នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ

    នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ

    ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ​គឺ​ជា​ធម្មជាតិ និង​ភាព​ស្និទ្ធ​ស្នាល​បំផុត​នៃ​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ម្តាយ​ថ្មី និង​ទារក​ទើប​នឹង​កើត។ មិន​ថា​វា​លំបាកប៉ុនណា​នោះ​ទេ​ ដើម្បី​ធ្វើ​វា​ទៅ​បាន​ ដំបូង​ម្ដាយត្រូវ​មាន​ការ​អត់​ធ្មត់។

    ១- ការ​បី​កូន​​ឲ្យ​បាន​ត្រឹម​ត្រូវ​​​ ពេល​បំបៅ​​

    ​​មាន​វិធី​ជាច្រើន​ដើម្បី​ថែទាំ​កូន​ ជា​ពិសេស​ពេល​បំបៅដោះ។ គន្លឹះ​សំខាន់​ គឺម៉ាក់ៗ​ត្រូវ​ស្វែង​រក​ពី​ទីតាំង​ដែល​ធ្វើ​ឲ្យ​​​កូន​​​មាន​ផា​សុកភាព។ ​អាច​ប្រើ​ខ្នើយ និង​ភួយ​ដើម្បី​ជួយ​ឲ្យ​កូន​​មាន​អារម្មណ៍​ថា​សុខ​ស្រួល។ សម្រាប់​ប៉ាម៉ាក់​ថ្មី ការ​បំបៅ​កូន​ដ៏​ត្រឹម​ត្រូវ ​គឺ​សំខាន់​ណាស់។ ​​ត្រូវ​ប្រាកដ​ថា​ យើង​បី​កូន​​​ត្រឹម​ត្រូវ​ ព្រោះ​ការ​បី​កូន​​​ក្នុង​ទីតាំង​មិន​ត្រឹម​ត្រូវ​ អាច​បណ្តាល​ឲ្យ​​​មាន​បញ្ហា​រំលាយ​អាហារ​ធ្ងន់​ធ្ងរ​​​ពេល​ក្រោយ។ ​​បើ​​​មិន​ប្រាកដ​ពី​របៀប​ថែទាំ​កូន​​​ទេ ​ត្រូវ​ទៅ​សុំ​ជំនួយ​ពី​គ្រូពេទ្យ។ កា​រណែនាំ​ពី​ម្តាយ​ដែល​មាន​បទ​ពិសោធក៏​មាន​ប្រយោជន៍​ផង​ដែរ។

    ២- ទឹកដោះដំបូង​

    Colostrum គឺ​ជា​ទឹក​ដោះ​ដំបូង​ដែល​រាងកាយ​អ្នកម៉ាក់​​បាន​ផលិត។ វា​អាច​មើល​ទៅ​មាន​ពណ៌​លឿង​បន្តិច​ ដោយ​សារ​តែ​វា​មាន​ជាតិ carotene ខ្ពស់ (ជា​ទម្រង់​នៃ​វីតាមីន A)។ Colostrum មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​ប្រូតេអ៊ីន​ខ្ពស់។ វា​សម​ស្រប​សម្រាប់​ក្រពះ​របស់​កូនតូច​យើង។ នេះ​ជា​វិធី​មួយ​ដែល​ម្ដាយ​ផ្តល់​សារ​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​សារ​ធាតុ​រ៉ែ ព្រម​ទាំង​អង់ទីករ​ដែល​ចាំបាច់ដល់​កូន​។ សមាស​ធាតុ​ទាំង​នោះ​នឹង​ជួយ​ការ​ពារ​កូន​​​ពី​បាក់​តេរី វីរុស និង​ជំងឺ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាងល្អ។

    អត្ថបទ​ពាក់ព័ន្ធ

    • ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន
    • ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ
    • ចង់​ផ្តាច់​ដោះកូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន

    ក្រោយ​​កើត​កូន​រួច​ប៉ុន្មាន​ថ្ងៃ ​សុដន់​របស់​ម៉ាក់ៗ​​នឹង​ចាប់​ផ្តើម​ផលិត​ទឹក​ដោះ​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​​ធៀប​នឹង​ទឹកដោះ​ដំបូង ទឹក​ដោះ​ម៉ាក់ៗ​នឹង​មាន​សភាព​ស្តើង​ជាង ស​ជាង និង​មាន​កាឡូរី​ខ្ពស់​ជាង។ ​​ពេល​​​បំបៅ​កូន​​ សុដន់​​នឹង​ផលិត​ទឹក​ដោះ​កាន់​តែ​ច្រើន បន្ទាប់​មក​ទឹក​ដោះ​​នោះ សម្បូរ​ដោយ​ជាតិ​ខ្លាញ់​ខ្ពស់​ដែល​ធ្វើ​ឲ្យ​កូន​​​មាន​អារម្មណ៍​ពេញ​ចិត្ត និង​ឡើង​​ទម្ងន់។

    ៣- ដឹង​ពី​ពេល​ដែល​កូន​ឃ្លាន​

    ជា​ធម្មតា ​ទារក​ត្រូវ​ការបៅ​ឲ្យ​បាន ១២ ដង​ក្នុង​រយៈពេល ២៤ ម៉ោង។ ទារក​ខ្លះ​ត្រូវ​ការ​បៅ​ចន្លោះ​ពេល​សម្រាក ៣ ម៉ោង​ម្តង។ បន្ទាប់​ពី​បៅ​ឆ្អែត ​កូន​​​ត្រូវ​ការ​គេង​រហូត​ដល់​ទៅ ៤ ម៉ោង​ មុន​ពេល​មាន​អារម្មណ៍​ឃ្លាន​ម្តង​ទៀត។

    អាអូន​​នឹង​បង្ហាញ​ពី​សញ្ញា​មួយ​ចំនួន​ឲ្យ​យើង​​​ដឹង​ថា​គេ​កំពុង​ឃ្លាន​ ​​ដូច​ជា ​លា​ដៃ​លា​ជើង រក​មើល​ជុំវិញ​ខ្លួន ឬ​បៀម​ដៃ​ខ្លួន​ឯង។ ទារក​ខ្លះ​អាច​បឺត​ម្រាម​ដៃ ឬ​លិឍ​បបូរ​មាត់​របស់​ខ្លួន​ឯង។ សញ្ញា​ដែល​ច្បាស់​លាស់​បំផុត​ គឺ​ការ​បើក​មាត់​របស់​ទារក ការ​ស្វែង​រក​មើល​សុដន់របស់​ម្តាយ និង​យំ។

     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Breastfeeding 101. http://www.mynursingcoach.com/wp-content/uploads/2016/07/Breastfeeding-101-1.pdf Accessed November 25, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 19/06/2019
    ត្រួតពិនិត្យដោយ ជីព ចិត្ត