backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Coronary Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 24, 2022

Coronary Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី)

និយមន័យ

១- អ្វី​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី?

ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី កើត​ឡើង​ពេល​មាន​ការ​ប្រែ​ប្រួល​ទំហំ និង​រូបរាង​នៃ​សរសៃ​ឈាម​អាក់ទែ​តូចៗ ដែល​មាន​តួនាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ ភាគ​ច្រើន​តែង​កើត​លើ​អ្នក​មាន​វិបត្តិ​អវយវៈ​ និង​ជំងឺ​បេះដូងពី​កំណើត។

២- កើត​ញឺកញាប់​ដែរ​ទេ?

បើ​មាន​ចម្ងល់​ពាក់​ព័ន្ធ​ជំងឺ​នេះ សូម​សាក​សួរ​វេជ្ជបណ្ឌិត​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

ទោះ​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី​មាន​ច្រើន​ប្រភេទ​ក៏​ពិត​មែន ប៉ុន្តែ​មាន​តែប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ​អាចបង្ក​ចេញ​ជា​រោគ​សញ្ញា​ អ្នកជំងឺ​ខ្លះ​មាន​តាំង​ពី​ក្មេង ​​ខ្លះ​ទៀត​ទាល់​តែ​ពេញ​វ័យ​ទើប​លេច​ចេញរោគ​សញ្ញា​ ហើយករណីខ្លះ​មិនមាន​សញ្ញា​អ្វីទាំងអស់​រហូត​ពេល​គាំង​បេះដូង​ស្លាប់ ​ទើប​ដឹង​ពី​មូលហេតុ។

រោគ​​សញ្ញា​កើត​មាន​លើ​បេប៊ី ​និងក្មេងៗ មាន​ដូច​ជា៖

– ស្បែក​ស្លេក

– បែក​ញើស

– មិន​ព្រម​បៅដោះ

– ពិបាក​ដក​ដង្ហើម។

ឯរោគ​សញ្ញា​លើ​ក្មេង​ជំទង់ ​មនុស្ស​ពេញវ័យ និង​ចាស់ៗ មាន៖

– ល្ហិត​ល្ហៃ

– ហត់​ពេល​ហាត់​ប្រាណ ឬ​សម្រាក

– សន្លប់​បាត់​ស្មារតី​ពេល​កំពុង​ហាត់​កីឡា

– ឈឺ​ទ្រូង​ពេល​ហាត់​ប្រាណ ឬ​ក្រោយ​ហាត់​ប្រាណ។

ករណី​គាំង​បេះដូង​ស្លាប់​ភ្លាមៗ ជា​មូលហេតុ​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​គេ ​ដោយសារ​តែ​ពេល​ហាត់​ប្រាណ​សរសៃ​ឈាម ​អាច​នឹង​វេញ​ចូល​គ្នា​ ជាមួយ​​សរសៃ​ឈាម​ផ្សេង​ទៀត​បង្ក​ឲ្យ​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​បេះដូង។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​សិន​ជាយើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។

គាំងបេះដូង

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មក​ទល់​នឹង​ពេល​នេះ គ្រូពេទ្យ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅ​ឡើយ ​ដោយ​សារ​ការ​វិវត្តនៃ​សរសៃ​ឈាម​តូចៗ​ទាំង​នេះ មាន​តាំង​ពី​អំឡុង​ពេល​បង្ក​កំណើត​ម្ល៉េះ​ តែ​មាន​អំណះ​អំណាង​ បង្ហាញ​ថា​ អ្នក​មាន​វិបត្តិ​បេះដូង​ពី​កំណើត ​ឧស្សាហ៍​ជួប​បញ្ហានេះ​ជាង​គេ​ ខណៈ​វិបត្តិ​បេះដូង​ទាំង​នោះ​រួម​មាន៖

– រោគ​ចតុសញ្ញា​​ហ្វាឡូ​ត (Tetralogy of Fallot )

– ជំងឺ​បេះដូង​ចំហ​ថត​រួម​គ្នា (Truncus Arteriosus)

– ជំងឺ​របត់​សរសៃ​ឈាម​ធំ​នៃ​បេះដូង​ (Transposition of The great arteries)

– ជំងឺ​ក្រិន​ប្រឹស​បេះដូង​នាំ​ឈាម​ទៅ​សួត (Pulmonary Valve Atresia)

– ជំងឺ​តំណ​លើស​ដែល​នាំ​ឈាម​ចេញ​ពី​ថត​បេះដូង​ក្រោម​ខាង​ស្ដាំ (DORV)

ការ​សិក្សា​ខ្លះ​សន្និដ្ឋាន​ថា អាចជា​ជំងឺ​តំណ​ពូជ​ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ​លើស​ពី​នេះ​ គេ​អាច​រក​ឃើញ​ថា ៥​ភាគរយ នៃ​អ្នក​ជំងឺធ្លាប់​​ស៊ក​បំពង់​តូចៗ​ចូល​តាម​សរសៃ​ឈាម​ដើម្បី​រក​មូលហេតុ​ឈឺ​បេះដូង​ ប្រឈម​នឹង​វិបត្តិ​នេះ។

៦- កត្តាប្រឈមមានអ្វីខ្លះ?

កីឡាករ​អាជីព​ មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​ជា​ច្រើន​ម៉ោង​ជា​ប្រចាំ គឺ​សុទ្ធ​តែ​ប្រឈម​​គ្រោះ​ថ្នាក់​នេះ​ជាង​គេ​ អាច​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។​ ១៥-៣៤ ភាគរយ​នៃ​កីឡាករ កីឡាករនី​វ័យ​ក្មេង​​ ស្លាប់​ដោយ​គាំង​បេះដូង ​ត្រូវ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​វិបត្តិ​សរសៃ​ឈាម​បេះដូង។

រោគវិនិច្ឆ័យ ​និង​ការព្យបាល​

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ពិនិត្យ​រាង​កាយ​ ​ស្ដាប់​សួត​ និង​បេះដូង​ ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​ដើម្បី​កំណត់​​រោគវិនិច្ឆ័យ​ ហើយ​ការ​អង្កេត​វិភាគ​បន្ត​ទៀត​ដូចជា៖

– ថត​អេកូ​បេះដូង

– វាស់​ចង្វាក់​បេះដូង​

– ថត​កាំរស្មី​អ៊ិច​ប្រអប់​ទ្រូង

– ថត​ស៊ីធី​សរសៃ​ឈាម​បេះដូង (CTA Scan)

– ថត​អឹមរ៉ាយ​បេះដូង​ (Magnetic Resonance Imaging)

– ថត​អឹមរ៉ាយ​សរសៃ​ឈាម​បេះដូង (Magnetic Resonance Imaging)

– ស៊ក​បំពង់​តូច​ចូល​ក្នុង​សរសៃ​ឈាម​ទៅ​បេះដូង​ (Catherization) ​រក​មើល​មូលហេតុ​។

អត្ថបទគួរអាន៖

៨- ​ព្យាបាល​ដោយវិធីណា?

វិធី​ព្យាបាល​រួម​មាន លេប​ថ្នាំ ​ថែទាំ​ខ្លួន​ប្រាណ​ និង​ការ​វះកាត់។ ​សម្រាប់​ការពារ​ករណី​គាំង​បេះដូង​ នៅ​ពេល​យើង​មាន​អាការៈ​កម្រិត​មធ្យម គឺ​តម្រូវ​ព្យាបាល​ដោយ​ថ្នាំ​ ដូចជា៖

– ថ្នាំ​ beta blockers

– ថ្នាំ​បញ្ចុះ​ទឹកនោម

– ថ្នាំ​ចង្វាក់​បេះដូង

– ករណី​ខ្លះ​អាច​ដាក់​ Stent

– ការ​បន្ថែម​អុកស៊ីហ្សែន​ជាដើម​។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន និងអាច​កាត់​បន្ថយ​ហានិភ័យ​គាំង​បេះដូង​ស្លាប់​ទាំង​វ័យ​ក្មេ​ងផង​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 24, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម