ម៉ាក់ប៉ាគួរផ្ដល់ឱកាសឲ្យកូនសម្រេចចិត្តរឿង ៤ យ៉ាងតាំងពីក្មេង

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ការ​អប់រំ និង​ប្រៀនប្រដៅ​កូន​សម័យ​នេះ​មិន​ដូច​ជំនាន់​មុន​ទៀត​ឡើយ ហើយ​ចំពោះ​ការ​សម្រេចចិត្ត​ទៀតសោត​ប៉ា​ម៉ាក់​តែងតែ​ទុក​ឲ្យ​កូន​មាន​ផ្ដល់​មតិយោបល់​ជាមួយ​ផង​ដែរ។ អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ណែនាំ​រឿង​សំខាន់​ៗ​ដែល​ម៉ាក់ប៉ា​គួរ​ឲ្យ​កូន​ចេះ​សម្រេចចិត្ត​តាំងពី​ក្មេង ដើម្បី​ជា​ទុន​ផ្ដល់​ទំនុក​ចិត្ត និង​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួនឯង​នា​ពេល​អនាគត។

១- ជ្រើសរើស​សម្លៀកបំពាក់​ដោយ​ខ្លួនឯង

កូន​ចាប់ពី​អាយុ ២ ឆ្នាំ​ឡើង​ប្រាកដជា​ចេះដឹង​ពី​រឿង​ស្លៀកពាក់​ខ្លះ​ៗ​ហើយ ដូចនេះ​គួរតែ​ផ្ដល់​ឱកាស​ឲ្យ​គេ​បាន​ជ្រើសរើស​អ្វី​ខ្លួន​ចង់​ស្លៀកពាក់។ ប្រសិនបើ​យើង​យល់​ថា វា​មិន​ស្អាត មិន​សម​យើង​អាច​បន្ថែម​គំនិត​ខ្លះ​ៗ ដោយ​ជ្រើសរើស​អ្វី​មក​តុបតែង​បន្ថែម​ដូចជា​ស្បែកជើង កាបូប ឬ​ប្រាប់​កូនដើម្បី​ឲ្យ​គេ​កាន់តែ​យល់​ដឹង​អ្វី​ល្អ​សម្រាប់​ខ្លួន​កាន់តែ​ច្រើន។

តិចនិកចិញ្ចឹមកូន

២- ឱកាសរៀបចំទុកដាក់

កន្លែង​រស់នៅ​​ជុំ​គ្ នា​ទោះ​នរណា​អ្នក​ធ្វើ​ឲ្យ​រាយប៉ាយ តែ​យើង​គួរតែ​ទុកឱកាស​ឲ្យ​​កូនជាអ្នករៀបចំ​អីវ៉ាន់ ដោយ​ដើរ​រៀប​ជាមួយ​បណ្ដើរ និង​ប្រាប់​ពី​កន្លែង​ត្រូវ​ទុក​ដាក់។ ប្រសិនបើ​យើង​រៀបចំ និង​ជួយ​កូន​គ្រប់យ៉ាង ពេល​ធំ​ឡើង​កូន​នឹង​មិន​អាច​ចេះ​ធ្វើ​អ្វី​ខ្លួនឯង និង​មិន​អាច​រស់នៅ​ឆ្ងាយ​ពី​គ្រួសារ​ឡើយ ព្រោះ​គេ​មិន​អាច​ជួយ​ខ្លួន​គេ​បាន។

៣- ទុកឱកាសឲ្យកូនធ្វើខុសខ្លះ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កូន​ធំ​ឡើង​រហូត ដូចនេះ​កុំ​គិត​ថា​កូន​នៅតែ​ជា​ក្មេង​មិន​អាច​ធ្វើ​អ្វី​បាន។ ការ​ព្យាយាម​ឃាត់ឃាំង​ខ្លាំង​ពេក ឬ​ទទួលខុស​ជំនួសកូន​ មិន​អាច​ឲ្យកូនសម្រេច​ចិត្ត និង​ធំ​ឡើង​ដោយ​បញ្ហា​ស្មារតី​ឡើយ ដូចនេះ​បណ្ដោយ​ឲ្យ​កូន​ធ្វើ​រឿង​ដែល​គេ​ចង់​ចុះ នៅ​ពេល​ខុស​យើង​គ្រាន់តែ​ចាំ​ណែនាំ។ ទង្វើ​នេះ ធ្វើឲ្យ​កូន​រៀន​យល់​ដឹង​ពី​កំហុស​ឆ្គង​ទុក​ជា​បទពិសោធក្នុង​ជីវិត ហើយ​ថ្ងៃ​អនាគត​កូន​នឹង​មិន​ធ្វើ​ខុស​តទៅទៀត​ទេ។ ត្រូវ​ទុក​ឱកាស​ឲ្យ​កូន​បាន​ធ្វើ​ខុស​ខ្លះ នោះ​ទើប​​គេ​អាច​រក​ត្រូវ​បាន ប្រសិនបើ​ផ្លូវ​ត្រូវ​យើង​រៀបចំ​ឲ្យ​រហូត ក្មេង​មិន​អាច​បែង​ចែក​ថា​មួយ​ណា​ខុស មួយ​ណា​ត្រូវ​នោះ​ទេ។

៤- ទុក​ឱកាស​ឲ្យ​បង្ហាញ​សមត្ថភាព​ខ្លួនឯង

ម៉ាក់​ប៉ា​នៅ​ក្នុង​ប្រទេស​យើង​ភាគច្រើន ពេល​គេ​សួរនាំ​ឈ្មោះ ឬ​សួរ​អ្វី​ពី​កូន ចូលចិត្ត​ឆ្លើយ​ជំនួស។ តែ​នោះ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ យើង​ត្រូវ​បង្រៀន​កូន​​ឲ្យ​ចេះ​ឆ្លើយ​តប​ជាមួយ​សំណួរ​ផ្សេងៗ។ ការ​ដែល​ក្មេង​ចេះ​ឆ្លើយ​តប​ខ្លួនឯង​ពិតជា​រឿង​សំខាន់​ចំពោះ​ទំនាក់ទំនង​នឹង​អ្នក​ដទៃ ហើយ​ក៏​ធ្វើឲ្យ​កូន​ឆ្លើយ។ ដំបូង​ៗ​កូន​អៀន ឬ​អាច​ភិតភ័យ​ខ្លះ តែ​ត្រូវ​ឲ្យ​គេ​បង្ហាញ​ពី​សមត្ថភាព​ឆ្លងឆ្លើយ ទើប​អាច​​ភាព​បណ្ដុះ​ភាព​ស្វាហាប់។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 17, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 23, 2019

អ្នកអាចចូលចិត្ត