backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hyperuricemia (លើសអាស៊ីដអ៊ុយរិកក្នុងឈាម)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 15, 2019

Hyperuricemia (លើសអាស៊ីដអ៊ុយរិកក្នុងឈាម)

និយមន័យ

១- អ្វី​ជា​ជំងឺ​លើស​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម?

ជំងឺ​អាស៊ីដ​អ៊ុយ​រិក​​ក្នុង​ឈាម សំដៅ​លើ​ករណី​លើស​​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម ខណៈ​អាស៊ីដ​អ៊ុយ​រិក​ផលិត​ឡើង ​នៅ​ពេល​រាងកាយ​ចាប់​ផ្តើម​បំបែក​ពពួក​ពូរីន​ ដែល​ជា​សារធាតុ​អរកានិក​ មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន។ ពេល​អាស៊ីដ​នេះ​ផលិត​ឡើង វា​នឹង​ស្ថិត​នៅ​ក្នុង​ឈាម ហើយ​​ត្រូវ​ចម្រោះ​ចេញ​ពី​រាងកាយ​តាមរយៈ​តម្រង​នោម​ និងទឹក​នោម។

២- កើត​មាន​ញឹកញាប់​ដែរ​ទេ?

១នាក់ ក្នុង​ចំណោម​មនុស្ស ៥នាក់ មាន​កម្រិត​អាស៊ីដ​អ៊ុយ​រិក​ខ្ពស់។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ព័ត៌​មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​លើស​ជាតិ​អាស៊ីដ​អ៊ុយ​រិក​ក្នុង​ឈាម​មាន​អ្វី​ខ្លះ?

ប្រហែល​ ១/៣​ គ្នា​យើង​មាន​ជំងឺនេះ​ មិន​ប្រទះ​​រោគ​សញ្ញា​អ្វី​នោះ​ទេ។ ហើយ​ទោះបី​ បញ្ហា​នេះមិន​មែន​ជា​ជំងឺ​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​កើត​ឡើង​យូរអង្វែង ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរដូជា៖

– ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ (Gout)៖ ពេល​ខ្លះ ​ហៅ​ថា​ជំងឺ Gouty Arthritis ​២០% ក្នុង​ចំណោម​អ្នក​មាន​បញ្ហា​លើស​អាស៊ីដ​អ៊ុយរិក ​កើត​ជំងឺ​នេះ។ ការ​ធ្លាក់​ចុះ​អាស៊ីដ​អ៊ុយរិក​ភ្លាមៗ ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់​ ​លេច​ឡើង​គ្រប់​ពេល​វេលា។ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ ​អាច​ធ្វើ​ទុក្ខ​ច្រើន​ដង ក្នុង​រយៈពេល​ខ្លី ​ប៉ះ​ពាល់​សន្លាក់​មួយ​ចំនួន ប៉ុន្តែ​ដំណាក់​កាល​ដំបូង​ច្រើន​កើត​ញឹកញាប់​បំផុត នៅ​ម្រាម​មេជើង ជើង ក​ជើង ជង្គង់ និង​កែង​ដៃ​ ភាគ​ច្រើន​ធ្វើ​ទុក​នៅ​ពេល​យប់ ​ធ្វើ​ទុក្ខ​ម្តងៗ​ចន្លោះ​ពី ១២-១៤ ​ម៉ោង។ យ៉ាងនាស ទោះ​បី​មិនបាន​​ព្យាបាល​ តែផលរំខាន​ទាំង​នេះ ​នឹង​ធូរស្រាល​ក្នុង​រយៈពេល​ ២សប្តាហ៍ ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖

  • ឈឺ​សន្លាក់​ធ្ងន់​ធ្ងរ
  • គាំង​សន្លាក់
  • សន្លាក់រងផល​ប៉ះ​ពាល់​ពិបាក​កម្រើក
  • ក្រហម និង​ហើម
  • ខូច​រូប​រាងសន្លាក់

– ជំងឺពកសន្លាក់ឆ្លឹង (Tophaceous gout)៖ ពេល​អាស៊ីដ​អ៊ុយ​រិក​ខ្ពស់​ក្នុង​ឈាម​យូរ​ឆ្នាំ អាច​បង្ក​ជាកំពក​ឆ្អឹង​ហៅ​ថា Tophi។ ដុំ​រឹង​ទាំង​នោះ​ ​រក​ឃើញ​នៅ​ក្រោម​ស្បែក​ជុំវិញ​សន្លាក់ ហើយ​កន្លែង​កំណោង​ខ្ពស់​របស់ស្លឹក​ត្រចៀក។ Tophi ធ្វើ​ឲ្យ​សន្លាក់​ឈឺ​កាន់​តែ​ខ្លាំង និង​បំផ្លាញ​សន្លាក់ ឬ​គាប​សរសៃ​ប្រសាទ ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ ។

– ក្រួសក្នុងតម្រងនោម៖ អាស៊ីដ​អ៊ុយ​រិក​ គ្រី​ស្តាល់ ​អាច​បង្កើត​ជា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម។ ជា​ញឹក​ញាប់ ក្រួស​តូច​ៗ​អាច​ជ្រុះ​តាម​ទឹក​នោម ប៉ុន្តែ​ពេល​ក្រួសរីក​ធំឡើង មិន​អាច​ជ្រុះចេញ​ នាំ​ឲ្យ​ស្ទះ​បំពង់​នោម ខណៈ​រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ មាន​ដូច​ជា៖

  • ឈឺ​ចង្កេះសង​ខាង ពោះ ឬ​ក្រលៀន
  • ចង្អោរ
  • ចង់​នោម
  • នោមឈឺ
  • ពិបាក​នោម
  • នោម​ឈាម
  • ទឹក​នោម​ស្អុយ

បើ​​មាន​ការ​បង្ក​រោគ​ក្នុង​តម្រង​នោម យើង​អាច​ក្តៅ​ខ្លួន ព្រឺ​រងា។ ករណី​ស្ទះ​​ទឹក​នោម ​ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ​ដោយ​បាក់​តេរី នឹង​ញឹក​ញាប់​ខ្លាំង​ ពេល​យើង​មាន​ក្រួស​ក្នុង​តម្រង​នោម ហើយ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត។ បើ​មានការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើមាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​ចម្ងល់​ពាក់ព័ន្ធ​ជំងឺ​នេះ គប្បី​ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗ មាន​រោគ​សញ្ញា​ផ្សេងៗ​គ្នា គួរពិគ្រោះ​ជា​មួយ​គ្រូពេទ្យពីស្ថាន​ភាពសុខភាព​របស់យើង។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្កឲ្យលើស​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម?

កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់ កើត​ឡើង​ពេល​​តម្រង​នោម​មិន​អាច​បញ្ចេញ​ចោល​អាស៊ីដបាន​ល្អ​ បណ្តាល​មក​ពី​កត្តា​ចំណី​អាហារ លើស​ទម្ងន់ ជំងឺ​ទឹក​នោម​ផ្អែម ប្រើ​ប្រាស់​ពពួក​ថ្នាំ Diuretics (ថ្នាំ​បញ្ចុះ​ទឹក​នោម) និង​ញ៉ាំ​ជាតិ​អាកុល​ច្រើន។ មូល​ហេតុ​ខ្លះ ​បង្ក​ដោយសារ​របប​អាហារ​មានសារធាតុ​ពូ​រីន​ច្រើន ឬ​រាង​កាយ​ផលិត​អាស៊ីដអ៊ុយ​រិកលើស​កម្រិត។

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តា​ប្រឈម

៦- កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ប្រឈម​បញ្ហានេះ?

​កត្តា​ប្រឈម​បង្ក​ឲ្យ​លើស​ជាតិអាស៊ីដអ៊ុយរិកក្នុង​ឈាម ​មាន​ដូច​ជា៖

– ថ្នាំ Diuretic (ថ្នាំ​បញ្ចុះ​ទឹក​នោម)

– ផឹក​ជាតិ​អាកុល​ច្រើន​ពេក

– កត្តា​តំណ​ពូជ

– ជំងឺ​អ័រម៉ូន​ទីរ៉ូអ៊ីត​ចុះ​ទាប

– ថ្នាំ​កាត់​បន្ថយ​ប្រព័ន្ធ​ភាពស៊ាំ

– ថ្នាំ Niacin ឬ​វីតាមីន​ B3

– ជំងឺ​ធាត់

– ជំងឺ Psoriasis

– តម្រង​នោម​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ច្រោះ​អាស៊ីដ

– អាហារ​មាន​សារធាតុ​ពូរីន ដូចជា ថ្លើម សាច់​ក្តាន់ សាច់ត្រី​មួយ​ចំនួន ទឹក​ជ្រលក់​ធ្វើ​ពី​សាច់​ត្រី គ្រាប់​សណ្តែក​ក្រៀម ផ្សិត និង​អាហារ​ផ្សេង​ទៀត។

– រោគ​សញ្ញា Tumor lysis syndrome មាន​ការ​បញ្ចេញ​លឿន​នៃ​កោសិកា​ទៅ​ក្នុង​ឈាម បង្ក​ដោយ​កោសិកា​មហារីក ឬធ្លាប់​ព្យាបាល​ដោយ​ថ្នាំ​គីមី ​សម្រាប់​ជំងឺ​មហារីក។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​អាច​ឲ្យធ្វើ​តេស្ត​ឈាម​ និង​តេស្ត​ទឹក​នោម ​ដើម្បី​វាស់​កម្រិត​ក្រេអាទីនីន​ ​បង្ហាញ​ពី​មុខងារ​តម្រង​នោម ​និងកម្រិត​អាស៊ីដអ៊ុយរិក។

បូម​ឈាម​ចេញ​ពី​សរសៃ​វ៉ែន​នៅ​ដៃ នៅ​ផ្នែក​ខាង​ក្នុង​កែង​ដៃ ឬ​ខ្នង​ដៃ។ អាស៊ីដ​អ៊ុយរិក អាច​រក​ឃើញ​នៅ​ក្នុង​ទឹក​នោម​ ហេតុនេះ​គ្រូពេទ្យ​អាច​ឲ្យ​ប្រមូល​ទឹក​នោម​អំឡុង​ពេល ២៤​ម៉ោង ​ប្រសិន​បើ​កម្រិត​អាស៊ីដ​អ៊ុយ​រិកក្នុង​ឈាម​ឡើង​ខ្ពស់ខ្លាំង។

តេស្ត​ទឹក​នោម​អាច​ធ្វើ​ម្តង​ទៀត ក្រោយ​​ញ៉ាំ​អាហារ​​មាន​ពូរីន​ ដើម្បី​អាច​ឲ្យ​ដឹងពី​មូលហេតុ​ជាក់លាក់​ដូច​ជា៖

– ញ៉ាំ​អាហារ​មាន​ជាតិ​ពូរីន​ច្រើន

– រាងកាយ​ផលិត​អាស៊ីដ​អ៊ុយរិក​ច្រើន

– រាង​កាយ​មិន​អាច​បញ្ចេញ​ចោល​អាស៊ីដ​អ៊ុយរិក។

បើ​មាន​រោគ​សញ្ញាទាំង​នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ទឹក​ក្នុង​សន្លាក់ ​ដោយ​ប្រើ​ម្ជុល​តូច​បូម​ចេញ​ពី​សន្លាក់ រួច​ផ្ញើ​ទៅ​មន្ទីរ​ពិសោធន៍ ពិនិត្យ​រក​អាស៊ីដ​អ៊ុយ​រិក​គ្រី​ស្តាល់។ វត្តមាន​គ្រី​ស្តាល់​នេះ អាច​បង្ហាញ​ យើង​កើត​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់។

៨- ព្យាបាល​ដោយ​វិធី​ណា?

ព្យាបាល​ប​ញ្ហា​លើស​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម ​អាស្រ័យ​លើ​មូល​ហេតុ​ជាក់ស្តែង ​បើ​​គ្មាន​រោគ​សញ្ញា ក៏​មិន​តម្រូវ​ព្យាបាល​នោះ​ដែរ។ មិន​មាន​ការ​បង្ហាញ​ច្បាស់​លាល់ ​ករណី​ប្រើប្រាស់​ថ្នាំ​ ព្យាបាល​ពេល​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម​មាន​​កម្រិត​ទាប​នោះ​ទេ។ ប៉ុន្តែ​ការ​ព្យាបាល អាច​នឹង​ធ្វើ​ឡើងក្នុង​ករណី​អាស៊ីដ​កើន​ឡើង​ខ្ពស់ ដោយសារ​ជំងឺ​ផ្សេងៗ តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​ទាំង​នោះ​ដូចជា៖

ព្យាបាល​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់

– ថ្នាំ​ប្រឆាំង​​រលាក​ ​NSAIDs (មិន​មែន​ជាពពួកថ្នាំ​ស្តេ​រ៉ូ​អ៊ីត) ជួយ​ការពារ ឬ​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា ​ថ្នាំ Ibuprofen (Advil, Motrin IB) ថ្នាំ Naproxen (Aleve, Naprosyn) និង Celecoxib (Celebrex)។

– ថ្នាំ Colchicine (Colcrys) ជួយ​ការពារ ឬ​ព្យាបាល​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ ​ពិសេស​សម្រាប់​អ្នក​ជំងឺ​មិន​មាន​ប្រសិទ្ធ​ភាព​ជាមួយ​ថ្នាំ NSAIDs។

– ថ្នាំ Probenecid ជួយ​បន្ថយ​កម្រិត​អាស៊ីដអ៊ុយរិក​ ជួយ​ឲ្យ​នោ​មច្រើន ​ការពារ​ការ​ផលរំខាន​ដោយ​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់។

– ថ្នាំ Allopurinol (Zyloprim) និង Febuxostat (Uloric) ជួយ​ការពារ​ និងកាត់​បន្ថយ​​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម។

វិធី​ព្យាបាល​ជំងឺពកសន្លាក់​ឆ្អឹង Tophaceous gout

ដូច​គ្នាជាមួយការ​ព្យាបាល​ជំងឺ​អាស៊ីដក្នុង​សន្លាក់ដែរ។ ប៉ុន្តែបើ​ដុំ​ពក Tophi ធំ​ឡើង​ខ្លាំង រំខាន​ការ​ធ្វើ​ចលនា​សន្លាក់ បំផ្លាញ​កោសិកា​ជុំវិញ ឬ​​ស៊ី​ចូល​ទៅក្នុង​ស្បែក ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​វះ​កាត់។ អំឡុង​ព្យាបាល ​ត្រូវ​កាត់​ស្បែក​យក​ដុំ​ពក Tophi ចេញ។ ករណី​កម្រ​ មាន​ខូច​សន្លាក់ គ្រូពេទ្យ​អាច​នឹង​ពិចារណា​ វះកាត់​ប្តូរ​សន្លាក់។

ព្យាបាលក្រួសក្នុងតម្រងនោម

​បើ​​មាន​គ្រួស​តម្រង​នោម​តូច​ជាង​ ៥​មីលី្លម៉ែត្រ គ្រូពេទ្យ​អាច​ណែនាំ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​និង​មិន​ត្រូវ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដោយ​គ្មាន​វេជ្ជបញ្ជា​ទេ រហូត​ទាល់តែ​ក្រួស​ជ្រុះ​អស់។

ក្រួស​ក្នុង​តម្រង​នោម​មាន​ទំហំ ​៥​មិលី្លម៉ែត្រ ឬ​ធំ​ជាង​ គឺ​មិន​អាច​ជ្រុះ​ដោយ​ខ្លួន​ឯង​ឡើយ។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ដូច​ជា ថ្នាំ Tamsulosin (Flomax) ដើម្បី​បន្ធូរ​សាច់​ដុំ​ផ្លូវ​បង្ហូរ​នោម​ ជួយ​សម្រួល​​ទម្លាក់​ក្រួស​ចេញ​មក​ក្រៅ។

វិធី​ផ្សេង​ទៀត ​ដូចជា Extracorporeal show wave lithotripsy ជា​វិធី​ព្យាបាល​មាន​ផល​ប៉ះ​ពាល់​តិចតួច ដោយសារ​ការ​ប្រើ ​អេកូ​សាស្ត្រ ឬ​រលក​សំឡេង ពិនិត្យ​លើ​ស្បែក​ និងកន្លែង​មាន​ក្រួស។ រលក​សំឡេង និង​ទៅ​បំ​បែក​ក្រួស​ធំៗ ទៅ​ជា​បំណែក​តូច​ៗ ​អាច​ជ្រុះ​បាន​តាម​ទឹក​នោម។

ករណីក្រួស​ធំ​ជាង ​១០​មិលី្លម៉ែត្រ ចាំបាច់​ត្រូវ​វះ​កាត់​ដោយ​ប្រើ​ម៉ាស៊ីន​ឆ្លុះ​បំពង់​បង្ហួរ​នោម គ្រូពេទ្យ​នឹង​ដាក់​ឧបករណ៍​ ២មីលី្លម៉ែត្រ​ តាម​បង្ហួរ​នោម ឡើង​តាម​ប្លោក​នោម​ទៅ​ក្នុង​បំពង់​នោម ដែល​ត​ភ្ជាប់​ពី​តម្រង​នោម​ទៅ​ប្លោក​នោម។

គ្រូ​ពេទ្យ​អាចវះ​កាត់​ចាប់​ក្រួស​ចេញ ​បើ​ក្រួស​បែក​ជា​បំណែក ដាក់​ស្ទេន​ (Stent) ជួយ​សម្រួល​លំហូរ​នោម បំបាត់​ការ​ឈឺ​ចាប់ និង​ជួយ​ឲ្យ​បំពង់​បង្ហូរ​នោម​រីក​ធំ​ ដើម្បី​ឲ្យ​ងាយ​ជ្រុះ​ក្រួស​ចេញ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ប្តូរ​របប​អាហារ​អាច​ជួយ​បន្ថយ​កម្រិត​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម។ ករណី​​ទាក់​ទងជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ ប្តូរ​របប​អាហារ​ធ្វើ​ឲ្យ​កត្តា​ប្រឈម​ថយ​ចុះ និង​ករណីខូច​សន្លាក់​មិន​លឿន​ខ្លាំង។

បើ​​ចង់​ប្តូរ​របប​អាហារ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដឹង​ពី​អាហារ​ជា​ជម្រើសល្អ​សម្រាប់​យើង។ ត្រូវ​ចាំ ​អាស៊ីដ​អ៊ុយ​រិក​បង្កើត​នៅ​ពេល​ពូរីន​បំបែក​នៅ​ក្នុង​រាង​កាយ ​មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហេតុនេះ​ចៀស​វាង​អាហារ​មួយ​ចំនួន​នោះ​ អាច​មាន​ប្រយោជន៍។

– បន្ថយ​សារធាតុ​ពូរីន ​ផឹក​សារធាតុ​រាវ​ឲ្យ​បាន​ច្រើន​ជា​ពិសេស​ទឹក ព្រោះ​មាន​សំណើម​ក្នុង​ខ្លួន នឹង​បន្ថយ​ផល​រំខាន​ដោយ​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់។ ជា​ទូទៅ​គ្រូពេទ្យ​តម្រូវ​ឲ្យ​ផឹក​ទឹក ​៨​ កែវ​/​ថ្ងៃ។

– ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​និង​រក្សា​ទម្ងន់​ឲ្យ​បានទៀង​ទាត់ ហើយ​បើ​មាន​សំណួរ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 15, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម