“ឧទាហរណ៍ថា លើកហ្នឹងកូនបៅដោះខាងស្តាំ ត្រូវបៅឲ្យដល់បាតទឹកដោះ ព្រោះទឹកដោះចុងក្រោយសម្បូរសារធាតុចិញ្ចឹមខ្ពស់ សម្បូរជាតិខ្លាញ់ ជួយឲ្យទារកលូតលាស់លឿន ថ្លោស។ ម្តាយខ្លះ ដោះ២ តែងមានភាពលម្អៀង មួយរាងស្រួល មួយទៀតអត់សូវស្រួលចេញ ហើយបើខាងណាស្រួលបឺតជញ្ជក់ កូនក៏ចង់ម៉ឹមតែខាងនោះ ឯម៉ាក់ៗក៏ចូលចិត្តបំបៅតែខាងនោះដែរ”។
លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកអាហារូត្ថម្ភរូបនេះ បានលើកឡើងថា បើសិនជាម្តាយបំបៅកូនបន្តិចប្តូរទៅឆ្វេង បៅបន្តិចដូរទៅស្តាំ មានន័យថា ទារកយកបានតែទឹកដោះដើម ទឹកដោះថ្លាៗតិចតួច បែបនេះទារកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ហើយថែមទាំងធ្វើឲ្យទារកមួរម៉ៅ ទៅជាខឹង លែងចង់ម៉ឹមតទៅទៀត។