ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

កុមារ​តូច​ៗ​ជាច្រើន​ប្រឈម​​នឹង​ជំងឺ​រលាកត្រចៀក​ក្នុង​ ដែល​យើង​ច្រើន​តែ​ហៅ​ត​ៗ​គ្នា​ថា អំបៅអំបែក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បញ្ហា​បែប​នេះ​ភាគច្រើន​មកពី​អាណាព្យាបាល​ផ្ទាល់​តែម្ដង។ ក្រៅពីនោះ​លោក​ក៏​បាន​ប្រាប់​ពី​ផលប៉ះពាល់នៃការកើតអំបៅអំបែក និងផល​ប្រយោជន៍របស់អាចម៍​ត្រចៀក។

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ធ្វើឲ្យ​កុមារ​រលាកត្រចៀកក្នុងមកពី ២ មូលហេតុ​យ៉ាង​ ទី​១ ម៉ាក់ប៉ា​យក​អ្វី​ទៅ​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស ឬ​ការ​ខ្វារ​យក​អាចម៍​ត្រចៀក​កូន ហើយ​ទី​២ មក​ពី​ដៃ​ក្មេង​គគ្រិច ឬ​ក្រចក​វែង​លូក​ខ្វះ​ត្រចៀក​ដោយ​ខ្លួនឯង។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ពន្យល់ពីផល​ប្រយោជន៍​ និង​​តួនាទី​អាចម៍ត្រចៀក «Ear Wax» មាន​ច្រើន​ខ្លាំង​ណាស់៖

ថែទាំកូន
១- អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំងនេះ​ចូលចិត្ត​កន្លែង​សើម​ៗ​ណាស់។

២- ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំងនោះ​មិន​ចូលចិត្ត​ក្លិន និង​រសជាតិល្វីង​របស់​អាចម៍​ត្រចៀក​នោះ​ទេ។

៣- វា​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ៗ​ដែល​អាច​នាំ​ឲ្យ​ខូច​ក្រដាស​ត្រចៀក។ ដូច្នេះ​ហើយ​យើង​មិន​ចាំបាច់​ខំ​ខ្វារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​របស់​វា ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ​គឺ​វា​កាន់តែ​រុញ​អាចម៍​ត្រចៀក​នោះ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ត្រចៀក​អាច​​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។ អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង​នៅ​ពេល​ដែល​វា​ដល់​កំណត់ តែ​យើង​អាច​ខ្វារ​វា​យក​ចេញ​នៅ​ពេល​ដែល​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ការ​ស្ដាប់ ឬ​យើង​អាច​សម្អាត​ដោយ​សម្លី​ថ្នម​ៗ​កុំ​ឲ្យ​ឃើញ​កខ្វក់​ពេក។

ចំណែក​ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាច​បណ្ដាល​ឲ្យ​ថ្លង់​បាន ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​ណា​មួយ ​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ដែល​មាន​ឯកទេស​ត្រឹមត្រូវ ចៀសវាង​ធ្វើ​ដោយ​ខ្លួនឯង ព្រោះ​យើង​មិន​មាន​ជំនាញ។

អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 9, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 9, 2019

អ្នកអាចចូលចិត្ត