backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Terpin hydrate/codeine (ឱសថ Terpin hydrate/codeine)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Terpin Hydrate/codeine ព្យាបាលជំងឺអីខ្លះ?

Terpin Hydrate/codeine គឺ​​ប្រើ​ព្យាបាល អាការៈ​ក្អក ដូច​ជា​ ក្អក​ស្ងួត ក្អក​ខ្លាំងៗ គ្រុន​ផ្ដាសាយ និង​ក្អក​បង្ក​ដោយ​មេរោគ។ បញ្ហា​ទាំង​នេះ​ បណ្ដាល​មក​ពី​ការ​បង្ក​រោគ​នៅ​លើ​ប្រព័ន្ធ​ដង្ហើម ដូចជា រលាក​ទង​សួត រលាក​សួត​រ៉ាំរ៉ៃ រលាក​សួត​ស្រួចស្រាវ ស្អក អ្នក​ជំងឺ​មាន​អាការ​ក្អក​មធ្យម​ទៅ​ខ្លាំង។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ជា​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​លេប ប្រើ​ប្រាស់​កម្រិតថ្នាំ​ និង​ពេល​វេលា​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មាន​ការ​អនុញ្ញាត​ពីគ្រូ​ពេទ្យ។ ត្រូវអាន​ការ​ណែ​នាំ មុន​នឹង​ប្រើ​ប្រាស់ អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បើ​មិន​យល់​ពី​ការណែ​នាំ​របស់​ថ្នាំ។ ត្រូវ​ចាំ​ថា! ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ងងុយ​គេង​បន្ទាប់​ពី​ប្រើ​ប្រាស់។

៣- ​រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Terpin Hydrate/codeine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និងសំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Terpin Hydrate/codeine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួសកាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ Terpin Hydrate/codeine ត្រូវ​ដឹង និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​ប្រភេទ​នេះ

– ប្រតិកម្ម​ជា​មួយ​ប្រ​ភេទ​ថ្នាំ​ផ្សេង​ៗ​ទៀ​ត ក៏ដូចជា​អាហារ ឬសត្វ​ជា​ដើម

– ប្រសិទ្ធភាព និង​សុវត្ថិភាព​ថ្នាំ ចំពោះ​ក្មេងៗ

– ប្រសិទ្ធភាព និង​សុវត្ថិភាព​ថ្នាំ ចំពោះមនុស្ស​ចាស់

– ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ Terpin Hydrate/codeine។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ដូច​ថ្នាំ​ដទៃ​ទៀត​ដែរ Terbpin Hydrate/codeine អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​ខ្លះ ប៉ុន្តែ​ផល​រំខាន​ទាំង​នេះ​កម្រ​មាន​ណាស់ ​ក៏​មិន​តម្រូវ​ព្យាបាល​បន្ថែម​អ្វីដែរ។ ទោះ​យ៉ាងណា សំខាន់បំផុត ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​បញ្ហា​អ្វី​មួយ​បន្ទាប់​ពី​ប្រើ​ថ្នាំ។

ផល​រំខាន​ខ្លះៗ​មាន៖ ឈឺ​ក្បាល វិល​មុខ ស្រេក​ទឹក​ខ្លាំង និង​មាន​អារម្មណ៍​ចម្លែក ចង្អោរ ក្អួត ទល់​លាមក ចាល់​ទឹក​នោម នោម​តិច បេះដូង​លោត​ញាប់ បេះដូង​លោត​យឺត ញ័រ​ចុង​ដៃ ចុង​ជើង ខ្សោយ​កម្លាំង ចុះ​សម្ពាធ​ឈាម។ ប្រើ​ថ្នាំ Codein ក្នុង​កម្រិត ២៤០-៥៤០ មិល្លីក្រាម/​ថ្ងៃ រយៈពេល​យូរ អាច​បណ្ដាល​ឲ្យ​ញៀន​ថ្នាំ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​​អន្តរកម្ម​​ថ្នាំ​​

ថ្នាំ Terbpin Hydrate/codeine អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​អាច​មាន​អន្តរកម្ម​ជាមួយ Terbpin Hydrate/codeine  ​ដូច​ជា ថ្នាំ​ប្រឆាំង​​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល ថ្នាំ​សំយោគ​ពី​ថ្នាំ Morphine (Derevative morphine) ថ្នាំ​ប្រឆាំង​​ជំងឺបាក់​ទឹកចិត្ត (Antidepressant drug) ថ្នាំ​សណ្តំ (Sedative Tranquilizers) ថ្នាំ​ងងុយ​គេង និង​ថ្នាំ Cimetidine។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ Terbpin Hydrate/codeine អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​បច្ចុប្បន្ន ពិសេស​បើ​យើង​មាន​បញ្ហា​សុខភាព​ដូច​ជា៖

– ក្អក​បង្ក​ដោយ​ជំងឺ​ហឺត

– មាន​បញ្ហា​សួត​ខ្សោយ

– ក្មេង​អា​យុ​ក្រោម ៣០ខែ

– ខូច​តម្រង​នោម ឬ​ថ្លើម

– ជំងឺ​ប្រព័ន្ធ​ដង្ហើម​ដូច​ជា ជំងឺ​ហឺត ជំងឺ Emphysema (ក្អកបណ្តាលមក​ពី​ខូច​ជញ្ជាំងថង់​ទង​សួត)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​​កម្រិត​ណា?

ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​បន្ថែម ដើម្បី​ដឹង​ពី​កម្រិតប្រើ​ថ្នាំ​ Terpin hydrate/codeine ។ ជាធម្មតា​ កម្រិត​ថ្នាំ​ណែនាំ​ឲ្យ​ប្រើ ១​​គ្រាប់ លេប ២-៣ ដង/​ថ្ងៃ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​បន្ថែម ​ដើម្បី​ដឹង​ពី​កម្រិត​ថ្នាំ​ Terpin hydrate/ codeine ត្រូវ​ប្រើ។

ជាទូទៅ

– អា​យុ​លើស ៣០ខែ ត្រូវ​មាន​វេជ្ជប​ញ្ជាពីគ្រូ​ពេទ្យ

– អា​យុ​ក្រោម ៣០ខែ មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​នោះ​ទេ។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

Terpin hydrate/codeine មាន​ទម្រង់​ជា​ថ្នាំ​គ្រាប់ ​មាន​កម្រិត​ Cdeine Phosphate ១០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម