វិធីសង្គ្រោះ​បឋម បើកូនត្រូវឃ្មុំ​ ឬ​ឪម៉ាល់​ទិច

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្មេង​តូច​ច្រើន​ចាប់​អារម្មណ៍​លេង​ជាមួយ​សត្វ​គ្រប់ប្រភេទ​នៅ​ជុំវិញ​គេ ដូច​ជា​ ឃ្មុំ ស្រមោច និង​សត្វ​ផ្សេងៗ​ទៀត។ បើ​នៅ​តំបន់​ដែល​យើង​រស់​នៅ​មាន​ឃ្មុំ ឪម៉ាល់ ឬ​ស្រមោច​ភ្លើង ត្រូវ​ប្រយ័ត្ន​កូនៗ​បន្តិច​ទៅ ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​ សុទ្ធ​តែ​មាន​ពិស និងត្រូវ​ដឹង​ពី​វិធី​ការពារ និង​សង្គ្រោះបឋម​ទៅ​លើក្មេង​ដែល​ត្រូវ​សត្វ​ទាំង​នេះ​ខាំ ឬ​ទិច​។

១- ឃ្មុំ​ទិច និង​ឪម៉ាល់​ទិច​ខុស​គ្នា​ម៉េច​ខ្លះ?

ឪម៉ាល់​ទិច​ អាច​បណ្ដាល​ឲ្យ​មាន​សភាព​​ធ្ងន់ធ្ងរ ពេល​ខ្លះ​អាច​ដល់​ស្លាប់​ និង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ទិច​របស់​ឃ្មុំ ទាល់​តែ​មាន​ចំនួន​ឃ្មុំ​ច្រើន​ ទើប​អាច​បង្ក​ឲ្យ​យើង​មាន​​ជំងឺ។ មួយ​វិញ​ទៀត ឪម៉ាល់ ​អាច​ទិច​មនុស្ស​បាន​ច្រើន​ដង ​ប៉ុន្តែ​ឃ្មុំ​អាច​ទិច​បាន​តែ​ម្ដង​ប៉ុណ្ណោះ។

៣- រោគ​សញ្ញា​ឃ្មុំ​ និង​ឪម៉ាល់​ទិច​មាន​អី​ខ្លះ?

ឃ្មុំ​ ឬ​ឪម៉ាល់ទិច អាច​ចេញ​​សញ្ញា​តិច​តួចមួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា ឈឺ ក្រហម លើង​កន្ទួល​ ហើម​តិច ​ឬមធ្យម ក្ដៅ និង​រមាស់។

ពេល​ខ្លះ ក្មេង​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរជាមួយ​​ឃ្មុំ ឬ​ឪម៉ាល់​ទិច។ ​បើ​កូន​មាន​ប្រតិកម្ម​ទាំងនេះ យើងនឹង​ឃើញ​រោគ​សញ្ញា​ត្រឹម​តែ​ប៉ុន្មាន​នាទី ឬ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការ​ទិច​ ​ដូច​ជា ពិបាក​ដក​ដង្ហើម ឡើង​កន្ទាលត្រអាក​ពណ៌​ក្រហម កន្ទួល​រមាស់ ហើយ​រាល​ជុំវិញ​កន្លែង​ដែល​ទិច ហើម​មុខ បំពង់​ក ឬ​ជាលិកា​មាត់ ដក​ដង្ហើម​ឮ​សំឡេង ឬ​ពិបាក​លេប​ចូល នៅ​មិន​ស្ងៀម និង​មាន​ជំងឺ​ព្រួយ​បារម្ភ ជីពចរ​លោត​ញាប់ វិលមុខ ឬ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង។

អ្នក​ជំងឺ​ខ្លះ​ដែល​ទិច​ដោយ​ឃ្មុំ​ ឬ​សត្វ​ផ្សេង​ទៀត អាច​នឹង​មាន​ប្រតិកម្ម​ខ្លាំង​ជាង ដោយ​​រោគ​សញ្ញា មាន​ដូច​ជា ឡើង​ក្រហម​ខ្លាំង ហើម​នៅ​កន្លែង​ទិចដែល​រីក​ធំ​ម្ដង​បន្តិច​ៗ បន្ទាប់​ពី​ទិច​បាន​មួយ​ថ្ងៃ​ពីរ​មក។

៤- ​ត្រូវ​ធ្វើ​ម៉េច​ពេល​ត្រូវ​ឃ្មុំ ​ឬឪម៉ាល់​ទិច?

វិធី​ព្យាបាល​ឃ្មុំ​ទិច៖

– ចំពោះ​ក្មេង​មាន​ប្រតិកម្ម​ស្រាល៖ ពេល​ទិច ឃ្មុំ​នឹង​ទុក​ទ្រនិចនៅ​ជាប់​​ស្បែករបស់​យើង យើងត្រូវ​ដក​ទ្រនិច​ និង​បំពង់​ពិស​​ចេញ​ កុំឲ្យ​ពិសឃ្មុំ​បញ្ចេញ​មក​ច្រើន​ទៀត បន្ទាប់​មកត្រូវ​លាង​កន្លែង​ទិចជាមួយ​សាប៊ូ​ និង​ទឹក។ ចុង​ក្រោយ បិទ​បន្ទះ​ត្រជាក់ ឬ​ដាក់​ទឹក​កក​លើ​កន្លែង​ទិច​ ដើម្បី​បន្ថយ​ការ​ឈឺចាប់ និង​កុំឲ្យហើម។

– ​ចំពោះ​ក្មេង​មាន​​ប្រតិកម្ម​មធ្យម៖ ទាំង​នេះ ជា​វិធី​ខ្លះ​ដើម្បី​កុំ​ឲ្យហើម ​និង​រមាស់​ ដែល​ច្រើន​កើត​មាន​កន្លែង​ត្រូវ​សត្វទិច​។ ដំបូង ត្រូវ​ដក​ទ្រនិច​ឃ្មុំ​ចេញ​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន លាង​កន្លែង​ទិច​ជាមួយ​ទឹក​ និង​សាប៊ូ ​បន្ទាប់​មកបិទ​បន្ទះ​ត្រជាក់ ឬ​ស្អំទឹក​កក។ យើង​ក៏​អាច​លាប​ក្រែម អ៊ីដ្រូករទីសូន (Hydrocortisone) ឬឡេ Calamine ដើម្បី​បន្ថយ​កុំ​ឲ្យ​ក្រហម រមាស់ ឬ​ហើម។ បើបញ្ហា​​រមាស់ និង​ហើម​រំខាន​ខ្លាំង ​អាច​លេបថ្នាំ​ពពួក Antihistamine ដូច​ជា ថ្នាំ Diphenhydramine ឬថ្នាំ Chlorpheniramine ។ ក្មេង​ ឬ​មនុស្ស​ធំ​ដែល​ត្រូវ​ឃ្មុំ​ទិច គួរចៀស​វាង​អេះ​កន្លែង​​ទិច ព្រោះ​អាចធ្វើ​​កន្លែង​ទិច​រមាស់ ​និង​ហើម​កាន់​តែ​ខ្លាំង ថែមទាំង​បង្កើន​ហានិភ័យ​ឆ្លង​រោគ​ទៀត​ផង។

– ​សង្គ្រោះ​បន្ទាន់ ពេល​មាន​ប្រតិកម្ម​អាលែកហ្ស៊ីដោយសារ​ឃ្មុំ​ទិច៖ ពេល​មាន​ប្រតិកម្មអាលែកហ្ស៊ី ហៅ​ជា​ភាសា​បច្ចេក​ទេស Anaphylactic ជន​រងគ្រោះ​​មិន​ដក​ដង្ហើម ឬ​បេះដូង​ឈប់​លោត ​ពេទ្យ​​នឹង​ចាប់​ផ្ដើម​វិធី​សង្គ្រោះ​បន្ទាន់ CPR (Cardiopulmonary Resuscitation) ដោយ​ធ្វើ​ចលនា​សង្គ្រោះ​បន្ទាន់​តាម​រយៈ​ការ​សង្កត់​ទ្រូង និង​ជួយ​ដង្ហើម​ ដោយ​ផ្លុំ​ខ្យល់​តាម​មាត់ រួម​ជា​មួយ​ជំនួយ​វេជ្ជ​សាស្ត្រ​មួយ​ចំនួន​ដូច​ជា៖

  • ថ្នាំ Epinephrine (Adrenaline) ដើម្បី​បន្ថយ​សកម្មភាព​ប្រតិកម្ម​អាលែកហ្ស៊ី​របស់​រាង​កាយ
  • ដាក់​អុកស៊ីហ្សែន ដើម្បី​ជួយ​ឲ្យដក​ដង្ហើម
  • ចាក់​ថ្នាំ​ ពពួក Antihistamine និង ពពួក Cortisone តាម​សរសៃ ដើម្បីបន្ថយ​ការ​រលាកផ្លូវ​ដង្ហើម​ និង​បង្កើន​ការ​ដក​ដង្ហើម
  • ថ្នាំពពួក Beta agonist ដូចជា ថ្នាំ Albuterol នឹង​ត្រូវ​ប្រើ​ដើម្បីបន្ថយ​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម។

វិធីព្យាបាល​ចំពោះ​ឪម៉ាល់​ទិច៖

​ព្យាបាល​​ឪម៉ាល់​ទិច ​ស្រដៀង​គ្នានឹងវិធី​​ព្យាបាល​ដោយ​ឃ្មុំទិច​ ល្អ​បំផុត​ត្រូវ​ធ្វើ គឺ​ព្យាបាល​កន្លែង​​សត្វ​ទិច​ភ្លាមៗ។ ត្រូវ​ប្រាកដ​ថា ​បាន​លាង​សម្អាត​កន្លែង​សត្វទិចជាមួយ​សាប៊ូ និង​ទឹក បន្ទាប់​មក​លាប​អាល់កុល អេទែរ (Either alcohol) ឬ​ទឹក Peroxide។

ដើម្បី​បន្ថយអា​ការៈ​ហើម និង​ជួយ​កុំឲ្យ​រមាស់​ស្បែក បន្ទាប់​ពី​ទិច​រួច សូម​ព្យាយាម​ធ្វើ​តាម​ការ​ព្យាបាល​ ដូច​ជា ​ធ្វើ​ម្សៅ​លាប​ខាប់ (Paste) ដោយ​ប្រើ​ម្សៅ Baking soda លាយជា​មួយទឹក ​លាប​នៅ​កន្លែង​ដែល​ទិច ឬម្សៅ​ខាប់​មាន​អំបិល (Salt paste) ក៏​អាច​ជួយ​ដក​ពិស​ចេញ​ដែរ។ ជនរងគ្រោះអាច​លាប​អាម៉ូញ៉ាក់ (Amonia) លើ​កន្លែងត្រូវ​សត្វ​ទិច ​ដើម្បី​បន្ថយ​ការ​រមាស់ ឬ​លេប​ថ្នាំ​ពពួក Antihistamine ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ ដើម្បី​បន្ថយអា​ការៈ​រមាស់។ កាន់​តែ​ងាយ​ស្រួល​ជាង​នេះ អាចលាប​ទឹក​ខ្មេះ​នៅ​កន្លែង​សត្វ​ទិចក៏​បាន។ ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ ឬប្រេង​លាប អាច​ប្រើ​បាន​​ ដើម្បី​ព្យាបាល​អាការៈរមាស់​ និងបន្ថយ​ការ​​ឈឺ​ចាប់។

ឃ្មុំទិច Hello គ្រូពេទ្យ

៥- ពេល​ណា​​ត្រូវ​ទៅ​ជួប​ពេទ្យ?

សូម​ទាក់​ទង​គ្រូពេទ្យ​ភ្លាម​ បើ​ឃើញ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

– រោគ​សញ្ញា​ប្រតិកម្ម​ Anaphylaxis ណាមួយ​កើត​ឡើង ត្រូវ​ចាំ​ថា​ប្រតិកម្ម​នេះ ជា​ទូទៅ​ ចាប់​ផ្ដើម​ប្រហែល​ ២០​នាទី និង​កើត​ក្រោយ​ ២ម៉ោង​បន្ទាប់​សត្វ​ទិច។
– ដក​ដង្ហើម​ឮ​សំឡេង ឬ​ពិបាក​ដក​ដង្ហើម
– ស្អក ក្អក ឬ​តឹង​ក្នុង​បំពង់​ក ឬ​ទ្រូង
– ពិបាក​លេប ឬ​ហៀរ​ទឹក​មាត់
– បញ្ចេញ​សំឡេង​ស្ដាប់​មិន​យល់ ឬ​មិន​ច្បាស់
– សន្លប់ ឬ​ខ្សោយ​ខ្លាំង
– ធ្លាប់​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ដោយ​សារ​ឃ្មុំ ឪម៉ាល់ ឬ​សត្វ​ដទៃទិច​ពី​មុន (មិន​ត្រឹម​តែ​ចេញកន្ទាលត្រអាក​ទេ)
– ក្មេង​មើល​ទៅ ឈឺ ឬ​មាន​សកម្មភាព​បញ្ជាក់ថា​កំពុង​​ឈឺ
– ឡើង​កន្ទាលត្រអាក ឬ​ហើម នៅ​កន្លែង​ណា​មួយ​លើ​រាងកាយ
– ទិច​នៅ​ត្រង់​ភ្នែក
– ចុក​ឈឺ​ពោះ ឬ​ក្អួត
– ទិច​ច្រើន​ជាង ៥​ ទ្រនិច ក្នុង​ទម្ងន់ ៥ គីឡូ (ក្មេង​ជំទង់លើស​ពី ៥០ ទ្រនិច)
– គ្រុន​ក្ដៅ និង​កន្លែង​ទិច មើល​ទៅ​ដូច​ឆ្លង​រោគ (ឡើង​ក្រហម​រាល​លើ​ស្បែក)។

អត្ថបទ​ពាក់​ព័ន្ធ៖

ហៅ​ទៅ​គ្រូពេទ្យភ្លាម កុំ​ទុក​ឲ្យលើស​ ២៤ ម៉ោង ក្នុង​ករណី

– គិត​ថា​គួរ​តែ​យក​ក្មេង​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ។
– បន្ទាប់​ពី​ទិចលើស ៤៨​ម៉ោង កន្លែង​ទិច​ឡើង​ក្រហម ធំ​ទៅ​ៗ (សម្គាល់៖ ករណី​បង្ក​រោគ ​គឺ​កម្រ ហើយ​យ៉ាង​ហោច ​ត្រូវ​ប្រើ​ពេល ពី ២៤-៤៨ ម៉ោង បន្ទាប់​ពី​ត្រូវ​ទិច។ ​បើ​បញ្ហា​ក្រហម​ស្បែក​កើត​ឡើងអំឡុងពេល​ ២៤ ម៉ោង ​គឺ​បណ្ដាល​មក​ពី​ពិស​ប៉ុណ្ណោះ។
– ហើម​ធំ​ខ្លាំង (ឧទាហរណ៍ រាល​ទៅ​ដល់​សន្លាក់ ដូច​ជា ​ក​ដៃ ឬ​ក​ជើង)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 15, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 19, 2019

ប្រភព
អ្នកអាចចូលចិត្ត