backup og meta

អ្នកមាន​ទម្លាប់ខាំក្រចកគួរកែប្រែទៅ ប្រយ័ត្នជួបបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

    អ្នកមាន​ទម្លាប់ខាំក្រចកគួរកែប្រែទៅ ប្រយ័ត្នជួបបញ្ហាទាំងនេះ

    ជាទូទៅ​ការ​ខាំ​ក្រចក​ជា​ទម្លាប់​មិន​ល្អ​មួយ។ ការ​ខាំ​ក្រចក​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រហែក​ក្រចក​ខូច​ទេ នៅ​បង្ក​បញ្ហា​ដល់​សុខភាព​ផង​ដែរ។

    ហេតុអ្វី​បាន​ជា​យើង​ខាំ​ក្រចក?

    មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ខាំ​ក្រចក ឬ​ឆ្កឹះ​ស្បែក​ជុំវិញ​ក្រចក ជាពិសេស​នៅ​ពេល​ដែល​ឃើញ​ក្រចក​រាង​ស្រួច ឬ​រឆេចរឆូច​។ ប៉ុន្តែ​ការ​ខាំ​ក្រចក​អាច​ជា​វិធី​មួយ​សម្រាប់​បន្ធូរបន្ថយ​ភាព​អផ្សុក ឬ​ស្ត្រេស។ ម៉្យាងទៀត បើ​គ្នាយើង​ងាយ​នឹង​ខាំ​ក្រចក ឬ​ឆ្កឹះ​ស្បែក​ជុំវិញ​ក្រចក យើង​អាច​សម្គាល់​ឃើញ​ថា​យើង​ច្រើន​ធ្វើ​សកម្មភាព​នេះ​អំឡុង​ពេល​ដែល​យើង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​អ្វី​មួយ។ ទោះបី​សកម្មភាព​អាច​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យើង​ពី​ស្ថានការណ៍​នោះ ប៉ុន្តែ​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដល់​សុខភាព។

    មូលហេតុ​ដែល​យើង​គួរ​បញ្ឈប់​ទម្លាប់​នេះ

    ១. ដៃ​មាន​បាក់តេរី​ច្រើន

    អ្នក​ខាំ​ក្រចក​តែង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្ដាសាយ និង​ឆ្លង​មេរោគ​ក្នុង​ក្រពះ​ពោះវៀន​ នេះបើ​យោង​តាម​វេជ្ជបណ្ឌិត​ Nikhil Bhayani អ្នក​ឯកទេស​ផ្នែក​ជំងឺ​ឆ្លង។ ដៃ​របស់​យើង​ជា​កន្លែង​ដែល​សម្បូរ​ដោយ​បាក់តេរី​ព្រោះ​ដៃ​របស់​យើង​ឧស្សាហ៍​ប៉ះ​នឹង​ផ្ទៃ​ផ្សេងៗ ជាពិសេស​នៅ​តំបន់​ជុំវិញ​ក្រចក​ និង​នៅ​ក្រោម​ក្រចក​ដែល​សម្បូរ​ដោយ​បាក់តេរី​មិន​ល្អ។ នៅ​ពេល​យើង​ខាំ​ក្រចក បាក់តេរី​ទាំង​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​មាត់ និង​ងាយ​បង្ក​ជា​ជំងឺ​ផ្សេងៗ។

    ២. ការ​ឆ្លង​មេរោគ​លើ​ស្បែក

    ការ​ខាំ​ក្រចក​ ឬ​ឆ្កឹះ​ស្បែក​ជុំវិញ​ក្រចក​បង្ក​ឲ្យ​មាន​ការ​រលាត់​ស្បែក​ដែល​អាច​មាន​បាក់តេរី​ឆ្លង​ចូល​របួស​នោះ​បាន​យ៉ាង​ងាយ​ស្រួល ដែល​នេះ​អាច​បង្ក​ការ​ឈឺចាប់​បាន។ ការ​ឆ្លង​មេរោគ​នៅ​ជុំវិញ​ក្រចក​តែង​បង្ក​ឲ្យ​មាន​អាការៈ ក្រហម ឡើង​ទន់ និង​ហើម​ជុំវិញ​ក្រចក ហើយ​អាច​បង្ក​ក្រចក​ទៅ​ជា​រឹង និង​ក្រាស់​ទៀត​ផង។ ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​នឹង​មាន​ពងបែក​នៅ​ជុំវិញ​ក្រចក​ដែល​អាច​បែក ឬ​ត្រូវ​កាត់ចេញ។

    ៣. ប៉ះពាល់​ដល់​ធ្មេញ និង​អញ្ចាញ​

    ការ​ខាំ​ក្រចក​ក៏​អាច​បង្ក​បញ្ហា​ដល់​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ដែរ។ ការ​ខាំ​ក្រចក​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខ្សោយ​ដែលបង្ក​ឲ្យ​ឆែប ឬ​បាក់​បាន។ ក្រៅ​ពី​បញ្ហានេះ​ ការ​ខាំ​ក្រចក​ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​បំណែក​ក្រចក និង​បាក់តេរី​ជាប់​នឹង​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ និង​បង្ក​មេរោគ។

    ៤. ក្លិន​មាត់​មិន​ល្អ

    ទោះបីជា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់​ពី​បញ្ហា​នេះ ប៉ុន្តែ​ប្រសិនជា​គ្នាយើង​ជា​អ្នក​ឧស្សាហ៍​ខាំ​ក្រចក និង​មាន​បញ្ហា​ក្លិន​មាត់ នេះ​អាច​ជា​មូលហេតុ​បង្ក។ ទន្តពេទ្យ Heather Kunen បាន​លើក​ឡើង​ថា​នៅ​ពេល​ខាំ​ក្រចក យើង​អាច​ធ្វើ​ឲ្យ​ភ្នាក់ងារ​បង្ក​រោគ​ចូល​ទៅ​ក្នុង​មាត់​ដែល​នេះ​បង្ក​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នៅ​មាត់​ធ្មេញ។ នេះ​អាច​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដោយ​ផ្ទាល់ ឬ​ប្រយោល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម