ម៉ាក់​ដឹង​អត់! បំបៅដោះ​កូន អាច​ផ្ដល់​ប្រយោជន៍​ ១០ យ៉ាង​នេះ​ទាំង​ម៉ាក់​ទាំង​អាអូន​

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ការ​បំបៅ​ដោះ​កូន​ល្អចំពោះ​សុខភាព​ទារក​ក៏​ដូចជា​ជួយ​ដល់​សុខភាព​ម្ដាយ​ផង​ដែរ។ ​អត្ថបទ​នេះ​នឹង​លើក​យក​គុណ​ប្រយោជន៍​ទឹកដោះ​ម្ដាយ​ក្នុង​ការ​បំបៅ​ដោះ​កូន។ ការ​បំបៅដោះ​កូន ដោយ​ទឹកដោះ មាន​គុណសម្បត្តិ​ច្រើន​មែន​ទែន ដល់​កូន។ អី​ខ្លះ​ទៅ?

១- បង្កើតទំនាក់ទំនងពិសេស
ការ​បំបៅ​ដោះ​កូន​បង្កើត​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល និង​ផ្ដល់​ការ​ទាក់ទង​ដ៏​កក់​ក្ដៅរវាងម៉ាក់ៗ និងអាអូន។ ភាព​កក់​ក្ដៅ​នេះ​ហើយ​ទើប​គេ​សង្កេតឃើញ​កូនៗ​តែងតែ​ស្និទ្ធ​ជាមួយ​ម៉ាក់​ច្រើន​ជាង​ប៉ា។ ភាព​កក់​ក្ដៅ​ពី​ម្ដាយ​ក៏​ផ្ដល់​នូវ​ក្ដី​ស្រលាញ់​យ៉ាង​ធំធេង​ចំពោះកូនៗ។

២- សន្សំបានខ្លះ
អ្នកណា​ក៏​ដឹង​ដែរ​ថា​ការ​ចិញ្ចឹម​កូន​ដោយ​បំបៅ​ដោះ​ម្ដាយ​មិន​ចំណាយ​លុយកាក់​អ្វី​ទេ ហើយ​វា​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​គ្នាយើង​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ។ ផ្ទុយ​ទៅវិញ​ការ​ចិញ្ចឹម​កូន​ដោយ​ម្សៅ​ទឹកដោះ​គោ​ធ្វើ​ឲ្យ​​ខាត​បង់​លុយកាក់​​ច្រើន​តាំង​ពី​ទារក​ទើប​កើត រហូត​ដល់​ឈប់​បៅ។ ដូច្នេះ​ការ​បំបៅ​ដោះ​កូន​ជួយ​ប៉ាម៉ាក់​​គ្រប់រូប​សន្សំ​បាន​ប្រាក់​យ៉ាង​ច្រើន។

៣- ជួយស្បូន​ឲ្យឆាប់ជាសះ
ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​ពិត​ជា​មានប្រសិទ្ធភាព​ឆាប់​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​​ស្បូន​ឆាប់​សះស្បើយ​ក្រោយ​ឆ្លងទន្លេ។ ម៉ាក់ៗ​មាន​ការ​ឈឺចាប់​ត្រង់​ពោះ​នៅ​ពេល​ដែល​ស្បូន​រួញ​ត្រលប់​ទៅ​រក​ទីតាំង​ដើម​ក្នុង​ចន្លោះ​ឆ្អឹងត្រគាក តែ​ការ​បំបៅ​ដោះ​អាច​ជួយ​ពន្លឿន​ដំណើរការ​ឲ្យ​​ស្បូន​វិល​មក​ទំហំ​ធម្មតា​បាន​ឆាប់រហ័ស។

៤- បើម៉ាក់រវល់
បើ​យើង​ជាប់រវល់​ធ្វើ​ការងារ​អ្វីមួយ យើង​គ្រាន់​តែ​ច្របាច់​យក​ទឹកដោះ​ដាក់​ក្នុង​ដប​រួច​ទុក​ជាមួយ​អ្នក​ថែទាំ​ទារក​ដើម្បី​ឲ្យ​កូន​​បៅ។ បន្ថែម​ពី​នេះ​ ទឹកដោះ​ដែល​បូម​ចេញ​ពី​ដោះ​ម្ដាយ​ក៏​អាច​ដាក់​ក្នុង​ទូទឹកកក​ដើម្បី​ប្រើ​បាន​ដែរ។ ម៉ាក់ៗខ្លះ​មាន​មណ្ឌល​ថែទាំ​ក្មេង​នៅ​ក្បែរ​កន្លែង​ធ្វើការ​ ដូច្នេះ​ពួកគេ​អាច​ឆ្លៀត​មក​បំបៅ​កូន​បាន​ពេល​សម្រាក។

៥- ជួយកាត់បន្ថយជំងឺមហារីក
ពិសេស​ណាស់​ស្រីៗ​ គ្រូពេទ្យ​ប្រាប់​ថា​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​បាន ៨ឆ្នាំ​ នោះ​អត្រា​កើត​មហារីក​ដោះ ធ្លាក់​ចុះ​ដល់​០%។ ក្រៅពីនោះ​ វា​អាច​កាត់បន្ថយ​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​មហារីក​ក្រពេញ​អូវែ​ ជំងឺ​បេះដូង​ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម។

៦- បញ្ចុះទម្ងន់
ចំណុច​នេះ​សំខាន់​ណាស់​សម្រាប់​គ្នាយើង​ដែល​ចង់​សម្រក​ទម្ងន់។ ការ​បំបៅ​ដោះ​អាច​ជួយ​បញ្ចុះ​ទម្ងន់​កាន់តែ​លឿន​ក្រោយ​ពី​ឆ្លង​ទន្លេ។ អំឡុង​ពេល​មាន​ផ្ទៃពោះ​យើង​ត្រូវការ​ថាមពល​ ១០០០កាឡូរី/ថ្ងៃ ដើម្បី​ផលិត​ទឹកដោះ​តែ​ក្រោយ​សម្រាល​កូន​ ម៉ាក់ៗ​​ត្រូវការ​ត្រឹមតែ​ ៥០០​កាឡូរី/ថ្ងៃ។ អ៊ីចឹង​​ហើយ​ ម៉ាក់ៗ​ពិត​ជា​​អាច​បញ្ចុះ​គីឡូ​​បាន​យ៉ាង​ងាយ។

៧- ពន្យារពេលមករដូវ
ជឿ​ទេ​ថា​ការ​បំបៅ​ដោះ​ជួយ​រាងកាយ​យើង​បញ្ចេញ​អ័រម៉ូន​ប្រូឡាក់ទីន (Prolactin) ជា​អ័រម៉ូន​ដែល​ជួយ​រក្សា​ឲ្យមាន​អ័រម៉ូន​អេស្ត្រូជេន និង​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​ដែល​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​អូវែ​បញ្ចេញ​មក​ឆាប់រហ័ស​ពេក។ ដូច្នេះ​ស្ត្រី​ជា​ម្ដាយ​ដែល​បំបៅ​ដោះ​កូន​នឹង​ឃើញ​វដ្ដ​រដូវ​វិលត្រលប់​មកវិញ​ក្នុង​ចន្លោះ​ពី​ ៦​-៨ ខែ​ បន្ទាប់​ពី​សម្រាល​រួច។

៨- គ្រប់គ្រងកំណើតដោយប្រសិទ្ធភាព
បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​អាច​មាន​ប្រសិទ្ធិភាព​លើ​ការ​គ្រប់គ្រង​ពន្យារ​កំណើត​បាន​ពី៩៨%-​៩៩%​ ក្រោយ​សម្រាលកូន​បើ​ស្ដាប់​តាម​ការណែនាំ​ត្រឹមត្រូវ​ ពេលនោះ​រដូវ​របស់​យើង​នឹង​មិន​ទាន់​ត្រលប់​មកវិញ​នោះ​ទេ។

៩- បញ្ចេញអ័រម៉ូនល្អ
ការ​បញ្ចេញ​អ័រម៉ូន​ល្អៗ​អំឡុង​​បំបៅ​កូន​ ជួយ​ម្ដាយ​ជាច្រើន​មាន​អារម្មណ៍​រីករាយ​​ជាមួយកូន។អារម្មណ៍​ទាំងនេះ​ត្រូវ​បាន​កើន​ឡើង​ដោយ​ការ​បញ្ចេញ​អ័រម៉ូន​ជាច្រើន​ដូចជា អ័រម៉ូន​ ប្រូឡាក់ទីន(Prolactin)ជួយ​បង្កើត​អារម្មណ៍​ស្ងប់ស្ងាត់ និង​រំភើប។ អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin)​ជំរុញ​ឲ្យសេចក្ដី​ស្រឡាញ់​​រវាង​ម្ដាយ​កូនកាន់តែរឹងមាំ។

១០- ការបំពេញចិត្តមាតា
ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​ផ្ដល់​នូវ​បទពិសោធន៍​ផ្លូវ​អារម្មណ៍​ដ៏​ពិសេស​មួយ​សម្រាប់​ម៉ាក់ៗក្នុង​ការ​ថែទាំ​ទារក។ បងប្អូន​បង្កើត និង​សាច់​ញាតិផ្សេងទៀត​ពេញចិត្ត​ចំពោះ​សមាជិក​គ្រួសារ​ថ្មី​ដែល​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ។

កុំ​ចោល​ការ​បំបៅកូន​ដោយ​ដោះម្ដាយ ទោះ​ជា​ពេល​ខ្លះ​យើង​លាយ ឲ្យ​កូន​បៅដោះគោ​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 4, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 25, 2019

ប្រភព
អ្នកអាចចូលចិត្ត