ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ប៉ាម៉ាក់ត្រូវធ្វើរឿង ៥ យ៉ាងនេះតាំងពីកូននៅតូច

    ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ប៉ាម៉ាក់ត្រូវធ្វើរឿង ៥ យ៉ាងនេះតាំងពីកូននៅតូច

    ចិញ្ចឹមកូនឱ្យធំដឹងក្តីគឺស្រួលទេ តែបើចង់ចិញ្ចឹមកូនឱ្យក្លាយជាបុគ្គល​ជោគ​ជ័យនាពេល​អនាគត​ទើប​ជារឿងពិបាក។ ក្មេងៗមានសមត្ថភាពខុសៗគ្នាតាំងពីកំណើត យ៉ាងណាមិញមានវិធីដែល​ម៉ាក់ប៉ា​អាច​ជំរុញខួរក្បាលកូនៗ និងប្រើ​ព្រឹត្តិការណ៍​ប្រចាំថ្ងៃបង្រៀនកូនតាំងពីតូចៗ ដើម្បីឱ្យកូន​ៗធំ​ឡើង​ដោយរីករាយ និងមានអានាគតល្អ។

    លោក Carlota Nelson អ្នកដឹកនាំភាពយន្តឯកសារខួរក្បាល (Brain Matters) បានលើកឡើងពី​គន្លឹះ​ងាយៗ មានប្រសិទ្ធភាព និងផ្អែក​លើ​វិទ្យាសាស្ត្រចំនួន ៥ ដែលនឹងបង្ហាត់បង្ហាញ​ផ្លូវប៉ាម៉ាក់​ឱ្យ​ជួយ​កូន​ៗឱ្យក្លាយជាបុគ្គលជោគជ័យនាពេលអនាគត។

    ១. ជំរុញឱ្យទារកនិយាយ

    សំឡេង និងកាយវិការទារកជាវិធីតែមួយគត់ដែលពួកគេអាចធ្វើការទំនាក់​ទំនងជាមួយមនុស្សធំ។ តាម​ការសិក្សាបានឱ្យដឹងថា ប៉ាម៉ាក់គួរឆ្លើយ​តបទៅនឹងសំឡេង និងកាយវិការរបស់ទារក ព្រោះ​សំឡេង​ដែលទារកបញ្ចេញនឹងកំណត់ពីចំនួនពាក្យដែលអាអូនចេះនៅអាយុ ២ ឆ្នាំ និងកម្រិត​ការ​អាន​របស់អូនតូចនៅពេលក្រោយ។

    ២. ឧស្សាហ៍អានឱ្យអូនតូចស្តាប់ដើម្បីឱ្យអូនតូចរីកចម្រើនផ្នែកភាសា

    នៅអាយុ ៣ ខែទារកអាចបែងចែកសំឡេងបានហើយ។ រាល់ពេលប៉ាម៉ាក់​អាន​ឱ្យកូនស្តាប់ ប៉ាម៉ាក់​បានបង្រៀនជំនាញភាសាដល់អូនតូចហើយ។ ពេល​អានសៀវភៅឱ្យអូនតូចស្តាប់ ប៉ាម៉ាក់អាច​ចង្អុល​ទៅរូបភាពនៅក្នុងសៀវភៅ និងសួរសំណួរអំពីសាច់រឿង និងតួអង្គដូចជា “ រូបនេះ​មានពណ៌​អី?” ឬ “មានសត្វចាបប៉ុន្មានក្បាល?” ។ ការអានឱ្យកូនៗ​ស្តាប់មិនត្រឹមតែបង្រៀន​កូនៗនូវពាក្យថ្មីៗ​ប៉ុណ្ណោះទេ ប៉ុន្តែប៉ាម៉ាក់ថែមទាំងបង្រៀនអូនតូច​ឱ្យស្រឡាញ់សៀវភៅ និងការអានទៀតផង។

    ៣. ប្រើព្រឹត្តិការណ៍ប្រចាំថ្ងៃដើម្បីបង្រៀនអាអូន

    ប៉ាម៉ាក់អាចបង្រៀនអូចតូចតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជាពេលងូតទឹក ពេលស្លៀកពាក់ ពេល​បត់ខោអាវ ពេលលាងបន្លែ ពេលចម្អិនម្ហូប។ល។ ដោយរៀបរាប់ពី​អ្វីដែលប៉ាម៉ាក់​កំពុងធ្វើដើម្បី​ជំរុញ​ភាសាដល់កូន ឬរាប់ចំនួនខោអាវដើម្បីបង្រៀនគណិតវិទ្យា ឬរៀបរាប់ពីគ្រឿងផ្សំ​អាហារដើម្បី​លើក​កម្ពស់​ការគិតបែបវិទ្យាសាស្ត្រ។ ម៉ាក់ប៉ាក៏អាច​ធ្វើទឹកមុខខុសៗ​គ្នាដើម្បី​បង្រៀនពីអារម្មណ៍​ខុសៗគ្នា​ដល់អូនតូចដែរ ។

    ប៉ាម៉ាក់ចង់ឱ្យកូនក្លាយជាបុគ្គលជោគជ័យត្រូវធ្វើរឿង ៥ យ៉ាងនេះ
    គណនាទម្ងន់ស្រ្តីពពោះ

    ៤. បង្រៀនអូនតូចលេង

    នៅពេលអូនតូចលេង អូនតូចកំពុងរៀន និងបង្កើតជំនាញជីវិតដ៏សំខាន់​។ ការលេងធ្វើឱ្យអូនតូច ចេះ​យល់ពីអារម្មណ៍អ្នកដទៃ និងរៀនចុះសម្រុងជាមួយក្មេងដទៃទៀត ។ ប៉ាម៉ាក់អាចបង្រៀន​អាអូន​ឱ្យលេងរបៀបគិតស្រមៃដោយសេរី ឧទាហណ៍ រថភ្លើងអាចហោះ​នៅលើអាកាស​ដើម្បីបង្កើត​​គំនិត​ច្នៃប្រឌិត និងការប្រើពាក្យ​ពេចន៍​ក្នុងការបញ្ចេញគំនិតរបស់​អូនតូច។ នៅពេលអូនតូច​ស្រមៃ​មើល​ពិភពថ្មី អូនតូចកំពុងរៀនដោះស្រាយ​បញ្ហា និងបង្កើតលទ្ធភាពថ្មីៗ។

    ៥. ធ្វើជាគំរូល្អដល់កូន

    កេ្មងៗងាយនឹងចម្លងតាមអ្វីៗដែលពួកគេឃើញ និងឮណាស់។ តាមរយៈការ​មើលភាសា​កាយវិការ​របស់ប៉ាម៉ាក់ សម្តីសំដៅ របៀបដែលប៉ាម៉ាក់ធ្វើចំពោះ​អ្នកដទៃ ឬរបៀបដែល​ប៉ាម៉ាក់មាន​ប្រតិកម្ម​ទៅ​នឹង ឬ​ដោះស្រាយបញ្ហាអ្វីមួយ អូនតូចនឹងចម្លងតាមអាកប្បកិរិយា និងសកម្មភាព​ទាំងនោះ​ដោយ​ខ្លួន​ឯង។ សកម្មភាព​ដែលប៉ាម៉ាក់ធ្វើនឹងធ្វើឱ្យអូនតូចក្លាយជាមនុស្សបែបនោះនាពេលអានាគត។

    ប៉ាម៉ាក់គួរចំណាយពេលជាមួយកូនៗ និងបញ្ចូលសកម្មភាពទាំង ៥ នេះទៅក្នុងជីវិតប្រចាំថ្ងៃរហូត​អូន​តូចដើម្បីជួយអភិវឌ្ឍខួរក្បាល និងការលូតលាស់របស់កូនៗប្រកបដោយប្រសិទ្ធភាព។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 23/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត