អាយុ ១២ សប្តាហ៍៖ ចង់ឲ្យកូនឆាប់ចេះនិយាយ មានអីពិបាក សាកប៉ុន្មានក្បាច់នេះទៅ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ការលូតលាស់ និងអាកប្បកិរិយា

បេប៊ី​ឈាន​ចូល​ដល់​អាយុ ១២ សប្តាហ៍ ម៉ាក់​ប៉ា​ច្បាស់​ជា​ប្លែក​អារម្មណ៍ សប្បាយ​ចិត្ត​មិន​ខាន ពេល​ដែល​ឃើញ​អាអូន​ចាប់​ផ្តើម​បញ្ចេញ​សំឡេង និង​ចេះ​ច្រើន​ជាង​មុន។ តើ​កូនៗ​យើង​មាន​ការ​លូត​លាស់​អ្វីខ្លះ?
– សើច​​​ឥត​​​ឈប់
– សើច​ឮៗ
– ផ្គុំ​​​ដៃ​​​ចូល​​​គ្នា
– ស្រែក​​​ពេល​​​ចង់​​​បាន​​​អ្វី​​​មួយ
– ងើប​​​ក្បាល​​​ឡើង​​បាន ៩០ ដឺក្រេ ពេល​​​គេង​​​ផ្កាប់
– មើល​​​តាម​​​របស់​​​ដែល​​​មាន ចម្ងាយ ​១៥ ស.ម ពី​​​ខ្លួន
– បែរ​​​ខ្លួន​​​ពី​​​ម្ខាង​​​ទៅ​​​ម្ខាង​​​ទៀត​​​បាន ១៨០ ដឺក្រេ

១- បង្រៀនកូនពីអី?
នៅ​ពេល​អូន​តូច​ចាប់​ផ្តើម​ប្រែ​ប្រួល​ទាំង​សំឡេង និង​សកម្មភាព​មួយ​ចំនួន​ម៉ាក់​ប៉ា​គួរ​តែ​អាន​ឲ្យកូន​ស្តាប់​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យការលូត​លាស់​បាន​ល្អ ព្រោះ​បេប៊ីអាច​ឆាប់​ចាប់​បាន​សំឡេង នៃ​ភាសា​និយាយ​បាន​បណ្តើរៗ​ហើយ។ ម្តង​ម្កាល​ម៉ាក់​ប៉ា​គួរ​តែ​ព្យាយាម​លើក​ដាក់​សំឡេង ផ្លាស់ប្តូរ​តុង​នៃ​ការ​និយាយ និង​ច្រៀង​ឲ្យ​កូន​ស្តាប់​កាន់​តែ​ប្រសើរ ធ្វើ​បែបនេះ​ជួយ​ឲ្យ​អូន​តូច​ឆាប់​ចេះ​និយាយ។

​ម៉ា​ក់ប៉ា​គួរ​អាន​សៀវភៅ​បែប​ណា​ឲ្យ​អូនៗ​ស្តាប់? មិន​​ពិបាកសោះ យើង​អាច​ជ្រើស​រើស​សៀវភៅ​មាន​រូបភាព​ធំៗ មាន​ពាក្យ​សាមញ្ញ ល្អ​បំផុត​សម្រាប់​អាន​ឲ្យ​អូន​តូច​ស្តាប់។ ពេល​ខ្លះ​មិន​ចាំបាច់​ជ្រើស​រើស​សៀវភៅ​គិត​តាម​អាយុ​ពេក​ទេ សំខាន់​ឲ្យ​សម្បូរ​រូបភាព​ស្អាតៗ ងាយ​ឲ្យ​បេប៊ី​ចាប់​អារម្មណ៍។ ប៉ុន្តែ​មុន​នឹង​អាន​ឲ្យ​អូនៗ​ស្តាប់ ម៉ាក់​ប៉ា​កុំ​ភ្លេច​ធ្វើ​សកម្ម​ភាព​ខាង​ក្រោម​នេះ ជា​មុន​សិន៖
-​​​ ប្រឡែង ឬ​និយាយ​លេង
-​​​ លេង​​​ហ្គេម​​​ផ្សេង​​​ៗ
-​​​ ចាប់​ផ្តើម​អាន​​​ពេលកូន​ចាប់​​​អារម្មណ៍​​​នឹង​​យើង។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
កូន​នៅ​តូច មិន​ទាន់​ដឹង​ក្តី ម៉ាក់ប៉ា​ពិបាក​ថែទាំ​បន្តិច​ហើយ ត្រូវ​នៅ​កៀក​កិត ឃ្លាំមើល​អាអូន​គ្រប់​ពេល។ អាការៈ​របស់​​​ក្មេង​មាន​​​សភាព​​​ផ្សេង​​​ៗ​​​ពី​​​គ្នា ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចេះ​កត់​​​សម្គាល់ រួសរាន់​​​យក​​​កូន​​​ទៅ​​​ពេទ្យ​ប្រសិន​បើ​មាន​បញ្ហា​មិន​ប្រក្រតី។ នៅ​សប្តាហ៍​នេះ​គ្រូពេទ្យ​នឹង​ពិនិត្យ វាយ​តម្លៃ​ការ​លូតលាស់​របស់បេប៊ី មាន​ដូចជា៖

– វាស់​​​កម្ពស់ ថ្លឹងទម្ងន់
– វាស់​​​ទំហំ​ក្បាល និង​​​វាយ​​​តម្លៃ​​ការ​​​លូតលាស់​​​កូន
– ពិនិត្យ​​​រាងកាយ និង​​​តាម​​​ដាន​​​ជំងឺ​​​ពី​​​មុន
– ណែនាំ​​​អំពី​​​ការថែទាំ​​​កូន​​​នៅ​​​ខែ​​បន្ទាប់ៗ។

៣- ត្រូវដឹងពីអីខ្លះ?
ក្បាល​​​កូន​​​សំប៉ែត៖ ភាគ​ច្រើន​បណ្តាល​​​មក​​​ពី​យើង​ដាក់​ឲ្យ​កូន​គេង​ក្នុង​ទម្រង់​ដដែល (គេងចំហៀង ឬផ្ងារ) យូរ​​​ពេក។ ឆ្អឹង​​​ក្បាល​​​របស់​​​បេប៊ី​ទើប​នឹង​កើត​​​​​​នៅ​​​​​​ទន់​​​ខ្ចី ងាយ​​​ប្តូរ​​​ទ្រង់​​​ទ្រាយ​​​ទៅ​​​ជា​​​សំប៉ែត​​​នៅ​​​ពេល​​​រង​​​សម្ពាធ​ដដែល​​​យូរ។ មិន​​​ថា​​​ក្បាល​​​កូន​​យើង​​​សំប៉ែត​​​ខ្លាំង​​​ប៉ុនណា​​​ទេ នៅ​​​ពេល​​​បេប៊ី​ចេះ​ដើរ និង​​​អង្គុយ រូប​​​រាង​​​ក្បាល​​​នឹង​​​ត្រលប់​​​មក​​​ទ្រង់​​​ទ្រាយ​​​ធម្មតា​​​វិញ។
យ៉ាង​​​ណា​​​មិញ ម៉ាក់ប៉ា​​​គួរ​​​តែ​​​យក​​​កូនទៅ​​​ពិគ្រោះ​​​ជាមួយ​​​​​គ្រូពេទ្យ​​​ឯក​​​ទេស​​​កុមារ ឬ​​​ឆ្អឹង​​​ក្បាល ដើម្បី​ប្រាកដ​​​ថា​​​ករណី​​​កូន​​​យើង​​​មិន​​​ធ្ងន់​​​ធ្ងរ មិន​​​តម្រូវ​ឲ្យ​​ព្យាបាល។ បើ​​​​ធ្ងន់​​​ធ្ងរ គ្រូពេទ្យ​​​អាច​​​នឹង​​​ណែនាំ​​​ឲ្យ​កែ​តម្រូវ​ទ្រង់​​​ទ្រាយ​​​ក្បាល​​​កូន​​​នៅ​​​ផ្ទះ ដូច​​​ជា​​​ការ​​​ដាក់​​​ឲ្យ​​​អាអូន​​​គេង​​​ផ្ងារ​​​ដើម្បីឲ្យ​​​សាច់​​​ដុំ​​​ក​​​ឆាប់​​​រឹង​​​មាំ។

ក្បាល​​​កូន​ទំពែក ឬ​​ជ្រុះ​​​សក់៖ ជា​ទូទៅ​ក្បាល​ក្មេង​​​ទំពែក​​​ដោយ​​​សារ​​​តែ​​​សកម្មភាព​​​របស់​​​ពួកគេ ដូចជា​អាអូន​​​​​​​ចូល​​​ចិត្ត​​​ដាក់​​​ក្បាល​​​ក្នុង​​​ទម្រង់ដដែល យក​​​ក្បាល​​​ទៅ​​​កកិត​​​នឹង​​​ពូក ឬ​​​ក៏​​​កន្លែង​គែមៗ ធ្វើ​ឲ្យ​ជ្រុះ​សក់។ គ្មានអី​ត្រូវ​ព្រួយ​ទេ នៅ​​​ពេល​អាអូន​ធំ​ឡើង​ទម្លាប់​ទាំង​នេះ​​​នឹង​​​ចាប់​​​ផ្តើម​បាត់ ហើយ​ការ​ជ្រុះ​សក់​ក៏​លែង​មាន​ដែរ។ រយៈ​​​ពេល​​​នៃ​​​ការ​​​ដុះ​​​សក់​​​មក​​​វិញ​​​ខុស​​​ៗ​​​គ្នា ក្មេង​​​ខ្លះ​​​ជ្រុះសក់​​​ភ្លាម​​​ដុះ​​​ភ្លាម​​​តែ​​​ម្តង តែ​​​ខ្លះ​​​ទៀត​​​ត្រូវ​​​ការ​​​ពេល​​​យូរ​​​បន្តិច។

ក្លន​​​លូន​​​ទ្រនាប់​​​ឆ្អឹង​​​កង​​​ខ្នង៖ ជាទូទៅ ជំងឺ​​​ក្លន (រោគ​សរសៃ ឬ​ដុំម្យ៉ាង​ធ្វើ​ចុក​សៀត) កើត​ឡើង​ដោយ​​​សារ​​​តែ​​​លើក​​​របស់​​​ធ្ងន់​​​ៗ ប៉ុន្តែ​​​ទោះ​​​បី​​​ជា​​​ក្មេង​​​មិន​​​បាន​​​លើក​របស់​​​អ្វី​​​ធ្ងន់ ក៏​​​ក្លន​​​នៅ​​​តែ​​​អាច​​​កើត​​​មាន​​​លើ​ពួក​គេ​ដែរ។ ក្លន​​​លូន​​​ទ្រនាប់​​​ឆ្អឹង​​​កង​ខ្នង​កើត​ឡើង​ជា​ញឹកញាប់​ទៅ​លើ​ក្មេង​ប្រុស ដែល​កើត​មិន​គ្រប់ខែ និង​កូនភ្លោះ។ អាការៈ​​​ងាយ​​​ចំណាំ​​​ជំងឺ​​​នេះ គឺ​មាន​​​ដុំ​​​នៅ​​​​​​ចន្លោះ​​​ភ្លៅ និង​​​ពោះ ជាពិសេស​​​នៅ​​​ពេល​​​អាអូនយំ ហើយ​វា​នឹង​រួញ​ទៅ​វិញ​ពេល​​​ឈប់​​​យំ។

ក្លន​​​នៅ​​​ក្រលៀន​​​​​​ក៏​​​អាច​​​កើត​មាន​​​លើ​អូន​តូច​ដែរ ​​ដោយ​​​សារ​​​ការ​​​ធ្លាក់​​​ចុះ​​​របស់​​​ពោះវៀន​​​ចូល​​​ទៅ​​​ក្នុង​ថង់​​​ពង​​ស្វាស​​​ធ្វើ​ឲ្យ​ហើម ឬ​​​ក៏​​​មាន​​​ដុំ​​​នៅ​​​ទី​​​នោះ។ ប្រសិន​​​ជាទទួល​​បាន​​​ការ​​​ព្យាបាល​​​ត្រឹម​​​ត្រូវ ជំងឺ​​​ក្លន​​​នេះ​​​មិន​​​បង្ក​​​ជា​​​គ្រោះ​​​ថ្នាក់​​​អ្វី​​​ធ្ងន់​​​ធ្ងរទេ។ ដូច្នេះ​​​យើងគួរ​​​រួសរាន់​​​យក​​​កូន​​​ទៅ​​​ពេទ្យ​​​បើ​ឃើញ​មាន​​​ដុំ​​​អ្វី​​​មួយ ឬ​​​ក៏​​​អាការៈ​​​ហើម​នៅ​​​នឹង​​​ក្រលៀន​​​របស់​​​កូន។ ការ​ព្យាបាល​​​ជំងឺ​​​ក្លន​​មាន​ច្រើន​​​វិធី ប៉ុ​​​​​​​​​ន្តែ​​​វិធី​​​ដែល​​​ពេញ​​​និយម​​​ហើយ​​​មាន​​​អត្រា​​​ជោគជ័យ​​​ខ្ពស់​​​ជាង​​​គេ​​​នោះ គឺ​​​វះកាត់ ហើយ​ករណី​​​ក្លន​​​លើ​ទារក​​​ខ្លះ​​​ក៏​​​តម្រូវ​​​ឲ្យ​​​ជ្រើស​​​យក​​​វិធី​​​នេះ​​​ដែរ។

បើមិន​ព្យាបាល​ទេ ជំងឺ​នេះ​អាច​ធ្វើឲ្យ​មាន​​​សម្ពាធនៅ​​​លើ​​​​​​​​​ស្រទាប់​​សាច់​​​ដុំ​​​នៅ​​​​​​ក្រលៀន បណ្តាល​​​ឲ្យ​​​បាត់​​​បង់​​​ឈាម​​​ទៅ​​​ចិញ្ចឹម​​​ពោះ​​​វៀន និង​រំខាន​​​ដល់​​​ប្រព័ន្ធ​​​រំលាយ​​​អាហារ។ អូនតូច​​​នឹង​​​ចាប់​​​ផ្តើម​​​​​​ឈឺ​​​ចាប់ ក្អួត អាច​នឹង​​​​​​ឈាន​​​ដល់​​​ដំណាក់​​​កាល​​​បាត់​​​បង់​​​ជីវិត។ ប្រសិន​​​បើ​កូន​យើង​មាន​​​អាការៈ​​​បែប​​​នេះ គប្បី​​​រួសរាន់​​​យក​​​ទៅ​​​ពេទ្យ​ដោយ​​​យក​​​ទឹក​​​កក​​​ស្អំ​​​នៅ​​​ក្រលៀន​​​តាម​​​ផ្លូវ និង​​​ជៀស​​​វាង​​​ការ​​​យក​​​ដៃ​​​រុញ​​​ដុំ​​​ពោះ​​​វៀន​​​ឡើង​ទៅ​លើ។

ការព្រួយបារ​ម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?
​​​ជា​​​ទូទៅ​ម៉ាក់ប៉ា​​​តែង​​​តែ​​​​​​​​​ប្រៀប​​​ធៀប​​​កូន​​​ខ្លួន​​​​​​ជាមួយ​​​នឹង​​​ក្មេង​​​ដទៃ ​​​ដើម្បីចង់​​​ដឹង​​​ពី​​​ភាព​​​ប្រក្រតី​​​នៃ​​​​​​ការ​​​លូត​​​លាស់​​​ ​​និង​ដឹង​​​ពី​​​​​​កម្រិត​​​បញ្ញា​​​របស់​​កូន ក៏​​​ប៉ុ​​​ន្តែ​​​ការ​​​ប្រៀប​​​ធៀប​​​ទាំង​​​នេះ​មិន​​​ត្រឹម​​​តែ​​​ជា​​​រឿង​​​គ្មាន​​​ប្រយោជន៍​​​ទេ វា​​​ថែម​​​ទាំង​​​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​កាន់​តែ​ព្រួយ​​​បារម្ភ និង​​​ខ្វល់​ខ្វាយ​ចិត្ត​ទៀត​​​ផង​​​។

ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា ការ​​​លូតលាស់​​​របស់​​​បេប៊ីមិន​ដូច​គ្នា​ទេ អូនៗ​ខ្លះ​​​អាច​​​ឆាប់​​​ចេះ​​​និយាយ ខ្លះ​​​ទៀត​​​អាច​​​ឆាប់​​​ចេះ​​​ដើរ។ មាន​​​បេប៊ី​ខ្លះ​​​​​​​​​ចាប់​​​ផ្តើម​ចេះ​​​វារ​​​តាំង​​​ពី​​​អាយុ ១២ ខែ តែ​​​ចេះ​​​ដើរនៅ​​​អាយុ ១៥ ខែ ចំណែក​​​ឯ​​​បេប៊ី​​​ខ្លះ​​​វិញ មិន​​​ចេះ​​​វារ​​​ទេ តែ​​​ចាប់​​​ផ្តើម​ចេះ​​​ដើរ​​​នៅ​​​អាយុ ១០ ខែ​​​តែ​​​ម្តង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 26, 2018 | កែសម្រួលចុងក្រោយ ខែ​តុលា 3, 2019

ប្រភព
អ្នកអាចចូលចិត្ត