backup og meta

ស្រីៗយើងធ្លាប់ឆ្ងល់អត់ ម៉េច​បានជាមាន​បាក់តេរីទ្វារមាស ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 25, 2020

    ស្រីៗយើងធ្លាប់ឆ្ងល់អត់ ម៉េច​បានជាមាន​បាក់តេរីទ្វារមាស ?

    អ្វីជាបាក់តេរីទ្វារមាស

    ប្រសិនបើមានប្រភេទបាក់តេរីច្រើនពេកក្នុងទ្វាមាស នោះតុល្យភាពនៃបាក់តេរីអាចនឹងត្រូវបានរំខាន ដែល​នេះ​អាច​​បណ្តាលឲ្យមាន​ការឆ្លងមេរោគ។ ស្ថានភាពឆ្លង​មេរោគនេះ​ត្រូវបានគេហៅថាបាក់តេរីទ្វារមាស (Bacterial vaginosis)

    មូលហេតុដែលបណ្តាលឲ្យមានបាក់តេរីទ្វារមាស

    មូលហេតុពិតប្រាកដនៃបាក់តេរីទ្វារមាស គឺមិនមានការ​ពន្យល់បានច្បាស់លាស់​ទេ។ អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បាក់តេរីទ្វារមាស បានប្រសិន​បើ​មានដៃគូរួមភេទច្រើន ឬប្រសិនបើយើង​មានដៃគូរួមភេទថ្មី ឬប្រើឧបករណ៍សិច​។ នេះ​មានន័យថា ប្រសិនបើយើង​មានដៃគូរួមភេទតែមួយ ហើយមិនប្រើប្រាស់ឧបករណ៍សិច​ ឬជក់បារីយើង​អាចបន្ថយហានិភ័យនៃជំងឺនេះបាន។ ទោះបីជា បាក់តេរីទ្វារមាស ច្រើនកើតលើស្ត្រីដែលមានសកម្មភាពផ្លូវភេទ​ច្រើនក៏​ដោយ ប៉ុន្តែស្រីៗ​​ដែលមិនមាន​ការរួមភេទក៏អាច​កើតមាន​បាន​ដែរ​។

    ធ្វើដូចម្តេចបានដឹងថាយើង​មានបាក់តេរីទ្វារមាស

    បាក់តេរីទ្វារមាស មិនតែងតែមាន​ចេញ​រោគសញ្ញាទេ។ រោគសញ្ញាទូទៅជាង​គេគឺភាព​មិនធម្មតា​នៃការ​ធ្លាក់ស។ យើង​អាចសម្គាល់​ឃើញ​ថាទឹក​រំអិលរបស់យើង​មានពណ៌ខុស​ពីធម្មតា ឬមានក្លិនមិន​ធម្មតា។ យើង​អាចមាន​អារម្មណ៍​ថា​ក្តៅ រមាស់ ឬមាន​ការ​ឈឺចាប់​នៅក្នុង ឬជិតទ្វារមាស។

    គ្រោះថ្នាក់នៃបាក់តេរីទ្វារមាស

    បាក់តេរីទ្វារមាស ជារឿយៗ​មិន​បង្កគ្រោះថ្នាក់ទេ​។ បញ្ហានេះ​អាចបាត់ទៅវិញ​ដោយខ្លួន​ឯង​បន្ទាប់​ពី​ពីរបីថ្ងៃក្រោយ។ ប៉ុន្តែវាអាចបណ្តាល​ឲ្យស្រីៗ​យើង​មានបញ្ហាដែរ ប្រសិនបើយើង​មានបញ្ហាសុខភាពផ្សេង​​មួយចំនួនទៀត​។

    – បាក់តេរីទ្វារមាស (Bacterial vaginosis) ក្នុងកំឡុងពេលមានផ្ទៃពោះអាចបង្កើនហានិភ័យនៃការរលូតកូន កូនកើតមិនគ្រប់ខែ និងការឆ្លងមេរោគ​នៅស្បូនក្រោយ​ពេលសម្រាល។

    – បាក់តេរីទ្វារមាស អាចធ្វើឲ្យយើង​ប្រឈមនឹងការឆ្លងមេរោគអាងត្រគាកក្នុងអំឡុងពេលវះកាត់អាងត្រគាក (វះកើតកូន រំលូតកូន ឬការកាត់ស្បូនចេញ)

    – បាក់តេរីទ្វារមាស ធ្វើឲ្យយើង​ងាយនឹងឆ្លងមេរោគអេដស៍ប្រសិនបើ​បានប៉ះពាល់ជាមួយនឹងអ្នកមានវីរុស។

    រោគវិនិច្ឆ័យ និងការព្យាបាលបាក់តេរីទ្វារមាស

    គ្រូពេទ្យនឹងធ្វើការពិនិត្យទ្វារមាសដើម្បីរករោគសញ្ញានៃការឆ្លង។ គ្រូពេទ្យនឹងយកគំរូទឹករំអិលក្នុងទ្វារមាស​ដើម្បី​ធ្វើតេស្ត​នៅមន្ទីរ​ពិសោធន៍។ ទោះបីជា​យើង​ត្រូវបានធ្វើរោគវិនិច្ឆ័យ​ថាមានបាក់តេរីទ្វារមាសក៏ដោយ ក៏​ដៃគូបុរសរបស់​យើង​មិនចាំបាច់ត្រូវការធ្វើការព្យាបាលទេ ដោយសារតែ បាក់តេរីទ្វារមាស ឆ្លងទៅលើដៃគូខាង​ស្រី​តែប៉ុណ្ណោះ។ ស្រីៗ​យើង​​គួរ​ដឹង​ដែរថា​​ បាក់​តេរីទ្វារមាស មិនអាចឆ្លងពីបង្គន់ គ្រែ ឬអាងហែលទឹកឡើយ។

    បាក់តេរីទ្វារមាស អាចព្យាបាលបានដោយប្រើថ្នាំ​ផ្សះ​ក្នុងទម្រង់​ជាថ្នាំគ្រាប់ ក្រែមលាប ឬកន្ចក់​។ ប្រសិនបើយើង​មានផ្ទៃពោះ គ្រូពេទ្យ​នឹងចេញវេជ្ជបញ្ជា​ជាថ្នាំគ្រាប់​តែប៉ុណ្ណោះ។ បន្ទាប់ពីយើង​បានប្រើថ្នាំផ្សះ​បានពីរបីថ្ងៃ យើង​នឹងឃើញពីភាពប្រសើរឡើង។ វាមានសារៈសំខាន់ណាស់ក្នុងការតាមដាន ការព្យាបាល ទោះបីជារោគសញ្ញាបានបាត់ទៅ​វិញ​ក៏ដោយ។

    ការប្រើថ្នាំផ្សះ​អាចបណ្តាលឲ្យមានការឆ្លងមេរោគផ្សិតក្នុងទ្វារមាសទោះបីជាវាមិនសម្បូរ​ក៏ដោយ។ ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើយើង​សម្គាល់ឃើញពីរោគសញ្ញាដូចខាងក្រោមក្នុងអំឡុងពេលនៃការព្យាបាល៖

    – រមាស់

    – ក្រហម

    – មានដុំពក និងធ្លាក់សពណ៌សៗ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម