នៅពេលដែលកូនតូចមានអាការៈហើមភ្នែក ប៉ាម៉ាក់ច្បាស់ជាមានការព្រួយបារម្ភខ្លាំងមិនខាន។ ពិតណាស់ កូននៅតូចមិនអាចនិយាយប្រាប់យើងអំពីអាការៈរបស់ខ្លួនបានឡើយ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលសញ្ញាមួយចំនួនដែលបណ្ដាលឲ្យកូនហើមត្របកភ្នែក ក្រហម ឬចេញទឹកភ្នែក។ យ៉ាងណាមិញ អាការៈហើមភ្នែកខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែករណីខ្លះទៀតអាចកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើប៉ាម៉ាក់មិនឆាប់រកវិធីព្យាបាលទេនោះ។
ជាទូទៅ អាការៈហើមភ្នែកអាចបណ្ដាលមកពីកត្តាទាំងនេះ
១. អាលែកហ្ស៊ី
ប្រសិនបើទារកប៉ះពាល់ទៅនឹងសារធាតុដែលធ្វើឲ្យរលាកក្រហាយ ដូចជាផ្សែងបារី លម្អង ឬពពួកចៃ អាអូនអាចនឹងវិវត្តទៅជាប្រតិកម្មអាលែកហ្ស៊ីយ៉ាងងាយ។ ជាទូទៅ វានឹងបណ្ដាលឲ្យកើតមានរោគសញ្ញាមួយចំនួនដូចជាហើម និងក្រហមនៅលើត្របកភ្នែកភ្លាមៗ ដូចនេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលថាកូនបានប៉ះពាល់អ្វីខ្លះនៅពេលថ្មីៗនេះ។
២. មូសខាំ
មូសខាំក៏អាចធ្វើឲ្យភ្នែកហើមផងដែរ។ ការហើមប្រភេទនេះ គឺមិនមានការឈឺចាប់ឡើយ ប៉ុន្តែវាអាចរមាស់រហូតដល់១០ថ្ងៃឯណោះចំពោះទារកតូចៗ។ ការហើមដោយសារមូសខាំមានពណ៌ផ្កាឈូក ឬក្រហម។