្រពេញអូវែ! ស្រីៗ​គួរដឹង និងស្វែងយល់ពីជំងឺនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 28, 2023

    មហារីកក្រពេញអូវែ! ស្រីៗ​គួរដឹង និងស្វែងយល់ពីជំងឺនេះ

    ១- តើជំងឺមហារីកក្រពេញអូវែជាអ្វី?

    ជំងឺ​មហារីកក្រពេញអូវែ​​នេះ​កើត​ចេញ​​មក​ពី​ក្រពេញ​អូវែ​។ អ្នក​ជំងឺ​ភាគ​ច្រើន​មិន​ដឹង​ថា​ខ្លួន​កើត​មហារីកទេ​ លុះ​ត្រា​តែ​សាច់​មហារីក​​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក ​និង​ក្នុង​ពោះ​ហើយ​ទើប​រក​ឃើញ ដែល​ករណី​នេះ​គឺ​​ពិបាក​ក្នុង​ការ​ព្យាបាល និង​ងាយ​ប្រឈម​គ្រោះ​ថា្នក់​ដល់​អាយុ​ជីវិត។

    ២- តើយើងអាចដឹងថាកើតជំងឺមហារីកនេះបានដោយរបៀបណា?

    ជំងឺ​មហារីក​ក្រពេញ​អូវែ​ក្នុង​ដំណាក់​កាល​ដំបូង ភាគ​ច្រើន​មិន​សូវ​ចេញ​​​រោគ​សញ្ញា​ទេ។ ប្រសិន​បើ​មាន​រោគ​សញ្ញា ភាគ​ច្រើន​អ្នក​ជំងឺ​ងាយ​ច្រឡំ​​ថា​ជា​សញ្ញា​ដែល​មិន​គួរ​ឲ្យ​បារម្ភ​ដូចជា​ទល់​លាមក​ជាដើម​។ សញ្ញា​ដែល​ឧស្សាហ៍​ជួប​ញឹក​ញាប់​​ជាង​គេ​គឺ៖

    • ឆ្អល់​ពោះ
    • ​ហើម​​សាច់​នៅ​ម្ដុំ​ពោះ
    • ឆាប់​ឆ្អែត
    • ស្រក​ទម្ងន់
    • ឈឺ​​ក្នុង​អាង​ត្រគៀក
    • ពោះ​វៀន​ដើរ​មិន​ស្រួល
    • នោម​ញឹក

    ក្នុង​ករណី​មាន​សញ្ញា​ដែល​បារម្ភ​ថា​មាន​ជំងឺ​មហារីក​គួរ​ប្រញាប់​​ទៅ​ជួប​គ្រូពេទ្យ ​ជា​ពិសេស​ក្នុង​ករណី​ដែលយើង​ស្ថិត​​ក្នុង​ក្រុម​​គ្រួសារ​​ធ្លាប់​មាន​ប្រវត្តិ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ ​និង​មហារីក​សុដន់។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ៣- គ្រូពេទ្យ​ធ្វើរោគវិនិច្ឆ័យជំងឺនេះដូចម្ដេច?

    យើង​​ចាំ​បាច់​ត្រូវ​​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ដង​ខ្លួន និង​អាង​ត្រគាក។ គ្រូ​ពេទ្យ​​ក៏​​ត្រូវ​​ធ្វើ​តេស្ដ​បែប​រូប​ភាព​វេជ្ជសាស្ត្រ បូម​ឈាម​ពិនិត្យ និង​អាច​ច្រឹប​សាច់​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ៤- វិធីព្យាបាលជំងឺមហារីកក្រពេញអូវែមានអ្វីខ្លះ?

    ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​តាម​​ដំណាក់​កាល​នៃ​មហារីក​។ ដោយ​ការ​ព្យាបាល​អាច​មាន​ជម្រើស​តាម​កម្រិត​ដូច​ជា៖

    • ដំណាក់​កាលទី១៖ មហារីក​មាន​​​នៅ​តែ​ក្រពេញ​អូវែ​ទាំង​២​ប៉ុណ្ណោះ
    • ដំណាក់​កាលទី២៖ សាច់​​មហារីក​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក
    • ដំណាក់​កាលទី៣៖ សាច់​​មហារីក​ចូល​ទៅ​ដល់​ក្នុង​ពោះ
    • ដំណាក់​កាលទី៤៖ សាច់​​មហារីក​រាតត្បាត​ចេញ​​ហួស​ពី​តំបន់​ពោះ​ និង​អាង​ត្រគាក។

    ជម្រើស​ក្នុង​ការ​ព្យាបាល​ មាន​ដូច​ជា​ការ​វះ​កាត់ និង​ការ​ចាក់​ថ្នាំ​គីមី

    • គ្រូពេទ្យ​​អាច​វះកាត់​យក​​​ក្រពេញ​អូវែ​ទាំង​២ចេញ​ ជាមួយ​នឹង​ដៃ​ស្បូន ស្បូន​ និង​សាច់​មហារីក​ក្បែរ​ៗ​នោះ។ បើ​យើង​​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ជំងឺ​មហារីក​នេះ​បាន​លឿន គ្រូពេទ្យ​អាច​កាត់​តែ​ក្រពេញ​អូវែ ឬ​ដៃ​ស្បូន​របស់​ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ យើង​​អាច​រៀប​ការ​បង្កើត​កូន​បាន​ធម្មតា។
    • ការ​ព្យាបាល​ចាក់​ថ្មាំ​គីមី គឺ​ចាំ​បាច់​ត្រូវ​ចាក់​បន្ទាប់​ពី​វះកាត់​រួច ​ដើម្បី​កម្ចាត់​ចោល​ឲ្យ​អស់​នូវ​កោសិកា​មហារីក​ដែល​នៅ​សេស​សល់។ ថ្នាំ​គីមី​អាច​ត្រូវ​ប្រើ​តាម​សរសៃ​ ឬ​ចូល​ទៅ​ក្នុង​ពោះ​ផ្ទាល់​ ឬ​ទាំង​២​ប្រភេទ​តែ​ម្ដង។ ស្ត្រី​ដែល​មាន​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ​អាច​ត្រូវ​ប្រើ​ថ្នាំ​គីមី​នៅពេល​ព្យាបាល​ដំបូង​។

    ៥- របៀប​រស់នៅជាមួយជំងឺមហារីក 

    នៅ​ពេល​ដែល​យើង​ដឹង​ថា​ខ្លួន​​មាន​មហារីក​ក្រពេញ​អូវែ គឺ​ជា​​បទពិសោធន៍​ដ៏​អាក្រក់​បំផុត​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​ស្រី។ អ្នក​ជំងឺ​ចាំ​បាច់​ត្រូវ​ពិភាក្សា​រឿង​នេះ ជាមួយ​អ្នក​​ណា​ម្នាក់​ដែល​អាច​ទុក​ចិត្ដ​បាន។ ប្រសិន​បើ​យើង​ភ័យ​ខ្លាច​ មិន​ហ៊ាន​ប្រាប់​សមាជិក​គ្រួសារ ឬ​មិត្ដ​ភក្គិបាន យើង​​គួរ​ព្យាយាម​ស្វែង​រក​ក្រុម​មនុស្ស ឬ​អ្នក​មាន​ជំនាញ​ខាង​នេះ ដើម្បី​ពិគ្រោះ​បន្ថែម។ អ្នកជំងឺ​​គួរ​ស្ដាប់​យោបល់​ពី​អ្នក​ក្បែរ​ខ្លួន និង​ទទួល​យក​​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ពួក​គាត់ ដោយ​សារ​ជំងឺ​មហារីក ជា​ជំងឺ​ដែល​យើង​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​។ មួយ​វិញ​ទៀត ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ និង​ហ៊ាន​ទទួល​យក​អ្វី​ដែលកើត​ឡើង​ក្នុង​ថ្ងៃ​ខាង​មុខ និង​កុំ​ឆាប់​ចុះ​ចាញ់។ អ្វី​ដែល​សំខាន់​ជាង​គេ គឺ​ត្រូវ​ទទួល​ទាន​អាហារ​ល្អ​ៗ​សម្រាប់​សុខ​ភាព និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​កុំ​ឲ្យ​កើត​ស្ត្រេស និង​មាន​កម្លាំង​គ្រប់​គ្រាន់​ទទួល​យក​ការព្យាបាល។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Mar 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម