កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

​ក្មេងៗ​បន្ទាប់​ពីឈាន​ដល់​វ័យ​ចេះ​ដើរ អាច​នឹង​បង្ហាញ​ទម្លាប់​ជាច្រើន ដូច​ជា បៀមមេដៃ កេះច្រមុះ មួលសក់ សង្កៀត​ធ្មេញ និង​ខាំ​ក្រចក​ដៃ​ជាដើម។ ទម្លាប់​ទាំង​នេះ ​ប៉ាម៉ាក់​ទូទៅ​ អាចគិត​ថា​ជារឿង​ធម្មតា ប៉ុន្តែ​ទម្លាប់​របស់​ក្មេង​ គឺ​សុទ្ធ​តែ​អាច​បង្ហាញ​ពី​កត្តា​ផ្លូវ​អារម្មណ៍ ឬអារម្មណ៍​តាន​តឹង​ណា​មួយកូន​យើង​បាន​ជួប​ប្រទះ ទាម​ទារ​ប៉ាម៉ាក់​យក​ចិត្ត​ទុក​ដាក់ឲ្យ​បាន​ច្រើន បើ​មិន​អ៊ីចឹង ទម្លាប់​ទាំង​នេះ នឹងបន្ត​ដល់​កូន​យើង​ធំ​ពេញ​វ័យ​មិនខាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹងលើក​ឡើង​វិធី​ដោះ​ស្រាយទម្លាប់​ខាំ​ក្រចក​ដៃ​ឲ្យ​ទាំង​អស់​គ្នា​បាន​ដឹង។

១- មូលហេតុក្មេងខាំក្រចក

ទម្លាប់​ខាំ​ក្រចកចំពោះ​ក្មេងៗ ត្រូវ​ចាត់​ទុក​ក្នុង​បញ្ជី​ទម្លាប់​មិន​ល្អ ជាមួយ​ទម្លាប់​ផ្សេងៗ​ទៀត ដូច​ជា បៀមមេដៃ កេះច្រមុះ មួលសក់ សង្កៀត​ធ្មេញជាដើម។ កូន​យើង ​តែង​តែធ្វើ​ទម្លាប់​អាក្រក់​ទាំង​នេះ ​នៅ​ពេល​ក្មេង​មាន​ភាព​ធុញ​ទ្រាន់ តាន​តឹង ឬ​មានការ​ចង់​ដឹង​ចង់​ឃើញអ្វី​មួយ។ ពេល​ខ្លះ​ ក្មេងៗ​ខាំ​ក្រចក​ដៃខ្លួន​ឯង ក៏ដោយ​សារ​តែ​ការ​ធ្វើ​ត្រាប់​តាម​មនុស្ស​ចាស់​ដូច​គ្នា ហើយ​ទម្លាប់​ខាំ​ក្រចក​ដៃ​ បើ​មិន​កែ​តម្រូវ​ពី​ក្មេង​នោះ​ទេ វានឹង​បន្ត​នៅ​ជា​មួយ​កូន​យើងរហូត​ដល់កូន​ធំ​ពេញ​វ័យ​តែ​​ម្តង។

វិធី​សាស្រ្តល្អ​បំផុត ដើម្បី​​ដោះ​ស្រាយ​ទម្លាប់ខាំ​ក្រចកចំពោះ​ក្មេងៗ ​ត្រូវ​ដោះ​ស្រាយ​នូវ​ភាព​តាន​តឹង​របស់​ក្មេងជា​មុន ហេតុនេះ យើង​ជា​ប៉ាម៉ាក់ ក៏​​មិន​គួរ​មាន​ការ​ព្រួយ​បារម្ភ​ពេកនោះទេ។

២- អ្វី​ប៉ាម៉ាក់​ត្រូវ​ធ្វើ

ស្វែង​យល់​ពី​ចំណុច​ ៣ សំខាន់​បំផុត ប៉ាម៉ាក់ត្រូវដឹង និង​ធ្វើ ដើម្បី​ជួយ​កូន​លះ​បង់​ទម្លាប់​ខាំ​ក្រចកដៃ​បាន គឺ​ថា៖

– ស្វែង​រក​ដំណោះស្រាយ៖ មុន​ពេល​នឹង​ចង់​បំបាត់​ទម្លាប់​អាក្រក់​នេះ​ ប៉ាម៉ាក់ទាំង​អស់ ចាំ​បាច់​​ស្គាល់​ពី​ឬស​គល់​បញ្ហា​ នាំ​ឲ្យ​ក្មេង​ខាំ​ក្រចក​ជាមុន​សិន។ ​បើ​មូល​ហេតុ​ដោយ​សារ​តែ​កូន​យើង​តាន​តឹង​ជា​មួយ​លំហាត់​គណិតវិទ្យា ឬ​មក​ពី​ការ​​ផ្លាស់​ប្តូរ​សាលា​រៀន​ថ្មី យើង​ងាយ​លើក​ទឹក​ចិត្ត​កូន​​ជំនះ​នូវ​កង្វល់​ទាំង​នេះបាន។ បើ​ប៉ាម៉ាក់​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នោះ ​គួរ​តែ​ព្យាយាម​កំណត់សម្គាល់​កូនឲ្យ​បាន​ច្រើន​ជាង​មុន។

– កុំដាក់​សម្ពាធ​លើ​កូន៖ ប៉ាម៉ាក់ ច្បាស់​ជា​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ​បើ​កូន​មិន​ចង់​លះបង់​ទម្លាប់​ខាំ​ក្រចកដៃ​នោះ ហើយ​មូល​ហេតុ​គឺ​ថា កូន​យើង​ខាំ​ក្រចក​ដៃ គឺ​ទាំង​មិន​ដឹង​ខ្លួន​ដូច​គ្នា។ ក្មេងៗ ​អាចមិន​​ដឹង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​អ្វី​ទេ ​ដូច្នេះ​ការ​ជំរុញ បង្ខំកូន​បោះបង់​ចោល​រឿង​នេះ ក៏​គ្មាន​ប្រយោជន៍​ដែរ។ សូម្បី​តែ​មនុស្ស​ពេញ​វ័យ ​ក៏​ត្រូវ​មាន​ការ​តស៊ូ​ដែរ​ នៅ​ពេល​សម្រេច​ចិត្ត​បោះ​បង់​ទម្លាប់​អាក្រក់​អ្វី​មួយ។ ដូច​នេះ ការ​បង្ខំ ​អាច​ជា​សម្ពាធចំពោះ​កូនយើង ​នាំ​ឲ្យកូន​កាន់​តែ​​តាន​តឹង​ខ្លាំងឡើង។ ដោយ​សារ​តែ​ទម្លាប់​ខាំ​ក្រចក ​មិន​មែន​ជា​អាកប្បកិរិយា​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ ​ហេតុនេះ​ប៉ាម៉ាក់ ក៏​មិន​ចាំបាច់​តាន​តឹង​ពេក​ដែរ។ ផ្ទុយមក​វិញ ​ត្រូវ​ថែរក្សា​អនាម័យ​កូន​ឲ្យ​បាន​ល្អ ​ដោយ​ការ​កាត់​ក្រចក​ដៃកូន ​ឲ្យ​បាន​ស្អាត និង​ត្រូវ​ប្រាប់​កូន ចេះ​​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ដូច​គ្នា។

– ត្រូវប្រាកដថាយើង​មានពេលគ្រប់គ្រាន់ដើម្បី​ជួយ​កូន៖ ​បើ​កូន​​សម្រេច​​ចិត្ត​ថា​ឈប់​ខាំ​ក្រចក​ទៀតនោះ​ យើង​​គួរ​តែ​ខំ​ជួយ​កូន​ឲ្យ​អស់​ពី​លទ្ធភាព។ ត្រូវ​និយាយ​ជាមួយ​កូន​ពី​ទម្លាប់​មិនល្អ​នេះ ​និង​វិធី​បញ្ឈប់​វាឲ្យ​បាន។ ត្រូវ​ដឹង​ថា កូន​យើង​ចង់​លះបង់​ទម្លាប់​នេះ យើង​គួរ​រំឭក​កូន​ដោយ​វិធី​ណា ឬ​មិន​ចាំ​បាច់​រំឭក? បើ​ចង់​ជួយ​កូន នៅ​ពេល​ភ្លេច​ខ្លួន​ខាំ​ក្រចក ប៉ាម៉ាក់អាច​បញ្ចេញ​សម្លេងដាស់​តឿន​បន្តិច ឬ​ប៉ះ​កូន​ថ្មមៗ ដើម្បី​រំលឹក​កូន។ រក​មើល​ពី​វិធី​សាស្រ្ត​ដើម្បី​បញ្ឈប់ទម្លាប់ ដូច​ជា​គូរ​រូប​អាក្រក់ៗ​នៅ​លើ​ក្រចក​កូន ដើម្បី​កុំ​ឲ្យ​កូន​​ចង់​ខាំ​ទៀត ប៉ុន្តែ​ប្រាកដ​ណាស់​ អ្វី​ទាំង​នេះ ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​កូន​ដែរ។ លើស​ពី​នេះ​ ក៏​មាន​ទម្លាប់​ខ្លះ​អាច​ជួយ​បាន​ដូច​គ្នា ដូច​ជា​ឲ្យ​ក្មេង​កាន់​នូវ​របស់​អ្វី​មួយ​ក្នុង​ដៃ​ឲ្យ​ជាប់។ ត្រូវ​អត់​ធ្មត់ ប្រាប់​កូនថា ដើម្បី​លះបង់​ទម្លាប់​នេះ​បាន គឺ​​ត្រូវ​ការ​ពេល​វេលា​ ដូច្នេះ​កុំ​មាន​កូន​បាក់​​ទឹក​ចិត្ត ​​បើ​កូន​យើង​ព្យាយាម​ហើយ តែបរាជ័យ​។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ពេលត្រូវរកជំនួយ

ទោះ​បី​ជា​រឿង​កម្រ​ក៏​ពិត​មែន ប៉ុន្តែ​ទម្លាប់ខាំ​ក្រចក ​អាច​ជា​សញ្ញា​មួយនៃវិបត្តិ​ផ្លូវ​ចិត្ត ​ដូច​ជា​ការ​ថប់​បារម្ភ​ហួស​ហេតុ​ជាដើម។ ប៉ាម៉ាក់ ​ត្រូវ​ស្វែង​រក​ជំនួយ​ពីគ្រូពេទ្យ ​ក្នុង​ករណីកូន​យើង​​ខាំ​ក្រចក​រហូត​ធ្វើ​ឲ្យ​ចុង​ម្រាម​ដៃមាន​របួស ឬ​មាន​អាកប្បកិរិយា​មិន​ធម្មតា​ផ្សេង​ទៀត ​ដូច​ជា ​ទាញ​សក់​ខ្លួន​ឯង និង​គេង​មិន​លក់ជាដើម។ លើស​ពី​នេះ បើ​តំបន់​កូន​​ខាំ​នោះ​ បង្ហាញ​បញ្ហាបង្ក​រោគ​ណាមួយ ​ត្រូវ​ទាក់​ទង​ទៅគ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 18, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 16, 2019

ប្រភព
អ្នកអាចចូលចិត្ត