backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Panadol (ឱសថ ប៉ាណាដុល)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- តើ​ថ្នាំ Panadol ប្រើដើម្បី​អ្វី?

Panadol ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​បញ្ចុះ​កម្ដៅ ប្រើ​សម្រាប់​ព្យាបាល​អាការៈ​ឈឺ​ក្បាល ឈឺ​សាច់​ដុំ រលាក​សន្លាក់ ឈឺ​ចង្កេះ ឈឺ​ធ្មេញ ផ្ដាសាយ និង​គ្រុន​ក្ដៅ។ ថ្នាំ Panadol មាន​ច្រើន​ប្រភេទ អាច​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប ថ្នាំ​សុល​តាម​រន្ធ​គូទ និង​ថ្នាំ​ដាក់​ទឹក​ពុះ។

២- តើ​គេ​ប្រើ​ថ្នាំ​ Panadol របៀប​ម៉េច?

– ថ្នាំ​គ្រាប់៖

  • លេប​ថ្នាំ​នេះ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ឬ​តាម​ក្រដាស​ណែនាំ​ក្នុង​ប្រអប់​ថ្នាំ
  • បើ​មិន​ច្បាស់​ពី​ព័ត៌មាន​ទាំង​នោះ សូម​ពិគ្រោះ​ជាមួយ​ឱសថ​ការី ឬ​គ្រូពេទ្យ។

– ថ្នាំ​សុល៖

  • ហែក​សម្បក​ថ្នាំ និង​យក​ថ្នាំ​សុល​ចេញ​មក​ក្រៅ
  • ដើម្បី​ងាយ​ស្រួល​សុល សូម​ផ្សើម​ថ្នាំ​បន្តិច​សិន មុន​នឹង​សុល
  • សូម​សុល​ទៅ​តាម​កម្រិត​ណែនាំ។

– ថ្នាំ​ដាក់​ទឹក​ពុះ៖

  • ទម្លាក់​គ្រាប់​ថ្នាំ​ចូល​ក្នុង​ទឹក​មួយ​កែវ នៅ​ក្នុង​សីតុណ្ហភាព​បន្ទប់​ធម្មតា
  • ត្រូវ​ចាំ​រហូត​ដល់​ថ្នាំ​រលាយ​អស់
  • ត្រូវ​ផឹក​ទឹក​ក្នុង​កែវ​ឲ្យ​អស់។

៣- គួរ​រក្សា​ទុក​យ៉ាង​ម៉េច?

– Panadol អាច​រក្សា​ទុក​បាន​ល្អ​នៅ​ក្នុង​សីតុណ្ហភាព​ល្មម ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។

– មិន​ត្រូវ​ទុក Panadol នៅ​ក្នុង​បន្ទប់​ទឹក ឬ​នៅ​ក្នុង​ទូ​ទឹកកក​ទេ។

– វិធី​រក្សា​ទុក​អាច​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ​ផលិត ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ និង​សាក​សួរ​ព័ត៌មាន​ពី​ឱសថការី។

– គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​សត្វ​ចិញ្ចឹម។

– មិន​ត្រូវ​ចោល​ថ្នាំ Panadol តាម​បង្គន់ ឬក៏​តាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ។

– ត្រូវ​កម្ទេច​ផលិតផល​ប្រភេទ​នេះ​ឲ្យ​ត្រឹមត្រូវ​នៅ​ពេល​ដល់​កាល​កំណត់ ឬ​លែង​ត្រូវការ​ប្រើ។ សូម​ពិភាក្សា​ជាមួយ​ឱសថការី​សម្រាប់​ព័ត៌មាន​លម្អិត​របៀប​កម្ទេច​ថ្នាំ។

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​ប្រើប្រាស់​ថ្នាំ ​Panadol?

មុន​ពេល​ប្រើ​ថ្នាំ Panadol យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ក្នុង​ករណី៖

– ធ្លាប់​ប្រតិកម្ម​ជាមួយ​ថ្នាំ​ប្រភេទ​នេះ ឬ​ថ្នាំ​ផ្សេង​ទៀត

– មាន​ជំងឺបញ្ហា​សុខភាព ពិសេស​ជំងឺ​ថ្លើម ការ​ផឹក ឬ​ញៀន​ស្រា

– មាន​ជំងឺ Phenylketonuria (ជំងឺ​ត​ពូជ​ត្រូវ​ការ​របប​អាហារ​ត្រឹមត្រូវ​ដើម្បី​បង្ការ​ករណី​វិកល​ចរិត) ឬ​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ថ្នាំ​គ្រាប់ Panadol របស់​ក្រុមហ៊ុន​ខ្លះ មាន​ជាតិ​ផ្អែម និង​សារធាតុ​ផ្អែម Aspartame ។

៥- Panadol មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន​ដែរ​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត B សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ថ្នាំ Panadol មាន​ផល​រំខាន​អ្វី​ខ្លះ?

ជា​ធម្មតា ថ្នាំ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ទេ តែ​បើ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Panadol (កម្រ) នឹង​ធ្វើ​ឲ្យ​លេច​ចេញ​រោគ​សញ្ញា​ដូច​ជា៖

– លាមក​ខ្មៅ ឬ​លាមក​មាន​ឈាម

– ទឹក​នោម​ល្អក់ ឬ​នោម​ឈាម

– ក្ដៅ​ខ្លួន ឬ​ក្ដៅ​ញាក់ (មុន​ប្រើ​ថ្នាំ​មិន​មាន​អាការៈ​ក្ដៅ​ញាក់)

– ឈឺ​ខ្នង ឈឺ​ចង្កេះ​ខ្លាំង

– ចេញ​អុចៗ​ក្រហម​លើ​ស្បែក

– ស្បែក​ចេញ​កន្ទួល ឬ​រមាស់ កន្ទាល​ត្រអាក

– ឈឺ​ក (មុន​ប្រើ​ថ្នាំ​មិន​មាន​ឈឺ​ក​ទេ)

– ឈឺ​ដំបៅ ឬ​ចំណុច​ស នៅ​លើ​បបូរ​មាត់ ឬ​នៅ​ក្នុង​មាត់

– ចំណុះ​ទឹក​នោម​ថយ​ចុះ​ភ្លាមៗ

– ហូរ​ឈាម ឬ​ចេញ​ស្នាម​ជាំ

– នឿយ​ហត់ អស់​កម្លាំង

– ភ្នែក ឬ​ស្បែក​ឡើង​លឿង។

មនុស្ស​​គ្រប់​គ្នា​មិន​ប្រាកដ​ថា​ មាន​ផល​រំខាន​ទាំង​អស់​គ្នា​នោះ​ទេ។ មាន​ផល​រំខាន​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ដូច​នេះ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​នៅ​មាន​កង្វល់​ជុំ​វិញ​ផល​រំខាន​របស់​ថ្នាំ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ Panadol និង​ថ្នាំ​ដទៃ

ថ្នាំ​​អ្នក​កំពុង​ប្រើ​មួយ​ចំនួន អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ Panadol ធ្វើ​ឲ្យ​ប្រសិទ្ធិភាព​ថ្នាំ​ថយ​ចុះ ឬ​កើន​ឡើង បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។

ខាង​ក្រោម​នេះ​ជា​ឥទ្ធិពល​របស់​ថ្នាំ Panadol ទៅ​លើ​ឱសថ​ដទៃ​ទៀត៖

– អាច​បន្ថយ​កម្រិត​ពពួក​ថ្នាំ​ប្រឆាំង​អាការៈ​ប្រកាច់ ដូច​ជា​ថ្នាំ Phenytoin, Barbiturates និងថ្នាំ Carbamazepine

– អាច​បង្កើន​ប្រសិទ្ធិភាព​ថ្នាំ​ពង្រាវ​ឈាម ដូច​ជា​ថ្នាំ Warfarin និង​ពពួក​ថ្នាំ Coumarins

– បង្កើន​ការ​ស្រូប​របស់​ថ្នាំ​បំបាត់​ក្អួត ដូច​ជា​ថ្នាំ Metoclopramide និង​ថ្នាំ Domperidone

– អាច​បង្កើន​កម្រិត​ថ្នាំ Probenecid និង​ថ្នាំ Chloramphenicol

– បន្ថយ​ការ​សមត្ថភាព​រាង​កាយ​ស្រូប​ថ្នាំ Cholestyramine

– អាច​បណ្ដាល​ឲ្យ​ចុះ​កម្ដៅ​ត្រជាក់​ជ្រុល បើ​ប្រើ​ជាមួយ​ថ្នាំ Phenothiazine។

ដើម្បី​ចៀស​វាង​​ប្រតិកម្ម​ទាំង​អស់​នេះ គួរ​តែ​ធ្វើ​ការ​កត់​ចំណាំ​រាល់​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន​វេជ្ជបញ្ជា ថ្នាំ​​គ្មាន​វេជ្ជ​បញ្ជា និង​ឱសថ​បុរាណ ហើយ​យក​ថ្នាំ​ទាំង​អស់​នោះ ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី។ ដើម្បី​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ មិន​ត្រូវ​ចាប់​ផ្ដើម បញ្ឈប់ ឬ​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​មិន​មាន​​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ឡើយ។

៨- អន្តរកម្ម​រវាង​ថ្នាំ Panadol ជាមួយ​អាហារ និង​គ្រឿង​ស្រវឹង

អាហារ​និង​គ្រឿង​ស្រវឹង អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ Panadolប្រែប្រួល ឬ​ផ្តល់​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។ អ្នក​មិន​គួរ​ប្រើ Panadol នៅ​ពេល​អ្នក​ផឹក​គ្រឿង​ស្រវឹង​ទេ ព្រោះ​ងាយ​ធ្វើ​ឲ្យ​ពុល​ថ្លើម។

៩- អន្តរ​កម្ម​រវាង​ថ្នាំ​ Panadol និង​បញ្ហា​សុខភាព

បើ​មាន​ជំងឺ​ថ្លើម និង​ញៀន​ស្រា ការ​ប្រើ Panadol នឹង​ធ្វើ​ឲ្យ​ថ្លើម​កាន់​តែ​ចុះ​ខ្សោយ ថ្នាំ​ក៏​មិន​សូវ​មាន​ប្រសិទ្ធិភាព​ដូច​គ្នា។ បើ​មាន​ជំងឺ​ថ្លើម ឬ​ញៀន​ស្រា គួរ​តែ​ជួប​គ្រូពេទ្យ​សិន មុន​នឹង​ប្រើ​ថ្នាំ​នេះ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ Panadol កម្រិត​ណា?

កម្រិត​ធម្មតា​សម្រាប់​គ្រុន​ក្ដៅ និង​ការ​ឈឺ​ចុក​ចាប់៖

– ថ្នាំ​គ្រាប់​សម្រាប់​លេប៖

  • Panadol®៖ ១-២ គ្រាប់ រៀង​រាល់ ៤-៦ ម៉ោង​ម្ដង មួយ​ថ្ងៃ​អាច​លេប​ច្រើន​បំផុត​ត្រឹម ៨គ្រាប់
  • Panadol® Extra៖ ១-២ គ្រាប់ រៀង​រាល់ ៤-៦ ម៉ោង​ម្ដង មួយ​ថ្ងៃ ​អាច​លេប​ច្រើន​បំផុត​ត្រឹម ៤០០០​មិល្លីក្រាម នៃជាតិអាសេតា​មីណូហ្វេន និង​ជាតិ​កាហ្វេអ៊ីន ៥២០មិល្លីក្រាម។

– សុល​តាម​រន្ធ​គូទ៖ ៦៥០មិល្លីក្រាម រៀង​រាល់ ៤-៦ ម៉ោង​ម្ដង មួយ​ថ្ងៃ ​អាច​សុល​ច្រើន​បំផុត ៣៩០០ មិល្លីក្រាម ។

១១- ថ្នាំ​ Panadol ​ត្រូវ​ប្រើ​លើ​ក្មេង​ក្នុង​កម្រិត​ណា?

កម្រិត​ធម្មតា​សម្រាប់​គ្រុន​ក្ដៅ និង​ការ​ឈឺ​ចុក​ចាប់៖

– ក្មេង ១២ ឆ្នាំ​ឡើង៖ ១០-១៥ មិល្លីក្រាម/គីឡូ/ថ្ងៃ រៀង​រាល់ ៤-៦ ម៉ោង កម្រិត​អតិបរមា ៦០ មិល្លីក្រាម/គីឡូ/ថ្ងៃ

– ក្មេង​អាយុ​ក្រោម ១២ឆ្នាំ មិន​គួរ​ឲ្យ​ថ្នាំ Panadol Extra ទេ។

១២- ទម្រង់​ថ្នាំ​ Panadol លើ​ទីផ្សារ​យ៉ាង​ម៉េច​ខ្លះ?

– ទម្រង់​ថ្នាំ​ចំពោះ​មនុស្ស​ធំ​មាន​ដូច​ជា៖

  • Panadol គ្រាប់ ៥០០​មិល្លីក្រាម
  • Panadol extra គ្រាប់ ផ្សំ​ពី Paracetamol ៥០០​មិល្លីក្រាម និង​កាហ្វេអ៊ីន ៦៥​មិល្លីក្រាម
  • Panadol ដាក់​ទឹក​ពុះ ៥០០​មិល្លីក្រាម
  • Panadol សុល​គូទ ៥០០​មិល្លីក្រាម

– ទម្រង់​ថ្នាំ​ចំពោះ​ក្មេងៗ​មាន​ដូច​ជា៖

  • Panadol គ្រាប់​ទំពា ១២០មិល្លីក្រាម នៃប៉ារ៉ាសេតាម៉ុល
  • Panadol ទឹក​បន្តក់ ២០​មិល្លីលីត្រ
  • Panadol សេរ៉ូម ២០០មិល្លីលីត្រ
  • Panadol សុលគូទ ១២៥មិល្លីលីត្រ
  • Panadol® Elixir  ១០០មិល្លីលីត្រ
  • Panadol® Soluble
  • Panadol ដាក់​ទឹក​ពុះ

១៣- ករណី​បន្ទាន់ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណីភ្លេចប្រើថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម