ពេលផ្ដាច់ដោះកូនហើយឈឺចាប់ ម៉ាក់ៗ​អាចធ្វើបែបនេះបាន

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

បើ​មាន​ការ​ឈឺចាប់​ក្រោយ​ផ្ដាច់​ដោះ​កូន តើ​យើង​គួរ​ធ្វើ​បែប​ណា​ទៅ? វា​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ឬ​ទេ? តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង ពេល​ផ្ដាច់​ដោះ​កូន ​ម៉ាក់​ៗ​អាច​មាន​បញ្ហា​ឡើង​ប៉ោង​ខ្លាំង ក្រហម ក្តៅ ឈឺ​ចាប់ ហើយ​ខ្លះ​ទៀត​រហូត​ដល់​ហើម ឬ​រលាក​ ឈាន​បង្កររោគទៀត​ផង។ បន្ទាប់​ពី​ទទួល​រង​ផល​ប៉ះពាល់​បែប​នេះ ម៉ាក់​មាន ៣ ជម្រើស​ដែល​អាច​ជួយ​បន្ធូរ​ភាព​ឈឺចាប់​ទាំង​នោះ​បាន។

១- ច្របាច់​ទឹកដោះ​ចេញ

បន្ទាប់ពី​ផ្ដាច់​ពី​កូន ទឹកដោះ​ពិតជា​ច្រាល​រហូត​ធ្វើឲ្យ​ឈឺចាប់​ជុំវិញ​ដោះ ព្រោះ​កូន​មិន​បាន​បឺត​ជញ្ជក់​ដូច​មុន ដូចនេះ​ជម្រើស​ដំបូង​មានតែ​ការ​ច្របាច់​ចេញ​ឲ្យ​បាន​ញឹកញាប់​តាមដែល​អាច​ធ្វើ​បាន។ ប៉ុន្តែ​បើ​ច្របាច់​ដោយ​ដៃ​ឈឺ​ខ្លាំង អាច​​​ប្រើ​ឧបករណ៍បូមទឹកដោះ ឬ​គេង​ផ្អៀង​ហើយ​យក​ក្រមា​មក​រឹត​ឲ្យ​ជាប់​ឲ្យ​វា​ហូរជាប់​ក៏​បាន។

ផ្តាច់ដោះ

២- ស្អំ​ទឹក​ក្ដៅ

ត្រូវ​ចាំ​ថា ក្រោយ​ពី​ផ្ដាច់​ដោះ​កូន​ហើយ​អាការៈបែប​នេះ​ចៀស​មិន​ផុត​ឡើយ ដូចនេះ​អាច​យក​ទឹក​ក្ដៅ​ដាក់​ដប​ថ្ម មក​ដាក់​ស្អំ​នៅ​ដោះ​ទាំង​សង​ខាង ព្រោះ​វា​ជួយ​ទប់ទល់​បញ្ហា​ហើម​ខ្លាំង និង​បន្ថយ​ការ​ឈឺចាប់។

៣- លេប​ថ្នាំ

ប្រសិនបើ​ការ​ខះ​ទឹក​ដោះ​ក្រោយ​ផ្ដាច់​ពី​កូន​ធ្វើឲ្យ​ស្រីៗគ្នា​យើង​​ស្រៀវស្រាញ​ចង់​គ្រុន ឬ​ក្ដៅ​ខ្លួន អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​បាន ឬ​បើ​អាការៈមិន​ប្រសើរ គួរតែ​ទៅ​ជួប​គ្រូ​ពេទ្យ ដើម្បី​ពិគ្រោះ​ពី​ស្ថានភាព​យើង។

ក្នុង​ពេល​នេះ កុំ​យក​​ទឹក​កកមក​ស្អំ​ដោះ​កំពុង​តែ​ហើម​ឲ្យ​សោះ ព្រោះ​ធាតុ​ក្ដៅ​របស់​ទឹកកក​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ​មាន​តែ​អាច​ឈឺ​ចាប់​លើស​ដើម។ មួយ​វិញ​ទៀត​ប្រសិនបើ​យើងស្រក​លែង​ឈឺចាប់​ហើយ តែ​ទឹក​ដោះ​នៅ​ហូរ​ គួរ​ពាក់​អាវ​ទ្រនាប់រលុង និង​ឧស្សាហ៍​ផ្លាស់​វា​ចេញ ដើម្បី​កុំឲ្យ​ប្រឡាក់​ខ្លួន។

អត្ថបទ​ពាក់ព័ន្ធ៖ ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 13, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 13, 2019

អ្នកអាចចូលចិត្ត