មូលហេតុ កូនៗភាគច្រើនស្រលាញ់ម៉ាក់ជាងប៉ាៗ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

ជឿថា​ករណី​កូន​ស្រលាញ់​ម៉ាក់​ៗ​ជាង​ប៉ាៗ​នេះ គឺ​កើត​ឡើង​លើ​មនុស្ស​ភាគច្រើនក្នុង​សង្គម​គ្រួសារ​ខ្មែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ បាន​បញ្ជាក់​ថា រឿង​នេះ​អាច​ជា​រឿង​ធម្មជាតិ​ព្រោះ​ស្រ្តី​ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​ផង និង​ទង្វើ​ខ្លះ​ៗ​ដែល​ប៉ា​ៗ​មិន​បាន​បំពេញ​តួនាទី​នេះ ទើប​កូន​កាន់តែ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ម៉ាក់​ៗ។

១- ម៉ាក់​ៗ​នៅ​ក្បែរ​កូន​ច្រើន​ជាង​ប៉ា​ៗ

នៅ​ក្នុង​គ្រួសារ​ណា​ក៏​ដូច​គ្នា ស្ត្រី​តែងតែ​ចំណាយ​ពេល​នៅ​ក្បែរ​កូន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​ទោះ​ជា​មាន​ការងារ​ខាងក្រៅ​ផ្ទះ​ធ្វើ​ក៏​ដោយ។ ស្រ្តី​ភាគច្រើន​ពេល​ត្រឡប់​ពី​ធ្វើការ​វិញ​ភ្លាម រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ គឺ​ចាប់​កូន​មក​ឱប​ថើប ដែល​បុរស​ភាគច្រើន​មិន​បាន​ធ្វើ​ដូចនេះ​ឡើយ​គឺ​បើ​មិន​ចាប់កាន់​ទូរស័ព្ទ មើល​ទូរទស្សន៍ ឬក៏​ទៅ​គេង​លេង​ដែរ។

២- យក​កូន​តាម​ខ្លួន​គ្រប់​ពេល​វេលា

មិន​ថា​មាន​ភារកិច្ច​ត្រូវ​បំពេញ​ទៅ​ណា​នោះ​ទេ ម៉ាក់​ៗ​ជាច្រើន​សុខចិត្ត​បោះចោល ឬ​បើ​គ្មាន​ជម្រើស​គឺ​យក​កូន​ទៅ​តាម​ខ្លួន​តែម្ដង ព្រោះ​តែ​ម៉ាក់​ៗ​​ខ្វល់ខ្វាយ និង​នឹក​រលឹក​កូន​ខ្លាំង។ មនុស្ស​ប្រុស​ផ្ទុយ​ពី​នេះ គឺ​ទៅ​ណា​មក​ណា​មិន​សូវ​មាន​អារម្មណ៍​ខ្វាយខ្វល់​ពី​កូន​ឡើយ ហើយ​បើ​ឧស្សាហ៍​ដើរ​ចោល​កូន​ដោយ​មិន​ខ្វល់ កូន​ក៏​លែង​តាម និង​មិន​ចង់​នៅ​ក្បែរ​តែម្ដង។

អត្ថបទពាក់ព័ន្ធ៖ មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

អប់រំកូនHello_គ្រូពេទ្យ

៣- មិន​លួងលោម​កូន

កូន​ត្រូវការ​ឲ្យ​អាណាព្យាបាល​យក​ចិត្ត​ទុកដាក់​ចំពោះ​គេ​ខ្លាំង។ បើ​និយាយ​ពី​ភាព​ផ្អែមល្ហែម​វិញ មនុស្ស​ប្រុស​ចំពោះ​កូន​គឺ​គ្មាន​ទេ ច្រើនតែ​និយាយ​ស្ដី​ឮ​ៗ គំហក ហើយ​មិន​ចេះ​លួងលោម​កូន​ទៀត​ផង។ ខុស​គ្នា​ពី​ម៉ាក់​ៗ​សម្ដី​សំដៅ​ទន់ភ្លន់ ដឹង​ពី​ចិត្ត​កូន​ចង់​បាន​អ្វី ដឹង​ថា​កូន​ចូលចិត្ត​ញ៉ាំ​អ្វី ដឹង​ចង់​លេង​អ្វី ឬ​កូន​កំពុង​មាន​បញ្ហា​អ្វី តែប៉ាៗ​ភាគច្រើន​មិន​ដឹង​ពី​រឿង​នោះ​ឡើយ ហើយ​បើ​កូន​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​អ្វី​មួយ ក៏​មិន​ចេះលួងលោម​ ធ្វើ​ម៉េច​កូន​នឹង​ស្រលាញ់​ខ្លាំង​បាន​ទៅ។

៤- ថែទាំកូន

ពេល​កូន​ឈឺ​មាន​តែ​ម៉ាក់​ៗ​ប៉ុណ្ណោះ​ដែល​លះបង់​កម្លាំង​កាយ​ចិត្ត ហើយ​សុខចិត្ត​មិន​ទៅ​ធ្វើការ​ក៏​មាន ឲ្យតែ​បាន​នៅ​ក្បែរ​មើល​ថែ​កូន​ឲ្យ​ឆាប់​ជា​សះស្បើយ។ ក្រៅ​ពី​ថែ​ទាំ​ម៉ាក់​ៗ​បាន​ប្រឹងប្រែង​ធ្វើ​អាហារ​ឆ្ងាញ់​ៗ​ប្រកបដោយ​ផាសុកភាព ដើម្បី​ឲ្យ​កូន​បាន​ញ៉ាំ។ មួយ​វិញ​ទៀត​ការ​ជូត​សម្អាត​កាកសំណល់ និង​មុជទឹក​ឲ្យ​កូន ក៏​ស្ត្រី​ធ្វើ​មិន​ដែល​រារែក ហើយ​កូន​នៅ​ពេល​ឃើញ​ការ​យក​ចិត្ត​បែប​នេះ រឹតតែ​ស្រលាញ់​ថែម​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 12, 2019

អ្នកអាចចូលចិត្ត