មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្មេង​កើត​មក​មិន​មែន​មាន​ខួរក្បាល​ឆ្លាត​ស្រាប់​នោះ​ទេ ចាំបាច់​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម រួម​នឹង​សកម្មភាព​មួយ​ចំនួន​ទៀត ទើប​អាច​បង្វឹក​ខួរក្បាល​ឲ្យ​ឆ្លាត​វាង​វៃ។ ខាង​ក្រោម​នេះ ជា​សកម្មភាព​មួយ​ចំនួន​ជួយ​ឲ្យ​ខួរ​ក្បាល​ក្មេង​កាន់​តែ​ឆ្លាតវៃ។

១- និយាយ ឬ​សួរ​នាំ​កូន​ឲ្យ​ច្រើន

ទម្លាប់​និយាយ និង​សួរ​នាំ​កូន​ឲ្យ​ច្រើន​ពី​នេះ​ពី​នោះ មិន​ថា​ពេល​នៅ​ផ្ទះ ឬ​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ទេ អាច​ជួយ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​កូន។ ពេល​សួរ​នាំ ក្មេង​ខំ​ប្រឹង​​គិត ខំ​ប្រឹង​ឆ្លើយ ដែល​ដំបូង​គេ​អាច​ឆ្លើយ​ខ្លីៗ យូរៗ​ទៅ​ គេ​អាច​បង្កើត​ឃ្លា​ឃ្លោង​បាន​យ៉ាង​ល្អ។

អត្ថបទពាក់ព័ន្ធ៖​ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ

២- ឆ្លើយ​​សំណួរ​របស់​កូន​គ្រប់​ពេល

ក្មេងៗ​ឆ្ងល់​ច្រើន ពេល​ឆ្ងល់ តែង​សួរ​អ៊ីចឹង​ហើយ ជួនកាល​សួរ​ដេញ​យើង​ជា​ប៉ា​​ម៉ាក់ ដល់​ថ្នាក់​ឆ្លើយ​មិន​ចេញ​ផង ​ក៏​មាន។ តែ​ទោះ​យ៉ាង​ណា ​យើង​មិន​ត្រូវ​ធុញ​ទ្រាន់ ឬ​គេច​វេះ​ពី​សំណួរ​របស់​កូន​នោះ​ទេ ព្រោះ​អាច​បង្អាក់​សកម្មភាព​ខួរក្បាល​របស់​គេ ត្រូវ​ព្យាយាម​រក​ចម្លើយ​ដែល​សមរម្យ ធ្វើ​ឲ្យ​អស់​ចម្ងល់។

២- និទាន​រឿង​ឲ្យ​ស្តាប់

អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់ មិន​មែន​ដើម្បី​តែ​រំសាយ​អារម្មណ៍​មួយ​មុខ​ទេ គឺ​អាច​ឲ្យ​ក្មេង​ចាប់​ផ្តើម​ស្គាល់​ពាក្យ ខួរក្បាល​ប្រឹង​ចាប់​យក​ពាក្យ​នីមួយៗ​នៅ​ក្នុង​សាច់​រឿង។ ពេល​អាន​រឿង យើង​ត្រូវ​រក​រឿង​ណា​ដែល​មាន​ខ្លឹមសារ​អប់រំ បណ្តុះ​គំនិត​ក្មេងៗ​ឲ្យ​ក្លាយ​មនុស្ស​ល្អ មិន​ត្រូវ​អាន​សៀវភៅ​ដែល​មាន​ហិង្សា បាញ់​បោះ​នោះ​ទេ។

៣- ច្រៀង​លេង​ជាមួយ​កូន

ចម្រៀង​ធ្វើ​ឲ្យ​សប្បាយ អ៊ីចឹង​ហើយ​ក្មេង​ងាយ​នឹង​ចាប់​អារម្មណ៍ គេ​អាច​បញ្ចេញ​សំឡេង​រណ្តំ​ទៅ​តាម​ចង្វាក់​ភ្លេង និង​ទំនុក​ច្រៀង។ ការ​ចាប់​ផ្ដើម​ជាមួយ​ចម្រៀង​ជា​ការ​បណ្ដុះ​ឲ្យ​កូន​មាន​ជំនាញ​សិល្បៈ​ផង ជា​ការ​ហាត់​ពត់​ក្មេង​ឲ្យ​ឆាប់​ចេះ​និយាយ និង​ជួយ​ដល់​ការ​លូតលាស់​​ខួរក្បាល។

អត្ថបទពាក់ព័ន្ធ​៖ មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

៤- លេង​ល្បែង​កម្សាន្ត​មាន​ប្រយោជន៍

ការ​ជ្រើសរើស​ល្បែង​កម្សាន្ត​ដែល​មាន​ប្រយោជន៍ ដូច​ជា​ ល្បែង​រៀប ឬ​ផ្គុំពាក្យ ល្បែង​សង់​ផ្ទះ ឬ​វត្ថុ​អ្វី​មួយ​ជា​ដើម ជា​ហ្វឹក​ហាត់​ខួរក្បាល​ក្មេង​ឲ្យ​ឆ្លាត​តាំង​ពី​ក្មេង។ ចូរ​កាត់​បន្ថយ​ការ​ឲ្យ​កូន​នៅ​មុខ​ទូរទស្សន៍ ទូរស័ព្ទ ឬ iPad តែ​ម្នាក់​ឯង។

តិចនិកចិញ្ចឹមកូន

៥- ហាត់ប្រាណ

ហាត់ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​សកម្មភាព​រាង​កាយ​ឲ្យ​រស់​រវើក​ប៉ុណ្ណោះ​ទេ ខួរក្បាល​ក៏​ស្វាហាប់​ទៅ​តាម​នោះ​ដែរ។ បើ​កូន​នៅ​តូច​ពេក​មិន​អាច​ហាត់​ប្រាណ​បាន​ទេ ម៉ាក់​ប៉ា​អាច​បង្រៀន​កូន​ឲ្យ​លើក​ដៃ​លើក​ជើង ដើរ និង​រត់​ចុះ​ឡើង​ក៏​បាន។

៦- ផ្តល់​អាហារ​សម្បូរ DHA

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ការ​ផ្តល់​អាហារ​បំប៉ន​បន្ថែម ឬ​ម្សៅ​ទឹក​ដោះ​គោ​ដែល​សម្បូរ DHA ដល់​កូន នោះ​ខួរក្បាល​ក៏​ឆ្លាត ភ្នែក​ក៏​ភ្លឺ។ ប្រភព​នៃ DHA មាន​នៅ​ក្នុង​ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គា​ធំៗ សាច់សត្វ ស៊ុត និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 20, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 20, 2019

អ្នកអាចចូលចិត្ត