វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

កូន​ចាប់​ផ្តើម​ចេះ​ដើរតេះតះ ជា​វ័យ​ដែល​កូន​ចាប់​ផ្តើម​រពឹស​ដែរ​​ហើយ ចំ​ក្មេង​ខ្លះ​រពឹស​ខ្លាំង ម៉ាក់​ប៉ា​ច្បាស់​ដេញ​ចាប់​វិល​មុខ​មិន​ខាន។ ម៉ាក់​មាន​ដឹង​ទេ ពេល​ចេះ​ដើរ ក្មេង​ចាប់​ផ្តើម​ចេះ​ញ៉ាំ​​ខ្លួន​ឯង ចាប់​ផ្តើម​លេង​ច្រើន ចេះ​រុក​រើ​របស់​របរ​គ្រប់​កន្លែង ធ្វើ​ឲ្យ​ដៃ​ងាយ​ប៉ះពាល់​នឹង​របស់​កខ្វក់ ចៀស​មិន​ផុត​ពី​ការ​ឆ្លង​មេរោគ ឬ​បាក់​តេរី​ផ្សេង។

យើង​មិន​អាច​ឃាត់​ក្មេង​មិន​ឲ្យ​រពឹស​បាន​ទេ ព្រោះ​ដល់​វ័យ​ដែល​គេ​វិវត្ត​ទៅ​មុខ​បន្តិច​ម្តងៗ​ហើយ តែ​ត្រូវ​ចេះ​ពី​វិធី​បង្ការ​ខ្លួន​ក្មេង​កុំ​ឲ្យ​ឆ្លង​មេរោគ​ទៅ​ជា​ឈឺ​បាន។

១- សម្អាត​ដៃ​កូន

ការ​ធ្វើ​អនាម័យ​ជា​រឿង​ចាំបាច់​បំផុត ម៉ាក់​ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​កូន​ឲ្យ​បាន​ស្អាត​រាល់​ពេល​គេ​លេង ឬ​ចាប់​កាន់​របស់​អ្វី​មួយ ពិសេស​មុន​ពេល​ចាប់​កាន់​ចំណី​អាហារ​ញ៉ាំ។ កាល​ណា​កូន​យក​ដៃ​មិន​ស្អាត​ទៅ​ញី​ភ្នែក ធ្វើ​ឲ្យ​ឈឺ​ភ្នែក ចំណែក​ឯ​ការ​យក​ដៃ​កខ្វក់​ទៅ​លូក​មាត់ ចាប់​កាន់​ចំណី​អាហារ​មក​ញ៉ាំ​ធ្វើ​ឲ្យ​ឆ្លង​មេរោគ ទៅ​ជា​ឈឺ​ពោះ រាករូស ក្អួត ក្តៅ​ខ្លួន​ជា​ដើម។

២- ចាក់​វ៉ាក់​សាំង​ការពារ

វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេង ខណៈ​ពួក​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹងរង​ការ​វាយ​ប្រហារ​ដោយ​មេរោគ ឬ​បាក់​តេរី​ផ្សេងៗ ដូច្នេះ​មាន​តែ​ការ​ចាក់​វ៉ាក់​សាំង​នោះ​ទេ ទើប​អាច​ការពារ​បាន។ នៅ​ក្នុង​កម្មវិធី​ជាតិ​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ១១ មុខ​ដល់​កុមារ​ចាប់​ពី​ពេល​កើត​ភ្លាម ដល់​អាយុ ២ ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ ហើយ​ចំពោះ​ម៉ាក់ប៉ា​ដែល​មាន​លទ្ធភាព​ ក៏​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​បន្ថែម​ទៀត​ទៅ​តាម​អាយុ​របស់​កូន។

អត្ថបទពាក់ព័ន្ធ៖ នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ

៣- ញ៉ាំ​បន្លែ​ផ្លែ​ឈើ ឬ​ទឹក​ដោះ​ដែល​ជួយ​ប្រព័ន្ធ​ការពារ

ក្មេង​ចេះ​ដើរ​ភាគ​ច្រើន ម៉ាក់ៗ​ប្រហែល​ជា​លែង​ឲ្យ​ម៉ឹម​ដោះ​ទៀត​ហើយ អ៊ីចឹង​បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ម៉ាក់​ចាំបាច់​ជ្រើស​រើស​ប្រភេទ​ទឹក​ដោះ​គោ​ណា​ដែល​​មាន​សារធាតុ Prebiotics ព្រោះ​វា​ជួយ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ មិន​ងាយ​ឆ្លង​ជំងឺ។ ក្រៅ​ពី​មាន​ក្នុង​ទឹកដោះ​គោ​រូបមន្ត​សម្រាប់​កុមារ ប្រភព​នៃ Prebiotics ក៏​មាន​នៅ​ក្នុង​ខ្ទឹមស ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតាវ សណ្តែកសៀង ផ្លែប៊ើរី ផ្លែចេក គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងយ៉ាអួ។

អត្ថបទពាក់ព័ន្ធ៖ អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

៤- កុំ​បណ្តោយ​ឲ្យ​កូន​ទៅ​លេង​ជាមួយ​ក្មេង​ឈឺ

យើង​ដឹង​ហើយ​ថា ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឆ្លង​ជំងឺ ដូច្នេះ​បើ​ក្មេង​ដទៃ​ទៀត​មាន​ជំងឺ ពិសេស​ជំងឺ​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម ដូច​ជា​ ផ្តាសាយ រលាកទងសួត រលាកសួត រលាក​​បំពង់ក ស្អូច នោះ​ម៉ាក់ៗ​កុំ​ឲ្យ​កូន​ទៅ​លេង​ជាមួយ​ឲ្យ​សោះ ព្រោះ​ងាយ​នឹង​ឆ្លង​ជំងឺ​ទាំង​នោះ​មក​កូន​យើង​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 18, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 3, 2019