ម៉ាក់ៗថ្មីថ្មោង អាចមិនសូវដឹងពីវិធីផ្តល់អាហារូបត្ថម្ភល្អសម្រាប់ការលូតលាស់របស់បេប៊ី យ៉ាងណា ក៏ត្រូវតែដឹងថា ទឹកដោះម៉ាក់ៗ ជាអាហារសំខាន់បំផុត មានជីវជាតិបំផុតចំពោះកូនទើបកើត ហើយត្រូវគេណែនាំឲ្យបំបៅយ៉ាងហោចណាស់ ៦ ខែ។ បន្ទាប់ពីនោះ យើងអាចបន្ថែមអាហារបំប៉នផ្សេងទៀតឲ្យបេប៊ីបាន ពិសេសទឹកដោះគោស្រស់ ប៉ុន្តែឲ្យទឹកដោះគោទៅអូនៗពេលណាល្អ មានផលប្រយោជន៍អីខ្លះ អាចប៉ះពាល់អីខ្លះ? “Hello គ្រូពេទ្យ” នឹងលម្អិតក្នុងអត្ថបទនេះ។
១- គួរឲ្យកូនបោះទឹកដោះគោស្រស់នៅពេលណា?
តាមការណែនាំរបស់សមាគមវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារនៅអាមេរិក ប៉ាម៉ាក់មិនគួរឲ្យកូនបៅទឹកដោះគោស្រស់នោះទេ លុះត្រាតែអូនៗមានអាយុលើសពី ១ ឆ្នាំ។ ការពិតទឹកដោះគោធម្មតា បង្កផលវិបាកដល់បេប៊ីដើម្បីរំលាយអាហារបានទាំងស្រុង បើធៀបនឹងទឹកដោះម៉ាក់ ឬម្សៅទឹកដោះគោសម្រាប់ទារក ដោយសារតែទឹកដោះគោស្រស់ មានផ្ទុកកំហាប់ជាតិរ៉ែ និងប្រូតេអ៊ីនខ្ពស់ អាចបង្កគ្រោះថ្នាក់ដល់តម្រងនោមបេប៊ីដែលនៅខ្ចី ក៏ដូចជាប៉ះពាល់ប្រព័ន្ធរំលាយអាហារទៀងផង។
មុនសម្រេចចិត្តឲ្យកូនយើង បៅទឹកដោះគោស្រស់ ត្រូវថ្លឹងថ្លែងឲ្យបានច្បាស់ ព្រោះក្នុងទឹកដោះគោស្រស់ពុំមានជាតិដែក វីតាមីន C និងសារជាតិផ្សេងទៀតគ្រប់គ្រាន់ សម្រាប់ទារកលូតលាស់ប្រកបដោយសុខភាពល្អនោះទេ។ បែបនេះ អាចបង្កឲ្យអូនៗកើតជំងឺកង្វះអាហារូបត្ថម្ភ ដូចជា ជំងឺស្លេកស្លាំង ដោយសារខ្វះជាតិដែកជាដើម។ មិនតែប៉ុណ្ណោះ ទឹកដោះគោស្រស់ ពុំផ្តល់សារជាតិខ្លាញ់ល្អ សម្រាប់ការលូតលាស់សម្រាប់ក្មេងដូចគ្នា។