អាហារសុខភាព សំដៅលើអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ បានផ្តល់នូវប្រភពជីវជាតិគ្រប់គ្រាន់សម្រាប់ការលូតលាស់រាងកាយ និងបញ្ញា។ ផ្ទុយទៅអាហារប្រភេទនេះមិនពេញនិយមសម្រាប់វ័យជំទង់ឡើយ ពួកគេចូលចិត្តតែសាច់ អាហារបំពង ពពួក Fast food ភេសជ្ជៈកំប៉ុងផ្អែមៗទៅវិញ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ទោះបីការញ៉ាំសាច់ អាហារបំពង ជារសនិយមនៃការញ៉ាំរបស់វ័យជំទង់ក៏ពិតមែន តែចាំបាច់តែកែប្រែ បើនៅតែទម្លាប់បែបនេះទៀតអាចនឹងប៉ះពាល់ដល់សុខភាព ខួរក្បាលមិនសូវសកម្ម។ លោកវេជ្ជបណ្ឌិតថា ការញ៉ាំរបបអាហារនោះមិនជួយអ្វីច្រើនដល់វ័យជំទង់ទេ ក្រៅឆ្ងាញ់មាត់នោះ ឯផលប៉ះពាល់ចំពោះសុខភាពវិញមានច្រើនយ៉ាង ហើយអាចកើតឡើងក្នុងរយៈពេលខ្លី និងវែង។