backup og meta

តិចនិកម៉ាស្សាមុខបំបាត់ស្នាមជ្រីវជ្រួញ ជួយឲ្យក្មេងជាងវ័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Oct 19, 2021

    តិចនិកម៉ាស្សាមុខបំបាត់ស្នាមជ្រីវជ្រួញ ជួយឲ្យក្មេងជាងវ័យ

    វ័យ​កាន់តែ​ជ្រេ គិតច្រើន ស្មុគ​ច្រើន និង​បញ្ហា​ស្ត្រេស សុទ្ធ​តែ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​យើង​ ងាយ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ណាស់។ មិន​ថា​ស្រីៗ មិន​ថា​ប្រុសៗ​ទេ បើ​មុខ​ជ្រួញ​កាន់​តែ​ខ្លាំង ភាព​ទាក់ទាញ​ក៏​កាន់​តែ​ថយ​ចុះ​ដូច​គ្នា។ ហេតុនេះហើយ ទើប “Hello គ្រូពេទ្យ” ជ្រើស​យក​អត្ថបទ​ រៀប​រាប់​ពី​វិធី​ម៉ាស្សា​លើ​ផ្ទៃ​មុខ​បែប​សាមញ្ញៗ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាពជួយ​ឲ្យ​ក្មេង​ជាង​វ័យ​បាន។

    ១- ម៉ាស្សា​បបូរ​មាត់

    – ជំហាន​ទី ១៖ បូញ​បបូរ​មាត់​ឲ្យ​ដូច​កំពុង​ផ្លុំ រក្សា​ផ្ទៃ​មុខ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ដដែល។ ធ្វើ​ឲ្យ​បាន ៥​វិនាទី និង​ធ្វើ​សារ​ឡើង​វិញ យ៉ាង​ហោច​ណាស់ ៣ ដង។

    – ជំហាន​ទី ២៖ សង្កត់​ម្រាម​ដៃ​ចង្អុល និង​ម្រាម​កណ្តាល​លើ​បបូរ​មាត់ ហើយ​ធ្វើ​តាម​ជំហាន​ទី ១ ម្តង​ទៀត ដោយ​ទល់​គ្នា​ជាមួយ​ម្រាម​ដៃ។

    – ជំហាន​ទី ៣៖ ញញឺម​ដោយ​ខ្ជឹប​មាត់ ហើយ​រក្សា​មុខ​ស្មើ​ដដែល។ នៅ​ស្ងៀម ៥វិនាទី ត្រូវ​ធ្វើ​ដដែលៗ​ឲ្យ​បាន ៤​ដង។

    សម្រស់ស្បែក

    ២- ម៉ាស្សា​ភ្នែក

    – ជំហាន​ទី ១៖ យក​ម្រាម​ដៃ​ប៉ះ​សៀត​ផ្កា​ទាំង​សង​ខាង​ថ្នមៗ និង​បិទ​ភ្នែក។

    – ជំហាន​ទី ២៖ មើល​ទៅ​លើ និង​ចុះ​ក្រោម​ឲ្យ​បាន​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ ខណៈ​ម្រាម​ដៃ​នៅ​តែ​សង្កត់​លើ​សៀត​ផ្កា​ទាំង​សង្ខាង។ ធ្វើ​ដដែលៗ​ឲ្យ​បាន ១០ ដង។

    – ជំហាន​ទី ៣៖ លើក​ត្របក​ភ្នែក​លើ ក្រោម ឡើងចុះ និង ទាញ​ត្របក​ភ្នែក​កាន់​តែ​វែង​កាន់​តែ​ល្អ ដោយ​មិន​ចាំ​បាច់​បើក​ភ្នែក​ទេ។ រក្សា​ឥរិយាបថ​នេះ​ឲ្យ​បាន ៥វិនាទី សឹម​ប្រលែង​មក​វិញ និង​ធ្វើ​ដដែលៗ ៥ ដង។

    ៣- ម៉ាស្សា​ថ្ពាល់

    – ជំហាន​ទី ១៖ បាំង​ធ្មេញ​ដោយ​បបូរមាត់ ធ្វើ​មាត់​ឲ្យ​ចេញ​ជា​រាង​មូល​ដូច​រង្វង់។

    – ជំហាន​ទី ២៖ ញញឹម​ឲ្យ​បាន​វែង ទាំង​បបូរ​កំពុង​តែ​បាំង​ធ្មេញ​នៅ​ឡើ​យ នឹង​ធ្វើ​ឲ្យ​បាន ៦ ដង។

    – ជំហាន​ទី ៣៖ រក្សា​ទម្រង់​ញញឹម​នេះ ហើយ​យក​ចង្អុល​ដៃ​សង្កត់​លើ​ចង្កា។ បន្ទាប់​មក​ចាប់​ផ្តើម​ធ្វើ​ចលនា​ថ្គាម​ឡើង​ចុះ ដោយ​ងើយ​ក្បាល​ទៅ​ក្រោយ​ថ្នមៗ។ ត្រូវ​សម្រាក​បន្តិច និង​ធ្វើ​ឡើង​វិញ ឲ្យ​បាន ២ ដង​ទៀត។

    ៤- ម៉ាស្សា​ថ្ងាស

    – ជំហាន​ទី ១៖ ដាក់​ដៃ​ទាំង​ពីរ​លើ​ថ្ងាស យក​ម្រាម​ដៃ​ទាំង​អស់​ឈ្លី​នៅ​ចន្លោះ​ចិញ្ចើម និង​ដល់​សក់។

    – ជំហាន​ទី ២៖ បូត​ថ្ងាស​ទៅ​ក្រៅ​ថ្នមៗ ដោយ​ប្រើ​ម្រាម​ដៃ​សង្កត់​ស្រាលៗ ដើម្បី​បន្តឹង​ស្បែក។ ត្រូវ​សម្រាក​បន្តិច និង​ធ្វើ​ឡើង​វិញ ១០ ដង។

    យើង​អាច​ធ្វើ​ការ​ម៉ា​ស្សាមុខ​តាម​របៀប​ទាំង​នេះ ឲ្យ​បាន ១០នាទី ទាំង​ពេល​ព្រឹក និង​ពេល​ថ្ងៃ។ ចំណុច​សំខាន់​មួយ​ទៀត យើង​អាច​លាប​ឡេ​ពេញ​ផ្ទៃ​មុខ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្បែក​មុខ​តឹង និង​ស្អាត។ បើ​អាច គួរ​បន្ថែម​សំណើម ឬ​ប្រេង​អាល់ម៉ុន ២-៣ តំណក់ ដើម្បី​ឲ្យ​មាន​សំណើម​លើ​ស្បែក ហើយ​ចាំ​ថា ត្រូវ​សម្អាត​មុខ និង​ដៃ​ឲ្យ​ស្អាត​ជា​មុន មុន​នឹង​អនុវត្ត​វិធី​ម៉ាស្សា​នេះ។

    សំខាន់​បំផុត ដើម្បី​ជួយ​ឲ្យ​ការ​ម៉ាស្សា​ផ្ទៃ​មុខ​កាន់​តែ​មាន​ប្រសិទ្ធភាព ត្រូវ​ប្រាកដ​ថា យើង​បាន​ផឹក​ទឹក​គ្រប់​គ្រាន់ ដើម្បី​ផ្តល់​សំណើម​ស្បែក និង​កាត់​បន្ថយ​ការ​ប្រើ​សារធាតុ​អំបិល ព្រោះ​អាច​ធ្វើ​ឲ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក នាំ​ឲ្យ​មាន​ស្នាម​ជ្រួញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Oct 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម