backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Nevirapine (ឱសថ Nevirapine)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Nevirapine ព្យាបាលអីខ្លះ?

គេ​ប្រើ​ថ្នាំ Nevirapine រួមជាមួយ​ថ្នាំ​ព្យាបាល និង​បង្ការ (ពន្យារ) ​ជំងឺ​អេដស៍​ដទៃទៀត ដើម្បី​ជួយ​គ្រប់​គ្រង​ការ​ឆ្លង​របស់​មេរោគ​អេដស៍។ ថ្នាំនេះ អាច​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន ធ្វើឲ្យប្រព័ន្ធ​ការ​ពារ​ដំណើរ​ការ​​បាន​ល្អ។ ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ឡើង​ផល​វិបាកដោយ​សារ​​ជំងឺ​អេដស៍ ​ដូចជា មាន​ការ​ឆ្លង​រោគ​ថ្មីៗ ឬ​ជំងឺ​មហារីក​ ហើយ​​អាច​ជួយ​ឲ្យ​យើងបន្ត​រស់​នៅ​បាន​ស្រួល​ផង​ដែរ។ ថ្នាំ Nevirapine ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​ម្យ៉ាង​មាន​ឈ្មោះ​ថា Non-nucleoside reverse transcriptase inhibitors (NNRTIs)។

យ៉ាងណា ថ្នាំ​នេះ​មិន​មែន​​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជាសះស្បើយ​នោះ​ទេ។ ហើយដើម្បី​​កាត់​បន្ថយ​អត្រា​​​ចម្លង​មេរោគ​នេះ​ទៅ​​​អ្នក​ដទៃ​ទៀត យើង​ត្រូវញ៉ាំ​ថ្នាំ​មេរោគ​អេដស៍​ឲ្យ​បាន​គ្រប់​ចំនួន​តាម​វេជ្ជ​បញ្ជា​​គ្រូពេទ្យ ត្រូវ​ប្រើ​វិធី​ការ​ពារគ្រប់​រួម​ភេទ​ម្តង​ៗ មិន​ត្រូវ​ប្រើ​របស់រួម​គ្នា ដូចជា​ម្ជុល សឺ​រ៉ាំង ច្រាស់​ដុស​ធ្មេញ និង​ប្រដាប់​កោរ​ពុក​មាត់​ជា​ដើម ព្រោះ​របស់​ទាំង​អស់​នោះ​អាច​មាន​​ផ្ទុក​ឈាម ឬ​សារធាតុ​រាវ​ក្នុង​ខ្លួនយើង។ សាក​សួរ​ជា​មួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ពី​ពត៌​មាន​បន្ថែម​បាន។

​ត្រូវ​ប្រើ Nevirapine ការ​ពារ​មេរោគ​អេដស៍ ក្រោយយើង​​ប៉ះ​ពាល់​ជា​មួយ​មេរោគ​នោះ ដូចជា​មុត​ម្ជុល ឬ​ប៉ះ​សារ​ធាតុ​រាវ​របស់​អ្នក​ផ្តុក​មេរោគ​អេដស៍ ជាដើម។ មាន​ថ្នាំ​ផ្សេងៗទៀត ​សម្រាប់​ការ​ពារពី​មេរោគ​អេដស៍ បន្ទាប់​យើង​បាន​ប៉ះ​ពាល់​ជាមួយ​មេរោគ។

២- គេប្រើ​ថ្នាំនេះ​យ៉ាង​ម៉េច?

​អាច​លេប​ថ្នាំ​​តាម​មាត់ មួយ​អាហារ ឬ​លេប​ទាំង​​ពោះ​ទទេ​ក៏​បាន ហើយជា​ទូ​ទៅ​ត្រូវ​ញ៉ាំ​ថ្នាំ​នេះ​មួយ​ថ្ងៃ​មួយ​គ្រាប់ ពេល​ចាប់​ផ្តើម​លេប ១៤​ ថ្ងៃ​ដំបូង បន្ទាប់​មក​ត្រូវ​លេប មួយ​ថ្ងៃ ២​គ្រាប់ ឬលេប​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។ បើ​មាន​បញ្ហា​ថ្លើម ឬ​អាលែក​ហ្ស៊ី​ស្បែក នៅ​ពេល​​លេប​ថ្នាំ​នេះ​មួយ​ថ្ងៃ​មួយ​គ្រាប់ ត្រូវ​ប្រ​ញាប់​ទៅ​ជួប​គ្រូ​ពេទ្យ ហើយ​មិនអាចបង្កើន​ទៅ​លេប​មួយ​ថ្ងៃ​ ២​គ្រាប់​ បាន​ឡើយ។

បើ​​ប្រើ​ថ្នាំ​នេះ​ជា​ប្រភេទ​ថ្នាំ​ទឹក ត្រូវ​ក្រឡុក​ដប​ថ្នាំ​ថ្នម​ៗ​មុន​ពេល​ប្រើ​ម្តង​ៗ។ ត្រូវ​វាល់​កម្រិត​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ប្រើ​ប្រដាប់​វាល់ ឬ​ប្រើ​ស្លាប​ព្រា។ មិន​ត្រូវ​យក​ស្លាប​ព្រាបាយ​មក​វាល់​ថ្នាំឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​​ខុស​កម្រិត​ថ្នាំ។ បើ​ប្រើ​កែវ​សម្រាប់​វាល់​កម្រិត​ថ្នាំ ​ត្រូវ​ក្រឡុក​កែវ​ជា​មួយ​ទឹក​បន្ទាប់​ពី​ផឹក​ ​ត្រូវ​ផឹក​ទឹក​ក្នុង​កែវ​ថ្នាំ​ចូល​ទាំង​អស់ ដើម្បី​ប្រាកដ​ថាយើង​បាន​ផឹក​ថ្នាំ​ចូល​ទាំង​អស់។

កម្រិត​ថ្នាំ​ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការព្យាបាល។ សម្រាប់​ក្មេង កម្រិត​ប្រើ​ថ្នាំ​ គឺ​ត្រូវ​មើល​តាម​គីឡូ។

មិន​ត្រូវ​បន្ត​ញ៉ាំ​ថ្នាំ ​មួយ​ថ្ងៃ ១គ្រាប់​លើស​ពី ២៨​ថ្ងៃ ​បាន​ឡើយ។ បើ​ជ្រុល​ជា​ប្រើ​រហូត​ដល់​រយៈ​ពេល​នោះ គ្រូ​ពេទ្យ​​អាច​សម្រេច​ចិត្ត​​ប្តូរ​ប្រើ​ថ្នាំ​ថ្មី។ ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​ដឹង​ពត៌​មាន​បន្ថែម។

ករណី​ឈប់​ប្រើ​ថ្នាំ​នេះ​លើស​ពី ៧​ថ្ងៃ ដោយ​សារ​មូល​ហេតុ​មាន​ប្រតិកម្ម ត្រូវ​សួរ​គ្រូពេទ្យ​ពី​វិធី​ប្រើ​ថ្នាំជា​ថ្មី។ យើង​ប្រហែល​ជា​ត្រូវ​លេប​ថ្នាំ​នេះ​ មួយ​ថ្ងៃ​ ១គ្រាប់ ​ម្តង​ទៀត ​រយៈ​ពេល ១៤​ ថ្ងៃ​ដំបូង ដើម្បី​កាត់​បន្ថយ​ផល​រំខាន​របស់​ថ្នាំ។

ត្រូវ​តែ​បន្ត​លេប​ថ្នាំ​នេះ ជា​មួយ​ថ្នាំ​មេរោគ​អេដស៍​ដទៃ​ទៀត ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។ មិន​ត្រូវ​ភ្លេចលេបថ្នាំ​ពេល​ណា​មួយ​នោះ​ទេ មិន​ត្រូវ​បង្កើន​កម្រិត​ថ្នាំ ក៏​មិន​ត្រូវ​លេប​ថ្នាំញឹក​ញាប់​ពេក​លើស​ពី​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ ឬ​ឈប់​ប្រើ​ថ្នាំ​មុន​ពេល​កំណត់ ប្រសិន​បើ​មិន​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ទេ​នោះ។ ពេលមិន​ញ៉ាំ​ថ្នាំ ឬ​ប្តូរ​កម្រិត​ថ្នាំ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ អាច​បណ្តាល​ឲ្យ​ចំនួន​​មេរោគ​កើន​ឡើង ​បង្ក​ផល​វិបាក​ក្នុង​​ការ​ព្យា​បាល ព្រោះ​បាន​មេរោគ​ស៊ាំ​ជា​មួយ​ថ្នាំ ឬ​ធ្វើឲ្យ​ផល​រំខាន​របស់​ថ្នាំ​កើត​ឡើង​កាន់​តែ​ធ្ងន់​ធ្ងរ។

ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព បើ​យើង​រក្សា​កម្រិត​របស់​វា​​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ខ្លួន។ ​ត្រូវ​លេប​ថ្នាំ​នេះ​ឲ្យ​ទៀង​ទាត់ នៅ​រាល់​ម៉ោង​​ធ្លាប់​លេប។

៣- គួរ​រក្សា​ទុក​របៀប​ណា?

ថ្នាំ Nevirapine  អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំខ្មៅ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុស​គ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផ​ល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ​ថ្នាំនេះ យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថ​ការី បើយើង​មាន​ប្រតិកម្ម​​ជា​មួយ​ថ្នាំ​នេះ ឬ​ជា​មួយ​អ្វី​ផ្សេង។ ថ្នាំ​ប្រ​ភេទ​នេះ ​មាន​ផ្ទុក​គ្រឿង​ផ្សំ Excepients ផ្សេង​ទៀត ​អាច​បណ្តាល​ឲ្យ​​អាលែក​ហ្ស៊ី ឬ​បញ្ហា​ផ្សេង​ៗ។ ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​អំពី​ពត៌​មាន​បន្ថែម។

មុន​ពេល​ប្រើ​ថ្នាំ​នេះ ​ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថ​ការី​ពី​ប្រវត្តិ​ជំងឺ ជា​ពិសេស​បើ​យើង​មាន​បញ្ហា​ថ្លើម ដូចជា ​រលាក​ថ្លើម​ប្រភេទ B ឬ C និងជំងឺ​ក្រិន​ថ្លើម បញ្ហា​តម្រង​នោម (ត្រូវការលាង​ឈាម) បញ្ហា Galactose ឬ Lactose intolerance (ប្រព័ន្ធ​រំលាយ​អាហារ​​មិន​អាច​រំលាយ​ជាតិ ស្ករ Galactose ឬ Lactose បាន)។

ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​​ងងុយ​គេង ហើយ​បើ​ចូលចិត្ត​ស្រា ឬ​ប្រើប្រាស់​​គ្រឿងញៀន ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងងុយ​គេង។ ហេតុនេះមិន​ត្រូវ​បើក​បរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​ ឬ​ធ្វើ​ការ​ងារ​ទាម​ទារ​ឲ្យ​អ្នក​ផ្តោត​អារម្ម​ណ៍​ខ្ពស់​បាន​ឡើយ។ ​ត្រូវផឹក​ស្រា​ក្នុង​កម្រិត​សម​ស្រប និង​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ បើ​យើង​មាន​ប្រើ​គ្រឿង​ញៀន។

សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ​អាច​ប្រើ​ថ្នាំ​នេះ​បាន​ក្នុង​ករណី​ចាំ​បាច់​តែ​ប៉ុណ្ណោះ។ ការ​ព្យាបាល​ អាច​ជួយ​កាត់​បន្ថយ​អត្រា​ចម្លង​មេរោគអេដស៍​ពី​ម្តាយទៅ​ទារកបាន ហើយ​ថ្នាំ Nevirapine ក៏ស្ថិត​ក្នុង​ក្រុម​ថ្នាំ​ព្យាបាល​ទាំង​នោះ។ ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹ​ងអំពី​ផល​ល្អ និង​ផល​អាក្រក់​របស់​ថ្នាំ។

ថ្នាំ Nevirapine ក៏អាច​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​បាន​ដែរ ហើយ​ដោយ​សារ​ទឹក​ដោះ​អាច​ចម្លង​មេរោគ​អេដស៍ ហេតុនេះ​មិន​ត្រូវ​ឲ្យ​កូន​បៅ​ដោះ​​ឡើយ។​

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត B សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៦- ​​អន្តរ​ថ្នាំ​

ថ្នាំ​មួយ​ចំនួន​ ​អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ​ Nevirapine ​ដូចជា ថ្នាំ Orlistat, Rifabutin និង​ថ្នាំ Warfarin។

មាន​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត អាច​រំខាន​ដល់​ការ​បញ្ចេញ​ចោល​សារធាតុ​ក្នុង​ថ្នាំ Nevirapine ចេញពី​​ខ្លួន នាំឲ្យ​រំខាន​ដល់​ដំណើរ​ការ​របស់​ថ្នាំ​ មាន​ដូចជាក្រុម​ថ្នាំ Rifamycins (Rifampin), St. John’s wort (ថ្នាំ​បុរាណ​ពី​រុក្ខជាតិ​ឈ្មោះ Hypericum perforatum ​មាន​ដុះ​នៅ​ដំបន់​អឺរ៉ុប ហើយ​ប្រើ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត) និង​ថ្នាំ​មួយ​ចំនួន​ទៀត។

ថ្នាំ Nevirapine អាច​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ចោល​ថ្នាំ​ផ្សេង​ៗ​ចេញ​ពី​ក្នុង​ខ្លួនបាន​កាន់​តែ​លឿន ​វា​នឹង​រំខាន​ដល់​ប្រសិទ្ធភាព​ថ្នាំ​ទាំង​នោះ ដូចជា ​ប្រសិទ្ធ​ភាព​​ថ្នាំ Antiarrhythmics (Amiodarone), Asunaprevir, Boceprevir, Cobicistat, Elvitegravir និងថ្នាំ​​សម្រប់ព្យាបាលជំងឺ​ប្រកាច់ មានClonazepam ថ្នាំ​ប្រឆាំង​ផ្សិត​ Azole (Azole antifungals) ដូច​ជា Itraconazole, ketoconazole ថ្នាំ​ផ្សះ​ពពួក Macrolide ដូច​ជា Clarithromycin Methadone Telaprevir និង​ថ្នាំ​ដទៃ​មួយ​ចំនួន​ទៀត។

ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ដទៃ​ទៀត ​ឧទាហរណ៍ ក្រុម​ថ្នាំ Protease Inhibitors មានថ្នាំ Atazanavir, Ritonavir អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ Nevirapine ។ គ្រូពេទ្យ​នឹង​ប្តូរ​កម្រិត​ថ្នាំ  ​តាម​ដាន​ការ​ព្យាបាល​ ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផល​រំខាន​ធ្ងន់​ធ្ងរ​ណា​មួយ​កើត​ឡើង។

មិន​ត្រូវ​ប្រើ​ថ្នាំ Prednisone សម្រាប់​ការពារ​កន្ទួល​រមាស់​ទេ ដោយ​សារ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​មាន​កើត​កន្ទួល​រមាស់​កាន់​តែ​ច្រើន អំឡុង​ពេល​​កំពុង​ប្រើ​ថ្នាំ Nevirapine ​រយៈ​ពេល ៦ សប្តាហ៍​ដំបូង។ ហេតុនេះ​ត្រូវ​សួរ​គ្រូពេទ្យ​ពី​ពត៌​មាន​បន្ថែម។

ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ថ្នាំ​ និង​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត ដូច​ជា ​ថ្នាំ​គ្រាប់ បន្ទះ​បិទ ឬ​កង​ពន្យារ​កំណើត​ ធ្លាក់​ចុះ​ប្រសិទ្ធ​ភាព អាច​បណ្តាល​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ដឹងខ្លួន។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​របៀប​ពន្យារ​កំណើត​ផ្សេង​ៗ មាន​ប្រសិទ្ធ​ភាពខ្ពស់ ​ដូច​ជា ប្រើ​ស្រោម​អនា​ម័យពេល​រួម​ភេទ ពិសេស​អាច​ការ​ពារ​កុំ​ឲ្យ​មេរោគ​អេដស៍​ឆ្លង​ទៅ​អ្នក​ដទៃ។

ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​ប្រទះ​ឃើញ​មាន​ស្នាមអ៊ុចៗ​ក្រហម ឬ​ហូរ​ឈាម ព្រោះ​​អាច​ជា​សញ្ញា​ ការ​ពន្យារ​កំណើត​មិន​មាន​ប្រសិទ្ធ​ភាព។

ថ្នាំ Nevirapine អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៧- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​ អាចប៉ះពាល់អំពើ​របស់​ថ្នាំ Nevirapine ​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ ប៉ះ​ពាល់​ប្រសិទ្ធភាព​ នាំ​ឲ្យ​មាន​ផល​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​របស់​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​មុន​ពេល ​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៨- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Nevirapine អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​​យើង​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៩- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ប្រើ​ប្រាស់​លើមនុស្សពេញវ័យ​ឆ្លង​មេរោគ​អេដស៍​

កម្រិត​ដំបូង

– ប្រសិទ្ធ​ភាព​លឿន៖ ២០០​មិល្លីក្រាម​ លេប​មួយ​ថ្ងៃ​ ១ដង រយៈពេល ១៤ ​ថ្ងៃ។

កម្រិត​ថេរ

– ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន៖ ២០០​មិល្លីក្រាម​ លេប​មួយ​ថ្ងៃ ២​ ដង។

– ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យយឺត៖ ៤០០​មិល្លីក្រាម​ លេប​មួយ​ថ្ងៃ ១ ដង។

– ការ​ប្រើ​ប្រាស់៖ ត្រូវ​ប្រើ​រួម​ជា​មួយ​ថ្នាំ​អង់​ទី​រ៉េ​ត្រូ​វីរុស ​(ថ្នាំ​ប្រឆាំងជំងឺ​អេដស៍) ព្យាបាល​ការ​ឆ្លង​មេរោគ HIV-1។

កម្រិត​ថ្នាំ​តម្រូវ​តាម​ស្ថាន​ភាព​តម្រង​នោម

– CrCl (Creatinine Clearance ជាតេស្ត​សម្រាប់​ពិនិត្យ​មុខងារ​តម្រង​នោម) យ៉ាង​តិច ២០ ​មិល្លីលីត្រ​ក្នុង​/​នាទី (​មិន​តម្រូវ​ឲ្យ​លាង​ឈាម) មិន​ចាំ​បាច់​តម្រូវ​ឲ្យ​ប្តូរ​កម្រិត​ថ្នាំ​ឡើយ។

– CrCl តិច​ជាង ២០ ​មិល្លីលីត្រ​/​នាទី៖ មិន​មាន​ទិន្ន​ន័យ​បញ្ជាក់​បាន​នៅ​ឡើយ។

មតិ​ណែ​នាំ៖ ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត (Extended-release) មិន​បាន​សិក្សា​លើ​អ្នក​ជំងឺ​ខូច​តម្រង​នោម​នៅ​ឡើយ​ទេ។

កម្រិត​ថ្នាំ​តម្រូវ​តាម​ស្ថាន​ភាព​ថ្លើម

– ថ្លើម​ខូច​មុខ​ងារ​មធ្យម ឬធ្ងន់​ធ្ងរ (ពិន្ទុ Child-Pugh B ឬ C)៖ ហាម​ប្រើ​ប្រាស់។

មតិ​ណែ​នាំ៖ ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត (Extended-release) មិន​បាន​សិក្សា​លើ​អ្នក​ជំងឺ​​ថ្លើម​​នៅ​ឡើយ​ទេ។

ការ​ប្រើ​កម្រិត​ថ្នាំ

– សម្រាប់​អ្នក​ជំងឺ​មិន​បាន​លេប​ថ្នាំ​គ្រប់​ចំនួន៖ បើ​ប្រើ​​ថ្នាំ​នេះ​មិន​គ្រប់កម្រិត ​លើស​ពី ៧​ថ្ងៃ ​ ​គួរ​តែ​ចាប់​ផ្តើម​លេប​ថ្នាំ​ក្នុង​កម្រិត​ដំបូង​ឡើង​វិញ (​ប្រើ​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន) សម្រាប់​រយៈពេល ១៤ ​ថ្ងៃ​ដំបូង។

សម្រាប់​អ្នក​ជំងឺ​មាន​បញ្ហា​ថ្លើម

– មិន​ត្រូវ​បន្ត​ប្រើ​ថ្នាំ​មួយ​នេះ បើមាន​រោគ​សញ្ញា​របស់​បញ្ហា​ថ្លើម

– មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ម្តង​ទៀត​ឡើយ ក្រោយ​បញ្ហា​ថ្លើម​ជា​សះ​ស្បើយ។

អ្នក​ជំងឺ​មាន​ឡើង​កន្ទួល​រមាស់

– មិន​ត្រូវ​បន្ត​ប្រើ​ថ្នាំ​នេះ​នៅ​ពេល មាន​កន្ទួល​រមាស់​ធ្ងន់​ធ្ងរ។

– បើ​​ឡើង​កន្ទួល​រមាស់ ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ ​អំឡុង​ពេល ១៤​ ថ្ងៃ​យើង​កំពុង​ប្រើ​ថ្នាំ​ប្រសិទ្ធ​ភាព​លឿន​

-កម្រិត​ដំបូង៖- មិន​ត្រូវដំឡើង​កម្រិត​ថ្នាំ និង​មិន​ត្រូវ​ចាប់​ផ្តើម​ប្រើ​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត ត្រូវ​រង​ចាំ​ឲ្យ​កន្ទួល​រមាស់​ទាំង​នោះបាត់​ទៅ​វិញ​សិន។

– មិន​ត្រូវ​ប្រើ​ថ្នាំ​កម្រិត​ដំបូង​លើស​ពី ២៨ ​ថ្ងៃ។

អ្នក​ជំងឺ​លាង​ឈាម

– ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន៖ ​គួរ​តែ​ញ៉ាំ​ថ្នាំ​ជំនួយ ២០០​មិល្លីក្រាម​ ក្រោយ​ពេល​លាង​ឈាម​ម្តងៗ។

– ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត៖ មិន​មាន​ទិន្នន័យ​គ្រប់​គ្រាន់​អំពី​ថ្នាំ​ប្រភេទ​នេះ​នៅឡើយ​ទេ។

ការណែ​នាំ៖ មេតា​ប៉ូលីស​របស់​ថ្នាំ​មួយ​នេះ អាច​ចាល់​សម្រាប់​អ្នក​ជំងឺ​លាង​ឈាម។

មតិ​ណែ​នាំ​ផ្សេង​ៗ

ដំបូន្មាន​​ការ​ប្រើ​ប្រាស់​ថ្នាំ៖

– ដោយ​សារ​ឃើញ​មានករណី​ពុល​ថ្លើមគម្រាម​កំ​ហែង​​អាយុ​ជីវិត នៅ​ក្នុង​ការ​ធ្វើ​តេស្ត​សាក​ល្បង ដូច​នេះ​មិន​ត្រូវ​ចាប់​ផ្តើម​ប្រើ​ថ្នាំ​នេះ (បើ​មិន​ទាន់​ថ្លឹង​ថ្លែង​អំពី​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ​របស់​វា​ទេ​នោះ) លើ​ស្រ្តី​មាន​ CD4+ លើស​ពី ២៥០ កោសិកា/​មិល្លីម៉ែត្រ​គូប ឬ​ក្នុង​មនុស្ស​បុរស​មាន​លើសពី ៤០០ ​កោសិកា​/មិល្លីម៉ែត្រ​គូប។

– មិន​ត្រូវ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​​ព្យាបាល​មេរោគHIV-1 ឬ​ប្រើ​ជា​មួយ​ថ្នាំ​មួយ​ណា​មិន​មាន​ប្រសិទ្ធ​ភាព។

– អាច​លេប​ថ្នាំ​នេះ ​ដោយ​មិន​ចាំ​បាច់មាន​អាហារ។

– បើ​ប្រើ​ថ្នាំ​ប្រភេទ​ទឹក ​ត្រូវ​ក្រឡុក​ថ្នាំ​ថ្នម​ៗ​នៅ​ពេល​ផឹក​ម្តងៗ ហើយ​​ត្រូវ​មាន​សឺ​រ៉ាំង ដើម្បី​វាស់​កម្រិតថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។

– ត្រូវ​លេប​ថ្នាំមាន​ប្រសិទ្ធ​ភាព​យឺត ​ចូល​ទាំង​មូល មិន​ត្រូវ​ទំពា កិន​ ឬ​បំបែក​ថ្នាំ​ឡើយ។ ​ត្រូវ​ដឹង​មុន​ថា ​អាច​លេប​ថ្នាំ​គ្រាប់​បាន ​ឬ​អត់ មុន​ពេល​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​គ្រាប់​មាន​ប្រសិទ្ធ​ភាព​យឺត។

– មិន​ត្រូវ​លេប​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន និង​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត ​ក្នុង​ពេល​ជាមួយ​គ្នា​ឡើយ។

ការ​តាម​ដាន៖

– ចំណុច​ទូទៅ៖ ត្រូវ​តាម​ដាន​រោគ​សញ្ញា ជា​មួយ​លទ្ធ​ផល​មន្ទី​រពិសោធន៍ (ចំណុច​មូល​ដ្ឋាន និង​នៅ​អំឡុង​ពេល​ប្រើប្រាស់ ១៨​សប្តាហ៍។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យពី​ព័ត៌មាន​ពាក់ព័ន្ធ​ផលិត​ផល​ថ្នាំ និងត្រូវ​តាម​ដាន​ថ្នាំ​ធ្វើ​ឲ្យ​ពុល ចំពោះ​អ្នក​ជំងឺ​មាន​បញ្ហា​ក្រិន​ថ្លើម។

– ស្ថាន​ភាព​ថ្លើម៖ ត្រូវ​ពិនិត្យ​អង់ស៊ីម​​ថ្លើម (ចំណុច​មូល​ដ្ឋាន និង​នៅ​អំឡុង​ពេលប្រើ​ប្រាស់ ១៨​សប្តាហ៍ និង​ពិភាក្សា​ជាមួយ​មួយ​គ្រូពេទ្យ ពី​ព័ត៌​មាន​ពាក់ព័ន្ធ​ផលិត​ផល​ថ្នាំ។

ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ៖

– ត្រូវ​អាន​​ក្រដាស​ណែ​នាំ ចេញ​ដោយ​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ អាមេរិក FDA។

– ត្រូវ​បញ្ឈប់​លេប​ថ្នាំ​នេះ និង​ប្រញាប់​ទៅ​ជួប​ពេទ្យ បើ​​មាន​រោគ​សញ្ញា​​ជំងឺ​ថ្លើម ឬ​មាន​ប្រតិកម្ម​ស្បែក​ធ្ងន់​ធ្ងរ។

– ត្រូវ​បញ្ឈប់​លេប​ថ្នាំ​នេះ ហើយ​ប្រញាប់​ទៅ​ជួប​ពេទ្យ បើ​អ្នក​មាន​រោគ​សញ្ញា​របស់​ជំងឺ​រលាក​ថ្លើម​កើត​ឡើង

– ប្រសិន​បើ​មាន​កន្ទួល​រមាស់​កើត​ឡើង​នៅ​អំឡុង​ពេល​ប្រើ​ប្រាស់​ថ្នាំ ២ ​សប្តាហ៍​ដំបូង មិន​ត្រូវដំឡើង​កម្រិត​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន ឬ​លេប​ថ្នាំមាន​ប្រសិទ្ធ​ភាព​យឺត​ឡើយ ​ត្រូវ​ផ្អាក​លេប​ថ្នាំ ដោយពិភាក្សា​ជាមួយ​គ្រូពេទ្យជាមុន ​បើ​មាន​ឡើង​កន្ទួល ឬ​មាន​ប្រតិកម្ម​ស្បែក​កើត​ឡើង។

– ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ប្រសិន​បើ​មាន​រោគ​សញ្ញា​រលាក​កើត​ឡើង។

១០- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ឆ្លង​មេរោគ​អេដស៍​លើ​​កូន​ក្មេង

កម្រិត​ដំបូង

ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន៖

– ក្មេង​អាយុ ១៥​ ឆ្នាំឡើង៖ ១៥០​ មិល្លីក្រាម​/ម៉ែត្រ​ការ៉េ (ផ្ទៃ​របស់​ស្បែក) លេប​មួយ​ថ្ងៃ ១​ដង រយៈ​ពេល ១៤​ ថ្ងៃ។

-កម្រិត​ថ្នាំ​អតិ​បរិមា​ក្នុង​កម្រិត​ប្រើ​ដំបូង៖ ២០០ មិល្លីក្រាម/​មួយ​ថ្ងៃ។

កម្រិត​ថ្នាំ​ថេរ (បន្ទាប់​ពី​ប្រើ​កម្រិត​ដំបូងរួច)

ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន៖

-ក្មេង​អាយុ ១៥​ ឆ្នាំឡើង៖ ១៥០ មិល្លីក្រាម/ម៉ែត្រការ៉េ លេប​មួយ​ថ្ងៃ​ ២​ ដង។

ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត៖

អាយុ ៦ ​ឆ្នាំឡើង

– BSA (Body surface area) នៅ​ចន្លោះ​ពី ០,៥៨-០,៨៣ ម៉ែត្រ​ការ៉េ៖ លេប ២០០​មិល្លីក្រាម លេប​​មួយ​ថ្ងៃ ១ ដង។

– BSA (Body surface area) នៅ​ចន្លោះ​ពី ០,៨៤-១,១៦ ម៉ែត្​រការ៉េ៖ លេប ២០០​មិល្លីក្រាម លេប​​មួយ​ថ្ងៃ ១ ដង។

– BSA (Body surface area) ​យ៉ាង​តិច ១,១៧ ម៉ែត្រ​ការ៉េ៖ លេប ៤០០​មិល្លីក្រាម មួយ​ថ្ងៃ ១ ដង។

កម្រិត​ថ្នាំ​អតិ​បរិមា​គឺ ៤០០ មិល្លីក្រាម​/មួយ​ថ្ងៃ។

-ការ​ប្រើ​ប្រាស់៖ ត្រូវ​ប្រើ​រួម​ជា​មួយ​ថ្នាំ​អង់​ទី​រ៉េ​ត្រូ​វីរុស ​(ថ្នាំប្រឆាំងជំងឺ​អេដស៍) ដទៃ សម្រាប់​ព្យាបាល​ការ​ឆ្លង​មេរោគ HIV-1។

ការ​ណែ​នាំ​ពី​គណៈកម្មការ​នៃ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ស្រ្តី​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេរោគ HIV និង​បង្ការ​ការឆ្លង​ទៅ​ទារក៖

ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន

– គភ៌​មាន​អាយុ​ ៣៤-៣៧ ​សប្តាហ៍ និងទារក​អាយុ​តិច​ជាង ១ ​ខែ៖ លេប ៤ ​មិល្លីក្រាម/​គីឡូ ២ ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​សប្តាហ៍​ដំបូង បន្ទាប់​មក​លេប ៦ ​មិល្លីក្រាម​/គីឡូ ២ ​ដង​ក្នុង​មួយ​ថ្ងៃ។

– គភ៌​មាន​អាយុ​លើស​ពី​ ៣៧​សប្តាហ៍ និងទារក​អាយុ​តិច​ជាង ១​ ខែ៖ លេប ៦ មិល្លីក្រាម/​គីឡូ ២ ដង​ក្នុង​មួយ​ថ្ងៃ។

ទារក​អាយុ​តិច​ជាង ១​ខែ ​ដល់​ក្រោម ៨​ឆ្នាំ៖

– កម្រិត​ដំបូង៖ លេប ២០០ មិល្លីក្រាម​/ម៉ែត្រការ៉េ ២ ​ដង​ក្នុង​មួយ​ថ្ងៃ ​រយៈ​ពេល ១៤​ ថ្ងៃ។

– កម្រិត​ថេរ៖ លេប ២០០ មិល្លីក្រាម​/ម៉ែត្រការ៉េ ២ ​ដង​ក្នុង​មួយ​ថ្ងៃ។

អាយុ​លើស​ពី ៨​ឆ្នាំ៖

– កម្រិត​ដំបូង៖ លេប ១២០-១៥០ មិល្លីក្រាម​/ម៉ែត្រការ៉េ ២ ​ដង​ក្នុង​មួយ​ថ្ងៃ ​រយៈ​ពេល ១៤ ​ថ្ងៃ។

– កម្រិត​ថេរ៖ លេប ១២០-១៥០ មិល្លីក្រាម​/ម៉ែត្រការ៉េ ២ ​ដង​ក្នុង​មួយ​ថ្ងៃ។

– កម្រិត​ថ្នាំ​អតិ​បរិមា៖ ២០០​មិល្លីក្រាម​ រាល់​ពេល​លេប​ម្តងៗ។

ថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន (៦ ឆ្នាំ​ឡើង)

– BSA នៅ​ចន្លោះ​ពី ០,៥៨-០,៨៣ ម៉ែត្រការ៉េ៖ លេប ២០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

– BSA នៅ​ចន្លោះ​ពី ០,៨៤-១,១៦ ម៉ែត្រការ៉េ៖ លេប ៣០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

– BSA ​យ៉ាង​តិច ១,១៧ ម៉ែត្រការ៉េ៖ លេប ៤០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

ការ​ណែ​នាំ៖

– សម្រាប់​ក្មេង​អាយុ​ ២​ឆ្នាំ គ្រូពេទ្យ​ជំនាញ​ខ្លះ ​ចាប់​ផ្តើម​ប្រើ​ថ្នាំ​ដោយ​មិន​ចាំ​បាច់​ប្រើ​ក្នុង​កម្រិត​ដំបូង​ឡើយ។

– កម្រិត​ថ្នាំ​អតិ​បរិមា​ក្នុង​មួយ​ថ្ងៃ​ មិន​ត្រូវ​ឲ្យ​លើស​ពី ៤០០ ​មិល្លីក្រាម​ឡើយ។

– ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ពី​ការ​ណែ​នាំ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​ពេល​បច្ចុប្បន្ន។

– ដោយ​សារ​តែ​​គ្មាន​ផល​រំខាន ​មិន​ចាំ​បាច់​បន្ថយ​កម្រិតមិល្លីក្រាមរបស់​ថ្នាំ នៅ​ពេល​ក្មេង​មាន​អាយុ ៨​ ឆ្នាំ។ កម្រិត​មិល្លីក្រាម​​របស់​ថ្នាំ ត្រូវ​ទុក​នៅ​ដដែល ​ដូច​ការ​ប្រើ​ថ្នាំ​ដែល​សម​ស្រម មិល្លីក្រាម​/ម៉ែត្រការ៉េ នៅ​ពេល​ក្មេង​ធំ​ឡើង។

ការ​ប្រើ​ប្រាស់​ថ្នាំលើ​ក្មេង​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​ពេល​ទើប​កើត

ការ​ណែ​នាំ​ពី​គណៈកម្មការ​នៃ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ស្រ្តីមាន​ផ្ទៃ​ពោះ​​ផ្ទុកមេរោគ HIV និងបង្ការ

ការឆ្លង​ទៅទារក

កម្រិត​ថ្នាំ​សម្រាប់​ការពារ៖

– ទារក​កើត​មក​មាន​ទម្ងន់ ១,៥-២ ​គីឡូ​ក្រាម៖ លេប ៨​មិល្លីក្រាម លេប​​មួយ​ថ្ងៃម្តង ប្រើ ៣ ​ដង។

– ទារក​កើត​មក​មាន​ទម្ងន់​លើស​ពី ២​​គីឡូ​ក្រាម៖ លេប ១២​មិល្លីក្រាម លេប​​មួយ​ថ្ងៃម្តង ប្រើ ៣ ​ដង។

កម្រិត​ថ្នាំ​សម្រាប់​ព្យាបាល៖

– គភ៌​មាន​អាយុ ៣៤-៣៧ ​សប្តាហ៍ រហូត​ដល់​ទារក​មាន​អាយុ ១ ​សប្តាហ៍៖ លេប ៤​ មិល្លីក្រាម​/គីឡូ ២ដង/ថ្ងៃ ។

– គភ៌​មាន​អាយុ ៣៤-៣៧ ​សប្តាហ៍ រហូត​ដល់​ទារក​មាន​អាយុ ៦ ​សប្តាហ៍៖ លេប ៦​ មិល្លីក្រាម​/គីឡូ ២ដង/ថ្ងៃ ។

– គភ៌​មាន​អាយុ​យ៉ាង​តិច ៣៧​សប្តាហ៍ រហូត​ដល់​ទារក​មាន​អាយុ ៦​សប្តាហ៍៖ លេប ៦​ មិល្លីក្រាម​/គីឡូ ២ដង/ថ្ងៃ ។

មតិ​ណែ​នាំ៖

– ទារក​គួរតែ​ប្រើ​ថ្នាំ​​ប្រសិទ្ធ​ភាព​លឿន។

– អាច​បូក​ថ្នាំ​អង់​ទី​រ៉េ​ត្រូ​វីរុស​ប្រភេទ​ការពារ ជា​មួយ​ថ្នាំ​នេះ​ ៣​ដង ប្រើ​សម្រាប់​ការ​ពារ បូក​ជា​មួយ​ថ្នាំ Zidovudine ៦​សប្តាហ៍ ឬ​ប្រើ​សម្រាប់​ព្យាបាល បូក​ជាមួយ​ Zidovudine និង Lamivudine គឺត្រូវ​ណែ​នាំ​ឲ្យ​ប្រើ លើ​ក្មេង​ងាយ​ឆ្លង​មេរោគ​អេដស៍​ពេល​កើត និង​ក្មេង​សន្មត់​ថា​បាន​ឆ្លង​មេរោគ​អេដស៍​ពេល​កើត។

– ថ្នាំ​នេះសម្រាប់​ព្យាបាល បូក​ជា​មួយថ្នាំ Zidovudine និង Lamivudine ប្រើ​លើ​ទារក​បាន​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍។

– រយៈ​ពេល​ព្យាបាល​មេរោគ​អេដស៍​លើ​ទារក​ ងាយ​ឆ្លង​ពេល​កើត គេ​មិន​ទាន់​ដឹង​បាន​ទេ។ គ្រូពេទ្យ​ជំនាញ​ជា​ច្រើន​តែង​ប្រើ​ប្រាស់​ការ​ព្យាបាល​រួម​គ្នា​រយៈ​ពេល ៦​សប្តាហ៍ រហូត​ធ្វើ​តេស្ត​រក​ឃើញ​ថា​ក្មេង​មាន​លទ្ធ​ផល​អវិជ្ជ​មាន។

– ត្រូវ​ឆាប់​ព្យាបាល​ឲ្យ​លឿន បន្ទាប់​ពី​ក្មេង​កើត​មក​ភ្លាម ក្នុង​រយៈ​ពេលពី ៦-១២​ម៉ោង ​ក្រោយ​ សម្រាល។

– ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ពី​ការ​ណែ​នាំ​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​ពេល​បច្ចុ​ប្បន្ន។

កត្តា​ប្រុង​ប្រយ័ត្ន

ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​របស់​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​យឺត នៅមិន​ទាន់​រក​ឃើញ​ឡើយ សម្រាប់​ក្មេង​មាន​អាយុ​តិច​ជាង ៦​ ឆ្នាំ។

១១- ទម្រង់​ថ្នាំ Nevirapine ដូច​ម្ដេច​ខ្លះ?

ថ្នាំ Nevirapine មាន​ក្នុង​កម្រិត និង​ប្រភេទ​ដូច​ខាង​ក្រោម៖

– ថ្នាំ​ទឹក​សម្រាប់​ផឹក

– ថ្នាំ​គ្រាប់​

– ថ្នាំ​គ្រាប់​មាន​ប្រសិទ្ធភាព​យឺត។

១២- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៣- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម