សំឡេងម៉ោង​រោទ៍មិនមែនចេះតែដាក់ៗនោះទេ តិចក្រោកឡើងមានអារម្មណ៍ល្ហិតល្ហៃ

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ធ្លាប់​ឆ្ងល់​អត់? ទោះ​គេង​ស្កប់​ស្កល់ គេង​តាំង​ពី​ព្រលប់ ប៉ុន្តែ​នៅ​ពេល​ឮ​សំឡេង​ម៉ោង​រោទ៍​ត្រូវ​ក្រោក នៅ​ពេល​ព្រឹក គ្នា​យើង​ភាគ​ច្រើន តែង​មាន​អារម្មណ៍​ល្ហិតល្ហៃ​ខ្លាំង ខ្លះ​ធុញ ខ្លះ​ក្រោក​ស្ទើរ​តែ​មិន​រួច​ទៀត​ផង។ មូល​ហេតុ​នាំ​ឲ្យ​យើង​ល្ហិត​ល្ហៃ ត្រូវ​ក្រុម​ស្រាវ​ជ្រាវ​ប្រទេស​អូស្ត្រាលី រកឃើញ​ថា មាន​ទំនាក់​ទំនង​នឹង​​ប្រភេទ​សំឡេង​រោទ៍​ចេញ​ពី​ទូរសព្ទ​នោះ​ឯង។ ខាង​ក្រោម​នេះ​ជា​អ្វីដែល​ការសិក្សា​បាន​រក​ឃើញ។

១- ការ​សិក្សា​រក​ឃើញ​អ្វី​ខ្លះទាក់ទងនឹង​សំឡេងរោទ៍នេះ?

ការ​សិក្សានេះ​ធ្វើ​លើ​អ្នក​ចូល​រួម ៥០​នាក់ និង​បាន​បោះ​ពុម្ភ​ផ្សាយ​លើ​កាសែត​សុខភាព PLoS One ផ្តោត​សំខាន់​លើ​ប្រភេទ​សំឡេង​រោទ៍​ដែល​អ្នក​ចូល​រួម​បាន​ប្រើ​ដើម្បី​ដាស់​ដំណេក​នៅ​ពេល​ព្រឹក ទាំង​អារម្មណ៍​ជា​មួយ​សំឡេង​រោទ៍នោះ ធ្វើ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ម៉េច​ខ្លះ? មាន​អារម្មណ៍​មិន​ល្អ​ម៉េច​ខ្លះ​ក្រោយ​ពី​ក្រោក​ឡើង។

ជា​លទ្ធផល​ក្នុង​ការ​សិក្សា ដឹក​នាំ​ដោយ​លោក Stuart McFarlane សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ RMIT ប្រទេស​អូស្ត្រាលី​រក​ឃើញ​ថា សំឡេង​រោទ៍ ដែល​ជា​ប្រភេទ​បទ​ចំរៀង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ងាយ​ក្រោក​ពី​ដំណេក និង​ត្រៀម​ខ្លួន​ក្រោក​បាន​ល្អ ជា​សំឡេង​រោទ៍ (Alarm) ធម្មតា។

លោក McFarlane ពន្យល់​ថា សំឡេង​រោទ៍​ជា​បទ​ចំរៀង ឬ​តន្រ្តី គឺ​មាន​ពេល​វេលា​វែង​ជាង និង​មាន​ទំនុក​ភ្លេង​ប្រទាក់​គ្នា គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ផ្ទុយ​ពី​ប្រភេទ​សំឡេង​រោទ៍ ​បុរាណ សំឡេងប៊ីបៗ ឬ​សំឡេង​បញ្ជាក់​ប្រាប់​ម៉ោង​ដូច​ជា​វិទ្យុ។ លោកថា ការ​កំណត់​សំឡេង​រោទ៍​ពិរោះៗ​ឲ្យ​បាន​ច្រើន ប្រហែល​អាច​ជួយ​ខួរ​ក្បាល​ផ្តោត​ទៅ​លើ​វា​បាន​ល្អ ខណៈ​សំឡេង​រោទ៍​ប្រភេទ “ប៊ីបៗៗ” អាច​ធ្វើ​ឲ្យ​យើង​ថប់​បារម្ភ និង​ភាន់​ច្រឡំ​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

២- អ្វី​ជា​ប្រយោជន៍​សម្រាប់​យើង​ពី​ការ​សិក្សា​ពីសំឡេង​រោទ៍នេះ?

លោក McFarlane និយាយ​ថា បើ​យើង​អាច​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​រោគ​សញ្ញា​ល្ហិតល្ហៃ​ក្រោយ​ក្រោក​ពី​គេង តាមរយៈ​ជ្រើស​រើស​សំឡេង​រោទ៍​ពិរោះៗ វា​នឹង​ក្លាយ​ជា​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​យើង​ទាំង​អស់​គ្នា។

ភាព​ល្ហិត​ល្ហៃ គឺ​ជា​អារម្មណ៍​រងី​រងើ ពេល​យើង​ព្យាយាម​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក អាច​នាំ​ឲ្យ​យើង​ចុះ​ខ្សោយ​សមត្ថភាព​ក្នុង​ការ​គិត ការ​ចង​ចាំ និង​ប្រតិកម្ម​​ផ្សេងៗ។

យោង​តាម​ការ​សិក្សា​ផ្សេង​ទៀត អារម្មណ៍​រងីរងើ​បន្ទាប់​ពី​ក្រោក​នៅ​ពេល​ព្រឹក អាច​មាន​រយៈ​ពេល​តិច​ជាង ៣០​នាទី ប៉ុន្តែ​ករណី​ខ្លះ វា​អាច​បន្ត​ដល់​ទៅ ២-៤ ម៉ោង​ឯណោះ។

ការ​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​រោគ​សញ្ញា​ល្ហិត​ល្ហៃ​ក្រោយ​ដំណេក រក​ឃើញ​ថា វា​ជះ​ឥទ្ធិពល​ខ្លាំង​ ប៉ះ​ពាល់​ចំពោះ​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ទាមទារ​ការ​ឆ្លើយ​តប​រហ័ស​ចំពោះ​ស្ថាន​ការណ៍​មួយ​កើត​ឡើង​ភ្លាមៗ ពិសេស​អាកាស​យានិក ឬ​អាវកាស​យានិក ដែល​ទាម​ទារ​អារម្មណ៍​ល្អ​ជា​ចាំ​បាច់ ក្រោយ​ក្រោក​ពី​គេង។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- តិចនិក​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​នៅ​ពេល​ព្រឹក

យោង​តាម​អ្នក​ឯកទេស​ដំណេក​វេជ្ជបណ្ឌិត Timothy I. Morgenthaler នៃ Mayo Clinic មាន​តិចនិក​មួយ​ចំនួន​ទៀត អាច​ជួយ​យើង​ក្រោក​ពីដំណេក​ជា​មួយ​អារម្មណ៍​ស្រស់​ស្រាយ​បាន​ដូចជា គេង​ឲ្យ​បាន​គ្រប់​គ្រាន់ កុំ​ផឹក​ជាតិ​អាល់កុល​នៅ​ម៉ោង​ចូល​គេង និង​បញ្ចេញ​សកម្ម​ភាព​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 13, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 13, 2020