backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Ketoconazole (ឱសថ Ketoconazole)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Ketoconazole ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Ketoconazole ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ឆ្លង​ បណ្តាល​មក​ពីមេរោគ​ផ្សិត​នៅ​លើ​ខ្លួន​។ ថ្នាំ​នេះស្ថិត​ក្នុង​ក្រុម​ថ្នាំ​ប្រឆាំង​ពពួក​ផ្សិត ​(Antifungals) មួយ​ប្រភេទ​មាន ហៅ​ថា Azole មាន​ប្រសិទ្ធ​ភាព ថ្នាំ​នេះ​មាន​នាទី​ទៅ​ទប់​ស្កាត់ មិន​ឲ្យ​ផ្សិត​រីក​លូត​លាស់​បាន។

មិន​គួរ​យក Ketoconazole ទៅ​ព្យាបាល​មេរោគ​ផ្សិត​ឆ្លង​​នៅ​ក្នុង​ខួរ​ក្បាល ឬ​ស្បែក​ និង​ក្រចក​នោះ​ទេ។

ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។

គេ​អាច​ប្រើ​ថ្នាំ Ketoconazole សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ក្នុង​ដំណាក់​ធ្ងន់​ធ្ងរ​បាន​ផង​ដែរ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ជា​ទូទៅ​​អាច​លេប Ketoconazole តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។ អាច​លេប​ជាមួយ​អាហារ ឬ​ពោះ​ទទេ ប៉ុន្តែ​​គួរ​លេប​វា​ជា​មួយ​អាហារ ដើម្បី​កាត់​បន្ថយ​អាការៈ​ធ្វើ​ទុក្ខ​ក្រពះ​បាន។

បើ​យើង​កំពុង​លេប​ថ្នាំ​កាត់​បន្ថយ​អាស៊ីដ​ក្នុង​ក្រពះ យើង​ត្រូវ​លេប​ថ្នាំនេះយ៉ាង​តិច ២ ម៉ោងមុន ឬ ១ ម៉ោងក្រោយ​ពេល​លេប​ថ្នាំ​ក្រពះ។ បើ​លេប​វា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ប្រសិទ្ធ​ភាព​ថ្នាំ​Ketoconazole ប្រហែល​ជា​មិន​អាច​ជ្រៀប​ចូល​ក្នុង​ខ្លួន​យើង​បាន​ទេ។

កម្រិត​ថ្នាំ និង​រយៈ​ពេល​ប្រើ​ប្រាស់​ថ្នាំ អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ និង​ការ​ឆ្លើយ​តប​ជា​មួយ​ថ្នាំ​របស់​រាងកាយ​យើង ។ សម្រាប់​ក្មេងវិញ កម្រិត​ប្រើ​ប្រាស់​ថ្នាំ ​អាស្រ័យ​លើទម្ងន់។ រយៈ​ពេល​ប្រើថ្នាំ​អាច​ចាប់​ពី ៤-៥ ​ថ្ងៃ រហូត​ទៅ​ដល់ ៤-៥ ខែ។

Ketoconazole មាន​ប្រសិទ្ធ​ភាព​ល្អ​បំផុត​នៅ​ពេល​​កម្រិត​ថ្នាំ​ក្នុង​ខ្លួន​មាន​ស្ថិរ​ភាព។ ដូចនេះ​ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់។ ដើម្បី​ងាយ​​ចងចាំ​ពេល​វេលា​ត្រូវ​លេប ​គួរលេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។

ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​គ្រប់​តាម​​វេជ្ជ​បញ្ជា ទោះ​បី​ជា​រោគ​សញ្ញា​​បាន​ធូរ​ស្រាល​ហើយ​ក្តី។ ករណី​ឈប់​ប្រើ​ថ្នាំ​លឿន​ពេក ការ​ឆ្លង​រោគ​នឹង​អាច​កើត​ឡើង​វិញ ហើយ​ត្រូវ​ប្រាប់​គ្រូពេទ្យ បើ​អាការៈ​​នៅ​តែ​ដដែល ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Ketoconazole អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Ketoconazole ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ​ប្រាស់​ថ្នាំនេះ​ យើង​ត្រូវដឹង​កត្តា​មួយ​ចំនួន​ដូចជា៖

– ប្រាប់​គ្រូពេទ្យ ឬ​ឱសថ​ការី បើ​អ្នក​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Ketoconazole ឬ​ថ្នាំ​ដទៃ​ទៀត។ អាច​សាក​សួរ​​ឱសថ​ការី ឬ​ពិនិត្យ​មើល​ក្រដាស​ពត៌មាន​ ដើម្បី​បាន​ដឹង​អំពី​សារធាតុ​ផ្សំ​របស់​ថ្នាំ។

– ប្រាប់​គ្រូពេទ្យ​ បើ​កំពុង​ប្រើ​ប្រាស់​ថ្នាំ Alprazolam (Niravam, Xanax) ថ្នាំ Eplerenone (Inspra) ពពួកថ្នាំ Ergot Alkaloids មាន Ergotamine (Ergomar, In Cafergot, In Migergot), Dihydroergotamine (D.H.E 45, Migranal) និង Methylergonovine (Methergine) ថ្នាំ Felodipine (Plendil) ថ្នាំ Irinotecan (Camptosar) ថ្នាំ lovastatin (Mevacor) ថ្នាំ lurasidone (Latuda) ថ្នាំ Midazolam (Versed) ថ្នាំ Nisoldipine (Sular) ថ្នាំ Simvastatin (Zocor) ថ្នាំ Tolvaptan (Samsca) និងថ្នាំ Triazolam (Halcion)។ គ្រូពេទ្យ​ អាច​មិន​ឲ្យ​យើង​ប្រើ​ថ្នាំ Ketoconazole បើ​​កំពុង​ប្រើ​ថ្នាំ​ណា​មួយ​ក្នុង​ចំណោម​ថ្នាំ​ខាង​លើ។

– ប្រាប់​គ្រូពេទ្យ​បើ​​កំពុង​ប្រើ​ថ្នាំទាំង​មាន​ ឬ​គ្មាន​វេជ្ជបញ្ជា វីតាមីន អាហារ​បំប៉ន​សុខ​ភាព ឬ​ឱសថ​បុរាណ​ណាមួយ។ មាន​ថ្នាំ​ជា​ច្រើន​ផ្សេង​ទៀត​អាច​មាន​អន្តរ​កម្ម​ជាមួយថ្នាំ Ketoconazole ហេតុ​នេះ យើង​ប្រាប់​ឈ្មោះ​ថ្នាំ​ទាំង​អស់​​ទៅ​គ្រូពេទ្យ ទោះ​បី​ថ្នាំ​នោះ​មិន​មាន​នៅ​ក្នុង​បញ្ជី​ខាង​លើ​ក្តី។

– បើ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ក្រពះ មាន​ផ្ទុក​ជាតិ អាលុយ​មី​ញ៉ូម កាល់​ស្យូម ឬ​ម៉ា​ញ៉េ​ស្យូម (Maalox, Mylanta, Tums និងថ្នាំ​ផ្សេង​ទៀត) ​ត្រូវ​លេបថ្នាំ​ទាំង​នេះ ១ ​ម៉ោង​មុន ឬ ២ ​ម៉ោង​ក្រោយ​អ្នកលេប​ថ្នាំ Ketoconazole។

– ប្រាប់​គ្រូពេទ្យ បើពុង​មាន​ជំងឺ​ប្រចាំ​កាយ។

– ប្រាប់​គ្រូពេទ្យ​បើ​កំពុង​មាន​ផ្ទៃ​ពោះ ​​ចង់​មាន​កូន ឬ​កំពុង​បំបៅ​ដោះ​កូន។ បើ​​មាន​ផ្ទៃ​ពោះ​ពេល​កំពុង​ប្រើ Ketoconazole ​ត្រូវ​ប្រញាប់​ទាក់​ទង​ទៅគ្រូពេទ្យ។

– បើត្រូវ​​វះ​កាត់ រាប់ទាំង​ការ​វះ​កាត់​ធ្មេញ​ផង​ដែរ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​វះ​កាត់​ យើង​កំពុង​ប្រើ​ប្រាស់ ថ្នាំ Ketoconazole។

– ត្រូវ​ដឹង​ថា ​ប្រើ​ថ្នាំ Ketoconazole និងផឹក​គ្រឿង​ស្រវឹង (​ស្រា​ក្រហម ស្រា​បៀរ និង​ថ្នាំ​មាន​ជាតិ​អាកុល ដូច​ជា​ថ្នាំ​ក្អក​​ជា​ដើម) ក្នុង​ពេល​តែមួយ ​អាច​បណ្តាល​ឲ្យ​​មាន​បញ្ហា​ថ្លើម ​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូច​ជា មាន​អារម្មណ៍​ក្តៅ ឡើង​កន្ទួល​រមាស់ ចង្អោរ ឈឺ​ក្បាល ហើម​ដៃ​ជើង។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ត្រូវប្រាប់​គ្រូពេទ្យ​ជាបន្ទាប់​ បើ​ប្រទះ​ផល​រំខាន​បង្កជារោគសញ្ញា​ដូច​ជា កន្ទាលត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់ អណ្តាត ឬ​បំពង់​ក និង​រោគ​សញ្ញា​មួយចំនួន​ទៀត​មាន៖

– វិលមុខ សន្លប់ បេះ​ដូង​លោត​ញាប់

– ងាយ​ជាំ ឬ​ហូរ​ឈាម ខ្សោយ​អស់​កម្លាំង

– មាន​អារម្មណ៍​ស្ពឹក​ដៃ ​ជើង

– បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ វង្វេង​វង្វាន់ ឬ​មាន​ចេតនា​ចង់​ធ្វើ​បាប​ខ្លួន​ឯង

– ចង្អោរ ឈឺ​ក្នុង​ពោះ ក្តៅ​ខ្លួន​តិច​ៗ លែង​ឃ្លាន​បាយ ខ្សោយ ទឹក​នោម​ខ្មៅ លាមក​ពណ៌​លឿងចាស់ និង​ឡើង​លឿង​លើ​ស្បែក។

ផល​រំខាន​បន្ទាប់​បន្សំ​មាន​ដូច​ជា៖

– មាន​អារម្មណ៍​ចង្អោរ ក្អួត ឬ​ឈឺ​​ពោះ​​តិច​តួច

– រមាស់​ និង​កន្ទួល​លើ​ស្បែក​តិច​តួច

– ឈឺ​ក្បាល​

– វិល​មុខ

– ហើម​ដោះ

– អសមត្ថភាព​ផ្លូវ​ភេទ ឬ​មិន​មាន​ចំណង់​ផ្លូវ​ភេទ។

​គ្រប់​គ្នា​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ

ថ្នាំ​​កំពុង​ប្រើ​​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធភាព​ថ្នាំ Ketoconazole ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ថ្នាំ​ថយ​ចុះ ​​ឬ​​​បង្កើត​​ផល​ប៉ះ​ពាល់​ដោយ​សារ​ថ្នាំ​កាន់​តែ​ច្រើន។​ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ Ketoconazole មាន​ការ​ប្រែប្រួល​​ ​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ​។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការីដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Ketoconazole អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​ ពិសេស​បើ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម ឬ​មានបញ្ហាសុខ​ភាព​មួយ​ចំនួន​ដូច​ជា៖

– ធ្លាប់​មាន​បញ្ហា​ឈឺ​ថ្លើម​ពី​មុន​មក

– ធ្លាប់​មាន​បញ្ហា​ក្រពេញ​លើ​តម្រង​នោម (ក្រពេញ អាដ្រេណាល់ (Adrenal gland))

– ធ្លាប់​មាន​បញ្ហា Long QT syndrome (បញ្ហា​បេះដូង​ ​នាំ​ឲ្យ​ចង្វាក់​បេះដូង​មិន​ប្រក្រតី)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួកផ្សិត Blastomycosis លើ​មនុស្ស​ពេញ​វ័យ

– កម្រិត​ថ្នាំ៖ លេប ២០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួក​ផ្សិត Chromomycosis លើ​មនុស្ស​ពេញ​វ័យ

– កម្រិត​ថ្នាំ៖ លេប ២០០​មិល្លីក្រាម លេបមួយ​ថ្ងៃម្តង។

ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួកផ្សិត Coccidioidomycosis លើ​មនុស្ស​ពេញ​វ័យ

– កម្រិត​ថ្នាំ៖ លេប ២០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួកផ្សិត Histoplasmosis លើ​មនុស្ស​ពេញ​វ័យ

– កម្រិត​ថ្នាំ៖ លេប ២០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួកផ្សិត Paracoccidioidomycosis លើ​មនុស្ស​ពេញ​វ័យ

– កម្រិត​ថ្នាំ៖ លេប ២០០​មិល្លីក្រាម លេបមួយ​ថ្ងៃម្តង។

១១- ក្មេងត្រូវប្រើកម្រិតណា?

– ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួកផ្សិត Blastomycosis លើ​ក្មេង​អាយុ ២​ ឆ្នាំ​ឡើង៖ លេប ៣,៣-៦,៦ ​មិល្លីក្រាម/​គីឡូ លេបមួយ​ថ្ងៃម្តង។

– ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួក​ផ្សិត Chromomycosis លើ​ក្មេង​អាយុ ២​ ឆ្នាំ​ឡើង៖ លេប ៣,៣-៦,៦ ​មិល្លីក្រាម/​គីឡូ លេបមួយ​ថ្ងៃម្តង។

– ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួក​ផ្សិត Coccidioidomycosis ​ក្មេង​អាយុ ២​ ឆ្នាំ​ឡើង៖ លេប ៣,៣-៦,៦ ​មិល្លីក្រាម/​គីឡូ លេបមួយ​ថ្ងៃម្តង។

– ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួក​ផ្សិត Histoplasmosis ​ក្មេង​អាយុ ២​ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ ​មិល្លីក្រាម/​គីឡូ លេបមួយ​ថ្ងៃម្តង។

– ព្យាបាល​ជំងឺ​បង្ក​ដោយ​ពពួក​ផ្សិត Paracoccidioidomycosis ក្មេង​អាយុ ២​ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ មិល្លីក្រាម/​គីឡូ លេប​មួយ​ថ្ងៃ​ម្តង។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Ketoconazole ជា​ទូទៅ​មាន​លើ​ទីផ្សារ ជា​ប្រភេទ​ ថ្នាំ​គ្រាប់​សម្រាប់​លេប មាន​កម្រិត ២០០ ​មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​ Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម