ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្រីៗ​យើង​ភាគ​ច្រើន​ញ៉ាំ​ថ្នាំ​វីតាមីន​តែ​ពេល​ពពោះ​ប៉ុណ្ណោះ ក្រោយ​សម្រាល​កូន​ប្រហែល​ជា​មិន​សូវ​គិត​គូរ ឬ​នឹក​នា​លេប​ថ្នាំ​វីតាមីន​នោះ​ទេ។ តែ​ស្រីៗ​គ្នា​យើង​មាន​ដឹង​អត់ ការញ៉ាំ​ថ្នាំ​វីតាមីន​ក្រោយ​សម្រាល​កូន​ ជា​រឿង​សំខាន់​មិន​ចាញ់​ពេល​ពពោះ​ប៉ុន្មាន​ទេ ពិសេស​សម្រាប់​ស្រីៗ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ។ ហេតុអី​ស្ត្រី​ក្រោយ​សម្រាល​កូន ចាំបាច់​ញ៉ាំ​ថ្នាំ​វីតាមីន​ចម្រុះ? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន នឹង​រៀប​រាប់​លម្អិត​ពី​ប្រភេទ​សារធាតុ​បំប៉ន ថ្នាំ​វីតាមីន និង​សារៈសំខាន់​របស់​វា ចំពោះ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន

លោក​វេជ្ជបណ្ឌិត​ថា ស្ត្រី​សម្រាល​កូន​ហើយ ត្រូវ​ការ​សារធាតុ​បំប៉ន​ច្រើន​ដូច​គ្នា​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែរ គឺ​លើស​កាឡូរី​ពី ៣៥០-៥០០ កាឡូរី លើស​ស្ត្រី​ធម្មតា។ ចំពោះ​មូលហេតុ​វិញ ដោយសារ​ស្ត្រី​សម្រាល​កូន​ហើយ ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ទៅ​បំប៉ន​សុខភាព​ខ្លួន​ឯង និងយក​ទៅ​ផលិត​ទឹក​ដោះ ដើម្បី​បំបៅ​​កូន បើ​មិន​អ៊ី​ចឹង​ទេ ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​ម៉ឹម កូន​នឹង​ខ្វះ​អាហារូបត្ថម្ភ ដែល​ចាស់ៗ​ហៅ​ថា បាក់​ទឹក​ដោះ។

ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន និង​សារធាតុ​បំប៉ន ស្រ្តី​​សម្រាល​កូនរួច ត្រូវ​ការ​ជា​ចាំបាច់៖

១- ប្រូតេអ៊ីន

ជា​អាហារ​ចាំបាច់​សម្រាប់​ចិញ្ចឹម​សរីរាង្គជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម ជួយ​ភ្ញោច​ឲ្យ​មាន​ការ​បញ្ចេញ​ទឹក​ដោះ​កាន់​តែ​ច្រើន។ ប្រូតេអ៊ីន មាន​នៅ​ក្នុង​សាច់ ស៊ុត គឿង​សមុទ្រ ទឹកដោះគោ យ៉ាអួរ តៅហ៊ូ សណ្តែក។ ទោះ​យ៉ាង​ណា ស្រ្តី​ក្រោយ​សម្រាល​រួច គ្រូពេទ្យ​ហាម​ការ​ញ៉ាំ​ស៊ុត​ឆៅ និង​គ្រឿង​សមុទ្រ​​ឆៅ ដែល​អាច​ងាយ​ឆ្លង​មេរោគ ពពួក​បារ៉ាស៊ីត ឬ​មាន​ជាតិ​បារ៉ត ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន។

២- កាល់ស្យូម

កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​​រឹងមាំ លូត​លាស់​ល្អ ម៉ាក់ៗ​មិន​ប្រឈម​កើត​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ដើម្បី​ឲ្យ​មាន​បរិមាណ​កាល់ស្យូម​គ្រប់​គ្រាន់ ម៉ាក់ៗ​ត្រូវ​ផឹក​កាល់​ស្យូម ឬ​ញ៉ាំ​ទឹក​ដោះ​គោ យ៉អួរ សណ្តែក​សៀង តៅហ៊ូ និង​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន។

៣- ជាតិដែក

ជាតិដែក​ចាំបាច់​ណាស់​សម្រាប់​ស្រ្តី​ក្រោយ​សម្រាល​កូន​រួច ដើម្បី​បំពេញ​គ្រាប់​ឈាម​ក្រហម​ដែល​បាត់​បង់​ពេល​សម្រាល​កូន និង​ជួយ​មិន​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង​ក្រោយ​សម្រាល ហើយ​កាល​ណា​គ្រាប់​ឈាម​ក្រហម​មាន​គ្រប់​គ្រាន់ នឹង​ជួយ​ភ្ញោច​ឲ្យ​មាន​ការ​បញ្ចេញ​ទឹក​ដោះ​កាន់​តែ​ច្រើន។ គ្រូពេទ្យ​ផ្នែក​សម្ភព​នឹង​ណែនាំ​ស្ត្រី​សម្រាល​កូន​រួច ​លេប​ថ្នាំ​គ្រាប់​ជាតិ​ដែក​ចំនួន ៤២ គ្រាប់។ ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក ប្រភព​សំខាន់​នៃ​ជាតិ​ដែក​មាន​នៅ​ក្នុង​សាច់​ក្រហម ស៊ុត​ផ្នែក​លឿង សាច់មាន់ សាច់ត្រី សណ្តែក​ខៀវ។

៤- វីតាមីន C

វីតាមីន C ជួយ​ឲ្យ​ខួរ​ក្បាល​កូន​លូតលាស់​ល្អ ឯ​ការ​ស្រូប​​ជាតិ​ដែក​ក៏​ចូល​បាន​ល្អ។ ក្រៅ​ពី​វីតាមីន​គ្រាប់ អាហារ​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C មាន​ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ ផ្កាខាត់ណាបៃតង ស្ពៃក្តោប។

៥- DHA

អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ដែល​សម្បូរ​នៅ​ក្នុង​ខ្លាញ់​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូច​ជា ត្រី​សាលម៉ុន ត្រី​ធូ​ណា ត្រីសាឌីន និង​មួយ​ផ្នែក​តូច​នៅ​ក្នុង​សាច់ ស៊ុត ​និងគ្រាប់​ធញ្ញជាតិ​មួយ​ចំនួន។ DHA ជួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​ភ្នែក និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ។ ក្មេង​ស្រូប​ទាញ​យក DHA តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​ចាប់​ពី​ត្រីមាស​ទី៣ និង​ពេល​កើត រហូត​ដល់​អាយុ ២ឆ្នាំ។

៦- វីតាមីនចម្រុះ

ការ​ញ៉ាំ​គ្រាប់​ថ្នាំ​វីតាមីន​ចម្រុះ (Multivitamins) មាន​ទាំង​ពពួក​វីតាមីន D, E, K, B12, B6 និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត ក៏​សំខាន់​ខ្លាំង​ណាស់​​ដែរ ព្រោះ​វា​ជួយ​បង្គ្រប់​ជាតិ​វីតាមីន​ដែល​ស្រ្តី​ក្រោយ​សម្រាល​រួច​ស្រូប​ទាញ​មិន​គ្រប់​គ្រាន់​តាម​រយៈ​​ចំណី​អាហារ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 23, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 23, 2019

អ្នកអាចចូលចិត្ត