តិចនិកជួយម៉ាក់ៗថ្មីថ្មោង ចេះបំបៅដោះកូន កុំឲ្យកូនឈ្លក់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

រឿង​បំបៅ​ដោះ​កូន ស្តាប់​ទៅ​ងាយៗ​សម្រាប់ស្រីៗ​មាន​បទ​ពិសោធពី​មុន ប៉ុន្តែ​គ្នាយើង​ទើប​មាន​កូន​ដំបូង បើ​គ្មាន​ការ​ណែនាំ​ពី​ចាស់ៗ​ ច្បាស់​ជា​ពិបាក​បន្តិច​ហើយ ព្រោះ​មិន​ដឹង​ធ្វើ​ម៉េច​ទើប​កូន​បៅ​បានស្រួល យើង​ក៏​អាច​ទម្រេត​ស្រួលបន្តិច ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់​ក៏​មាន។ បើ​មិន​ទាន់​ចេះ ចាំ​ “Hello គ្រូពេទ្យ” បង្ហាញ​តិចនិក​បំបៅ​ដោះកូន ៤ ​យ៉ាងនេះ ប្រហែល​ជួយ​គ្នា​យើង​ឲ្យ​បាន​ស្រួល​ខ្លួន​ខ្លះ។

១- បំបៅកូនតាមវិធីទ្រដៃម្ខាង (Cradle Hold)

វិធី​ទ្រ​កូន​ដោយដៃ​ម្ខាង​បំបៅ​នេះ​ ជា​ទីតាំង​ល្អ​បំផុត​សម្រាប់​បំបៅ ដោយ​ត្រូវ​​មាន​កៅអី​ទ្រ​មួយ​ ឬ​គ្រែ​មាន​ខ្នើយ​ច្រើន​កល់​ជុំវិញ។ ដាក់​ជើង​នៅ​លើ​ផ្ទៃ​ខ្ពស់​បន្តិច​ដើម្បី​កុំ​ឲ្យ​ទារក​ផ្អៀង រក្សាកូន​ស្ថិត​នៅ​ទល់​ដើមទ្រូង​ ប្រើ​កំភួន​ដៃ​ម្ខាងទ្រ​កញ្ចឹងក​ ខ្នង​ និង​គូទ។ ទីតាំង​នេះ​ សម​​ទារក​​មាន​វ័យ​រហូត​ដល់ ​៦ ខែ។

បំបៅដោះ Hello គ្រូពេទ្យ

២- បំបៅទារកតាមវិធី​ឱប​ផ្អិត​ដើម​ទ្រូង (Crossover Hold)

បើ​យើង​​កំពុង​បំបៅកូន​ដោយ​សុដន់​ខាងស្ដាំ ​សូម​កាន់​កូនដោយ​ដៃ​ខាងឆ្វេង និងបង្វិល​រាងកាយកូនឲ្យ​ជាប់​​ទ្រូង ​និង​ពោះ​កូន​​ទល់​នឹង​ទ្រូងយើង។ បញ្ចុក​ក្បាល​សុដន់​ថ្នមៗ​ទៅ​ក្នុង​មាត់កូន ​ដោយ​ប្រើ​ម្រាមដៃ​ ទ្រ​​នៅ​ពីក្រោយ​ក្បាល​ និង​ក្រោម​ត្រចៀក​របស់​ទារក។ ទីតាំង​នេះ​ជួយ​កូន​បៅ​ដោះ​​បាន​ល្អ។

បំបៅដោះ Hello គ្រូពេទ្យ

៣- បំបៅទារកតាមវិធីឲ្យ​កូន​នៅ​ចំហៀង (Clutch Hold)

វិធីបំបៅ​កូន​បែប​នេះ ​តម្រូវឲ្យ​​ដាក់កូន​​នៅ​ក្រោម​ដៃ​​ផ្នែក​ចំហៀង​ខាង​ឆ្វេង ​ឬ​ស្ដាំ​ក្រោម​ក្លៀក ​ទ្រ​ដោយ​ខ្នើយ។ ​ដាក់​ច្រមុះ​កូន​ស្មើ​នឹង​ក្បាល​ដោះ​​ ដើម្បីងាយស្រួល​បៅ​ដោះ និង​ទ្រ​កូន​​ដោយ​ដៃ​​របស់​យើង ហើយ​ទាញ​ក្បាល​ដោះ​បញ្ចុក​មាត់​កូន​​ថ្នមៗ។ វិធី​​បំបៅ​​បែប​នេះ​ សមស្រប​សម្រាប់​កូន​​នៅ​តូច​ ឬ​សម្រាប់​មាន​កូន​ភ្លោះ​ មិន​តែ​ប៉ុណ្ណោះ​ស្រី​មាន​ដោះ​ធំ​ បំបៅ​កូន​បែប​នេះ​ ជា​វិធី​សាស្ត្រ​ងាយ​ស្រួល​មួយ។

បំបៅដោះ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

៤- បំបៅដោះទារកតាមវិធី​បញ្ឈរ​កូន (Reclining Position)

ការ​បំបៅ​ដោះបែប​នេះ​ យើង​ត្រូវអង្គុយ​លើ​កៅ​អី ឬ​គ្រែមាន​អ្វី​ទប់​ពី​ក្រោយ​ខ្នង និង​​ត្រគាក។ អ្វីដែលសំខាន់​ គឺ​ត្រូវ​រក្សា​ខ្នង​ និង​ត្រគាក​ឲ្យត្រង់ ហើយ​ដាក់កូនបញ្ឈរ​នៅ​ខាងមុខ​ទល់​នឹង​ទ្រូង មាត់​ស្មើ​នឹង​ក្បាល​សុដន់។​ វិធី​នេះ​សមស្រប​សម្រាប់ស្រីៗ​ ទើប​ឆ្លងកាត់​ការ​សម្រាល​កូន​ដ៏​លំបាក។ ​

បំបៅដោះ Hello គ្រូពេទ្យ

សរុប​មក យើង​អាច​ជ្រើសរើស​វិធី​បំបៅ​កូន​តាម​របៀប​ណាមួយ​ដែល​ពេញចិត្ត ហើយចំពោះ​គ្នា​យើង​ទើប​មាន​កូន​ដំបូង​ ​គួរ​ធ្វើ​ពិសោធ​មើល​ រហូត​​រក​ឃើញ​វិធី​ណា​បង្ក​ភាព​ងាយស្រួល​ដល់​យើង ​និងកូន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​មិន​ព្យាបាល​ជូន​ឡើយ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 26, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 27, 2019

ប្រភព
អ្នកអាចចូលចិត្ត