ជំងឺត្រអកគឺជាបញ្ហាស្បែកដែលមិនចម្លងទៅមនុស្សផ្សេងទៀតទេ និងមានអាការៈដូចជារមាស់ ស្បែកឡើងគ្រើមស្បែកឡើងក្រហម និងស្ងួតខ្លាំង។ ជំងឺត្រអកតែងឡើងនៅតាមដៃជើង ក មុខ និងសុដន់ទោះបីជាករណីកម្រកើតមានក៏ដោយ។ ទោះបីជាជំងឺនេះមិនទាន់មានវិធីព្យាបាលឲ្យជាដាច់ក៏ដោយ ប៉ុន្តែវាអាចបាត់ទៅដោយខ្លួនឯងដែរ។ សម្រាប់ស្រ្តីបំបៅដោះកូនវិញទោះជាកើតជំងឺនេះក៏នៅតែអាចបំបៅដោះកូនបានដូចគ្នា ដោយគ្រាន់តែយើងត្រូវសម្អាតថ្នាំដែលលាប ករណីកើតលើសុដន់ ឲ្យបានស្អានមុននឹងបំបៅដោះកូន។
សម្រាប់មូលហេតុបង្ក គេក៏មិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអាចមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងភាគច្រើនកើតមានលើអ្នកមានបញ្ហាប្រព័ន្ធភាពស៊ាំ ជំងឺហឺត ស្ត្រេសខ្លាំង ស្បែកស្ងួត និងកត្តាបរិស្ថានផ្សេងៗ។ សម្រាប់គ្នាយើងមួយចំនួនអាចមានអាការៈជំងឺនេះរហូត និងគ្នាយើងមួយចំនួនអាចមានជំងឺក្នុងពេលណាមួយដូចជាពេលពពោះជាដើម។ ជំងឺត្រអកតែងកើតមាននៅអំឡុងពេលពពោះត្រីមាសទី១ និងទី២។ ប៉ុន្តែដោយសារជំងឺប្រភេទនេះក៏អាចបង្កដោយកត្តាបរិស្ថាន និងកត្តាខាងក្នុងរបស់រាងកាយ(ប្រព័ន្ធភាពស៊ាំ) ដែលនេះអាចនឹងមានការពិបាកក្នុងការដឹងថាពេលណាជំងឺនេះអាចកើតមានអំឡុងពេលពពោះ ឬក្រោយពេលសម្រាលកូនរួច។