backup og meta

ទឹកបាយមានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 13, 2021

    ទឹកបាយមានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

    បើសួរចាស់ៗពីដើម ប្រាកដដឹងថាទឹកបាយ  មានប្រយោជន៍​ប៉ុនណាហើយ តែសម័យ​ឥឡូវ ទំនើប ប្រហែល​មាន​គ្នាយើង​ភាគ​ច្រើន អាច​មិន​ដឹង​រឿង​នេះ។ អង្ករ​មាន​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​អង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារ​មហារីក) ច្រើន ឯ​ទឹកបាយ​វិញ ក៏ល្អមិនធម្មតា​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖

    ១- អ្វីទៅ​ជា​ទឹក​បាយ?

    ពេល​និយាយរឿង​​ទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែល​បាន​នៅពេល​យើង​លាង​អង្ករមុន​ពេល​ដាំបាយ។ ឯទឹកបាយ ជាប្រភេទ​ទឹក​អង្ករ​ល្អ​បំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរ ក៏បាន។

    ២- ធ្វើ​ម៉េច​ទើប​អាច​ចម្រាញ់​បាន​ទឹកបាយ​ល្អ?

    ដើម្បី​បាន​ទឹក​បាយ​ល្អ និង​មាន​គុណ​ភាព យើងត្រូវការអង្ករកន្លះកំប៉ុង និង​ទឹក ៤ ​កំប៉ុង ដោយ​ដំបូង ដាំទឹកនៅ​ក្នុង​ឆ្នាំង​មួយ។ នៅពេល​ទឹកពុះ បង់​អង្ករ​ចូល រួច​បន្ដ​ការ​ដាំ ២០​ នាទីទៀត ចាំយក​ឆ្នាំង​ចេញពី​ចង្រ្កាន រួច​បើក​គម្របចេញ។ បន្ទាប់​មក រង់ចាំ​រហូត​ទឹកបាយត្រជាក់ សឹមចាក់ចូល​​ក្នុងដប​ទឹក ដើម្បី​រក្សា​ទុកក្នុងទូទឹកកក ដើម្បីទុកផឹក​រយៈពេលច្រើន​ថ្ងៃ។

    ៣- ​ទឹកបាយមាន​ប្រយោជន៍​អី​ខ្លះ?

    ទឹកបាយត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈធម្មជាតិ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប ទៅ​លើ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ផ្តល់​សារធាតុ​ចាំ​បាច់​ជួយទ្រទ្រង់​​​រាងកាយ ពិសេស​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​សើ​ស្បែក​ជាច្រើន​ប្រភេទ ខណៈ​គុណ​ប្រយោជន៍​ចម្បង​មាន​ដូច​ជា៖

    – ជួយ​ថែ​ទាំ​សុខភាព​សក់៖ ទឹកបាយ អាច​ជួយ​ឲ្យសុខភាព​សក់​កាន់​តែ​ល្អ រឹងមាំ ភ្លឺថ្លា ដោយ​យើង​​គ្រាន់តែផ្សើម​សក់​​ជាមួយ​ទឹក​បាយ ដោយ​ទុក​ចោល​ប៉ុន្មាន​នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹកក្តៅឧណ្ហៗ ហើយត្រូវអនុវត្ដ​បែប​នេះ ៣​ ដង/សប្ដាហ៍។

    – ម្សៅលាប​ស្បែក៖ ទឹកបាយផ្ទុក​សារធាតុ​ផ្សំ​សកម្ម អាច​ធ្វើឲ្យ​រន្ធ​ស្បែក​កាន់តែ​តូច កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​ជំរុញ​ប្រសិទ្ធភាព​ផលិតផល​ការពារ​កាំរស្មី​យូវីដែល​អាច​បង្ក​​គ្រោះថ្នាក់ដល់​​ស្បែក។ សារធាតុ​ក្នុង​ទឹកបាយ ធ្វើឲ្យ​វាក្លាយជា​ផ្សៅ​លាប​ស្បែក​ដ៏​ស័ក្ដិសិទ្ធិ​ ហើយអ្វីយើង​​ត្រូវ​ធ្វើ គឺ​ប្រើ​ដុំ​សំឡី​មួយ យកទៅ​ជ្រលក់ក្នុង​ទឹកបាយ រួច​យក​ទៅ​លាប​មុខយើង ទុកឲ្យស្ងួត​នៅ​លើ​មុខ រួច​ចាំ​ចូល​គេង ដោយ​ប្រើ​​ម៉ាស់បិទ​ពីលើ ដើម្បី​ទទួល​ប្រសិទ្ធភាពកាន់​តែ​​ខ្ពស់។ អនុវត្ត​វិធី​នេះ ជា​ប្រចាំ​ថ្ងៃ ស្បែក​មុខ​នឹង​ភ្លឺ​ថ្លា ម៉ត់​រលោង។

    – ព្យាបាល​មុន៖ ទឹក​បាយមាន​សារធាតុ​ប្រឆាំង​ការលាក និង​ការ​ដាច់រលាត់កោសិកាស្បែក អាច​កាត់បន្ថយ និង​បង្ការ​ «មុន»។ ផលិតផល​ធម្មជាតិ​នេះ ​ធ្វើឲ្យស្បែក​រលោង និង​ទន់។ គ្រាន់តែ​ប្រើ​ដុំ​សំឡី​ ជ្រលក់​ទឹក​បាយ និង​លាប​លើ​ផ្ទៃស្បែក ដែល​មាន​ក្បាល​មុន ឬ​មុន​ក្បាល​ខ្មៅ ដោយ​អនុវត្ត ២​ ដង/ថ្ងៃ។

    ៤- សារធាតុ​ប្រឆាំង​អាការៈរាក

    ​ក្នុង​អង្ករ មាន​សារធាតុ​រ៉ែ ព្យាបាល​អាការៈរាក ដោយ​គ្រាន់​តែ​បន្ថែម​អំបិល​ខ្លះ ទៅ​ក្នុង​កែវ​ទឹក​បាយ រួច​ហើយ​ផឹក​ទឹក​បាយ​នោះ។ ​ចាំបាច់​ត្រូវ​ផឹក​ ២ ​កែវ/ថ្ងៃ រហូត​ដល់​បញ្ហា​រាក​ធូរស្បើយ។

    អាហារ​គួរ​ញុំា​និង​គួរ​ជៀសវាង​នៅ​ពេល​រាក

    ៥- ភេសជ្ជៈ​ប៉ូវកម្លាំង​បែប​ធម្មជាតិ

    ទឹកបាយពិតជាអាច​ប្រដូច​នឹង​ភេសជ្ជៈ​ប៉ូវកម្លាំង​បាន​មែន ព្រោះ​ផ្ដល់​ឲ្យ​រាងកាយ​នូវ​អាមីណូអាស៊ី​ដសំខាន់ៗ ៨ ប្រភេទ ​ធ្វើឲ្យ​សាច់ដុំ​មាន​ចលនា​ឡើងវិញ។ ក្នុង​ទឹក​បាយ ​ក៏មាន​កាបូអ៊ីដ្រាតមួយ​ចំនួន​ផងដែរ អាច​បង្កើន​ថាមពល ដោយ​ផឹក​ទឹក​បាយ ១ ​កែវ មុនពេលហាត់ប្រាណ ឬ​លេងកីឡា​ផ្សេងៗ។

    ៦- ព្យាបាល​ជំងឺ​ត្រអក

    ដឹង​អត់? ជាតិម្សៅ​នៅ​ក្នុង​អង្ករ អាច​ព្យាបាល​ជំងឺ​ត្រអក​ ដោយ​គ្រាន់​តែ​យកទឹក​បាយ ទៅ​លាប​កន្លែង​មាន​ជំងឺ ដើម្បី​កាត់បន្ថយ​ការ​រមាស់ និងធ្វើ​ឲ្យ​​ភាព​ស្ងួត ​អនុវត្ត​វិធី​នេះ ៣​ ដង/​ថ្ងៃ។

    ៧- រូបមន្ត​សម្រាប់​ការ​ទល់លាមក

    ចំពោះ​បញ្ហា​ទល់​លាមក​វិញ ផឹកទឹក​បាយ ១ ​កែវ/​ថ្ងៃ ជួយ​សម្រួល​ការ​ទល់លាមកយ៉ាង​មាន​ប្រសិទ្ធភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម