backup og meta

ជំងឺមហារីកក្រពេញអូវែដំណាក់កាលទី ២ ទៅទី ​៤ ​រាលដាល​ទៅ​សរីរាង្គ​ផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 28, 2022

    ជំងឺមហារីកក្រពេញអូវែដំណាក់កាលទី ២ ទៅទី ​៤ ​រាលដាល​ទៅ​សរីរាង្គ​ផ្សេងៗ

    ជំងឺ​មហារីក​ក្រពេញ​អូវែ ជា​ជំងឺ​ដែល​កាច​សាហាវ ដែល​អាច​ឆក់​យក​ជីវិតស្រ្តី​បាន និង​មាន​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ចំណោម​ជំងឺ​មហារីក​ផ្សេង​ៗ​ទៀត​នៃ​ប្រដាប់​ភេទ​ស្ត្រី។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី នឹង​ពន្យល់​រៀបរាប់​ពី​កត្តាដែល​នាំឲ្យ​កើត​ជំងឺ​នេះ ព្រម​ទាំង​វិធី​ព្យាបាល​ផង​ដែរ។

    វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ក្រពេញ​អូវែ​អាចរកឃើញ​នៅ​លើ​ស្ត្រី​គ្រប់​វ័យ ប៉ុន្តែ​ភាគច្រើន​កើត​លើ​ស្ត្រី​មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ ឬ​ក្នុង​អំឡុង​ពេល​អស់​រដូវ។ ទោះជាយ៉ាងណា បច្ចុប្បន្ន​នេះ​ស្ត្រី​មាន​អាយុ​តិច​ជាង​នេះ​ក៏​អាច​ចាប់ផ្ដើម​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​អូវែ​ខ្ពស់​ជាង​មុន​ផង​ដែរ ព្រោះតែ​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន ឬ​ដោយសារ​បរិស្ថាន​ជុំវិញ​ដែល​បាន​ផ្លាស់ប្ដូរ ​រួម​មាន​របប​អាហារ និង​ជាតិ​ពុល​ក្នុង​បរិយាកាស។

    លោក​បន្ថែម​ទៀត ជំងឺ​មហារីក​ក្រពេញ​អូវែ​នៅ​មិន​ទាន់​អាច​បញ្ជាក់ ពី​មូលហេតុ​បាន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា ស្ត្រី​មក​រដូវ​លឿន/យឺត អ្នក​គ្មាន​កូន ឬ ពិបាក​ក្នុង​ការ​មានកូន និង​ស្ត្រី​ដែល​មាន​សាច់ញាតិ​ជិតស្និទ្ធ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ​អាច​មាន​ហានិភ័យ​ច្រើន ក្នុង​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ។ ប៉ុន្តែ​ស្ត្រី​ដែល​មាន​កូន​ហើយ បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ និង​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​យូរ​មក​ហើយ​រួម​ទាំង​ការ​ក្រៀវ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​អូវែ​បាន។

    រោគសញ្ញា និង​ដំណាក់កាល​ជំងឺ​មហារីក​ក្រពេញ​អូវែ ជា​ទូទៅ​ជំងឺ​មហារីក​ក្រពេញ​អូវែ​មិន​មាន​រោគសញ្ញា​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នោះ​ទេ។ រោគសញ្ញា​ជាធម្មតា​កើត​មាន​នៅ​ពេល​ជំងឺ​មហារីក​បាន​រីក​រាល​ដាល​រួច​ទៅ​ហើយ។ សម្រាប់​រោគសញ្ញា​ជួប​ញឹកញាប់​មាន​ដូចជា៖

    – មាន​​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​ពោះ ពោះ​ចេះ​តែ​ធំ​ឡើង​ៗ ឬ​មាន​ទឹក​ក្នុង​ពោះ។

    – ឈឺពោះ និង​ការ​បាត់បង់​ចំណង់​អាហារ។ ចំពោះ​អ្នក​ជំងឺ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ នៃ អ័រម៉ូន​ភេទ​អាច​មាន​ភាព​មិន​ប្រក្រតី​ការ​មក​រដូវ។ ជំងឺ​មហារីក​ក្រពេញ​អូវែ​ត្រូវ​បាន​បែងចែក​ជា ៤ ដំណាក់​កាល៖

    ដំណាក់កាល​ទី​១៖ កោសិកា​មហារីក​នៅ​ក្នុង​ក្រពេញ​អូវែ ដែល​អាច​ត្រូវ​បាន​ព្យាបាល​ដោយ ការ​វះកាត់ ប៉ុន្តែ​ជា​ញឹកញាប់​គ្មាន​រោគសញ្ញា ធ្វើឲ្យ​អ្នក​ជំងឺ​មិន​ដឹង​ខ្លួន និង​មិន​បាន​ទទួលការ​ព្យាបាលទាន់​ពេល​វេលា។

    ដំណាក់កាល​ទី​២៖ កោសិកា​មហារីក​អូវែ មាន​ការ​រីក​រាលដាល​ទៅ​សរីរាង្គ​អាង​ត្រគាក​ដូចជា ស្បូន ដៃ​ស្បូន ឬ​អ្នក​ជំងឺ​អាច​មាន​ការ​ឈឺចាប់​ក្នុង​ពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​ពោះ។

    ដំណាក់កាល​ទី​៣៖ កោសិកា​មហារីក រាលដាល​ចូល​ទៅ​ក្នុង​សាច់​ដុំ​ពោះ ស្រោម​ពោះ។ ជា​ញឹកញាប់​នាំឲ្យ​អ្នក​ជំងឺ​មាន​ការ​តឹង​ពោះ​យ៉ាង​ឆាប់រហ័ស ដោយសារ​តែ​ការ​កើត​ទាចទឹក រួម​បញ្ចូល​ទាំង​ការ​ហើម​ពោះ និង​បរិភោគ​តិច​ជាង​មុន។

    ដំណាក់កាល​ទី​៤៖ កោសិកា​មហារីក​អូវែ​ក្នុង​ការ​រីក​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ៗ​ដូចជា​ថ្លើម និង​សួត។

    មហារីកក្រពេញអូវែ

    អ្នក​ជំងឺ​នឹង​មាន​រោគសញ្ញា​ផ្សេង​ៗ​ទៀត។ ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​មហារីក ក្រពេញ​អូវែ​ដំបូង គ្រូពេទ្យ​នឹង​វាយតម្លៃ​ពី​ស្ថានភាព​របស់​អ្នក​ជំងឺ​នោះ រួម​ទាំង​ជំងឺ​ប្រចាំ​កាយ​ដូចជា លើឈាម ទឹកនោមផ្អែម…។ ការ​ព្យាបាល​ភាគច្រើន​មាន​ការ​វះកាត់​យក​ដុំ​សាច់​ចេញ និង​វាយ​តម្លៃ​ការ​​រីក​រាល​ដាល​ជំងឺ​នៅ​ក្នុង​រយៈ​ពេល​នោះ ហើយ​ការ​ប្រើ​ថ្នាំ​គីមី ដើម្បី​ទប់ស្កាត់ ឬ​ពន្យារ​ពេល​ការ​កើត​មាន​ឡើង​វិញ​នៃ​ជំងឺ​នេះ។ បន្ទាប់ពី​ការ​ព្យាបាល​នេះ គ្រូពេទ្យ​នឹង​កំណត់​ការ​តាមដាន​ជាមួយ​អ្នក​ជំងឺ​យ៉ាង​ទៀងទាត់ ដើម្បី​ពិនិត្យ​មើល​ជា​រៀងរាល់ ៣-៦ ខែ​ម្ដង ដើម្បី​ធានា​ឲ្យ​បាន​ថា អ្នក​ជំងឺ​មិន​កើត​មាន​ជំងឺ​នេះ​ត្រឡប់​មក​វិញ​ទៀត។

    អត្ថបទគួរអាន៖

    សម្រាប់​អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ ឡើង​វិញ​ម្ដង​ទៀត​គ្រូពេទ្យ​អាច​ធ្វើការ​វះកាត់ ឬ ប្រើ​ថ្នាំ​គីមី​បំបាត់​ម្ដង​ទៀត​រួម​ទាំង​ការ​ប្រើ​វិធី​សាស្ត្រ​ផ្សេង​ៗ​ទៀត ក្នុង​ករណី​មួយ​ចំនួន​ដូចជា​ការ​ប្រើ អ័រម៉ូន ការ​ប្រើ​កាំ​រស្មី។ ចំពោះ​អ្នក​ជំងឺ​មាន​ជំងឺ​មហារីក​នេះ​ក្នុង ដំណាក់កាល​ចុងក្រោយ​ក៏​អាច​ផ្ដល់​ការ​ព្យាបាល​បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​ដល់​អ្នក​ជំងឺ។

    ទោះបីជា​ជំងឺ​មហារីក​ក្រពេញ​អូវែ គួរ​ឲ្យ​ខ្លាច ហើយ​ជា​ញឹកញាប់​វា​ជា​ជំងឺ​ដែល​មិន​មាន​រោគ​សញ្ញា និង​ពិបាក​ក្នុង​ការ​រក​ឃើញ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ក៏​ដោយ​ចុះ ប៉ុន្តែ​ប្រសិនបើ អ្នក​មាន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​មាត់ស្បូន ជា​រៀងរាល់​ឆ្នាំ​រួម​ទាំង​ការ​ពិនិត្យ​អេកូ​ពោះ និង​អាង​ត្រគាក និង​ការ​ធ្វើ​តេស្ត​ឈាម​នោះ គ្រូពេទ្យ​អាច​នឹង​រក​ឃើញ​ជំងឺ​មហារីក​អូវែ​ក្នុង​ដំណាក់កាល​ដំបូង​បាន ហើយ​នឹង​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ ដែល​វា​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាង​ក្នុង​ដំណាក់កាល​វា​បញ្ចេញ​រោគសញ្ញា។

    ដូច្នេះ​ការ​ពិនិត្យ​សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូចជា​ការ​ពិនិត្យ​ដំបូង ដើម្បី​មើល​ឃើញ ស្ថានភាព​សុខភាព​រាងកាយ រក​ភាព​ខុស​ធម្មតា​មុន​ពេល​វា​រាលដាល​រហូត​ដល់​បង្ហាញ​រោគសញ្ញា និង​ការ​បញ្ជូន​សញ្ញា​ព្រមាន ដើម្បី​តាមដាន និង​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ការ​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ជា​រៀងរាល់​ឆ្នាំ ជា​វិធី​ងាយស្រួល​បំផុត ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម