កូនថ្លោសៗឧស្សាហ៍រលាកស្បែកតាមគន្លាក់ គួរលាបម្សៅឲ្យអត់?

    កូនថ្លោសៗឧស្សាហ៍រលាកស្បែកតាមគន្លាក់ គួរលាបម្សៅឲ្យអត់?

    ម៉ាក់ប៉ា​ជា​ច្រើន​និយម​លាប​ម្សៅ​ឲ្យ​ទារក​តូច​ៗ ហើយ​នៅ​ពេល​កូន​ថ្លោស​តែង​ជួប​បញ្ហា​រលាក​តាម​គន្លាក់​ដៃ​ជើង គូទ ក ក្លៀក​ជាដើមនោះក៏ប្រើម្សៅទៅ​លាប​កន្លែង​មាន​បញ្ហា​ដែរ។ តែ​បើ​តាម​គ្រូពេទ្យ​មិន​ឲ្យ​ធ្វើ​បែបនោះ​ឡើយ ព្រោះ​បញ្ហា​ស្បែក​កាន់តែ​រាលដាលខ្លាំងឡើង។

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លាប​ម្សៅ​តាម​កន្លែង​កកិត​ទាំង​នោះ​នាំឲ្យ​ស្បែក​កូន​កាន់តែ​រលាក​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។ នៅ​ពេល​ដែល​យើង​យក​ម្សៅ​ទៅ​លាប​កន្លែង​គន្លាក់​អស់​ទាំង​នោះ ម្សៅ​មិន​បាន​រលាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ ហើយមានតែ​ផ្ដល់​ភាព​កកិត​ឲ្យ​កាន់តែ​ខ្លាំង ហើយ​រលាក​ក៏​កាន់តែ​ខ្លាំង​ដូច​គ្នា។

    ដូចនេះ​សម្រាប់​ទារក​ដែល​ថ្លោស​ៗ ឬ​មិន​ថ្លោស​ក៏​ដោយ​បើ​មាន​ស្នាម​រលាក​គួរតែ​ប្រើ​ជា​ជេល ក្រមួនសម្រាប់លាប​តាម​គន្លាក់ អាច​កាត់​បន្ថយ​ការ​កកិត ហើយ​មិន​ងាយ​បង្ក​ឲ្យ​រលាក​ស្បែក​កូន​ឡើយ។

    ស្បែកទារក

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ចំណែក​ប្រភេទ​ឡេ​វិញ​វា​មិន​ចាំបាច់​លាប​ក៏​បាន​ដែរ ប្រសិនបើ​កូន​មាន​សុខភាព​ស្បែក​ល្អ​ហើយ​នោះ។ តែ​សម្រាប់​ក្មេង​ខ្លះ​វិញ​មាន​បញ្ហា​ស្បែក​ស្ងួត ឬ​ងាយ​អាលែកហ្ស៊ី​ត្រូវ​ប្រយ័ត្ន​មុន​ជ្រើស​រើស​ផលិតផល​ណា​មួយ​មក​លាប​លើ​ស្បែក​កូន ព្រោះ​ទារក​មាន​ស្បែក​នៅ​ខ្ចី​ខ្លាំង​ណាស់ លាប​របស់​មិន​ល្អ​ណា​មួយ​អាច​បណ្ដាល​ឲ្យ​រលាក ក្រហម និង​ខូច​ស្បែក​តែម្ដង។

    លោក​បន្ថែម​ទៀត​ថា មុន​ចង់​ប្រើ​ផលិតផល​អ្វី​លើ​ស្បែក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ស្វែង​យល់​ពី​ប្រភេទ​ស្បែក​កូន​ជាមុន ហើយ​ទើប​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​គួរ​ទិញ​អ្វី​មក​ប្រើ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 11/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត