លោក Christopher Lee ស្ថានិកអង្គការ HEDC អន្តរជាតិ បានអះអាងថា ពេលកើតភ្លាម រហូតដល់អាយុ ២ឆ្នាំ ក្មេងត្រូវការភាពកក់ក្តៅ ភាពជិតស្និទ្ធពីម៉ាក់ប៉ា ចង់ឲ្យយើងបីបម និងការពារគេគ្រប់ពេល ដូច្នេះហើយយើងជាឪពុកម្តាយត្រូវតែផ្តល់នូវក្តីស្រលាញ់ និងភាពកក់ក្តៅទៅឲ្យកូនឲ្យបានច្រើនបំផុត បើយើងបានបានឱប ថើប បីបម គេកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែល្អ។
លោកថាបន្ត មានពិសោធមួយអ្នកវិទ្យាសាស្ត្របានធ្វើលើសត្វកណ្តុរ២ក្រុម កណ្តុរក្រុមទី១ មានម្តាយតែងតែលិទ្ធសម្អាតកូន ឃុំគ្រង នៅជិតស្និទ្ធជាមួយកូនជានិច្ច ចំណែកឯកណ្តុរក្រុមទី២ ម្តាយគ្រាន់តែបំបៅដោះកូនរួច ក៏ទៅបាត់ទៅ មិនបាននៅឃុំគ្រងកូនជាប់នោះទេ។ជាលទ្ធផលពេលកូនកណ្តុរធំ ទាំង២ក្រុម គឺមានអាកប្បករិយាខុសគ្នាដាច់ ដោយកូនកណ្តុរក្រុមទី១ ដែលមានម្តាយនៅជិតស្និទ្ធជាមួយច្រើន ជាកណ្តុរដែលឆ្លាតជាង អាចដោះស្រាយបញ្ហាយ៉ាងលឿន ថែមទាំងក្លាហានទៀត។ ចំណែកឯកណ្តុរដែលម្តាយមិនបានយកចិត្តទុកដាក់នោះ ងាយនឹងភ័យខ្លាច ពេលមានបញ្ហាកើតឡើង មិនអាចដោះស្រាយអ្វីបានឡើយ។