វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា រលាកបំពង់ក ជាជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុស ឬបាក់តេរី ហើយវាក៏សាយភាពតាមដំណក់ទឹកល្អិតៗនៅក្នុងខ្យល់ចេញពីមនុស្សផ្ទុកមេរោគតាមរយៈកណ្ដាស់ ក្អក ឬការនិយាយគ្នា។ លោកបន្ថែមថា ត្បិតថារលាកបំពង់កជាជំងឺឆ្លងមែន ប៉ុន្តែរបបអាហារមួយចំនួន ក៏ជាកត្តារួមផ្សំធ្វើឲ្យកើតជំងឺនេះដែរដូចជា៖
– អាហារខ្លាញ់៖ ការឲ្យកូនញ៉ាំអាហារចៀន បំពង ដែលប្រើខ្លាញ់ច្រើនដោយមិនបានផឹកទឹកតាមក្រោយ ខ្លាញ់នឹងនៅជាប់នឹងក នាំឲ្យវីរុស នៅជាប់ទីនោះ ហើយវាដុះដាលលឿន ទៅជារលាកបំពង់ក យូរៗទៅនឹងឈឺចាប់ ស្អក ពិបាកលេបទឹកមាត់ និងរលាកក្រហមពេញតែម្ដង។
– ភេសជ្ជៈកំប៉ុង៖ ប្រភេទនេះក៏ជាកត្តានាំឲ្យកូនកើតជំងឺរលាកបំពង់កដែរ ព្រោះវាសម្បូរជាតិស្ករ ហើយក្មេងៗចូលចិត្តផឹកខ្លាំងណាស់។ ក្រោយផឹកហើយបើម៉ាក់ប៉ាមិនឲ្យកូនខ្ពុរមាត់ និងផឹកទឹកទៅតាមក្រោយទេ ជិតផ្អែមនឹងតោងជាប់បំពង់ក ហើយយូរៗទៅបាក់តេរី ឬវីរុសនឹងរីកដុះដាលទៅជារលាក។
– នំផ្អែម ឬនំកញ្ចប់៖ នេះក៏ជាអាហារដែលក្មេងតូចៗចូលចិត្តដែរ ហើយនំខ្លះផលិតឡើងគ្មានជាតិម្សៅ មានជាតិប្រៃ ផ្អែម ជូរ ឬទុកយូរហួសកាលកំណត់ជាដើម។ ខ្លះទៀតជាជានំលក់តាមផ្លូវគ្មានអនាម័យ ដែលងាយធ្វើឲ្យមេរោគតោងទុំ ពេលកូនញ៉ាំទៅក៏វាសម្ងំក្នុងបំពង់ក យូរៗក្លាយជារលាករ៉ាំរ៉ៃ។