backup og meta

មូលហេតុអ្វីបានជាមាន​បញ្ហាឈឺសន្លាក់? គួរ​ដោះស្រាយ​បែបណា?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 29, 2020

    មូលហេតុអ្វីបានជាមាន​បញ្ហាឈឺសន្លាក់? គួរ​ដោះស្រាយ​បែបណា?

    បើ​យោង​តាម​ការ​សិក្សា​របស់ Global Burden of Disease Study ក្នុង​ឆ្នាំ ២០១០ គេ​​ឃើញ​ថា​ជំងឺ​កើត​លើ​​សាច់​ដុំ ឆ្អឹង និង​សន្លាក់ គឺ​ជា​ប្រភេទ​ជំងឺ​ជាប់​លេខ​រៀង​ទី​២ កើត​ក្នុង​ពិភព​លោក។ អ្នក​ស្រាវ​ជ្រាវ​បាន​ប៉ាន់​ស្មាន​ថា​ ស្រ្តី​ក្នុង​វ័យ​ ៦០​ឆ្នាំ​ដែល​មាន​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ និង​មាន​ជំងឺ​ខូច​សន្លាក់ នឹង​ត្រូវ​រស់​នៅ​ដោយ​បាត់​បង់​មុខ​ងារ​ឆ្អឹង​ និង​សន្លាក់ និង​មាន​ការ​ឈឺ​ចាប់ រហូត​ដល់ ៣០ភាគ​រយ​នៃ​ជីវិត​របស់​អ្នកទាំងនោះ​។

    ជំងឺ​រលាក គឺ​ជា​​មូល​ហេតុ​ចម្បង​នៃ​ជំងឺ​ប្រភេទ​សាច់​ដុំ និង​ឆ្អឹង។ ជំងឺ​ទាំង​អស់​នោះ​មាន​ដូ​ចជា ឈឺ​សន្លាក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច ប្រើ​ប្រាស់​សន្លាក់​ច្រើន​ពេក ឬ​ការ​រលាក​នៅ​ផ្នែក​ណា​មួយ​របស់​សន្លាក់ ប៉ុន្តែ​ជំងឺ​ដែល​កើត​ច្រើន​ជាង​គេ គឺ​រលាក​សន្លាក់។

    ការ​ឈឺ​សន្លាក់​មាន​កម្រិត​ពី​តិច​តួច រហូត​ដល់​ឈឺ​ខ្លាំង ដែល​វា​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​កម្រើក មិន​អាច​ទ្រ​ទម្ងន់​បាន​ច្រើន និង​អាច​ឈឺ​ចាប់​ខ្លាំង។ ការ​ឈឺ​សន្លាក់​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ (ករណី​ស្រួច​ស្រាល់​) ឬ​អាច​នៅ​អូស​បន្លាយ​ពី​រាប់​អាទិត្យ រហូត​ដល់​រាប់​ខែ (ប្រភេទ​រ៉ាំ​រ៉ៃ)។ ការ​ឈឺ​ចាប់​រ៉ាំ​រ៉ៃ ជា​ពិសេស​ការ​ឈឺ​សន្លាក់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ក្រៅ​ពី​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​រាល់​ថ្ងៃ ជំងឺ​ឈឺ​សន្លាក់​ភាគ​ច្រើន​ មិន​មា​នពាក់​ព័ន្ធ​ជាមួយ​ជំងឺ​ធ្ងន់​ធ្ងរ​ណា​មួយ​នោះ​ទេ។ យើង​មាន​វិធី​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​ក្នុង​សន្លាក់​របស់​អ្នក​ជំងឺ​បាន។ វិធី​ទាំង​នោះ​មាន​ដូច​ជា៖

    ១- ប្រើប្រាស់​ថ្នាំពេទ្យ

    ប្រភេទ​ថ្នាំ​ប្រឆាំង​រលាក ដែល​មិន​មែន​ជា​ពពួក​ស្តេរ៉យ (NSAIDs) រួម​មាន​ aspirin ibuprofen និងdiclofenac គឺ​ជា​ថ្នាំ​ដែល​គេ​ប្រើ​​ទូទៅ​សម្រាប់​ព្យាបាល​ការ​រលាក​ទាក់​ទង​ជាមួយ​សន្លាក់។ គេ​មាន​ថ្នាំ​ NSAIDs ជាង​ ៥០​ប្រភេទ​ខុស​ៗ​គ្នា។ បើ​យើង​មិន​អាច​បំបាត់​​ការ​ឈឺ​ចាប់​ក្រោយ​ប្រើ​ថ្នាំ​មួយ​ប្រភេទ យើង​​អាច​សាក​ប្រើ​ថ្នាំ​មួយ​ប្រភេទ​ផ្សេង​ទៀត​បាន។

    ប៉ុន្តែ​ត្រូវ​ចាំ​ថា ថ្នាំ​ NSAIDs​ គឺ​មាន​ផល​ប៉ះ​ពាល់​របស់​វាដែរ​ ដែល​ភាគ​ច្រើន​គឺ​កើត​នៅ​លើ​ស្ត្រី​មាន​វ័យ​ចំណាស់។ គេ​សន្មត់​ថា​ថ្នាំ NSAIDs មាន​ពាក់​ព័ន្ធ​ជាមួយ​ការ​ស្លាប់​របស់​អ្នក​ជំងឺ​មាន​វ័យ​ចំណាស់ រហូត​ដល់ ១២០០ ទៅ ២៥០០​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ឯ​ប្រទេស​​អង់​គ្លេស។ ដូច​នេះ​មុន​ពេល​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ យើង​​ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់​រវាង​ផល​វិបាក និង​គុណ​សម្បត្ដិ​របស់​វា​ជាមុន​សិន។

    ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ដូច​ជា paracetamol គឺ​គេ​ជឿ​ថា​​មាន​ប្រសិទ្ធ​ភាព និង​សុវត្ដិភាព​សម្រាប់​អ្នក​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ដែល​មាន​វ័យ​ចំណាស់។ យ៉ាង​ណា​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់ ដើម្បី​ជ្រើស​រើស​ថ្នាំ​ដែល​សម​ស្រប​សម្រាប់​ខ្លួន​យើង​។

    អត្ថបទពាក់ព័ន្ធ៖

    ២- ឈប់បរិភោគអាហារកែឆ្នៃ 

    ​អាហារ​របស់​បច្ចិម​ប្រទេស​​ភាគ​ច្រើន​ជា​ប្រភេទ​អាហារមាន​ខ្លាញ់​ឆ្អែត​ខ្ពស់ និង​សម្បូរ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា៦ និង​មិន​សូវ​មាន​ខ្លាញ់​អូម៉េហ្កា​៣ ប្រើ​អំបិល​ច្រើន និងប្រើ​ស្ករ​ចម្រាញ់​ច្រើន ដែល​អាហារ​កែ​ច្នៃ​គឺ​ស្ថិត​ក្នុង​ក្រុម​អាហារ​ប្រភេទ​នេះ។

    អាហារ​កែ​ច្នៃ​គឺ​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​រលាក​កើត​ឡើង។ អ្នកស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​សិក្សា និង​រក​ឃើញ​អំពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​ខ្លាញ់​ចម្រាញ់ ជាមួយ​បញ្ហា​រលាក។ ការ​សិក្សា​លើ​របប​អាហារ និង​ការ​ការ​ពារ​ជំងឺ ក៏​បាន​រក​ឃើញ​ថា ការ​កាត់​បន្ថយ​ប្រភេទ​អាហារ​បំពង និង​អាហារ​កែ​ឆ្នៃ​ដូច​ជាសាច់​បំពង ឬ​អាហារ​កក​ត្រជាក់ អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​បាន។ ការជៀសវាង​ញ៉ាំអាហារ​ទាំង​នេះ​​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​របស់​យើង​​ដំណើរ​ការ​ល្អ​ឡើង​វិញ។ ដូច​នេះ​ហើយ​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​បំពង និង​អាហារ​កែ​ច្នៃ និង​បែ​មក​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​មុន​ និង​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក ដែល​​បញ្ហា​រលាក​នេះ​ហើយ​​ជាមូល​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​សន្លាក់។

    ៣- ប្រើវិធីចំអិនម្ហូបល្អសម្រាប់សុខភាព

    ពាក្យ​កាត់ AGE ដែល​បាន​មក​ពី​ពាក្យ advanced glycation end គឺ​ជា​សារធាតុ​ពុល​ដែល​ផលិត​នៅ​ពេល យើង​អាំង​សាច់ ចៀន ដុត និង​ដុត​ដោយ​ប្រើ​កម្ដៅ​ក្ដៅ​ខ្លាំង។ AGEs ក៏​អាច​កើត​ឡើង​នៅ​ពេល​ប្រូតេអ៊ីន​ ឬ​ខ្លាញ់​ទៅ​លាយ​គ្នា​ជាមួយ​ជាតិ​ស្ករ​មាន​ក្នុង​ចរន្ដ​ឈាម ដែល​យើង​អាច​ដឹង​បាន​ដោយ​សារ​ការ​កើន​ឡើង​នៃ AGEs នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ AGEs អាច​ធ្វើ​ឲ្យ​មាន​​បញ្ហា​រលាក រលាក​សន្លាក់ ឬ​ឈឺ​សន្លាក់។

    ពេល​យើងទទួលទាន​​ជាតិ AGEs ចូល​ក្នុង​ខ្លួន​ច្រើន​ពេក ក្នុង​រយៈ​ពេល​យូរ នោះ​វា​នឹង​ស្ទះ​នៅ​ក្នុង​ខ្លួន​របស់​យើង ហើយ​ខ្លួន​យើង​មិន​​ងាយ​​កម្ចាត់​​វា​ចេញ​អស់​នោះទេ។ ដូច​នេះ​ការ​ទទួល​ទាន​អាហារ​ដែល​​ចំអិន​ដោយ​ប្រើ​កម្ដៅ​ខ្លាំង​ក្នុង​បរិមាណ​តិច គឺ​ជា​របៀប​នៃ​ការ​ជ្រើស​រើស​ម្ហូប​ដែល​ល្អ​សម្រាប់​សុខភាព​របស់​យើង​គ្រប់​គ្នា។ យើង​អាច​ប្រើ​វិធី​ស្ងោរ ចំហុយ អាំង ឬ​បំពង​ដោយ​ប្រើ​ប្រេង​ក្នុង​​បរិមាណ​សម​ស្រប។​

    ៤- ទទួល​ទានអាហារជួយប្រឆាំងការរលាក

    ទទួល​ទាន​ខ្លាញ់​ត្រី​ដូច​ជា​ត្រី​សាល់​ម៉ុន ត្រី mackerel ត្រី​ធូណា ត្រី sardines ​ជួយ​បង្កើន​ជាតិ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៣ ដែល​មាន​មុខ​ងារ​ជួយ​ប្រឆាំង​ជាមួយ​ការ​រលាក។ ប្រសិន​បើ​យើង​​មិន​ចូល​ចិត្ដ​ញ៉ាំ​សាច់​ត្រី អាច​ជំនួស​ដោយ​ប្រើ​ខ្លាញ់​ត្រី​នៅ​ពេល​ចំអិន​ម្ហូប​ក៏​បាន។

    អាហារ​ដែល​សម្បូរ​​ជាតិ anthocyanins ដូច​ជា​ផ្លែ​ឈែ​រី​ក្រហម raspberry និង blueberry ក៏​អាច​ជួយ​ឲ្យ​ខ្លួនយើង​​ទប់​ទល់​ជាមួយ​ការ​រលាក​បាន​ដូច​គ្នា។ ម្យ៉ាង​ទៀត​​ប្រភេទ​ផ្លែ​ឈើ​ទាំង​នោះ​ក៏​មាន​ផ្ទុក​ជាតិ polyphenols (ជា​ប្រភេទ​ប្រឆាំង​អុកស៊ីតកម្ម) ដែល​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​ការ​រលាក​បាន។

    អាហារ​ប្រឆាំង​ការ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត​មាន​ដូច​ជា ប៉េង​ប៉ោះ ប្រេង​អូលីវ បន្លែ​បៃ​តង និង​គ្រាប់​ធញ្ញជាតិ​ដូច​ជា គ្រាប់​អាល់​ម៉ុន គ្រាប់ walnuts  គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខ​ភាព​របស់​យើង។ អ្នក​រស់នៅ​តំបន់​​ម៉េឌីទែរ៉ាណេ​ចូល​ចិត្ដ​ញ៉ាំ​អាហារ​មាន​លាយ​គ្នា​រវាង​គ្រាប់​ធញ្ញជាតិ​ជាមួយ​ត្រី បន្លែ​បៃ​តង ហើយ​អាហារ​ទាំង​នោះ​មាន​សារៈ​សំខាន់​សម្រាប់អ្នកទាំង​នោះ​​ណាស់។ អ្នកស្រាវ​ជ្រាវ​​បាន​រក​ឃើញ​ថា អាហារ​លាយ​គ្នា​បែប​នេះ អាច​ជួយ​ការ​ពារ​យើង​​ពី​ជំងឺ​រលាក​បាន​​យ៉ាង​តិច​ក៏ ៦សប្ដាហ៍​ដែរ។

    ៥- ជម្រើសប្រូតេអ៊ីន

    យោង​តាម​ការ​សិក្សា​លើ​អត្ថ​បទ​បាន​បោះ​ពុម្ព​ផ្សាយ​លើ​គេហទំព័ ​Public Health Nutrition បាន​​ឲ្យ​ដឹង​ថា​ អាហារ​បួស​ជួយ​កាត់​បន្ថយ​ការ​រលាក​បាន។ ក្រុម​អ្នកស្រាវជ្រាវ​​បាន​សង្កេត​ឃើញ​ថា​ អ្នក​​ហូប​បួស​បាន​រយៈ​ពេល​ ២ឆ្នាំ​ឡើង​ទៅ​នឹង​មាន C-reactive protein (​CRP ) ចុះ​មក​ទាប​ជាង​មនុស្ស​ទូទៅ ដែល ​CRP ​គឺ​ជា​ភ្នាក់​ងារ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​ការ​រលាក​កើត​ឡើង​ក្នុង​ខ្លួន។

    អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា នោះ​ក៏​ដោយ​សារ​តែ​ជាតិ phytosterols និង​ជាតិ​សរសៃ ​fiber មាន​ក្នុង​បន្លែ ផ្លែ​ឈើ និង​ក្នុង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ ប្រសិន​បើ​យើង​​ចង់​សាក​ល្បង​ញ៉ាំ​អាហារ​បែប​នេះ អាច​​ញ៉ាំ​​ប្រូតេអ៊ីន​ជំនួយ​ដែល​មាន​នៅ​ក្នុង បន្លែ និង​គ្រាប់​រុក្ខជាតិ មាន​ដូចជា​ ផ្កាខាត់ណាខៀវ តៅហ៊ូ គ្រាប់ chickpeas សណ្ដែក គ្រាប់ lentils, quinoa សុទ្ធ​តែ​អាច​ទិញ​បាន​នៅ​លើទីផ្សារ។

    ៦- កាត់បន្ថយស្ករ និងអំបិល

    ការ​ដែល​ទទួល​ទាន​ស្ករ និង​អំបិល​ច្រើន​លើស​កម្រិត អាច​ជា​ផ្នែក​ធ្វើ​ឲ្យ​ខ្លួន​យើង​ងាយ​កើត​បញ្ហា​រលាក។ ក្រៅ​ពី​ការ​តម​អាហារ​កែ​ច្នៃ​ យើង​​ក៏​ត្រូវ​គ្រប់​គ្រង​ជាតិ​ស្ករ និង​អំបិល​ក្នុង​អាហារ​​​ដូច​គ្នា។ ពេល​ទិញ​ម្ហូប​អាហារ​តាម​ផ្សារ យើង​​ត្រូវ​អាន​ក្រដាស​ណែ​នាំ​ជា​មុន​សិន។ អាហារ​ដែល​មិន​សូវ​មាន​ ឬ​គ្មាន​ផ្ទុក​សារធាតុ​ជួយ​រក្សា​ម្ហូប ឬ​សារធាតុ​ញៀន គឺ​ជា​ប្រភេទ​អាហារ​ល្អ​បំផុត។

    ៧​- ធ្វើលំហាត់ប្រាណ

    ពេល​ត្រូវ​ទប់​ទល់​ជាមួយ​បញ្ហា​ឈឺ​សន្លាក់ ការ​ហាត់​ប្រាណ​ប្រហែល​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ។ ប៉ុន្តែ​ការ​ហាត់​ប្រាណ មិន​មែន​ចាំ​បាច់​ត្រូវ​តែ​ប្រើ​កម្លាំង និង​កាយ​វិការ​ខ្លាំង​ៗ​នោះ​ដែរ​។ ឧទាហរណ៍ ដូច​ជា​យ៉ូហ្កា ​​ជា​ការ​ហាត់​ប្រាណផ្ដល់​គុណ​សម្បត្ដិ​​ច្រើន ជា​ពិសេស​​​​ជួយ​បំបាត់​បញ្ហា​ឈឺ​ចង្កេះ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

    ការ​សិក្សា​បាន​លើក​ឡើង​ថា ការ​ព្យាបាល​ដោយ​ប្រើ​វិធី​ហាត់​ប្រាណ អាច​មាន​ប្រសិទ្ធ​ភាព​ចាប់​ពី ២ខែ​រហូត​ដល់ ៦​ខែ ​នៅ​លើ​អ្នក​ដែល​​ឈប់​ទទួល​ការ​ព្យាបាល​បញ្ហា​រលាក​ឆ្អឹង​ និង​សន្លាក់​ក្បាល​ជង្គង់។

    ៨- សម្រកទម្ងន់

    បើ​យោង​តាម​ការ​សិក្សា​របស់​មហាវិទ្យាល័យ​វេជ្ជ​សាស្រ្ត John Hopkins Medicine បាន​លើក​ឡើង​ថា មនុស្ស​ប្រុស​ដែល​លើស​ទម្ងន់ គឺ​ប្រឈម​មុខ​កើត​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ ច្រើន​ជាង​អ្នក​មាន​ទម្ងន់​ដង​ខ្លួន​ល្អ រហូត​ទៅ​ដល់​៥​ដង​ឯណោះ។ នោះ​ក៏​ដោយ​សារ​តែ​ទម្ងន់​ដែល​អ្នកទាំង​នោះ​សង្កត់​លើ​ជង្គង់​ជា​ប្រចាំ។ ការ​សង្កត់​បែបនេះ​ក្នុង​រយៈ​ពេល​​យូរ​ៗ​ទៅនឹង​ធ្វើ​ឲ្យ​សន្លាក់​ជង្គង់​​ចាប់​ផ្ដើម​សឹក និង​រហែក ហើយ​បន្ទាប់​មក​ទៀត​​នឹង​រលាក និង​បណ្ដាល​ឲ្យ​ឈឺ​ក្នុង​សន្លាក់​នោះ។ ដូច​នេះ​ការ​ស្រក​គីឡូ គឺ​មាន​​សារៈ​សំខាន់​ណាស់ ដោយ​អាច​​ជួយ​កាត់​បន្ថយ​ទម្ងន់មក​លើ​​ជង្គង់​​កំពុង​តែ​ទ្រ​រាល់​ថ្ងៃ។

    ៩- ការ​ព្យាបាលដោយចលនា

    ការ​ព្យាបាល​ដោយ​ចលនា គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថាមាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​​កាត់​បន្ថយ​ការ​រលាក។ វិធី​ព្យា​បាល​​ដោយ​​ប្រើ​ដៃ​​មួយ​ចំនួន​ ដូច​ជា​​ការ​​ធ្វើ​ចលនា​​ទៅ​​លើ​​ជាលិកា​​ទន់ និង​​ធ្វើ​ចលនា​​សន្លាក់ គឺ​អាច​​​ជួយ​​ទប់​​ទល់​​ជាមួយ​នឹង​ការ​រលាក ដោយ​សារ​ការ​ធ្វើ​ចលនា​​នោះ​ ​នឹង​​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល។

    ១០- ស្អំទឹកក

    ការ​ព្យាបាល​ដោយ​ប្រើ​វិធី​ស្អំ​ទឹក​កក គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​នៅ​លើ​សន្លាក់​បាន។ ការ​ស្អំទឹកកក​​ក៏​ជួយ​​ពន្យារ​​​ពេល​​កុំ​​ឲ្យ​សញ្ញា​​ឈឺ​​ចាប់​​ចេញ​ពី​សរសៃ​ប្រសាទទៅ​កាន់​ខួរ​ក្បាល​រត់​ទៅ​លឿន​ពេក និង​ជួយ​ឲ្យ​សន្លាក់​ដែល​ឈឺ​នោះ​ស្ពឹក​បាន​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម