backup og meta

គ្រោះថ្នាក់៤យ៉ាងនេះ អាចកើតឡើងពេលរួមភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 28, 2022

    គ្រោះថ្នាក់៤យ៉ាងនេះ អាចកើតឡើងពេលរួមភេទ

    រឿង​រួម​ភេទ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​មួយ​ផ្ដល់​នូវ​អារម្មណ៍​ល្អៗ​ដល់​ដៃ​គូ​រួម​ភេទ​។ ប៉ុន្តែ​ការ​រួម​ភេទ​ក៏​អាច​នាំឲ្យ​ដៃគូ​មាន​របួស​បាន​ដែរ បើ​ប្រើ​ក្បាច់​ខុស​បច្ចេក​ទេស​ ឬ​ប្រើ​កម្លាំង​ខ្លាំង​ពេក​។ កុំ​បង្ខំ និង​ត្រូវ​ដឹង​ពី​កម្លាំង​ខ្លួន ទើប​អាច​ជួយ​ឲ្យ​គ្នា​យើង​គេច​ផុត​ពី​របួស​ដោយ​ការ​រួម​ភេទ​បាន​។​ មានគ្រោះថ្នាក់អំឡុងពេលរួមភេទមួយចំនួនដែលបងៗអាចស្វែងយល់បាន។ តើ​របួស​ទាំង​នោះ​មាន​អ្វី​ខ្លះ?

    ១. ដាច់​រហែក​ទ្វារ​មាស​

    ការ​រួម​ភេទ ដោយ​ប្រើ​កម្លាំង​ខ្លាំង ឬ​ប្រើ​ឧបករណ៍​សិច​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ដាច់​រហែក​កោសិកា​នៅ​ក្នុង​ទ្វារ​មាស។​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មានការ​ក្រហាយ ឈឺ​ចាប់ និង​មាន​ឈាម​ខ្លះ​ផង​។ បើ​សិន​ជា​ការ​ឈឺ​ចាប់​នេះ​នៅ​បន្ត​ឈឺ​ខ្លាំង គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​គ្រីម​លាប​បន្ថយ​ការ​ឈឺ​ចាប់​។ ក្នុង​អំឡុង​ពេល​ព្យាបាល​នេះ មិន​គួរ​រួម​ភេទ​ឡើយ ត្រូវ​រង់​ចាំ​ដល់​របួស​បានជា​សះ​ល្អ​។ ដូច​គ្នា​ដែរ ការ​រួមភេទ​លើ​កក្រោយ​អាច​ប្រើ​ទឹក​រម្អិល ដើម្បី​ជួយ​បង្ការ​ការ​ឈឺ​ចាប់ និង​របួស​។​

    រួមភេទ១

    ២. បាក់​លិង្គ​

    ប្រុសៗ​យើង​ដែល​ចូល​ចិត្ត​សម្រុក​ខ្លាំង​ពេល​រួម​ភេទ ប្រយ័ត្ន​ភ្លាត់​លិង្គ​ចេញពី​ទ្វារ​មាស មក​បុក​នឹង​អាង​ត្រគាក អាច​នឹង​ជួប​រឿង​ស៊យ​ធំ​មិន​ខាន​។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​លិង្គ​ប្រុសៗ​យើង​បាក់​បាន ហើយ​ការ​បាក់​លិង្គ​មិន​មែន​ដូច​បាក់​ម្រាម​ដៃ ឬជើង​នោះ​ទេ​ ព្រោះ​ថា​លិង្គ​មិន​មាន​ឆ្អឹង​ទេ​។ សញ្ញា​នៃ ការ​បាក់​លិង្គ​គឺ​មាន​ឮ​សំឡេង​បាក់ ឡើង​​ហើម និង​ឡើងតឹង​ ជា​ដើម។ បើ​ជួប​បញ្ហា​នេះ ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់​ បើ​មិន​ចង់​ឲ្យ​ខូច​ទ្រង់​ទ្រាយ​លិង្គ ឬ​ពិបាក​ប្រើ​ការ​។​

    ៣. ប្រតិកម្ម​អាលែកហ្ស៊ី

    បើ​មាន​អាការៈ​រមាស់ ឬ​ក្រហាយ​​បន្ទាប់​ពី​រួម​ភេទ​ អាច​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ហើយ។ ទឹក​រម្អិល ស្រោម​អនាម័យ ថ្នាំ​សម្លាប់​មេជីវិត និង​ទឹក​រម្អិល​របស់​ដៃគូ ក៏​អាច​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​លើ​មនុស្ស​មួយ​ចំនួន​ដែរ​។ ករណី​កម្រ​ខ្លះ​ទៀត ស្រីៗ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​កាម ឬ​ប្រូតេអ៊ីន​ដែល​ដៃគូ​ខាង​ប្រុស​បាន​ញ៉ាំ​នៅ​ក្នុង​អាហារ​មាន​ដូច​គ្នា​គ្រាប់​ផ្លែឈើ ជាដើម។ រោគ​សញ្ញា​​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ​អាច​លេច​ចេញ​ចន្លោះ​ពី​១០​ទៅ​៣០​នាទី​ក្រោយ​ប៉ះពាល់ និង​អាច​បាត់​ទៅ​វិញ​ច្រើន​ម៉ោង​បន្ទាប់ ឬ​មួយ​ថ្ងៃក្រោយ។

    ៤. ឆ្លង​រោគ​ផ្លូវទឹក​នោម​

    ធម្មតា​មាន​បាក់តេរី​រស់​នៅ​ក្នុង​ទ្វារ​មាស​។ ពេល​រួម​ភេទ លិង្គ ម្រាមដៃ ឬ​ឧបករណ៍​សិច​ អាច​ធ្វើ​ឲ្យ​បាក់​តេរី​ទាំង​នេះ ផ្លាស់ទី​ទៅ​កាន់​បង្ហួរ​នោម​​បាន​ងាយស្រួល និង​បន្ត​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម។ រោគ​សញ្ញា​នៃ​ការ​ឆ្លង​រោគ​ផ្លូវ​ទឹកនោម​មាន​ដូច​ជា​ក្រហាយ​ពេល​បត់ជើង​តូច និង​អាច​មាន​ឈាម​ក្នុង​ទឹក​នោម​ផង​ដែរ។ ដើម្បី​ចៀស​វាង​បញ្ហា​នេះ ស្រីៗ​គួរ​ទៅ​បត់ជើង​តូច​ក្រោយ​រួមភេទ​រួច ដើម្បី​ឲ្យ​បាក់តេរី​ទាំង​នោះ​ចេញ​មក​ក្រៅ​តាម​ទឹក​នោម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម