backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Vitamin D​ (វីតាមីន​D)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 10, 2020

Vitamin D​ (វីតាមីន​D)

ស្វែងយល់ពីការប្រើប្រាស់

តើ​វីតាមីន​D​ប្រើប្រាស់​ដើម្បី​អ្វី?

វីតាមីន​D​គឺ​ជា​វីតាមីន​ដែល​មាន​កម្រិត​បរិមាណ​តិច​នៅ​ក្នុង​ខ្លាញ់​ត្រី​សមុទ្រ​ដូចជា​ត្រី​ហារ៉ុង ​ត្រី​ស្បៃកា​ ត្រី​សារឌីន​ និង ​ត្រី​ធូណា​។ ​វីតាមីន​D​ ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ផលិតផល​ទឹក​គោ ​ទឹក​ផ្លែ​ឈើ​ និង ​គ្រាប់​ធញ្ញជាតិផង​ដែរ​។ ក្រៅ​ពី​នេះ​រាង​របស់​យើង​ផ្ទាល់​ទទួល​បាន​វីតាមីន​D​ចាប់​ពី​៨០​ទៅ​៩០​%​តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ។ វីតាមីន​នេះ ក៏​អាច​ផលិត​ធ្វើ​ជា​ថ្នាំ​បាន​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ង​ដែរ។

ក្នុង​វិស័យវេជ្ជសាស្រ្ត​គេ​​ប្រើប្រាស់​វីតាមីន​D​ក្នុង​ការ​ព្យាបាល​និង​បង្ការ​ជំងឺ ​rickets​ (ជំងឺ​ឆ្អឺង​ម្យ៉ាង​ដែល​ធ្វើ​ឲ្យឆ្អឺង​​ទន់​​ងាយ​បាក់) ដែល​ជា​ជំងឺ​មួយ​បង្ក​ដោយ​សារ​ខ្វះ​វីតាមីន​D​ក្នុង​រាង​កាយ​។ វីតាមីនD ​នេះ​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​ ជំងឺ​ខ្សោយ​ឆ្អឺត (Osteoporosis) ជំងឺ​ឈឺ​ឆ្អឹង (osteomalacia) ស្រក​កំហាប់​ឆ្អឹង​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ម្យ៉ាង​ហៅ​ថា Hyperparathyroidism និង​ជំងឺ​ពី​តំណ​ពូជ (osteogenesis imperfecta) ដែល​នាំ​ឲ្យ​​ឆ្អឺង​ស្រួយ ​និង​ងាយ​បាក់។ វីតាមីនD ​ក៏​ប្រើ​ដើម្បី​ការពារ​ពី​ការ​ធ្លាក់ និង​បាក់បែក​ឆ្អឹង​ចំពោះ​មនុស្ស​ដែល​ប្រឈម​នឹង ជំងឺ​ ខ្សោយ​ឆ្អឹង (osteoporosis) និង​ការពារ​ការ​ធ្លាក់​ចុះ​ជាតិ​កាល់ស្យូម និង​ថយ​កំហាប់​ឆ្អឹង (Renal osteodystrophy) ចំពោះ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម។

វីតាមីន​D​ក៏​ជួយ​ព្យាបាល​បញ្ហា​បេះ​ដូង​និង​សរសៃ​ឈាម ដែល​មានដូច​ជាជំងឺ​លើស​ឈាម​ និង​ជាតិ​កូឡេស្ដេរ៉ូល​ខ្ពស់​រួម​ទាំង​ជំងឺ​ផ្សេង​ទៀត​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ធាត់​លើស​ទម្ងន់​ ខ្សោយ​សាច់​ដុំ​ ជំងឺ​ឡើង​រឹង​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​ (Multiple sclerosis) ជំងឺ​ខូច​សន្លាក់​ដៃ​ជើង​(Rheumatoid arthritis) ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ (COPD) ជំងឺ​ហឺត រលាក​ទង​សួត​ បញ្ហា​មុន​ពេល​មក​រដូវ (​PMS) ព្រម​ទាំង​ រោគ​ពុក​ធ្មេញ​ និង​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ផង​ដែរ។

អ្នក​ខ្លះ​ប្រើ​វីតាមីន​ D ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​ដូច​ជា vitiligo, scleroderma, psoriasis, actinic keratosis, និង lupus vulgarisមុខ​ងារ​បន្ថែម​របស់​វីតាមីន​D​ជួយ​ក្នុង​ការ​បង្កើន​ប្រព័ន្ធ​ភាព​សាំ​រាងកាយ​បង្ការ​ជំងឺ​autoimmune​និង​ ជំងឺ​មហារីក​

ព្រោះ​តែ​វីតាមីន D អាច​ជួយ​រក្សា​បាន​ល្អ​នូវ​កម្រិត​ជាតិ​រ៉ែ​ក្នុង​រាង​កាយ​ដូចជា​ផូស្វ័រ​ និង​កាល់​ស្យូម​ទើបគ្រូពេទ្យ​​​ប្រើ​វា​ក្នុង​ការ​ព្យាបាល​ជំងឺ​ដែល​បណ្ដាល​ឲ្យ​​មាន​បញ្ហា​ខ្វះ​សារធាតុ​រ៉ែទាំង​ពីរ មាន​ដូច​ជា ជំងឺ​ដែល​នាំ​ឲ្យ​ធ្លាក់​ចុះ​សារធាតុ​ផូស្វ័រ (Familial Hypophosphatemia និង​ Fanconi syndrom) និង​ជំងឺ​ដែល​នាំ​ឲ្យ​​ធ្លាក់​ចុះ​សារធាតុ​កាល់​ស្យូម (Hypoparathyroidism និង pseudohypoparathyroidism)

វីតាមីន D ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ទម្រង់​ Calcitriol Calciprotriene ត្រូវ​បាន​គេ​លាប់​ផ្ទាល​នៅ​លើ​ស្បែក​ដើម្បី​ព្យាបាល​ការ​រមាស់ (Psoriasis) ​មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖ Vitamin C​ (វីតាមីន ​C)

តើ​វីតាមីនDមាន​មុខងារ​យ៉ាង​ដូច​ម្ដេច?

មិន​ទាន់​មាន​ការ​សិក្សា​ណាមួយអាច​ផ្ដល់​មូលដ្ឋាន​​គ្រប់​គ្រាន់​សម្រាប់​ប្រាប់​អំពី​មុខងារ​ធ្វើ​ការ​នៃ​វីតាមីន​D​នោះ​ទេ​។ដូច្នេះ​សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន​ ប៉ុន្តែ​គេ​គ្រាន់​តែ​ដឹង​ថា​វា​គឺ​ជា​វីតាមីន​សំខាន់​ដែល​រាងកាយ​ត្រូវ​ការ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រក្សា​ជាតិ​រ៉ែ​កាល់ស្យូម​និង​ផូស្វ័រ​ព្រម​ទាំង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ

ស្វែងយល់ពីការហាមឃាត់ និងការប្រុងប្រយ័ត្ន

តើ​យើង​គួរ​យល់​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើប្រាស់​វីតាមីន​D?

មុន​នឹង​ប្រើ​យើង​ត្រូវជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថការី​ប្រសិន​បើ៖

  • ជា​ស្រ្ដី​មាន​គភ៌​ឬ​កំពុង​បំបៅ​ដោះ​កូន ព្រោះ​អំឡុងពេល​នេះ ស្រ្តី​យើង​ខ្លះ​អាច​ប្រើ​ថ្នាំ​បាន​ តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។
  • អ្នក​ប្រើប្រាស់​ឱសថ​អ្វី​ផ្សេង​ទៀត​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​សារជាតិ​នៃ​វីតាមីន​K​ឬ​ឱសថ​ពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​
  • អ្នក​មាន​ជំងឺផ្សេងៗ​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​អាហារ​សារជាតិ​បន្ថែម​ពណ៌​ និង​ សារជាតិ​រក្សា​អាហារ​ទុក​ឲ្យ​បាន​យូរ​ 

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជិការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជិការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះយើង​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។យើង​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ Vitamin A​ (វីតាមីន​A)

តើ​វីតាមីន​Dមាន​សុវត្ថិភាព​កម្រិត​ណា?

វីតាមីន​D​គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​ទទួល​ទាន​តាម​មាត់​ឬ​ចាក់​តាម​សាច់​ដុំ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​និង​មិន​មាន​ផល​ប៉ះ​ពាល់​នោះ​ទេ​ លើកលែង​រា​តែ​ប្រើ​ប្រាស់ក្នុង​កម្រិត​ច្រើន​ជ្រុល។

ការ​ញ៉ាំ​វីតាមីន​នេះ​យូរ​ពេក ក្នុង​កម្រិត ​ខ្ពស់​ជាង ៤០០០ units រាល់​ថ្ងៃ គឺ​មិន​មាន​សុវត្ថិភាព​ទេ ហើយ​អាច​បណ្ដាល​ឲ្យ​​កើន​កម្រិត​ជាតិ​កាល់ស្យូម​ច្រើន​ក្នុង​ឈាម។ ទោះ​យ៉ាង​នេះ​ក្ដី កម្រិត​ខ្ពស់​របៀប​នេះ​ជា​ញឹក​ញាប់​ច្រើន​ប្រើ​ក្នុង​ការ​ព្យាបាល​រយៈពេល​ខ្លី​ចំពោះ​អ្នក​ដែល​ខ្វះ វីតាមីន D ហើយ​ការ​ព្យាបាល​របៀប​នេះ​ត្រូវ​ស្ថិត​ក្នុង​ការ​តាមដាន​យ៉ាង​ដិត​ដល់។

អត្ថបទពាក់ព័ន្ធ៖ Thiamine Deficiency (​ជំងឺ​កង្វះ​វីតាមីន​បេ​១)

ការ​ព្រមាន​ និង​ ការ​ប្រុង​ប្រយ័ត្ន​ពិសេស៖

ស្ត្រី​មាន​គភ៌​និង​បំបៅ​ដោះ៖ វីតាមីន​Dអាច​មាន​សុវត្ថិភាព​ប្រសិន​បើ​អ្នក​ម្ដាយ​ប្រើប្រាស់​ក្នុង​បរិមាណ​ក្រោម​៤០០០ Unit និង​ហាម​ប្រើ​ក្នុង​កម្រិត​ខ្ពស់​ព្រោះ​អាច​មាន​គ្រោះថ្នាក់​អំឡុង​ពេល​ពរ​ពោះ​ឬ​បំបៅ​ដោះការ​ប្រើ​ច្រើន​ជាង​កម្រិត​នេះ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទារក​បាន។

ជំងឺ​តម្រង​នោម៖ វីតាមីន​Dអាច​បង្កើន​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​និង​ធ្វើ​ឲ្យ​មាន​ការ​ឡើង​រឹង​នៃ​សរសៃ​អាកទែ ចំពោះ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ។ ​កម្រិត​ទាំង​នេះ​ត្រូវ​តែ​មាន​តុល្យភាព ដើម្បី​ការពារ​ជំងឺ Renal Osteodystropy ដែល​ជា​ជំងឹ​ឆ្អឺង​មួយ​ប្រភេទ កើត​ឡើង​ពេល​ដែល​តម្រង​នោម​ខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​កាល់ស្យូម​និង​ផូស្វាត ឲ្យមាន​តុល្យភាព នៅ​ក្នុង​ឈាម។ កម្រិត​ជាតិ​កាល់ស្យូម​ត្រូវ​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម។

អ្នក​មាន​កម្រិត​ជាតិ​កាល់ស្យូម​ខ្ពស់​នៅ​ក្នុង​ឈាមការ​ប្រើប្រាស់​វីតាមីន​D​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ

អ្នក​មាន​ជំងឺ​ឡើង​រឹង​សរសៃ​អាកទែ (Atherosclerosis) អ្នកជំងឺប្រភេទនេះ​បើ​ប្រើប្រាស់​វីតាមីន​D​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម។

ជំងឺ Sarcoidosis វីតាមីន D អាច​បង្កើន​កម្រិត​កាល់ស្យូម​ចំពោះ​អ្នក​ជំងឺ​ Sarcoidosis ដែល​នាំ​ឲ្យ​​មាន​គ្រួស​តម្រង​នោម និង​បញ្ហា​ផ្សេង​ទៀត។ សូម​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន។

ជំងឺ Histoplasmosis វីតាមីន D អាច​បង្កើន​កម្រិត​កាល់ស្យូម​ចំពោះ​អ្នក​ជំងឺ​ Histoplasmosis ដែល​នាំ​ឲ្យ​មាន​គ្រួសក្នុង​តម្រង​នោម និង​បញ្ហា​ផ្សេង​ទៀត។ សូម​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន។

អ្នក​ជំងឺ​ Hyperparathyroidism (ក្រពេញ​ទីរ៉ុអ៊ីត​សកម្ម​ខ្លាំង​ជ្រុល) វីតាមីន D អាច​បង្កើន​កម្រិត​កាល់ស្យូម​​ក្នុង​ឈាម​ចំពោះ​អ្នក​ជំងឺ​ប្រភេទ​នេះ។ សូម​ប្រើ​វីតាមីន D ដោយ​ប្រុង​ប្រយ័ត្ន។

ជំងឺ Lymphoma វីតាមីន D អាច​បង្កើន​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​ចំពោះ​អ្នក​ជំងឺ​ប្រភេទ​នេះ។ សូម​ប្រើ​វីតាមីន D ដោយ​ប្រុង​ប្រយ័ត្ន។

ជំងឺ​របេង៖ វីតាមីន D អាច​បង្កើន​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​ចំពោះ​អ្នក​ជំងឺ​ប្រភេទ​នេះ។ ជាលទ្ធផល វា​អាច​បណ្ដាល​ឲ្យ​មាន​ផល​រំខាន​ផ្សេង​ៗ ដូច​ជា គ្រួស​ក្នុង​តម្រង​នោម​ជាដើម។

ស្វែងយល់ពីផលរំខាន

តើ​ផល​ប៉ះពាល់​នៃ​វីតាមីន​D​មាន​អ្វី​ខ្លះ?

ផល​ប៉ះ​ពាល់​មួយ​ចំនួន​ក្នុង​ការ​ទទួល​ទាន​វីតាមីនD​ច្រើន​ពេក​មាន​ដូចជា​​ ខ្សោយ​អស់​កម្លាំង​ គេង​មិន​លក់ ឈឺ​ក្បាល​ មិន​ឃ្លាន​អាហារ​ ស្ងួត​មាត់ និង​ល្វីង​មាត់​ ក្អួត​ចង្អោរ​ជាដើម។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផលរំខាន​ដូច​នេះ​ទេ ហើយ​នៅ​មាន​ផល​រំខាន​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ ប្រសិន​បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

តើ​វីតាមីន​D​អាច​មាន​អន្ដរកម្ម​មក​លើ​រាង​កាយ​យើង​​ដូច​ម្ដេច​ខ្លះ?

វីតាមីន​D​អាច​មាន​អន្តរកម្ម​ជាមួយ​ឱសថ​ និង​ស្ថាន​ភាព​សុខភាព​បច្ចុប្បន្ន​របស់​យើង​​ ដូច្នេះ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​ប្រើប្រាស់។ ផលិតផល​ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​វីតាមីន​D​រួមមាន៖

+អាលុយមីញ៉ូម

ដោយ​សារ​តែ​អាលុយមីញ៉ូម​មាន​ផ្ទុក​នៅ​ក្នុង​ថ្នាំ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ​ និង ​វីតាមីន​D​អាច​ធ្វើ​ឲ្យ​រាងកាយ​បង្កើន​ការ​ស្រូប​យក​ជាតិ​អាលុយមីញ៉ូម​ បង្ក​ឲ្យ​អន្ដរកម្ម​ទាំង​ពីរ​នេះ​អាច​មាន​បញ្ហា​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​ ដូច​នេះ​គួរ​លេប​វីតាមីន​D​មុន​២​ម៉ោង​ឬ​ក្រោយ​ថ្នាំ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ​បួន​ម៉ោង។

+Calcipotriene (Dovonex)

ថ្នាំ​នេះ ជា​ថ្នាំ​ដែល​ស្រដៀង​នឹង​វីតាមីន D ។ ការ​លេប​ថ្នាំ​ទាំង​ពីរ​នេះ​ជាមួយ​គ្នា អាច​បង្កើន​ប្រសិទ្ធ​ភាព និង​ផល​រំខាន​របស់​ថ្នាំ Calcipotriene ។ ជៀសវាង​ប្រើ​វីតាមីន D ប្រសិន​បើ​អ្នក​ត្រូវ​លេប​ថ្នាំ Calcipotriene

+Digoxin (Lanoxin)

វីតាមីន D ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់ស្យូម​ ហើយ​សារធាតុ​កាល់ស្យូម អាច​ប៉ះ​ពាល់​បេះដូង។ ថ្នាំ Digoxin ប្រើ​ដើម្បី​ជួយ​ឲ្យ​​បេះដូង​លោត​​ខ្លាំង​ជាង​មុន។ លេប​ថ្នាំ​ទាំង​ពី​រួម​គ្នា​ អាច​ធ្វើ​ឲ្យកើន​ឡើង​ប្រសិទ្ធ​ភាព​របស់ Digoxin ហើយ​នាំ​ឲ្យ​បេះដូង​លោត​ខុស​ប្រក្រតី។ ប្រសិន​បើ​គ្នាយើង​ណា​​កំពុង​ប្រើ​ថ្នាំ Digoxin សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុន​នឹង​លេប​វីតាមីន D

+Diltiazem (Cardizem, Dilacor, Tiazac)​ 

វីតាមីន D ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់ស្យូម​ ហើយ​សារធាតុ​កាល់ស្យូម អាច​ប៉ះ​ពាល់​បេះដូង។ ថ្នាំ Diltiazem ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បេះដូង។ ការ​ប្រើ​វីតាមីន​ D ក្នុង​កម្រិត​ខ្ពស់ ជាមួយ​នឹង​ថ្នាំ Diltiazem នឹង​ធ្វើ​ឲ្យថយ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ Diltiazem

+​Verapamil (Calan, Covera, Isoptin, Verelan)

វីតាមីន D ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់ស្យូម​ ហើយ​សារធាតុ​កាល់ស្យូម អាច​ប៉ះ​ពាល់​បេះដូង។ ថ្នាំ Verapamil ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បេះដូង។ ដូច​នេះយើង​​មិន​ត្រូវ​ប្រើ​វីតាមីន D ក្នុង​កម្រិត​ខ្ពស់​ទេ នៅ​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ Verapamil

+ថ្នាំ​បញ្ចុះ​ទឹក​នោម (Thiazide diuretics)

វីតាមីន D ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់ស្យូម ហើយ​ថ្នាំ​បញ្ចុះ ទឹក​នោម ធ្វើ​ឲ្យ​កើន​កម្រិត​កាល់​ស្យូម​ក្នុង​រាង​កាយ។ ការ​ប្រើ​ថ្នាំ​ទាំង​ពីរ​រួម​គ្នា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ជាតិ​កាល់ស្យូម​ខ្លាំង​ពេក ដែល​នាំ ឲ្យមាន​ផល​រំខាន​ធ្ងន់ធ្ងរ​មួយ​ចំនួន​រួម​ទាំង​បញ្ហា​តម្រង​នោម​ផង។ សម្រាប់​ថ្នាំ​បញ្ចុះ​ទឹក​នោម​ទាំង​នោះ​មាន​ដូចជា​chlorothiazide (Diuril), hydrochlorothiazide (HydroDIURIL, Esidrix), indapamide (Lozol), metolazone (Zaroxolyn), and chlorthalidone (Hygroton)

+Cimetidine (Tagamet)

រាង​កាយ​បំប្លែង វីតាមីន D ទៅ​ជា​ទម្រង់​មួយ​ដែល​អាច​ប្រើ​បាន តែ​ថ្នាំ Cimetidine ធ្វើ​ឲ្យកាត់​បន្ថយ​សកម្មភាព​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ថយ​សកម្មភាព​របស់​វីតាមីន D ។ ប៉ុន្តែ​ប្រតិកម្ម​នេះ​ប្រហែល​ជាមិន​សូវ​ធ្ងន់ធ្ងរ​ទេ​សម្រាប់​មនុស្ស​ភាគ​ច្រើន។

+Heparin

ថ្នាំ​Heparin​ធ្វើ​ឲ្យ​ឈាម​ក្រ​កក​ និង​ អាច​បាក់​ឆ្អឹង​នៅ​ពេល​ប្រើប្រាស់​យូរ​អង្វែង​ គ្នា​យើង​ដែល​ប្រើ​ថ្នាំ​នេះ​ គួរ​តែ​បរិភោគ​អាហារ​សំបូរ​ជាតិ​កាល់ស្យូម​ និង​ វីតាមីន​D

+Low molecular weight Heparin (LMWHS)

ថ្នាំ​ខ្លះ​ហៅ​ថា Low molecular weight Heparin (LMWHS) អាច​ធ្វើ​ឲ្យ​កើន​ឡើង​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឺង ពេល​ប្រើ​វា​រយៈពេល​យូរ។ អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ នេះ​គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាល់​ស្យូម និង​វីតាមីន D

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់ជូននេះ​មិន​មែន​ជា​នៃ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ព័ត័មាន​បន្ថែម​។

របៀប​នៃ​ការ​ប្រើប្រាស់​វីតាមីន​D

កម្រិត​ការ​ប្រើប្រាស់​ខាង​ក្រោម​ដែល​បាន​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្រ្ដ:

តាម​មាត់​:

  • សម្រាប់​បង្ការ​ការ​បែក​បាក់​ឆ្អឹង​​ និង​ ជំងឺ​ពុក​ឆ្អឹង:៤០០១០០០​ IU/ថ្ងៃ​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ​ច្រើន​ ហើយ​អ្នក​ជំនាញ​ខ្លះ​ក៏​បាន​ណែនាំ​ឲ្យ​ប្រើ​ចាប់​ពី​ ១០០០២០០០​ IU/ថ្ងៃ​
  • សម្រាប់​បង្ការ​ការ​ដួល​បាក់​ឆ្អឹង:៨០០១០០០​ IU/ថ្ងៃ​ ត្រូវ​ប្រើ​លាយ​ជាមួយ​កាល់ស្យូម​ ១០០០១២០០​ មិល្លីក្រាម/ថ្ងៃ
  • សម្រាប់​បង្ការ​ជំងឺ​MS (Multiple sclerosis) :ត្រូវ​ប្រើប្រាស់​រយៈ​ពេល​យូរ យ៉ាង​ហោច​ណាស់​ ៤០០​ IU/ថ្ងៃ​ ដោយ​ក្នុង​ទម្រង់​ជា​multivitamin
  • សម្រាប់​បង្ការ​មហារីក​គ្រប់​ប្រភេទ:ប្រើ​កាល់ស្យូម​ ១៤០០១៥០០​ មិល្លីក្រាម/ថ្ងៃ​ បូក​ជាមួយ​វីតាមីន​D3​(cholecalciferol)​ ១១០០​ IU/ថ្ងៃ​ សម្រាប់​ស្រ្ដី​ក្រោយ​អស់​រដូវ
  • សម្រាប់​ការ​ឈឺ​សាច់​ដុំ​ដោយ​សារ​ប្រើ​ថ្នាំ​ពេទ្យ:វីតាមីន​D2​ (ergocalciferol)​ ឬ​ វីតាមីន​D3​ (cholecalciferol)​ ៥០០០០​ units​ មួយ​សប្ដាហ៍​ម្ដង ឬ​ ៤០០​ IU/ថ្ងៃ
  • សម្រាប់​បង្ការ​គ្រុន​ផ្ដាសាយ:វីតាមីន​D​ (cholecalciferol)​ ១២០០​ IU/ថ្ងៃ

សម្រាប់​អាហារ​បំប៉ន​ភាគ​ច្រើន​មាន​ផ្ទុក​វីតាមីន​D ត្រឹម​តែ ៤០០​ IU​ (១០​មីក្រូក្រាម)

កម្រិត​នៃ​ការ​ទទួល​ទាន​វីតាមីន​Dអាច​មាន​ភាព​ខុស​គ្នា​រាល់​អ្នក​ជំងឺ​ម្នាក់ៗ​ ដែល​វា​អាស្រ័យ​ទៅ​លើ​អាយុ​ សុខភាព​រាងកាយ​ និង​ ស្ថានភាព​ផ្សេង​ទៀត​នៃ​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​អាហារ​បំប៉ន​មិន​មែន​តែង​តែ​មានសុវត្ថិភាព​នោះ​ទេ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​កម្រិត​ប្រើប្រាស់​សមស្រប។

តើ​វីតាមីន​Dមាន​ទម្រង់​ប្រភេទ​យ៉ាង​ដូចម្ដេច?

វីតាមីន​D​ អាច​រក​បាន​ក្នុង​ទម្រង់​ជា៖

  • ផលិតផល​ទឹក​ដោះ​គោ​​ ពន្លឺ​ព្រះ​អាទិត្យ​ និង​ មាន​ស្រាប់​ក្នុង​អាហារ​មួយ​ចំនួន
  • កាប់​ស៊ុល
  • ជែល​ទន់
  • សារ​ធាតុ​រាវ

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 10, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម