ទារកទើបកើត មានដុំថ្លា សតូចៗលើមុខជាអ្វី?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​ទើប​នឹង​កើត​ស្បែក​នៅ​ខ្ចី​ណាស់​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​បរិយាកាស​ខាងក្រៅ ឬ​របស់​មិន​ល្អ​ធ្វើឲ្យ​ឡើង​កន្ទួល​រមាស់។ ក្រៅពី​ប្រតិកម្ម​ជាមួយ​អ្វី​មួយ បញ្ហា​មុខ​ទារក​មាន​ដុំ​ថ្លា​ស​តូច​ៗ​ពេញ​ច្រមុះ និង​ផ្ទៃមុខ​នេះ មិន​បាន​ប៉ះពាល់​អ្វី​ទាំងអស់ ពោល​គឺ​កើតឡើង​ដោយ​ឯង​ៗ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា​បញ្ហា​នោះ​ភាសា​បច្ចេកទេស​ហៅថា Milia ដែល​កើតឡើង​ដោយសារ​ជាតិ​ការ៉ាទីត​នៅ​ក្រោម​ស្បែក ដែលជា​សារធាតុ​ប្រូតេអ៊ីន​នៅ​ក្នុង​ស្បែក សក់ ឬ​ក្រចក ជាដើម។ ចំពោះ​ផល​ប៉ះពាល់​វិញ គ្មាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ​គ្រាន់តែ​ស្បែក​កូន​ទៅ​ជា​គគ្រើម និង​បាត់បង់​សោភណភាព​របស់​កូន​តែ​ប៉ុណ្ណោះ។

ថែទាំកូន

លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ម៉ាក់​ៗ​ដែល​មាន​កូន​កើត Milia នេះ​គួរតែ​យក​កូន​ទៅ​ជួប​ពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាលនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនិងស្បែកដើម្បីទទួលការព្យាបាល ដូចជា​ថ្នាំលាប បក​ដោយ​ថ្នាំ និង​កោស​សម្អាត​ជាដើម។ បញ្ហា​នេះ គ្មាន​វិធី​បង្ការ ឬ​ទប់ស្កាត់​មិន​ឲ្យ​កើត​ឡើង​បាន​ឡើយ តែ​ទារក​ក៏​មិន​ទាំងអស់​ទេ ដែល​កើត Milia លើ​ស្បែក ហើយ​ទារក​ខ្លះ​ក៏​កើត​ច្រើន​ពេញ​មុខ ហើយ​ខ្លះ​ទៀត​លើ​ច្រមុះ ឬ​កៀន​ច្រមុះ​បន្តិច។

មួយ​វិញ​ទៀត​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ហាម​មិន​ឲ្យ​ម៉ាក់​ប៉ា​យក​អ្វី​ទៅ​លាប​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ព្រោះ​មិន​ត្រឹម​មិន​បាត់ ថែមទាំង​កើត​បញ្ហា​ស្បែក​ផ្សេង​ៗ​ទៅ​វិញ​ដូចជា​រោល រមាស់ និង​ឡើង​ពងបែក​វិញ។

អត្ថបទពាក់ព័ន្ធ៖ កូនអត់កើតលឿង អាចយកទៅហាលថ្ងៃបានអត់?

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 20, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 20, 2019

អ្នកអាចចូលចិត្ត