backup og meta

មិនចង់ឲ្យកូនទល់លាមករ៉ាំរ៉ៃ ម៉ាក់ប៉ាចាប់ផ្ដើមអនុវត្តតិចនិកប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 19, 2021

    មិនចង់ឲ្យកូនទល់លាមករ៉ាំរ៉ៃ ម៉ាក់ប៉ាចាប់ផ្ដើមអនុវត្តតិចនិកប៉ុន្មាននេះ

    កូន​ទល់លាមក​អាច​ជា​រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ បញ្ហា​ទល់​លាមក​ម្ដង​ម្កាល​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ តែ​ច្រើន​មាន​លើ​កុមារ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង។

    ចង់ដឹងពី BMI របស់ខ្លួនអត់? គណនា BMI នៅទីនេះ

    បញ្ហា​ទល់​លាមក​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន (ទារក​ចាប់​ពី​៦ខែ​ឡើង) ពី​ព្រោះ​ពោះវៀន​របស់​កុមារ​មាន​ការ​ប្រែ​ប្រួល​ចលនា ដោយ​សារ​តែ​យើង​បន្ថែម​អាហារ​ផ្សេងៗ​ពី​លើ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​ជាដើម។ លោក​ស្រី​បន្ត​ថា ប្រសិន​បើ​កូន​ទល់​លាមក ឬ​ទោះ​ជា​កូន​មិន​ទាន់​ទល់​លាមក​ក្ដី ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ។

    ទី១. បង្រៀន​កូន​បន្ទោបង់​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា។ ពេល​វេលា​ល្អ​បំផុត​នោះ​គឺ​ពេល​ព្រឹក បន្ទាប់​ពី​អា​អូន​ញ៉ាំ​អាហារ​រួច ឬ​ក្រោយ​អា​អូន​ភ្ញាក់​ពី​គេង ព្រោះ​វា​ជា​ពេល​ដែល​សាច់ដុំ​ពោះ​វៀន​កន្ត្រាក់​ខ្លាំង ជាហេតុ​ជួយ​ឲ្យ​បត់​ជើង​បាន​ស្រួល។

    ទី២. ដាក់​កូន​ឲ្យ​អង្គុយ​លើ​កន្ថោរ​សម​ស្រប​នឹង​គូទ​របស់​អា​អូន ដាក់​ជើង​ស្មើ​លើ​ឥដ្ឋ និង​ក្បាល​ជង្គង់​ឲ្យ​ខ្ពស់​ជាង​ត្រគាក​របស់​កូន។

    ទី៣. ជួយ​ធ្វើ​ចលនា​ជើង​របស់​កូន (ចំពោះ​ទារក​តូច) ម៉ាក់​ប៉ា​អាច​ដាក់​កូន​គេង​ឲ្យ​រាប​ស្មើ​លើ​ពូក រួច​យើង​ធ្វើ​ចលនា​ជើង​អាអូន​ដូច​ពេល​យើង​ធាក់​កង់។

    ទី៤. ព្យាយាម​ម៉ាស្សា​លើ​ពោះ​កូន​ដោយ​សង្កត់​តិច​ៗ ជា​រង្វង់​តាម​ទ្រនិចនាឡិកា

    ទី៥. ត្រូវ​មាន​របប​អាហារ​ត្រឹម​ត្រូវ​ឲ្យ​កូន ពិសេស​ឲ្យ​កូន​ញ៉ាំ​ទឹក​បាន​ច្រើន ផ្ដល់​ផ្លែ​ឈើ​សម្បូរ​ជាតិ​កាក​សរសៃ និង​ផ្ដល់​បន្លែ​ឲ្យ​កូន​ញ៉ាំ​ទើប​ល្អ។

    ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូន ចុចទីនេះ 

    វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្លែ​ចេក ប្រសិន​បើ​ចេក​មិន​សូវ​ទុំ​អាច​ធ្វើ​ឲ្យ​ក្ដៀន តែ​បើ​ចេក​ទុំ​ល្អ​គឺ​ជួយ​បន្ទន់​លាមក។ ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។​ កុំ​អនុញ្ញាត​ឲ្យ​កុមារ​មាន​ទម្លាប់​ឈរ​បន្ទោបង់​ព្រោះ​​ធ្វើ​ឲ្យ​ទល់​លាមក​កាន់​តែ​ខ្លាំង។

    ​កូន​ទល់​លាមក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម