backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Telmisartan (ឱសថ Telmisartan)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

ស្វែងយល់ពីការ​ប្រើ​ប្រាស់

១- ថ្នាំ Telmisatan ប្រើ​ព្យាបាល​អ្វីខ្លះ? 

Telmisatan ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ Telmisatan ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Angiotensin receptor blockers (ARBs) មាន​ប្រសិទ្ធភាព​បន្ធូរ​សរសៃ​ឈាម ជួយ​ឈាមហូរ​បានល្អ។

ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ​ ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ​ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។

ក្រៅ​ពី​នេះ ថ្នាំ Telmisatan ត្រូវគេ​​ប្រើ​ព្យាបាល​ជំងឺ​ខ្សោយ​បេះដូង និង​ជួយ​ការពារ​តម្រង​នោម​​បញ្ចៀស​ការ​ខូចខាត​ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម។

២- គេប្រើថ្នានេះ​យ៉ាង​ម៉េច?

បើអាច សូម​អាន​ខិត្តប័ណ្ណ​ណែនាំ​សម្រាប់​អ្នក​ជំងឺពី​ឱសថ​ស្ថាន មុន​​ចាប់​ផ្ដើម​លេប​ថ្នាំនេះ។ ករណី​មាន​សំណួរ​ទាក់ទង​ថ្នាំ​នេះ​ ត្រូវ​សួរ​វេជ្ជ​បណ្ឌិត​ ឬ​ឱសថការី។

លេប​ថ្នាំ​ស្របតាម​ការ​ណែនាំពី​វេជ្ជបណ្ឌិត​ ហើយ​ជាទូទៅលេបម្ដង​ក្នុង​មួយថ្ងៃ ​ជា​មួយ​អាហារ​ ឬ​ពោះ​ទទេ​ក៏​បាន។

កម្រិតប្រើ​ថ្នាំអាស្រ័យលើ​ស្ថានភាពជំងឺ និងការ​ឆ្លើយ​តប​ក្រោយ​ព្យាបាល។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំ​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ដើម្បី​ព្យាបាល​ជំងឺ​ឡើង​សម្ពាធ​ឈាម​ អាចត្រូវ​ការ​ពេល​​ដល់​ ៤សប្ដាហ៍ ទើប​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញពីការ​ព្យាបាល​ដោយ​ថ្នាំនេះ។

ប្រាប់​វេជ្ជបណ្ឌិត បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែធ្ងន់​ធ្ងរ ពិសេស​​សម្ពាធ​ឈាមឡើង​កាន់តែ​ខ្ពស់។

៣- គួរ​រក្សា​ទុក​របៀបណា?

ថ្នាំ Telmisatan អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Telmisatan ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​នេះ​ សូម​ថ្លឹងថ្លែង​ពីហានិភ័យ និង​គុណ​ប្រយោជន៍​ជា​មុន​សិន។ សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់ ហើយ​ចំណុច​មួយចំនួន​រៀបរាប់​ខាងក្រោម​នេះ ​គួរតែ​​ពិចារណាមុន​សម្រេច​ចិត្ត​ប្រើ​ប្រាស់៖

-អាលែកហ្ស៊ី៖ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ធ្លាប់​មាន​អការៈ​មិន​ស្រួល​ ឬ​អាលែកហ្ស៊ី​ជាមួយ​ថ្នាំ​នេះ ឬ​ថ្នាំ​ដទៃ​ទៀត។ ​បើ​យើង​មាន​ប្រតិកម្ម​ដទៃ​ទៀត​ ដូចជា ចំណី​អាហារ ថ្នាំ​ពណ៌ សារធាតុ​ផ្អាប់ ឬ​សត្វ​មួយ​ចំនួន គួរ​ប្រាប់​គ្រូពេទ្យ​ដូចគ្នា។ ចំពោះ​ប្រភេទ​ថ្នាំមិន​ត្រូវ​ការ​វេជ្ជបញ្ជា សូម​អានព័ត៌មាន​លើ​សំបក​ថ្នាំ​ ឬ​ខាង​ក្នុង​ប្រអប់​ពី​សារធាតុ​ផ្សំ ដោយ​ប្រុង​ប្រយ័ត្ន។

-ចំពោះក្មេងៗ៖ មិនទាន់​មាន​ការ​សិក្សា​សមស្រប​ណា​មួយ​នៅ​ឡើយ​ទេ ទាក់ទង​កត្តា​អាយុ និង​ប្រសិទ្ធភាព​របស់​ថ្នាំ Telmisartan លើអ្នក​ជំងឺ​ក្មេងៗ។ សុវត្ថិភាព និង​ប្រសិទ្ធិភាព​ សុទ្ធតែ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

-ចំពោះ​មនុស្ស​ចាស់៖ ក៏​មិនទាន់​មាន​ការ​សិក្សា​សមស្របថ្មី​ណាមួយ បង្ហាញ​អំពី​បញ្ហា​ពិត​ប្រាកដ​ទាក់ទង ​ការ​ប្រើ​ថ្នាំ​នេះ​លើ​មនុស្ស​ចាស់​ដូចគ្នា មាន​ន័យ​ថា​ប្រើ​ថ្នាំ Telmisarttan ចំពោះ​មនុស្ស​ចាស់នៅ​មាន​ដែន​កំណត់។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិនមាន​ព័ត៌មាន​គ្រប់គ្រាន់ពីសុវត្ថិភាពការ​ប្រើថ្នាំ​នេះ ទាំងអំឡុងពេលមាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​​មាន​អ្វី​ខ្លះ?

ត្រូវស្វែង​រក​ជំនួយ​បន្ទាន់​ពី​គ្រូពេទ្យ ក្នុង​ករណី​ប្រទះ​អាការៈ​ប្រតិកម្ម​ចំនួន ដូចជា កន្ទាលត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់​ អណ្ដាត ឬ​បំពង់​ក។

ករណី​កម្រ​ថ្នាំ Telmisatan អាច​បណ្ដាល​ឲ្យ​បែក​ជាលិកា​សាច់ដុំ​សន្ធាន (Skeletal muscle) ជាហេតុ​វិវត្ត​ទៅរក​ជំងឺ​ខ្សោយ​តម្រង​នោម។ ហេតុនេះ ទាក់ទង​វេជ្ជបណ្ឌិត​ភ្លាម បើ​មាន​អកាៈ​ឈឺចាប់​សាច់ដុំ ទន់​សាច់ដុំ ខ្សោយ​កំលាំង ពិសេស​បើ​មាន​គ្រុន ចង្អោរ ក្អួត និង​ទឹកនោម​ប្រែ​ជា​ពណ៌​ក្រមៅ។ នៅ​មាន​អាការៈ​ច្រើនទៀត​ទាមទារ​ជំនួយ​បន្ទាន់​ពី​គ្រូពេទ្យ​ដូចជា៖

– មានអារម្មណ៍​ចង់​សន្លប់

– ឈឺចាប់ ​ឬ​ពិបាក​នៅពេល​នោម

– ឈឺទ្រូង

– ហើម​ដៃ ឬ​ជើង

– ហត់ ពេល​ពេលធ្វើការស្រាលៗ

– កម្រិត​ប៉ូតាស្យូម​កើន​ខ្ពស់ (ចង្វាក់​បេះដូ​ងយឺត ជីពចរខ្សោយ សាច់​ដុំ​ចុះខ្សោយ មាន​អារម្មណ៍ ចុង​ដៃ ចុង​ជើង ដូចមាន​ម្ជុល​ចាក់ៗ។

ដោយ​ឡែក​ផលរំខាន​ជា​ទូទៅ​មិនសូវ​ធ្ងន់ធ្ងររួម​មាន៖

– តឹង​ច្រមុះ ឈឺ​ច្រមុះ ក្អក

– ឈឺខ្នង

– ឈឺ​ពោះ រាក

– ឈឺ​ក្បាល វិលមុខ

– មាន​អារម្មណ៍​អស់​កម្លាំង

– កម្លាំង​ចុះខ្សោយ

– រមាស់​លើ​ស្បែក

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំ Telmisatan អាច​មាន​ប្រតិកម្ម​ជាមួយ​​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុង​ប្រើ​ ​នាំឲ្យ​​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ឬ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខានទៅ​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និងយល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំនេះ​មិន​ត្រូវ​បាន​ណែនាំប្រើ​ជាមួយ​ថ្នាំ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ពិសេស​ថ្នាំ Aliskiren (ថ្នាំ​ព្យាបាល​លើស​ឈាម)។ គ្រូពេទ្យ​អាច​សម្រេច​មិន​ព្យាបាល​ដោយ​ថ្នាំ​នេះ​ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​ថ្មី​សម្រាប់​យើង។ ករណី​ខ្លះ ទោះ​ជា​ថ្នាំ​មួយ​ចំនួន​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​រួមគ្នា​ជា​មួយ​ថ្នាំ Telmisatan ក៏​ពិត​មែន ប៉ុន្តែ​​នៅ​តែ​អាច​ប្រើ​បាន បើ​សិន​ជា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ដោយ​ផ្ទាល់ ហើយ​ថ្នាំ​ទាំង​នោះ​មាន​ ដូចជាថ្នាំ Benazepril, Captopril, Enalapril, Enalaprilat, Fosinopril, Lisinopril, Moexipril, Perindopril Erbumine, Quinapril, Ramipril, Topotecan, Trandolapril, Trimethoprim។

ប្រើ​ថ្នាំ Telmisatan ​ជាមួយ​ថ្នាំ​​​រៀបរាប់​ខាង​ក្រោម​នេះ អាច​បង្កើន​​​ហានិភ័យ ​ផល​រំខាន​មួយ​ចំនួន ប៉ុន្តែ​ប្រើថ្នាំ​ទាំង​នេះ​ អាច​មាន​ប្រសិទ្ធិភាព​កាន់​តែ​ខ្ពស់​​ព្យាបាល​ជំងឺ​យើង។ បើ​ថ្នាំ​ទាំង​នេះ​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ជាមួយ​គ្នា វេជ្ជបណ្ឌិត​អាច​នឹង​កែ​សម្រួល​កម្រិត​ថ្នាំ ឬ​ចំនួន​ពេល​​ត្រូវ​ប្រើ។ ហើយ​ថ្នាំ​ទាំងនោះ​មាន ​ដូចជាថ្នាំ Aceclofenac,  Acemetacin, Amtolmetin Guacil, Aspirin, Bromfenac, Bufexamac, Celecoxib, Choline Salicylate, Clonixin, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Digoxin, Dipyrone, Etodolac, EtofEnamate, Etoricoxib, Felbinac, Fenoprofen, Fepradinol, Feprazone, Floctafenine, Flufenamic, Acid, Flurbiprofen, Ibuprofen, Ibuprofen Lysine, Indomethacin, Ketoprofen, Ketorolac, Lithium, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Morniflumate, Nabumetone, Naproxen, Nepafenac, Niflumic Acid, Nimesulide, Oxaprozin, Oxyphenbutazone, Parecoxib, Phenylbutazone, Piketoprofen, Piroxicam, Pranoprofen, Proglumetacin, Propyphenazone, Proquazone, Rofecoxib, Salicylic Acid, Salsalate, Sodium Salicylate, Sulindac, Tenoxicam, Tiaprofenic Acid, Tolfenamic Acid, Tolmetin, Valdecoxib,

៨- អន្តរកម្ម​ជាមួយ​អាហារ ឬ​គ្រឿង​ស្រវឹង

ថ្នាំ Telmisatan អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើរបស់​ថ្នាំ បង្កើយ​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ Telmisatan អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាពយើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​រប​ស់យើបច្ចុប្បន្ន​ ពិសេស​បើ​យើង​មានជំងឺ៖

– ខ្សោយ​បេះដូង​ធ្ងន់ធ្ងរ នាំ​ឲ្យ​មាន​បញ្ហា​ដល់​តម្រង​នោម។

– ជំងឺ​ទឹកនោមផ្អែម ​កំពុង​ប្រើ​ថ្នាំ​ Aliskiren (Tektuma ®) ហេតុនេះ​មិនគួរ​ប្រើ​ថ្នាំ​​​នេះ​ឡើយ។

– អតុល្យភាព អេឡិច​ត្រូលីត ពិសេស​កើន​កម្រិត​ប៉ូតាស្យូម​ខ្ពស់​ក្នុងឈាម ឬ​សូដ្យូម​ចុះទាប។

– អតុល្យភាព សារធាតុរាវ (បណ្ដាល​មកពី​បាត់​បង់​ជាតិ​ទឹកច្រើន ដោយសារក្អួត ឬ​រាគ)។

– ជំងឺ​លើ​តម្រង​នោម ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​បណ្ដាល​ឲ្យ​​ស្ថាន​ភាព​នេះកាន់​តែ​ធ្ងន់ធ្ងរ។

– ជំងឺថ្លើម ​ ដូចនេះ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះផល​ប៉ះពាល់​អាច​កើនឡើង ដោយសារ​ការ​បញ្ចេញ​សារធាតុ​ស្តុក​ក្នុង​ថ្នាំនេះ​ចេញ​ពី​រាង​កាយ​មានសភា​​​យឺតយ៉ាវ។

ស្វែងយល់​ពី​កម្រិត​​ថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​​ទូទៅ​លើមនុស្ស​ពេញវ័យ​មាន​ជំងឺ​លើសសម្ពាធឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ៤០មិល្លីក្រាម ​លេប​​មួយ​ថ្ងៃម្តង ជាមួយ​អាហារ ឬ​ពោះ​ទទេ កំណត់​តាម​បរិមាណ​ចាក់តាម​សរសៃ (Intravascular)។

– កម្រិត​ប្រើ​បន្ថែម៖ ២០-៨០ មិល្លីក្រាម ​លេប​មួយថ្ងៃម្តង។

កម្រិត​ទូទៅ​លើ​មនុស្ស​ពេញវ័យ​បន្ថយហានិភ័យ​សរសៃ​ឈាម​បេះដូង (Cardiovascular Risk Reduction)

– កាត់​បន្ថយ​ហានិភ័យ​សរសៃ​ឈាម​បេះដូង (Cardiovascular Risk Reduction) ចំពោះ​អ្នក​ជំងឺ​មិន​អាច​ប្រើ​ថ្នាំ ACE inhibitors៖ ៤០ មិល្លីក្រាម ​លេប​មួយ​ថ្ងៃ​ម្តង ជាមួយ​អាហារ ឬ​ពោះទទេ។

នៅ​មិន​ទាន់​ដឹងទេ​ថា​ កម្រិតប្រើ​តិច​ជាង ៨០មិល្លីក្រាម អាច​មាន​ប្រសិទ្ធិភាព​កាត់​បន្ថយ​ហានិភ័យជំងឺអត្រាស្លាប់ និងអត្រាមរណៈភាពដោយសារជំងឺបេះដូងបាន ឬ​យ៉ាង​ណាទេ។

ពេល​ចាប់​ផ្ដើម​ប្រើថ្នាំ Telmisartan ដើម្បី​កាត់​បន្ថយហានិភ័យ​សរសៃ​ឈាម​បេះដូង ត្រូវ​ត្រួត​ពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀងទាត់ កែ​តម្រូវ​កម្រិត​ថ្នាំអាច​នឹង​ចាំបាច់​ដើម្បី​ជួយ​សម្ពាធ​ឈាម​កាន់​តែ​ថយចុះ។

១១- កូន​ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

មិន​​ទាន់​មាន​ការ​ណែនាំ​កម្រិត​សម្រាប់​កុមារ​នៅ​ឡើយ​ទេ ព្រោះ​អាចមិន​មាន​សុវត្ថិភាព​សម្រាប់​ក្មេងៗ។ ហេតុ​នេះ​សំខាន់​បំផុត​ត្រូវ​ដឹងពី​សុវត្ថិភាព​​ថ្នាំ​មុន​​ប្រើ តាមរយៈ​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ ឬ​ឱសថការី។

១២- ទម្រង់​ថ្នាំដូចបែបណាខ្លះ?

Telmisatan នៅ​លើ​ទីផ្សារ​មាន​ទម្រង់​ និង​កម្រិត​ប្រើ​ ជា​ថ្នាំ​គ្រាប់​សម្រាប់​លេបមាន ២០​មិល្លីក្រាម ៤០​មិល្លីក្រាម និង ៨០​ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរស័ព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

សញ្ញា​​ប្រើថ្នាំ​លើស​កម្រិត​រួមមាន៖

– វិល​មុខ​ខ្លាំង

– សន្លប់

– ចង្វាក់​បេះដូង​ខុស​ប្រក្រតីអាចយឺតឬលឿន។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនា។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម