នេះជាហេតុផល កូនយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់!

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ប៉ាម៉ាក់​ជាច្រើន ប្រហែល​ជា​ដឹង​ច្បាស់ ឬ​ដឹង​ខ្លះ​ៗ វីតាមីន​ និង​សារធាតុ​រ៉ែ​ល្អ​ខ្លាំង​ចំពោះ​សុខភាព​កូន ប៉ុន្តែ​ភាគ​តិច​ណាស់ ដឹង​ពី​មូលហេតុ​ពិត​ សម្រាប់​ក្មេង ​ត្រូវ​ការ​អាហារ​មាន​វីតាមីន និង​សារធាតុរ៉ែ​ជាចាំបាច់។ បើទោះ​ជា​ដឹង ប៉ាម៉ាក់​ពិបាក​សន្និដ្ឋាន កូនយើង​ទទួល​បាន​វីតាមីន និង​សារធាតុ​រ៉ែ​ចាំ​បាច់​គ្រប់​គ្រាន់ហើយ ឬ​មិន​គ្រប់​គ្រាន់​ដែរ? ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ខ្លះៗ អ្វី​ជា​វីតាមីន និង​សារធាតុ​រ៉ែ? មាន​មុខងារ​អ្វី​ខ្លះ ទើប​សំខាន់​សម្រាប់​ក្មេង​បែប​នេះ។

១- អ្វី​ជា​វីតាមីន​ និង​សារធាតុ​រ៉ែ?

វីតាមីន​ ត្រូវ​គេ​បែង​ចែក​ជា ​២​ប្រភេទ មាន​វីតាមីន​រលាយ​ក្នុង​ទឹក និងវីតាមីន​​រលាយ​ក្នុង​ខ្លាញ់។ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ​មាន​ដូច​ជា​ វីតាមីន ​A D E និង​K ត្រូវ​បាន​រំលាយ​ដោយ​ខ្លាញ់​ និង​រក្សា​ទុក​ក្នុង​រាងកាយ​យើង ឯ​វីតាមីន​រលាយ​ក្នុង​ទឹក មាន​វីតាមីន ​C និង​ B ​ត្រូវ​ការ​វត្តមាន​របស់​ទឹក​ទើប​រលាយ​ និង​ស្រូប​ចូលក្នុង​រាង​កាយ​​បាន​។

ដោយ​សារ​តែ​បែប​នេះ​ហើយ​ ទើប​រាង​កាយ​យើង​មិន​អាច​ស្តុក​ទុក​នូវ​វីតាមីន​ប្រភេទ​នេះ​បាន ​ហើយ​ត្រូវ​ការ​ញ៉ាំ​ចូលតាម​រយៈ​​ចំណី​អាហារ​ជា​រៀងរាល់​ថ្ងៃ។

សារធាតុ​រ៉ែ​ ជា​សារធាតុ​អសរីរាង្គ​មាន​ក្នុង​ទឹក ​និង​ដី ត្រូវ​បាន​ស្រូប​ចូល​ដោយ​រុក្ខជាតិ ​ឬ​ស៊ី​ដោយ​ពពួក​សត្វ​ ខណៈ​រាងកាយ​យើងម្នាក់ៗ ​ត្រូវ​ការ​សារធាតុ​រ៉ែ​ផ្សេង​ៗ​ពី​គ្នា។ ឧទាហរណ៍ ​រាងកាយ​ត្រូវ​ការ​ជាតិ​កាល់ស្យូម​ខ្ពស់​ ដើម្បីបំពេញ​​មុខងារ​ជា​រៀង​រាល់​ថ្ងៃ ចំណែក​សារធាតុ​រ៉ែ​ផ្សេង​ទៀត​ ដូច​ជា ​ក្រូមីញ៉ូម ទង់ដែង អ៊ីយ៉ូដ និង​ជាតិ​ដែក​ គឺ​ជា​សារធាតុ​​រាងកាយ​ត្រូវ​ការ​តិច​តួច​បំផុត។

អត្ថបទ​ពាក់ព័ន្ធ៖

២- ​វីតាមីន​ និង​សារធាតុ​រ៉ែ​ មាន​មុខ​ងារ​អ្វីខ្លះ?

មុខងារវីតាមីន និង​សារធាតុ​រ៉ែ គឺ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ សម្រួល​ការ​លូតលាស់​ និង​ជួយ​ឲ្យ​កោសិកា​ ក៏​ដូច​ជា​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។

– វីតាមីន​ A៖ ការ៉ុត ​មាន​ជាតិ​ការ៉ូទីនូអ៊ីត​ ដែល​រាង​កាយ​ត្រូវ​ការ​សម្រាប់​សំយោគ​វីតាមីន A​ ហើយ​វីតាមីន​នេះ​ អាច​ជួយ​ដល់​ភ្នែក និង​​សំខាន់​ក្នុង​ការ​លូតលាស់​ឆ្អឹងសម្រាប់​ក្មេងៗ រួម​ទាំង​​គំហើញ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សុខភាព​របស់​កោសិកា​ក្នុង​រាង​កាយ​យើង​ ក៏​ត្រូវ​ការវីតាមីន​ A ​ដើម្បី​ការ​ពារ​ការបង្ក​​រោគ​ ខណៈ​ក្មេង​​អាយុ​ចាប់​ពី ៤​ ឆ្នាំឡើង​ ត្រូវ​ការវីតាមីន A ​យ៉ាង​តិច ​៤០០ មីក្រូក្រាម/​ថ្ងៃ។

– វីតាមីន D៖ វីតាមីន​នេះ ​មាន​សារ​ប្រយោជន៍ជួយ​ដល់​ការ​​ស្រូប​យកជាតិ​កាល់​ស្យូម​។ វីតាមីន​ D ​ជា​អ័រម៉ូន​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ផលិត​អាំងស៊ុយលីន និង​ការ​លូតលាស់​របស់​កោសិកា។ ក្មេង​អាយុ​ចាប់​ពី ​៦​ខែ ​ដល់ ​៥​ឆ្នាំ​ ត្រូវ​ការវីតាមីន D ​១០ ​មីក្រូក្រាម/​ថ្ងៃ។

– កាល់ស្យូម៖ កាល់ស្យូម​ សំខាន់​សម្រាប់​ឆ្អឹង​ និងជួយ​​ធ្មេញ​រឹង​មាំ ជួយ​ដល់​កំណក​ឈាម និង​មុខងារ​របស់​សរសៃ​ប្រសាទ​ និង​សាច់​ដុំ។ក្មេង​អាយុ​ចាប់​ពី ​៥ ​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​ការជាតិ​កាល់ស្យូម ​៧០០ មីក្រូក្រាម​/​ថ្ងៃ។

– ជាតិ​ដែក៖ ជាតិ​ដែក​ ​ត្រូវ​ការ​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន​ ការពារ​យើង​ពី​ជំងឺ​ស្លេកស្លាំង ​ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​អស់​កម្លាំង ​និង​ភាព​រញ៉ាំរញ៉ូវ​របស់​ក្មេង។ ប៉ុន្តែប៉ាម៉ាក់ ត្រូវ​ចាំ​ថា​ ញ៉ាំ​ជាតិ​ដែក​ច្រើន​ពេក ​អាច​បណ្ដាល​ឲ្យ​ក្មេងស្លាប់​បាន ​ដូចនេះ​ថ្នាំ​បំប៉ន​ផ្សេង​ៗ ​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ដៃក្មេង ​ហើយ​ត្រូវ​ឲ្យ​កូន​​ញ៉ាំ​ក្នុង​កម្រិត​ត្រឹម​តែ ​១០ មិល្លីក្រាម​ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ។

ដើម្បី​ទទួល​បាន​វីតាមីន ​និង​សារធាតុ​រ៉ែ​គ្រប់​គ្រាន់​ ប៉ាម៉ាក់​​ត្រូវ​ផ្ដល់​នូវ​អាហារ​ច្រើន​ប្រភេទ​ដល់កូន ក៏​ដូច​ជា​ ថ្នាំ​គ្រាប់​វីតាមីន​ និង​អាហារ​បំប៉ន​ផ្សេង​ៗ​ទៀត។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 16, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 21, 2019

ប្រភព
អ្នកអាចចូលចិត្ត