រោគ​សញ្ញា​ឈឺ​ក្បាល​ទាំង​នេះ អាចបញ្ជាក់​ថា​មាន​ដុំ​សាច់​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    រោគ​សញ្ញា​ឈឺ​ក្បាល​ទាំង​នេះ អាចបញ្ជាក់​ថា​មាន​ដុំ​សាច់​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    រោគសញ្ញា​មួយ​​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ដុំ​សាច់​ខួរក្បាល​ គឺ​​ឈឺ​ក្បាល​ ប៉ុន្តែ​អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​ក៏​មិនមែន​បណ្ដាល​មក​ពី​ដុំ​សាច់​ទាំង​អស់​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​​មួយ​នេះ​។

    សម្ពាធ​ក្នុង​ខួរ​ក្បាល​ និង​ដុំ​សាច់​ខួរ​ក្បាល​

    ទោះ​បី​ជា​មិន​មែន​​រាល់​ដុំ​សាច់​ខួរក្បាល​ សុទ្ធ​តែ​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​​អ្នក​ដែល​មាន​ដុំ​សាច់​ខួរ​ក្បាល​ចំនួន​ជិត​ពាក់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មាន​អាការៈ​ឈឺ​ក្បាល​ នេះ​បើ​យោង​តាម​សមាគម​ដុំ​សាច់​ខួរ​ក្បាល​របស់​អាមេរិក។ ​ដុំ​សាច់​ទាំង​នេះ​អាច​ជា​ដុំ​សាច់​មហារីក​ និង​មិន​មែន​ជា​មហារីក​ ហើយ​ពួក​វា​​អាច​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខួរ​ក្បាល​។

    រោគសញ្ញា​នៃ​ដុំ​សាច់​ខួរ​ក្បាល​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​ទីតាំង​នៃ​ដុំ​សាច់​។ ការ​ឈឺ​ក្បាល​ និង​អារម្មណ៍​ដទៃ​ទៀត​នៃ​​សម្ពាធ​កើន​ឡើង​ក្នុង​លលាដ៍​ក្បាល អាច​​កើត​ឡើង​ដោយ​សារ​​តែ​ដុំ​សាច់​សង្កត់​លើ​សរសៃ​ប្រសាទ ឬ​ជាលិកា​ ឬ​សារធាតុ​រាវ​ ​នៅ​ជុំវិញ​ខួរ​ក្បាល​។

    ដុំសាច់

    រោគសញ្ញា​​ព្រមាន​ដែល​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ

    • ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​ ហើយ​ការ​ឈឺចាប់​នេះ​​អាច​រំខាន​ដល់​ការ​គេង​
    • ឈឺ​ក្បាល​ ព្រម​ទាំង​មាន​​ក្អួត​
    • ឈឺ​ក្បាល​កាន់​តែ​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​ក្អក​ ឬ​ហាត់​ប្រាណ​
    • ឈឺ​ក្បាល​នៅ​ពេល​គេង​
    • ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ទៅ​ៗ​
    • ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​
    • អាការៈ​ឈឺ​ក្បាល​នៅ​តែ​បន្ត ទោះ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។​

    ​​​​​​​សញ្ញា​ព្រមាន​ផ្សេង​ទៀត​

    ជា​ទូទៅ អាការៈ​ឈឺ​ក្បាល​ដោយ​សារ​តែ​ដុំ​សាច់​​ខួរ​ក្បាល​ អាច​​អម​ដោយ​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​​ផ្សេង​ទៀត​ ដូចជា​ស្ពឹក​ ឬ​ឈឺ​ឆៀប​ៗ បញ្ហា​ភ្នែកចុះ​ខ្សោយ​ ឬ​ពិការ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ឬ​ពិបាក​យល់​ការ​និយាយ​ជាដើម​ ដែល​​រោគ​សញ្ញា​ទាំង​នេះ​ចាំបាច់​ឲ្យ​យើង​​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

    បន្ថែម​ពី​នេះ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ជាក់លាក់​ដទៃ​ទៀត​ ដូចជា​​គ្រុន​ក្ដៅ កន្ទួល​រមាស់​ រួយ​ក និង​​វង្វេង​ស្មារតី វា​អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដូចជា​ការ​រលាក​ស្រោម​ខួរ​។ នេះ​បើ​យោង​តាម​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​រលាក​ស្រោម​ខួរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 01/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត