កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ដល់​ពេល​កូន​តូច​មាន​អាយុ​គ្រប់ ៦ ខែ ​ក៏​ជា​ពេល​ត្រូវ​បន្ថែម​អាហារ​ដែល​មានជីវជាតិ​ចម្រុះ​ក្រៅ​​ពី​​ទឹក​ដោះម្តាយ ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ បន្លែ ផ្លែឈើ សាច់ គ្រប់​ប្រភេទ​ដ៏​សម្បូរ​បែប យើង​អាច​យក​មក​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ទើប​អាច​បង្គ្រប់​សារធាតុ​ចិញ្ចឹម ​ធ្វើឲ្យ​រាងកាយ បញ្ញាស្មារតី​លូតលាស់បាន​​ល្អ ​មាន​ភាព​រឹងមាំ មិន​សូវ​មាន​ជំងឺ​ណា​មក​បៀតបៀន​កូន​បាន​ឡើយ។

យើង​តាម​សៀវភៅ វិធី​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ចង​ក្រង​ដោយ​លោកស្រី​វេជ្ជបណ្ឌិត លឹម សុជាតិ អាហារ​ទាំង ៣ ក្រុម ដែល​ម៉ាក់ៗ​ត្រូវ​យក​មក​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​តូច​ញ៉ាំ បន្ថែម​ពី​លើ​ទឹក​ដោះម្តាយ ឬ​ទឹកដោះ​គោនោះ រួមមាន៖

១- ក្រុម​អាហារ​ថាមពល

អាហារ​ប្រភេទ​នេះ​ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូន​អ៊ីដ្រាន​ក្នុង​នោះ​មាន​ដូចជា ប្រេង​ឆា អង្ករ និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។

២- ក្រុម​អាហារ​សាងសង់

ចំណែក​ក្រុម​អាហារ​នេះ​វិញ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ ក្នុង​នោះ​មាន​ដូចជា​សាច់​គោ ទឹកដោះគោ សាច់​ជ្រូក ត្រី មាន់ និង​ស៊ុត។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។

របបអាហារ​ទារក ៦ ខែHello_គ្រូពេទ្យ

៣- ក្រុម​អាហារ​ការពារ

កុមារ​អាច​ការពារ​ពី​ជំងឺ​ផ្សេង​ៗ​ដោយសារ​បាន​ញ៉ាំ​ពពួក​បន្លែ​បៃតង​ទាំងនេះ ព្រោះ​ក្នុង​របប​អាហារ​នេះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន។ នៅ​ក្នុង​របប​អាហារ​កូន​យើង​គួរតែមាន​ស្លឹកបាស ស្ពៃ​ចង្កឹះ ផ្ទៃ ត្រកួន ឬ​ល្ពៅ​ជាដើម ហើយ​ផ្លែឈើ​គួរតែ​មាន​ចេក ក្រូច ល្ហុង និង​ល្មុត។

គ្រឿង​ផ្សំ​ទាំង​ប៉ុន្មាន​មុខ​ខាងលើ​នេះ យើង​អាច​យក​មក​ច្នៃ​ធ្វើ​ជា​បបរ​ខាប់​គ្រប់​គ្រឿង សម្រាប់​ឲ្យ​ទារក​ញ៉ាំ​ក្នុងបរិមាណសមស្រប ឬ២-៣ដង/ថ្ងៃ។

អត្ថបទ​ពាក់ព័ន្ធ៖​ម៉ាក់ៗ​វ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 27, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 28, 2019

អ្នកអាចចូលចិត្ត