ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទម្លាប់​របស់​ក្មេងៗ គឺ​ចូល​ចិត្ត​លេង​ច្រើន ឲ្យ​តែ​មាន​របស់​របរ​លេង ឬ​មាន​គ្នា​នៅ​ក្បែរ ទោះ​ឲ្យ​លេង​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ​ទ្រាន់​ដែរ។ ម៉ាក់​ប៉ា​ត្រូវចាំថា ការ​លេង​របស់​ក្មេង​មិន​អត់​ប្រយោជន៍​នោះ​ទេ ជួយ​ក្មេង​បាន​ច្រើន​ណាស់ ឲ្យ​តែ​យើង​ដឹង​ពី​របៀប​នៃ​ការ​លេង កំណត់​ពេល​វេលា​លេង​ឲ្យ​ច្បាស់​លាស់ និង​ចេះ​ជ្រើស​របស់​លេង​ដែល​មាន​ប្រយោជន៍​ចំពោះ​កូន។

អ្នកគ្រូ សន សុចិន្ដា បង្រៀននៅសាលាឯកជនថ្នាក់មត្តេយ្យ នៅភ្នំពេញ ថា ការ​លេង​របស់​ក្មេង មិន​ត្រឹម​តែ​ជា​ការ​កម្សាន្ត​ដើម្បី​តែ​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជា​ឧបករណ៍​បង្រៀន​ដ៏​សំខាន់​ផង​ដែរ។ តាម​រយៈ​ការ​លេង ក្មេង​នឹង​រៀន​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ និង​អភិវឌ្ឍ​ជំនាញ អារម្មណ៍​ផ្លូវកាយ ផ្លូវចិត្ត។

ទោះ​ជា​ការ​លេង​ផ្តល់​ប្រយោជន៍​ច្រើន​ក្តី តែអ្នកគ្រូ សន​ សុចិន្ដា ណែនាំ​ថា ក្នុង ១ ថ្ងៃ ម៉ាក់​ប៉ា​អាច​ឲ្យ​ពេលវេលា​កូន​ពី ៣០​ នាទីទៅ ១ ម៉ោង ដើម្បី​លេង​កម្សាន្ត។ បើ​ច្រើន​ពេក កូនៗ​នឹង​វក់​លេង លែង​ខ្វល់​ពី​ពេលវេលា​រៀន​សូត្រ ឬ​ស្វែង​យល់​ពី​អ្វីៗ​ផ្សេង​ទៀត។

អត្ថប្រយោជន៍​នៃ​ការ​លេង​របស់​ក្មេង៖

១- ជួយ​សកម្មភាព​រាងកាយ

ការ​រត់​លេង ដើរ​លេង ឬ​លេង​កីឡា​ផ្សេងៗ ជួយ​អភិវឌ្ឍ​សកម្មភាព​រាងកាយ ធ្វើ​ឲ្យ​មាន​តុល្យភាព​រាង​កាយ។ ការ​ចំណាយ​ពេល​ដើម្បី​បញ្ចេញ​​ថាមពល​រាងកាយ​តាម​បែប​ធម្មជាតិ ជួយបញ្ចេញជាតិពុលពីខ្លួនដោយការបញ្ចេញញើស ជួយចលនាចង្វាក់បេះដូងនិងដង្ហើម ពង្រឹងសាច់ដុំនិងឆ្អឹងបានល្អ ជួយ​ឲ្យ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ក្មេង​ឲ្យ​ប្រសើរ គេង​លក់​ស្កប់​ស្កល់។

២- ជួយ​ផ្លូវ​អារម្មណ៍

អំឡុង​ពេល​លេង មិន​ថា​លេង​ម្នាក់​ឯង ឬ​មាន​គ្នា​នោះ​ទេ កូន​ក្មេង​នឹង​ចេះ​ដោះស្រាយបញ្ហា ឬ​ស៊ូទ្រាំ​អារម្មណ៍​ភ័យ​ខ្លាច ខកចិត្ត បាក់ទឹកចិត្ត ខឹង​សម្បារ ហើយ​គេ​នឹង​ចាប់​ផ្តើម​ដឹង​ពី​អារម្មណ៍​ទាំងអស់​នេះ។

៣- ភ្ជាប់​ទំនង​ទំនាក់សង្គម

កាល​ណា​ក្មេង​លេង​ជាមួយ​ក្មេង​ដទៃ (លេង​ជា​ក្រុម) អាច​ជួយ​ឲ្យ​​ពួក​គេ​មាន​កម្លាំង​កំហែង​ប្រកួត​ប្រជែង​គ្នា ​ឲ្យ​ចេះ​សហការ​គ្នា និង​​ចែក​រំលែក​ក្តីស្រលាញ់គ្នាទៅវិញទៅមក​ជា​ដើម។ មួយវិញទៀត ជួយឲ្យក្មេងយល់ដឹងពីបរិយាកាសសង្គមបានផ្តល់ឲ្យ។

៤- បង្កើន​ការ​យល់​ដឹង

ម៉ាក់ប៉ា​មាន​ដឹង​ទេ រយៈពេល ៤-៥ ឆ្នាំ​ដំបូង ជា​វ័យ​ដែល​​ខួរក្បាល​ក្មេង​លូតលាស់​ខ្លាំង​បំផុត។ អ៊ីចឹង​ក្រៅ​ពី​អាហារ​បំប៉ន ឬ​ទឹកដោះ​គោ​ដែល​សម្បូរ DHA ជួយ​ដល់​ខួរក្បាល ការ​លេង​ក៏​ជួយ​ឲ្យ​ខួរក្បាល​លូត​លាស់​ដែរ។ ពេល​គេ​លេង​បណ្ដើរ ក្មេងៗ​នឹង​រៀន​គិត​បណ្ដើរ រៀន​អាន រៀន​ចង​ចាំ និង​រៀន​ត្រាប់​តាម​នូវ​អ្វី​ដែល​គេ​កំពុង​លេង និង​ផ្ចង់​អារម្មណ៍​នៅ​ពេល​លេង​នោះ។

៥- មាន​គំនិត​ច្នៃ​ប្រឌិត

ការ​លេង ក៏​ឱកាស​​នៃ​ការ​ស្រមើ​ស្រមៃ​របស់​ក្មេង បង្កើត​ពិភព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ឧទាហរណ៍ យើង​ឲ្យ​ក្មេង​លេង​គូរ​គំនូរ នោះ​គេ​ច្បាស់​ជា​គិត​ពី​អ្វី​ដែល​ត្រូវ​គូរ ដូច​ជា គេ​នឹង​គូរ​ពី​ផ្ទះ​ក្នុង​ស្រមៃ​របស់​ពួក​គេ អាច​ជា​ផ្ទះ​ធំ មាន​សួន​ច្បារ មាន​ឡាន​ទំនើប មាន​សត្វ​ចិញ្ចឹម​ជា​ដើម ឬ​គេ​ចង់​គូរ​ពី​ពិភពលោក​ដ៏​ស្រស់​បំព្រង​មួយ មាន​ចម្រុះ​ជាតិ​សាសន៍ ដែល​ទាំង​នេះ​ជា​គំនិត​ច្នៃ​ប្រឌិត​របស់​ពួក​គេ។

៦- ជួយ​ក្នុង​ការ​ទំនាក់​ទំនង

ការ​លេង​ធ្វើ​ឲ្យ​ក្មេង​ផ្លាស់​ប្តូរ​ការ​គិត ព័ត៌មាន ឬសារ តាមរយៈ​ការ​ធ្វើ​ជា​សញ្ញា ការ​និយាយ សរសរ ឬ​ក៏​សកម្មភាព ដែល​ទាំង​​នេះ​ជា​ការ​ភ្ជាប់​ជំនាញ​ទំនាក់​ទំនង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 7, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 7, 2019

អ្នកអាចចូលចិត្ត